​ស្ទឹងត្រែងៈ​​ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រមាន​ជំនឿ​ជាថ្មី​ថា ប្រភេទ​ត្រី​ប៉ា​សា​ណាកដ៏​កម្រ និង​ងាយ​រងគ្រោះ​នៅ​មិនទាន់​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ នោះទេ បន្ទាប់ពីត្រីពូជនេះ ១ ក្បាល ត្រូវបាន​ប្រជា​នេសាទ​ម្នាក់ចាប់បាន​នៅ​ផ្នៃកខាងលើ​នៃតំបន់​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ទ​ក្រោម​ ២ ក្នុងខេត្តស្ទឹងត្រែង ​កាលពីពេល​ថ្មីៗនេះ​។​

​លោក ថាច់ ផា​ណា​រ៉ា ប្រធាន​មន្ទីរពិសោធន៍នៃ​វិទ្យាស្ថាន​ស្រាវជ្រាវនិង​អភិវឌ្ឍន៍​ជលផល​ទឹកសាបនៃ​រដ្ឋបាល​ជលផលបាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា តាមរយៈ​ការសិក្សា​ស្រា​វជ្រាវ​ជាង ​២ ​ទសវត្ស​រ៍កន្លងមកនេះ ត្រី​ប៉ា​សា​ណាក មិនត្រូវ​បាន​រកឃើញ​នៅក្នុង​ដែនទឹក​សាប​នៃ​ប្រទេស​កម្ពុជា​នោះទេ​។ ទន្ទឹមនឹងនេះ​វាត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រដែល​ធ្វើ​ការផ្ដោត​សំខាន់​លើ​ផ្នែក​ធនធាន​ជលផលដាក់​ការសង្ស័យថា បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ផងដែរ​។ប៉ុន្តែ​ការចាប់​បាន​វាដោយ​អ្នកនេសាទ​ម្នាក់ក្នុង​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​ ២ ខែ កក្កដា ឆ្នាំ​ ២០២២ បានក្លាយ​ជា​របក​គំ​ហើញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ជាថ្មី​ឡើងវិញ​ដល់​ក្រុម​អ្នកវិទ្យាសាស្ត្រ បើទោះជា​ត្រី​នោះបាន​ងាប់​ទៅហើយ​ក៏ដោយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ចាប់តាំងពី​ឆ្នាំ​ ១៩៩៩​ មកយើង​មិនដែល​ជួបប្រទះ​ត្រី​ប៉ា​សា​ណាក នៅក្នុង​ដែនទឹក​សាប​នៃ​ប្រទេស​កម្ពុជា​យើង​ទេ ហើយ​យើង​ក៏​ធ្លាប់​គិតថាពួកវា​បាន​ងាប់​ផុត​ពូជ​អស់​ទៅហើយ​។ ប៉ុន្តែ​ថ្មីៗ​នេះមាន​ប្រជា​នេសាទ​ម្នាក់​ក្នុង​ខេត្តស្ទឹងត្រែង ចាប់បាន​វា​នៅក្នុង​ទន្លេសេសានផ្នែក​ខាងលើ​តំបន់​អាង​ទំនប់​វា​រី​អគ្គិសនី​ស​សាន​ក្រោម ​២»​។

​បើតាម​លោក ផា​ណា​រ៉ា ត្រី​ប៉ា​សា​ណាក ដែល​ប្រជា​នេសាទ​ក្នុង​ខេត្តស្ទឹងត្រែង​ទើបចាប់បាន​មាន​ទម្ងន់​ ៦ ​គីឡូក្រាម ប៉ុន្តែ​គួរឱ្យ​ស្ដាយ​វា​បាន​ងាប់​បាត់ទៅហើយ​។ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដីវា​បាន​ក្លាយជា​តម្រុយ​ថ្មី​មួយ សម្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រក្នុង​ការចុះ​សិក្សា​ស្រាវជ្រាវស្វែងរក​ការពិត និង​ជីវិត​ដ៏​អាថ៌​កំបាំង​របស់​ពួកវា​។

