ភ្នំពេញៈ រាជរដ្ឋាភិបាល​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ​ Pfizer ចំនួន​ជាង ​១៤ ​ម៉ឺន​ដូស​របស់​រដ្ឋាភិបាល​ប៉ូឡូញ ដែល​បាន​ដឹក​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ម្សិលមិញ សម្រាប់​ចាក់​ជូន​កុមារ​ដែល​មាន​អាយុ​ចាប់ពី​ ៥​ ឆ្នាំ​ដល់​អាយុ​ ១២ ​ឆ្នាំ​។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី យក់ សម្បត្តិ បាន​ថ្លែង​ឱ្យដឹង​ក្នុងពេល​ចុះ​ទទួល​ និង​ពិនិត្យ​មើល​វ៉ាក់សាំង​កូវីដ ​១៩ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា វ៉ាក់សាំង​កូវីដ​ ១៩ ដែល​បាន​ដឹក​មកដល់​នេះ​ជា​ជំនួយ​ទ្វេភាគី​លើក​ទី​ ២ របស់​រដ្ឋាភិបាល និង​ប្រជាជន​ប៉ូឡូញ ដើម្បី​បង្ហាញ​នូវ​ចំណង​មិត្តភាព​រវាង​ប្រទេស​ប៉ូឡូញ និង​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​និង​មាន​ប្រទេស​មួយចំនួន​ក្នុង​សហភាព​អឺរ៉ុប និង​ក្នុង​ពិភពលោក​បាន​រាប់អាន​កម្ពុជា​ដោយ​បាន​ផ្តល់នូវ​វ៉ាក់សាំង​មកជា​ច្រើន​ផងដែរ​។

លោកស្រី​ថ្លែង​ថា មកដល់​ពេលនេះ កម្ពុជា​មាន​វ៉ាក់សាំង​ទាំង​ការបញ្ជាទិញ​ និង​ទាំង​ជំនួយ​ ៧៤ លាន​ដូស​ជាង ដែល​ក្នុងនោះ​ការបញ្ជាទិញ​មាន​ជាង​ ២៨ ​លានដូស ឯ​ជំនួយ​ឥតសំណង​ទាំង​តាម​យន្តការ​កូវ៉ាក់ និង​ប្រទេស​ចិន​មាន​ជាង​ ៤០ ​លាន​ដូស ដែល​ក្នុងនោះ​កន្លងមក វ៉ាក់សាំង​ដែល​បានមក​ដល់​មាន​ប្រមាណ​ជា​ ៥៣ ​លាន​ដូស​ហើយ​។

លោកស្រី យក់ សម្បត្តិ បញ្ជាក់ថា បច្ចុប្បន្ន វ៉ាក់សាំង​កូវីដ ​១៩ នៅក្នុង​ឃ្លាំង​មាន​ជិត​ ៩ ​លាន​ដូស ហើយ​ការចាក់​វ៉ាក់សាំង​នៅតែ​ជា​អាទិភាព​ទី​ ១​ សម្រាប់​ការពារ​នូវ​សុខភាព​របស់​ប្រជាពលរដ្ឋ ការពារ​មិនឱ្យ​ធ្លាក់ខ្លួន​ឈឺ និង​វិវឌ្ឍ​ទៅរក​ការស្លាប់​។

