ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ថា អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​មិនទាន់​ទទួល​យក​សំណង​នៅសល់​ត្រឹមតែ ​១៦៨ ​នាក់​ប៉ុណ្ណោះ បន្ទាប់ពី​មាន​បុគ្គលិក​ចំនួន ​៤ ​នាក់​បន្ថែម​​ទៀត​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ក្នុងចំណោម​ជិត​ ៤០០​ នាក់​ បានមក​ទទួល​ប្រាក់​បញ្ចប់​កិច្ចសន្យា​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យដឹងថា នៅ​ថ្ងៃទី​ ២ ខែ​កក្កដា ឆ្នាំនេះ អតីត​បុគ្គលិក​ចំនួន ៤ ​រូប​បន្ថែមទៀត ​ក្នុងចំណោម​អតីត​បុគ្គលិក​ដែល​បាន​ស្នើសុំ​អន្តរាគមន៍​បានមក​ទទួល​យក​ដំណោះស្រាយ​ តាមរយៈ​ការធ្វើ​លិខិត​ព្រមព្រៀង​ទទួល​យក​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ពី​ក្រុមហ៊ុន​រួចហើយ​។

សេចក្តី​ប្រកាស​ឱ្យ​ដឹងថា​ «​ដូចនេះ​គិត​មក​ដល់​ថ្ងៃនេះ​មាន​អតីត​បុគ្គលិក​សរុប​ចំនួន ​២០៥ ​រូប​ក្នុង​ចំណោម ៣៧៣ ​រូប ​ដែល​បានទទួល​យក​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​​ដែល​ធ្វើឱ្យ​ចំនួន​អតីត​បុគ្គលិក​​ដែល​មិន​ព្រម​ទទួលយក​សំណង​នៅសល់​ត្រឹម​ ១៦៨ ​រូប​»​។

ប្រភព​ដដែល​បន្តថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ (NEA)​ នៃ​ក្រសួង​ការងារ​នឹង​ត្រៀមខ្លួន​ ដើម្បី​ជួយ​សម្របសម្រួល​ពាក់ព័ន្ធ​នឹង​ការជួយ​ស្វែងរក​ឱកាស​ការងារ​ថ្មី​ សម្រាប់​បងប្អូន​អតីត​បុគ្គលិក​ផងដែរ​។

បើតាម​ក្រសួង​ការងារ​កន្លងមក មាន​បងប្អូន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មួយ​ចំនួន​បាន​ស្នើសុំ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ស្របតាម​ច្បាប់​ស្តីពី​ការងារ​ចំពោះ​បងប្អូន​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ និង​ស្វែងរក​ឱកាស​ការងារ​ថ្មី​។

ក្រសួង​បន្តថា ដោយ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មន្ត្រី​ជំនាញ​ក្រសួង​ការងារ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ការទូទាត់​ប្រាក់​បំណាច់​ជាមួយ​តំណាង​ក្រុមហ៊ុន​ហើយ​ពិនិត្យ​ឃើញ​ថា ការទូទាត់​ចំនួន​ ៤​ ចំណុច​គឺ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការបញ្ឈប់​ពី​ការងារ​រួម​។

លោក ទេស រុក្ខាផល អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ (​គ.ក.ប)​ បាន​ថ្លែងថា​ក្រសួង​ការងារ ស្វាគមន៍​អតីតបុគ្គលិក​ដែល​នៅសល់​មក​ស្តាប់​រូបមន្ត​នៃ​ការ​គណនា​ និង​​ការពន្យល់​បន្ថែម ខណៈ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​បើកចំហ​ចំពោះ​ការទទួល​ប្រាក់​បំណាច់​។

លោក​ថា​៖ «​កន្លងមក​ភាគច្រើន​​ដែល​នៅ​សេសសល់​មិនទាន់​ទទួល​យក​កញ្ចប់​ថវិកា​នោះ​ ដោយសារ​គាត់​មិន​ចង់​ស្តាប់​ការពន្យល់ និង​ជឿ​តាម​គេ​ថា​ទូទាត់​មិនត្រូវ ប៉ុន្តែ​ដល់​ពេល​គាត់​ស្តាប់​យើង​ពន្យល់ គាត់​ពិចារណា ហើយ​ក៏​ព្រម​ទទួលយក​ដោយ​គ្មាន​ការបង្ខិតបង្ខំ​»​។

លោក ទេស រុក្ខាផល ឱ្យដឹង​ទៀត​ថា ការទូទាត់​ប្រាក់​បំណាច់​គឺ​អាស្រ័យ​លើ​កិច្ចសន្យាការងារ​ដោយ​អ្នកខ្លះ​ក៏​ទទួល​បាន​ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ​។

សូមជម្រាបថា កិច្ចប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ការងារ​រួម​នៅ​​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លើក​ទី​១៤ រៀបចំ​ដោយ​ក្រសួង​ការងារ​​ពីថ្ងៃ​ទី​ ២២ ខែមិថុនា ឆ្នាំនេះ នៅតែ​មិន​ទាន់​ទទួល​លទ្ធផល​ ​ខណៈ​ភាគី​សហជីព និង​អតីត​បុគ្គលិក​ស្នើឱ្យ​ក្រុមហ៊ុន​ទទួល​យក​ពួកគេ​ឱ្យចូល​ធ្វើការ​វិញ ខណៈ​ក្រុមហ៊ុន​ថា ចំនួន​បុគ្គលិក​​លើសពី​តម្រូវការ​៕