​លោក​បាន​បន្ថែមថា​៖ «​យើង​សោកស្ដាយដែល​វា​បាន​ងាប់​បាត់ទៅហើយ ប៉ុន្តែ​វា​នៅតែមាន​សារៈសំខាន់​សម្រាប់​យើង​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​។ វា​អាច​បញ្ជាក់ថា ពួកវា​នៅមាន​វត្តមាន​ក្នុង​ដែនទឹក​សាប​នៃ​ប្រទេស​កម្ពុជា ​យើង​នៅឡើយ​»​។​

​បច្ចុប្បន្នសំណាក​របស់​វាត្រូវបាន​ក្រុមមន្ត្រី​ជំនាញនាំយកទៅ​រក្សាទុក​នៅឯ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ជលផល​ទឹកសាបនៃ​រដ្ឋបាល​ជលផល ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្តថា​តើ​វា​ជា​ប្រភេទ​ត្រី​ប៉ា​សា​ណាក​ពូជ​សុទ្ធ​ពី​ធម្មជាតិឬជា​ប្រភេទ​ត្រី ​ដែល​ត្រូវបាន​គេ​បង្កាត់​ដោយ​សេ​នេ​ទិច។ នេះ​បើតាម​សម្ដី​របស់លោក ផា​ណា​រ៉ា​។

​អ្នកស្រី ជា សីលា អ្នកគ្រប់គ្រង​កម្មវិធី​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គប្រចាំ​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ​ត្រី​ប៉ា​សា​ណាក ជា​ប្រភេទ​ត្រី​សកម្ម​ក្នុងការ​ចាប់​ចំណី (​កូន​ត្រី​តូចៗ)​ ជា​អាហារ និង​ចូលចិត្ត​រស់នៅ​តំបន់​ដែលមាន​ទឹក​ជួរ (​ទឹក​ហូរ​ខ្លាំង​) ​តាម​ដង​ទន្លេមេគង្គភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំ​ដែនទឹក​នៃ​ប្រទេស​ឡាវ និងភាគ​កណ្ដាល​នៃ​ប្រទេស​ថៃ​។ ដោយសារវាស​កម្ម​ក្នុងការ​ហែល​ចាប់​ចំណី វា​ងាយ​នឹង​ជាប់ ​មង អួន និងសំណាញ់​របស់​អ្នកនេសាទដែល​ក្នុង​រយៈពេល​ ១ ​ទសវត្ស​រ៍ចុងក្រោយ​នេះ​ចំនួន​របស់​វា​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មានការ​ថយចុះ​ជាង ​៩០​ ភាគរយ​។

​អ្នកស្រី​បាន​បន្តថា បច្ចុប្បន្នប្រទេស​ឡាវ និងប្រទេស​ថៃ កំពុង​ត្រូវបាន​គេ​ព្យាករថា កំពុង​ឈានទៅរក​ការបាត់បង់​ផុត​ពូជ​នៃ​ប្រភេទ​ត្រី​ប៉ា​សា​ណាក នេះ​ផងដែរ ដោយសារ​ការនេសាទហួស​កម្រិត និងដោយសារ​ការអភិវឌ្ឍ​នៃ​ទំនប់​វា​រី​អគ្គិសនីនៅតាម​ដង​ទន្លេមេគង្គដែល​បង្ក​ឱ្យ​បាត់បង់​នូវ​ទីជម្រករបស់​ពួកវា​។​

​អ្នកស្រី សីលា បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការចុះ​សិក្សា​ស្រា​ជ្រាវ​ចុងក្រោយកាលពី​ឆ្នាំ​ ២០១៧-២០១៨ កន្លងទៅនេះត្រី​ប៉ា​សា​ណាក ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ទំនងជា​អាច​នឹង​ផុត​ពូជ​ពី​ដែន​ទឹកសាប​នៃ​ប្រទេស​កម្ពុជា ខណៈ​នៅ​ប្រទេស​ថៃ និងឡាវ ត្រូវបាន​គេ​ប្រទះឃើញ​មាន​ចំនួន​តិចតួច​បំផុត​»​។​