លោកស្រី យក់ សម្បត្តិ បាន​ថ្លែងថា​៖ «​មិនត្រូវ​មើលស្រាល ឬ​ប្រហែស​បាន​នោះទេ ដោយសារ​ការឆ្លង​លឿន ដែល​អាច​ធ្វើឱ្យ​មានការ​ធ្លាក់​ទៅក្នុង​រលក​ថ្មី​មួយទៀត​ដែល​យើង​មើលមិនឃើញ ប្រសិន​បើ​ប្រជាពលរដ្ឋ​មានការ​ធ្វេសប្រហែស ប៉ុន្តែ​ខ្ញុំ​ជឿជាក់​លើ​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​នៅតែ​បន្ត​ការការពារ​ខ្លួន​តាម​វិធាន​សុខាភិបាល​ជាប្រចាំ​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹង​ទៀតថា គិត​ត្រឹម​ថ្ងៃទី​ ២ ខែកក្កដា អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ធៀប​នឹង​មនុស្ស​ចំនួន​ ១៦ ​លាន​នាក់ នៅ​ទូទាំង​ប្រទេស​ចាក់​បាន​វ៉ាក់សាំង​សរុប​ចំនួន ៩៤, ៣១% ខណៈ​អត្រា​អ្នក​ចាក់​ដូស ទី​ ៣​ មាន​ចំនួន​ជាង​ ៩​ លាន​នាក់ ដូស​ទី​ ៤ ជិត ​៣ ​លាន​នាក់ និង​ដូស​ទី​ ៥ មាន​ចំនួន​ជាង​ ៣១ ​ម៉ឺន​នាក់​។

ទាក់ទង​នឹង​បញ្ហា​កូវីដ​ ១៩ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​អបអរសាទរ​ទិវា​មច្ឆជាតិ ០១ កក្កដា ឆ្នាំ​ ២០២២ បាន​ថ្លែង​ពី​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ដោយ​លោក​ក៏បាន​រំឭក​ផងដែរ​ពី​ការចាប់ផ្តើម​ឡើងវិញ​នូវ​ការឆ្លង​មេរោគ​កូវីដ​ ១៩ បើទោះបីជា​ចំនួន​មិនមាន​ច្រើន​ក៏ដោយ ប៉ុន្តែ​លោក​បាន​អំពាវនាវ​ឱ្យ​បន្ត​ការការពារ​ខ្លួន​ទៀត​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​យើង​ចាំបាច់​ត្រូវតែ​បន្ត​នូវ​ការប្រុងប្រយ័ត្ន​ ដើម្បី​ចៀសវាង​នូវ​ការឆ្លង ព្រោះ​យើង​មិនទាន់​ចប់​ទេ​នូវ​បញ្ហា​ទាក់ទិន​នឹង​កូវីដ​ ១៩ ​នេះ យើង​គ្រាន់តែ​បាន​ទប់ស្កាត់​វា​មិនឱ្យ​ធ្លាក់​ក្នុង​ជ្រោះ​មរណៈ​ប៉ុណ្ណោះ​»​។

ជាមួយ​គ្នា​នេះដែរ ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​កុំឱ្យ​ប្រជាពលរដ្ឋ​មាន​ការស្លន់ស្លោ​ទៅនឹង​ព័ត៌មាន​បំពុល​ទាក់ទង​នឹង​ករណី​កូវីដ​ ១៩ ដោយ​លោក​បានធ្វើ​ការព្រមាន​ និង​បានដាក់​បទបញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដល់​អ្នក​ទាំងឡាយណា​ដែល​ធ្វើការ​បំពុល​ព័ត៌មាន​ទាក់ទង​នឹង​ករណី​​កូវីដ​ ១៩​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា មនុស្ស​ម្នាក់​ឈ្មោះ​ហៅ អ៊ូខុង ត្រូវ​បាន​ចាប់ខ្លួន​ បន្ទាប់ពី​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិតថា​មាន​មនុស្ស​ស្លាប់​នៅ​ខេត្តកោះកុង​ ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​សុំកុំ​ជឿ​លើ​ការបំពុល​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង ហើយ​យើង​ក៏បាន​ចាប់ខ្លួនបាន​ហើយ (​អ្នក​) ដែល​បាន​បំពុល​តាម​ប្រព័ន្ធ​ Tik-Tok ដោយ​យក​រូបភាព​មនុស្ស​ស្លាប់​នៅ​កោះកុង​ថា​មាន​ស្លាប់​ ដោយសារ​ចាក់​វ៉ាក់សាំង​»​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​វា​ជា​រឿង​មិនមែន​ជា​ការលេង​សើច​ទេ​។ ខេត្តកោះកុង​មិនមាន​អ្នកស្លាប់​ ដោយសារ​កូវីដ​តាំងពី​ខែមេសា​។ ខ្ញុំ​សុំ​ព្រមាន​ទុកជាមុន អ្នកណា​ក៏ដោយ ដែល​យក​រឿង​កូវីដ​ ១៩​ ជាការ​លេងសើច​នឹងត្រូវ​ចាប់ខ្លួន ដោយសារ​វា​មិនមែន​ជា​រឿង​លេងសើច​ទេ​។ វា​ជាការ​បំពុលសង្គម​»​។

