ភ្នំពេញៈ គណៈវិស្វករ​កម្ពុជា អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង​អង្គការ​ជនពិការ​អន្តរជាតិ​ (HI) បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង ការរចនា​ប្លង់​អគារ បញ្ចូល​ភាពងាយស្រួល​ជូន​ជន​មាន​ពិការភាព មុនពេល​សាងសង់​អគារ ឬ​សំណង់​ផ្សេងៗ ដោយ​មាន​និស្សិត​ផ្នែក​វិស្វកម្ម និង​ស្ថាបត្យកម្ម​ ២៥០ ​នាក់​មកពី​សាកល​វិទ្យាល័យ​ចំនួន​ ៤ នៅក្នុង​រាជធានី​ភ្នំពេញ​នឹង​ចូលរួម​ប្រកួតប្រជែង​។

លោក ជ័រ រ៉ាដា ប្រធាន​ HI ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣ ​ខែកក្កដា​ថា កម្មវិធី​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២២ ក្នុង​គោលបំណង​សំខាន់​អនុញ្ញាត​ឱ្យ​និស្សិត​ផ្នែក​វិស្វកម្ម និង​ស្ថាបត្យកម្ម​ចូលរួម​ប្រកួតប្រជែង​រចនា​ប្លង់​អគារ​នេះ ជាពិសេស​ផ្សព្វផ្សាយ បទដ្ឋាន​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​ សម្រាប់​ជន​មាន​ពិការភាព​ឱ្យ​ទូលំទូលាយ​ជូន​ដល់​និស្សិត និង​ធ្វើឱ្យ​សំណង់​មាន​មេត្រី​សម្រាប់​ជន​មាន​ពិការភាព​អាច​ប្រើប្រាស់​បាន​។

លោក​បន្តថា កម្មវិធី​ប្រកួតប្រជែង​នេះ​នឹង​ធ្វើឱ្យ​និស្សិត​យល់​ពី​គំនិត​ក្នុង​ការរចនា​ប្លង់ និង​គិតគូរ​ពី​ការបង្ក​មាន​ភាពងាយស្រួល​ដល់​ជន​មាន​ពិការភាព​។ មួយទៀត គឺ​ចង់​រំលេច​នូវ​អ្វីដែល​ពួកគាត់​បាន​សិក្សា​រៀនសូត្រ​អំពី​ការរចនា​ប្លង់​អគារ​នៅក្នុង​សាលា ទើប​អង្គការ គណៈ​វិស្វករ​កម្ពុជា និង អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ រៀបចំ​កម្មវិធី​ប្រកួតប្រជែង​នេះ​ឡើង​។

លោក​ថ្លែងថា​៖ «​យើង​ចង់​ឱ្យ​គាត់​សាកល្បង កម្មវិធី​បទដ្ឋាន​ហ្នឹង ហើយ​យកទៅ​អនុវត្ត​ជាមួយនឹង​ការរចនា​ប្លង់​របស់គាត់ នៅពេល​បញ្ចប់​ការសិក្សា ដោយ​និស្សិត​មកពី​ ៤​ ស្ថាប័ន​នៅ​ភ្នំពេញ គឺ​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ន័រតុន វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​វិទ្យាស្ថាន NTPI»​។

លោក ជ័រ រ៉ាដា ថ្លែងថា និស្សិត​មកពី​ស្ថាប័ន​ទាំង​ ៤ នេះ​អាច​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ​ចាប់តាំងពី​ថ្ងៃទី ​១ ខែកក្កដា រហូត​ដល់​ថ្ងៃទី​ ២០ ខែកក្កដា ឆ្នាំ​ ២០២២​។ អ្នក​ដែល​ចាប់​អារម្មណ៍​អាច​ចងក្រង​ជា​ក្រុម​ពី​ ៣ ទៅ​ ៤ ​នាក់​។ ក្រុម​អ្នកដែល​ទទួលបាន​ជយលាភី​ពី​កម្មវិធី​នេះ​នឹង​ទទួល​បាន​ប្រាក់ និង​លិខិត​សរសើរ​ពី​គណៈវិស្វករ​កម្ពុជា អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង​អង្គការ​ជនពិការ​អន្តរជាតិ​ (HI) ​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។