​យ៉ាងណាក៏ដោយ ដំណឹង​នៃ​ការចាប់​បាន​ត្រី​ប៉ា​សា​ណាក ដ៏​កម្រ​ពី​ធម្មជាតិ​កាលពី​ថ្ងៃទី​ ២ ខែ កក្កដា ឆ្នាំ​ ២០២២ ដោយ​អ្នកនេសាទ​កម្ពុជាក្នុង​ខេត្តស្ទឹងត្រែង បានធ្វើ​ឱ្យមាន​ក្ដី​រំពឹង​ជាថ្មី​ដល់​ក្រុម​អ្នកស្រាវជ្រាវ​និង​អភិរក្ស​។អ្នកស្រី សីលា បាន​បន្តថា ថ្វីបើ​មកទល់ពេលនេះ គេ​នៅ​មិនទាន់​កំណត់​ទីតាំង​ជាក់លាក់​នៃ​ដែន​ជម្រក​របស់​ត្រី​ប៉ា​សា​ណាក​នោះ​ក៏ដោយ តែវត្តមាន​របស់​ត្រី​នេះត្រូវបាន​បង្ហាញថា វា​នៅមាន​វត្តមាន​នៅឡើយ​ក្នុង​ដែនទឹក​សាប​នៃ​ប្រទេស​កម្ពុជា ដែល​ទាមទារ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការចុះ​ស្រាវជ្រាវ​ជាថ្មី​ឡើងវិញ​នូវ​ប្រភេទ​ត្រី​ដ៏​កម្រ​នេះ។

​ចំណែក​លោក គង់ ចាន់​ធី ប្រធាន​បណ្តាញ​សហគមន៍​នេសាទនៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែងជាប់​នឹង​ព្រំដែន​ប្រទេស​ឡាវ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ដោយសារត្រី​ប៉ា​សា​ណាក ជា​ប្រភេទ​ត្រី​កម្រ​ពី​ធម្មជាតិ​នោះប្រជា​នេសាទ​ក្នុង​សហគមន៍​របស់លោករួមទាំងរូបលោកផង​មិន​ស្គាល់​ត្រី​នេះ​ច្បាស់​នោះទេ ហើយក៏​គ្មាន​ប្រជា​នេសាទ​ណា​ម្នាក់ធ្លាប់​ចាប់បាន​វា​នោះដែរ​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​មកនេះ​។​

​លោក​ថ្លែងថា​៖ «​កាលពី​ជាង​ ២០ ​ឆ្នាំមុនខ្ញុំ​ធ្លាប់​ចាប់បាន​ម្ដងម្កាល​ដែរ តែ​មិន​ច្រើន​ទេគឺ​សរុប​ទៅបាន​ប្រមាណ ​២-៣​ ក្បាល​ប៉ុណ្ណោះ​។ បើតាម​ខ្ញុំ​ចាំ នៅពេលនោះ ខ្ញុំ​ច្រឡំ​ថា ជា​ត្រី​ស្រោមដាវ ប៉ុន្តែ​ម្ដាយ​ឪពុក​ខ្ញុំ​ស្គាល់​វា​ច្បាស់ ប្រាប់​ខ្ញុំ​ថា​ជា​ត្រី​ប៉ា​សា​ណាក ហើយ​ថា​តម្លៃ​របស់​វា​ប្រហាក់ប្រហែល​នឹង​ត្រី​ប៉ា​សេ​អ៊ី​ដែរ»​។​

​យោងតាម​សៀវភៅ​ស្តីពី​ត្រី​ទឹកសាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជាត្រី​ប៉ា​សា​ណាក់ ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ Aaptosyax grypus ជា​ប្រភេទ​ត្រី​មាន​ស្រកា​ល្អិត មាត់ធំ​គ្រ​ហឹប​ដូចជា​ សត្វ​អណ្ដើក ដោយ​ថ្គាម​ខាងក្រោម​ធំ មាន​ស្នាម​គន្លាក់​នៅ​កណ្តាល និង​ថ្គាម​លើ​គ្របដណ្តប់​លើ​ថ្គាម​ក្រោម គ្មាន​ពុកមាត់ និង​ព្រុយ​ខ្នង​គ្មាន​ទ្រនុង​រឹង ហើយ​ពោះ​រាង​មូលខ្លួនរាង​ស្រ​លូននិង​មាន​ប្រវែង​វែង​បំផុត ១៣០​ សង់ទីម៉ែត្រ និង​ទម្ងន់​ ៣០​ គីឡូក្រាម​។ វា​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​ត្រី​ទទួលរង​ការគំរាមកំហែង​ជិត​ផុត​ពូជ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ ដែល​ហៅ​កាត់​ថា IUCN៕