នៅ​រសៀល​ថ្ងៃទី ​០១ ខែកក្កដា លោក សេង ហៀង ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់ ហៅ អ៊ូខុង ដែលជា​អ្នកលេង Tik- Tok ពីបទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។

ជននេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ​កាលពី​យប់​ថ្ងៃទី​ ៣០ ខែមិថុនា តាម​បណ្តឹង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

យោងតាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា ៤៩៥ បានឱ្យ​ដឹងថា អំពើ​ញុះញង់​ដោយផ្ទាល់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្កឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ​ខែ ទៅ ២ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ​លាន​រៀល ទៅ ៤ ​លាន​រៀល ប្រសិន​បើ​ការញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ​។

ទន្ទឹមនឹង​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា លោក​អាច​នឹង​ដាក់ឱ្យ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់​ជាថ្មី​ឡើងវិញ ប្រសិនបើ​ករណី​នៃ​ការរីក​រាលដាល​មេរោគ​កូវីដ​ ១៩ ​កើតមានឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​។

លោក​ថ្លែងថា​៖ «​ពិតមែន​ហើយ​កាតព្វកិច្ច​ពាក់​ម៉ាស់​ត្រូវបាន​លើកលែង ប៉ុន្តែ​រដ្ឋាភិបាល​អាច​នឹង​ដាក់ឱ្យ​អនុវត្ត​ឡើងវិញ​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់​ក្នុង​ករណី​រកឃើញថា មាន​ការរីករាលដាល​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រទេស​របស់​យើង ប៉ុន្តែ​បើ​ការឆ្លង​ស្ថិតក្នុង​កម្រិត​ប៉ុណ្ណេះ​គឺ​មិនជា​បញ្ហា​ធំ​ពេក​ទេ ដោយសារ​ចំនួន​ឆ្លង​នៅមាន​តិច​ណាស់​»​។

បើតាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មកដល់​ពេលនេះ​មិនមាន​អ្នកជំងឺ​កូវីដ​ ១៩​ សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ឡើយ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ ដោយសារ​តែ​អ្នកជំងឺ​ដែល​រកឃើញថា​មាន​ឆ្លង​ថ្មី​អស់នេះ​មាន​អាការៈ​ធូរស្រាល​ និង​បាន​ស្នើសុំ​សម្រាក​ព្យាបាល​នៅឯ​គេហដ្ឋាន​ផងដែរ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ចាប់ពី​ថ្ងៃទី​ ២៨ មិថុនា​ដល់​ថ្ងៃទី​ ២ កក្កដា មនុស្ស​ចំនួន​ ៣៤​ នាក់​បាន​រកឃើញ​ឆ្លង​មេរោគ​កូវីដ​ ១៩ ​តាមរយៈ​ការធ្វើ​តេស្ត​ម៉ាស៊ីន​ធំ (PCR) ដែល​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​។

គិត​ត្រឹម​ព្រឹក ថ្ងៃទី​ ៣ ខែកក្កដា ឆ្នាំ​ ២០២២ កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ-១៩​សរុប​ចំនួន​ ១៣៦ ២៩៦ នាក់​អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៣ ២០៦ នាក់ និង​អ្នកស្លាប់​ចំនួន​ ៣ ០៥៦ នាក់​៕