កណ្ដាលៈ លោក ម៉េង សារ៉ាត់ បាន​យក​ដៃ​ច្បាម​កូន​ពស់ក្រឡា​បង្កង់ៗ​​ប៉ុន​មេជើង​រុំ​ព័ទ្ធ​ឫស​កំប្លោង​ឡើង​រវាម​ដ៏​គួរ​ឱ្យ​ស្រៀវ​ឆ្អឹងខ្នង មុនពេល​​និយាយ​ថា វាជា​មុខរបរ​​ថ្មី​ក្រោយ​ពី​អាជីពការងារ​ជា​អ្នក​បោក​អ៊ុត​ក្នុង​សណ្ឋាគារ​នៅ​ខេត្ដ​ព្រះ​សីហនុ​ត្រូវបាន​បញ្ចប់​ដោយ​សារ​មានបញ្ហា​កូវីដ ១៩​។

បច្ចុប្បន្ន​នេះ​លោក​ សារ៉ាត់ ជា​អ្នក​ចិញ្ចឹម​ពស់​ក្រចាន់​តាមម​ផ្គត់​ផ្គង់​ទីផ្សារ​វៀត​ណាម​ជា​ចម្បង ​និង​ធ្វើ​ការ​បង្កាត់​ពូជ​លក់​ឱ្យ​ប្រជា​កសិករ​ដែល​មាន​បំណង​ចង់​ចិញ្ចឹម​ពស់​ធ្វើ​អាជីវ​កម្ម​លក្ខណៈ​គ្រួសារ​។

ក្នុង​រយៈ​ពេល៣​ឆ្នាំ ក្រោយ​ពី​អស់​អាជីពការងារ​ លោកសារ៉ាត់ អាយុ ៣៤ ឆ្នាំ បានត្រឡប់​មក​ស្រុក​កំណើត​វិញនៅ​ភូមិ-ឃុំ​ក្អមសំណ ស្រុក​លើក​ដែក ខេត្ដ​កណ្ដាល និង​ចាប់​អារម្មណ៍​ចិញ្ចឹម​ពស់​ក្រចាន់​តាមមដែល​ទីផ្សារ​វៀតណាម​ត្រូវការ​។

លោកបាន​ទៅ​សិក្សា​ពីរបៀប​ចិញ្ចឹម​ពស់​ដល់​ប្រទេសវៀតណាម​ដោយ​ផ្ទាល់ រួច​ក៏​សម្រេច​ចិត្ដ​វិនិយោគ​ប្រាក់​ជិត ២​ លាន​រៀល​ ក្នុង​ការ​ទិញ​កូន​និង​រៀបចំ​អាង​ដោយ​ចាប់​ផ្ដើម​ពី​ការ​ចិញ្ចឹមកូន​ពស់​ ៤០០ ក្បាល​ ក្នុង​តម្លៃ ៧ ម៉ឺន​ដុង (១២ ០០០ រៀល​)​ ក្នុង ១​ ក្បាល​។ ​

​លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «នៅក្នុង​ស្រុ​កយើង​ អត់​ទាន់​មាន​អ្នក​បង្កាត់ និង​ភ្ញាស់​​បាន​​នោះទេ​។ នេះ​ជា​ចំណុច​មួយ​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​លើ​បញ្ហា​នេះ។ រយៈ​ពេល ​២​ ឆ្នាំ​នេះ ខ្ញុំ​បាន​បញ្ចេញ​កូន​ពូជ​ចន្លោះ ៣ ០០០ ទៅ ៤ ០០០ ​ក្បាល​ដែរ។ ក្នុង​ ១ ​ក្បាល​ មាន​តម្លៃ​ចន្លោះ​ពី ១០ ០០០ ទៅ ១២ ០០០​ រៀល​»។

បើទោះបីជា​របរ​ចិញ្ចឹម​ពស់​ត្រូវបាន​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន និង​អាជីវកម្ម​គ្រួសារ តែប្រភេទ​សត្វ​ពស់​មួយ​ចំនួន​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចិញ្ចឹម​នោះទេ ប្រសិនបើ​គ្មាន​ច្បាប់​ត្រឹមត្រូវ។

