ភ្នំពេញៈ ក្រោយ​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សុំឱ្យ​សប្បុរសជន​ចូលរួម​បំបាត់ចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ ដើម្បី​កម្ពុជា​ឈានទៅ​គ្មាន​គ្រាប់មីន​នៅ​ឆ្នាំ​ ២០២៥ គិត​ត្រឹម​ថ្ងៃទី​ ៣ ខែកក្កដា សប្បុរសជន​នានា ចូល​បរិច្ចាគ​ថវិកា បាន​ចំនួន​ ១៣ ​លាន ​៥០​ ម៉ឺន​ដុល្លារ​អាមេរិក​ហើយ​។ នេះ​បើតាម​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឱ្យដឹង នា​ថ្ងៃទី​ ៣ ខែកក្កដា​ថា តាមរយៈ​ការអំពាវនាវ​របស់លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១ កក្កដា ២០២២ ក្នុង​ពិធី​លែង​កូន​ត្រី​នៅ​ខេត្ត​បន្ទាយមានជ័យ គិត​ត្រឹម​ថ្ងៃទី ​៣ កក្កដា សប្បុរសជន​បាន​ចូល​បរិច្ចាគ​ថវិកា​បាន​ចំនួន​ ១៣ ​លាន ៥០​ ម៉ឺន​ដុល្លារ​អាមេរិក​ហើយ​ក្នុង​ការ​ចូលរួម​បំបាត់ចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ ដើម្បី​កម្ពុជា​ឈានទៅ​គ្មាន​គ្រាប់​មីន​នៅ​ឆ្នាំ​ ២០២៥​។

លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា កាលពី​ព្រឹក​ថ្ងៃទី​ ១ កក្កដា ២០២២ ក្នុង​ពិធី​លែង​កូនត្រី​នៅ​ខេត្ត​បន្ទាយមានជ័យ លោក​បាន​អំពាវនាវ​ឱ្យ​សប្បុរសជន​ចូលរួម​បំបាត់ចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ ដើម្បី​កម្ពុជា​ឈានទៅ​គ្មាន​គ្រាប់មីន​នៅ​ឆ្នាំ ២០២៥​។ មួយទៀត ដើម្បី​ឈានទៅ​បញ្ចប់​នូវ​សោកនាដកម្ម​លើ​ប្រជាជន​កម្ពុជា ដែល​ស្លាប់ និង​របួស​ដោយ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ដែលជា​ឃាតករ​លាក់​មុខ​ដែល​នៅ​សេសសល់​លើទឹក​ដី​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ឆ្លើយតប​តាម​ការអំពាវនាវ​នេះ មកដល់​ពេល​នេះ​មាន​សប្បុរសជន​ដែលជា​អ្នកវិនិយោគ អ្នកជំនួញ​បាន​ចូលរួម​ប្រមាណ​ជាង​ ៥ ​លាន​ដុល្លារ​រួចមកហើយ [​កាលពី ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២២] ដែល​ខ្ញុំ​សង្ឃឹម​ថានឹង​មាន​ការចូលរួម​បន្ថែមទៀត ​ដើម្បី​ឱ្យ​ទឹកដី​ដ៏​កម្សត់​មួយ​នេះ​រួច​ចាក​ផុត​ពី​សោកនាដកម្ម​នៃ​គ្រាប់មីន​»​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​ដើម្បី​សម្រួល​ដល់​ការចូលរួម សូម​ធ្វើ​ទំនាក់ទំនង​ទៅ​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​តាម​លេខ​ទូរស័ព្ទ ០១២ ៩៦១ ៩៧១ ដែល​នឹង​ប្រមូល​ថវិកា​នេះ​បញ្ចូល​ទៅ​គណនី​របស់​អាជ្ញាធរ​មីន​កម្ពុជា​។ សូម​អរគុណ​សម្រាប់​ការចូលរួម​ដើម្បី​ភាពសុខសាន្ត និង​ស្នាមញញឹម​របស់​ប្រជាជន​កម្ពុជា​»​។

អ្នកជំនាញ​ដោះមីន​នៅ​ខេត្ត​ប៉ៃលិន ពី​ខែកុម្ភៈ ឆ្នាំ​ ២០២១​។ រូបថត CMAC

លោកនាយក​រដ្ឋមន្ដ្រី​ក៏បាន​ប្រាប់​ឱ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិចារណា​ដាក់ចូល​ទៅក្នុង​ថវិកាជាតិ សម្រាប់​ឆ្នាំ​ ២០២៣-២០២៤ ខាង​មុខជា​ដំណាក់ៗ​ក្នុងការ​បំបាត់ចោល​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​ ដើម្បី​បង្ហើយ​នូវ​ការដោះមីន ហើយ​បញ្ចប់​ខេត្ត ស្រុក ឬ​ឃុំ ប្រកាសថា គ្មាន​មីន​តែម្ដង​។