លោកស្រី សុគន្ធ ធារី សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ន័រតុន​ដែល​នឹង​ដឹកនាំ​និស្សិត​ចូលរួម​ប្រកួតប្រជែង​កម្មវិធី​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែកក្កដា ថា កម្មវិធី​ប្រកួតប្រជែង​ការរចនា​ប្លង់​អគារ បញ្ចូល​ភាពងាយស្រួល​ជូន​ជន​មាន​ពិការភាព ពិតជា​មាន​សារៈសំខាន់ ព្រោះ​កន្លងមកនេះ ការរចនា​ប្លង់​សំណង់​អគារ​មួយចំនួន​មិនត្រូវ​គិតគូរ​នោះទេ ដែល​ធ្វើឱ្យ​មាន​ការលំបាក​ដល់​ជន​មាន​ពិការភាព​ចេញចូល​។

លោកស្រី​ថ្លែងថា​៖ «​កម្មវិធី​នេះ ដូចជា​ការ​ដាស់តឿន​អ្នក​គូរ​ប្លង់​ជំនាន់​ក្រោយ ជាពិសេស​និស្សិត​ដែល​សិក្សា​ពី​អាជីព​ហ្នឹង​គិតគូរ​ដល់​អ្នកមាន​ពិការភាព ឬ​ជន​ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម ព្រោះ​កន្លងមក​យើង​មិនសូវ​យកចិត្ត​ទុក​ដាក់​ពួកគាត់​ទេ​»​។

លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​បទដ្ឋាន​បច្ចេកទេស និង​ការប្រកួត​ប្រជែង​ការ​រចនា​ស្តីពី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជនពិការ​ភាព​កាលពី​ថ្ងៃទី​ ១ ខែកក្កដា បាន​គាំទ្រ​កម្មវិធី​ប្រកួត​ប្រជែង​នេះ ដើម្បី​ឱ្យ​និស្សិត​ផ្នែក​វិស្វកម្ម និង​ស្ថាបត្យកម្ម មាន​ការ​ចូលរួម​បញ្ចេញ​សមត្ថភាព ស្នាដៃ និង​ការច្នៃ​ប្រឌិត​លើ​ការរចនា​ប្លង់ ដោយ​បញ្ចូល​ភាពងាយស្រួល​ជូន​ជន​មាន​ពិការភាព​មុនពេល​សាងសង់​អគារ ឬ​សំណង់​ផ្សេងៗ​នៅ​ទីសាធារណៈ និង​អំពី​តម្រូវការ​ចាំបាច់​របស់​ជនមាន​ពិការភាព​។

លោក សុខុម រិទ្ធីវុធ ថ្លែងថា​៖ «​ប្រទេស​កម្ពុជា​យើង​បាន​ឆ្លងកាត់​សង្គ្រាម​រ៉ាំរ៉ៃ និង​របប​ប្រល័យពូជសាសន៍ ដែល​បាន​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន​ដល់​សង្គមជាតិ ក្នុង​នោះ​ជនពិការ​មាន​អត្រា​ខ្ពស់​ដូចជា បន្សល់​ពី​សង្គ្រាម​ច្រើន​ទសវត្សរ៍​, គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​, គ្រោះថ្នាក់​ចរាចរណ៍​, គ្រោះថ្នាក់​ការងារ កង្វះ​អាហារូបត្ថម្ភ ជំងឺ​តម្កាត់ និង​ពិការ​ដោយសារ​មូលហេតុ​ផ្សេងៗ​ធ្វើឱ្យ​ចំនួន​ជនពិការ​មាន​ការកើនឡើង​»​។

លោក សុខុម រិទ្ធីវុធ បាន​ថ្លែង​ទៀតថា ជនពិការ​ភាគច្រើន​ជា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាងគេ​ក្នុង​សង្គម ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​, កម្មវិធី​នយោបាយ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​បាន​បង្កើត​ឱ្យ​មាន​ច្បាប់​ស្ដីពី​កិច្ចការពារ និង​ការលើក​កម្ពស់​សិទិ្ធ​ជនពិការ​ទទួល​-​បាន​ការ​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​នៅ​ថ្ងៃទី​ ៣ ខែកក្កដា ឆ្នាំ​ ២០០៩ និង​អនុសញ្ញា​អន្តរជាតិ​៕