លោក សួន សុវណ្ណ អ្នកនាំ​ពាក្យ​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​លើក​ឡើង​ថា​ សត្វព្រៃ​មួយ​ចំនួន ត្រូវបាន​ចាត់​ទុក​ជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​យោង​លើ​ប្រកាស​លេខ​ ០២០ ប្រក.កសកចុះថ្ងៃទី​ ២៥​ ខែ មករា ឆ្នាំ​ ២០០៧ ​របស់​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​ និង​នេសាទ​ស្តីពី​ចំណាត់​ថ្នាក់ និង​បញ្ជី​ឈ្មោះ​ប្រភេទ​សត្វ​ព្រៃ​។

លោកបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ពស់ថ្លាន់ ពស់តុកកែ ឈ្លូស ស្វា ត្រចៀកកាំ...ទាំងនេះ​ត្រូវ​មាន​លិខិត​អនុញ្ញាត​ថែរក្សា​ជាលក្ខណៈ​គ្រួសារ​ពីរដ្ឋបាលព្រៃ​ឈើ​។ អ្នក​ចង់​ចិញ្ចឹម​អាច​ដាក់​ពាក្យ​សុំ​នៅ​រដ្ឋបាល​ព្រៃឈើ​បាន​(មាត្រា ៥០ ​នៃ​ច្បាប់​ស្តីពី​ព្រៃ​ឈើ)។

យ៉ាង​ណាមិញដោយ​សារ​ពស់​ក្រចាន់​តាមម​មិន​ត្រូវបាន​ចាត់​ចូល​ក្នុង​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​របស់​រដ្ឋបាល​ព្រៃឈើ លោក សុវណ្ណ ក៏​មិន​បាន​បញ្ជាក់​ថា ពលរដ្ឋ​ទូទៅអាច​ចិញ្ចឹម​ពស់​ប្រភេទ​​នេះ​បាន​ដោយ​គ្មាន​ការ​សុំ​ច្បាប់​ជា​មុន​ឬយ៉ាង​ណា​នោះទេ​។

​នៅ​ក្នុង​អាង​ធ្វើ​ពី​ឥដ្ឋ​ប្រហោង​ដែល​ខណ្ឌចែកជា ២ ដោយ​មួយទំហំ ៤ ​ម៉ែត្រ ​៤ ​ជ្រុងសម្រាប់​ដាក់​និង​មួយ​ទៀត ៣ ម៉ែត្រ​គុណ ៤ ម៉ែត្រ​សម្រាប់​ដាក់​កូន​​ចិញ្ចឹម​។ ប៉ុន្ដែ​ក្រោយ​មក លោកក៏បាន​ខណ្ឌ​អាង​ធំ​ជា ៤​ ថត​ទៀត​សម្រាប់​ដាក់​កូន​ និង​អាង​តូច​សម្រាប់​ដាក់​មេ​ពូជ​វិញ​។

អាង​ចិញ្ចឹម​កូន​ពស់​ក្រចាន់​តាមម​ទាំង​នេះ​មាន​ជម្រៅ​ទឹក​រាក់ៗដោយ​ដាក់​រុក្ខជាតិ​កំប្លោក និង​មែក​ឈើ​ជាមួយ​ជម្រៅ​អាង​កម្ពស់​ជាង ​១ ម៉ែត្រ។ចំណែក​ឯ​អាង​សម្រាប់​ផ្ទុក​មេពូជ​មាន​កម្ពស់​ទឹក​ជម្រៅ​ប្រមាណកន្លះ​ម៉ែត្រ​។ ពួកវា​មិន​រស់​នៅ​ក្នុង​អាង​តែមួយ​ឡើយពីព្រោះ​មេពូជ​អាច​ខាំ​ស៊ី​កូន​ៗ​។

បើទោះបីជា​តម្លៃកូនពស់​និង​ការ​រៀបចំ​អាង​បាន​ធ្វើ​ឱ្យ​ការ​ចំណាយ​ប្រាក់​ច្រើន​បន្ដិច​មែន ប៉ុន្ដែ​លោក ​សារ៉ាត់ បាន​អះអាង​ថា ការ​ថែទាំនិងការដាក់​ចំណី​មិនមែនជា​កិច្ចការ​ដ៏​ពិបាក​ និង​មមាញឹក​ឡើយ​។