លោក​ថ្លែងថា​៖ «​ឥឡូវ​ដូចជា​នៅ​ខេត្ដ​កែប យើង​ប្រកាស​ថា ជា​ខេត្ដ​គ្មាន​មីន​ទៅហើយ​។ កន្លែង​ខ្លះទៀត​យើង​ត្រូវការ​លុយ​ត្រឹមតែ​ ៥ ​ម៉ឺន​ដុល្លារ​ទេ យើង​ទៅរក​សុំ​បរទេស វា​ពិបាក​ណាស់​។ ឥឡូវ​ដាក់​ចូលក្នុង​ថវិកាជាតិ ដើម្បី​បញ្ចប់​នៅ​ទីកន្លែង​មួយចំនួន​ដែល​វា​ជិត​អស់​ហើយ ប៉ុន្ដែ​វា​ខ្វះ​លុយ​ដោះ​»​។

ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​នា​ព្រឹក​ថ្ងៃទី​ ៣ កក្កដា ឆ្នាំ​ ២០២២ បាន​បង្ហោះ​សារ​នៅលើ​គេហទំព័រ​ធ្វីធើរ​ (Twitter) អបអរសាទរ និង​ថ្លែងអំណរគុណ​ដល់​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ដែល​បាន​កៀរគរ​មូលនិធិ ដើម្បី​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ផ្សេងទៀត​នៅ​កម្ពុជា​។ ស្ថានទូត​ឥណ្ឌា​បាន​ប្រកាស​ឈរ​ជាមួយ​កម្ពុជា ក្នុង​ការងារ​មនុស្សធម៌ ដើម្បី​បញ្ហា​មីន​នៅ​កម្ពុជា​។

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) កាលពី​ថ្ងៃទី​ ២ កក្កដា បានចេញ​សេចក្តី​ថ្លែងការណ៍​ចូលរួម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កៀរគរ​មូលនិធិ​សំខាន់ៗ​ពី​វិស័យ​ឯកជន និង​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការបោសសម្អាត​មីន​នៅ​កម្ពុជា​ផងដែរ​។

UNDP ​លើកឡើង​ថា សកម្មភាព កម្ចាត់មីន មិន​ត្រឹមតែ​ជាការ​បោសសម្អាត​គ្រាប់មីន​ឱ្យ​អស់ពី​ផ្ទៃដី ដែល​មាន​គ្រាប់មីន​នោះទេ សកម្មភាព​កម្ចាត់មីន​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ដល់​ប្រជាជន និង​សង្គម រួមទាំង​លទ្ធភាព​នានា​សម្រាប់​ការរស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​ភាពរុងរឿង​។

បើតាម​ UNDP បច្ចុប្បន្ន​ប្រជាជន​ជិត​ ១​ លាន​នាក់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ ខណៈ​ពួកគេ​រស់នៅ​ប្រកបរបរ និង​ធ្វើ​ការងារ​ក្នុង​តំបន់​ដែល​មាន​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​នៅតែ​បន្ត​បង្ក​ឱ្យ​មនុស្ស​ស្លាប់ ធ្វើឱ្យ​រងរបួស និង​ធ្វើឱ្យ​សហគមន៍​មានការ​ភ័យខ្លាច​។ ទាំងនេះ​បាន​រារាំង​ដល់​ការស្តារ​ឡើងវិញ​ និង​ការអភិវឌ្ឍ និង​រំខាន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ​។

UNDP ប្រកាស​ត្រៀមខ្លួន​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​។ UNDP​ ទន្ទឹងរង់ចាំ​មើល​លទ្ធផល​នៃ​សមិទ្ធផល​ដ៏អស្ចារ្យ​នេះ ហើយ​សង្ឃឹមថា ការងារ​ដ៏ប្រពៃ​នេះ​នឹង​យកទៅ​ចែករំលែក ពេល​ប្រារព្ធ​ខួប​ ៣០ ​ឆ្នាំ​នៃ​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា និង​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​ និង​ថ្នាក់​សកល​នានា​ដែល​គ្រោង​ធ្វើ​ក្នុងឆ្នាំនេះ​ទាក់ទង​នឹង​សកម្មភាព​កម្ចាត់មីន​។

«UNDP សូម​ជំរុញ​ឱ្យ​មាន​ការបន្ត​ចូលរួម​ចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍​នានា និង​វិស័យ​ឯកជន ដែលជា​តួអង្គ​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​ជាតិ ដើម្បី​សម្រេចបាន​គោលដៅ​កម្ពុជា​គ្មាន​គ្រាប់មីន​ត្រឹម​ឆ្នាំ​ ២០២៥ របៀបវារៈ​ឆ្នាំ ​២០៣០ និង​ការមិន​ទុក​នរណាម្នាក់​ចោល​នោះទេ​»​។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​UNDP៕