​លោក សារ៉ាត់ បាន​និយាយថា​៖ «ខ្ញុំទិញ​កូនត្រីចិញ្ចឹម​ប្រភេទ​​អន់ៗ សម្រាប់​ធ្វើ​ជា​ចំណី​ឱ្យ​ពស់​ ដោយ​ចំណី​ត្រី​ចំនួន ១​គីឡូក្រាម ឬ ២០០ ​ក្បាល​​ សម្រាប់​ពស់​ ១០០​ ក្បាល​។ នៅពេល​ឃើញ​ចំណី​អស់​ យើង​ត្រូវ​ដាក់​បន្ថែម​។ រីឯ​​​ទឹក​ដែល​ត្រូវ​​ការ​ផ្លាស់​ប្ដូរ​១ខែឬ២​ខែ​ម្ដង​ប៉ុណ្ណោះ​។

លោក​បាន​ឱ្យដឹងថា ពស់ ​១ ​ក្បាល ​ជាទូទៅ​ស៊ី​ចំណី​តែម្ដង​ ក្នុង​ ១ ថ្ងៃ ដោយ​ស៊ី​តែ​ត្រី ​១ ​ក្បាល​ ហើយ​រំលង​ពី ២ ទៅ ៣​ ថ្ងៃ ទើប​វា​ស៊ី​ទៀត​។

លោក សារ៉ាត់ ដែល​និយាយថា ពស់ ក្រចាន់​តាមម​​មិន​មែន​ជា​សត្វ​បង្ក​គ្រោះថ្នាក់​បាន​បន្ដថា ចាប់​ពី​កូន​តូច​រហូតដល់​មាន​ទំហំ​ល្មម​លក់​ ពស់​ក្រចាន់​តាមម​​ត្រូវការ​ពេល​វេលា​១​ឆ្នាំ​សម្រាប់​ការ​រីកធំ​ធាត់​ឱ្យ​ម្ចាស់​អាច​លក់​ចេញ​បាន​។ វាមាន​តម្លៃលក់​នៅ​លើ​ទីផ្សារ ៨ ​ម៉ឺន​រៀល ​ក្នុង ​១​ គីឡូក្រាម។

ជាទូទៅពស់​ទម្ងន់​ល្មម​លក់​ក្នុង​រយៈ​ពេល​ចិញ្ចឹមតាម​​​រដូវមាន​ទម្ងន់ ១,២​ គីឡូក្រា​មហើយបើ​វា​មាន​ទម្ងន់​​ចាប់​ពី ១,៥ ​គីឡូក្រាម ភាគ​ច្រើន​ត្រូវ​បាន​​​ទុក​ធ្វើ​មេពូជ​តែម្ដង។

លោក​បាន​ឱ្យដឹងថា​៖ «ការ​ចិញ្ចឹម​ពស់​យក​សាច់​នេះ វាមាន​រដូវ​របស់​វា​ ដែលមិន​អាច​ផ្គត់ផ្គង់​ជា​ប្រចាំ​ជាប់​លាប់​នោះទេ​ ដោយសារ​ ១​ ឆ្នាំ យើង​ប្រមូល​ផល​ម្ដង​។ បច្ចុប្បន្ន​នេះ ក្នុង​ ១ ​ឆ្នាំ ខ្ញុំ​អាចលក់​បាន​ពី ២០០ ទៅ ៣០០​គីឡូក្រាម​។ ​ដោយ​មាន​ការ​សហការ​ជាមួយ​ឈ្មួញ​វៀតណាម​ ពួកគេទាក់ទង​ទិញទាំងអស់​»​។

លោក​បាន​អះអាងថា​៖ «ខ្ញុំ​គិត​ថា ប្រសិន​បើខ្ញុំ​មាន​ពស់​កើនដល់ ៥០០ ទៅ ១ ០០០ គីឡូក្រាមក៏​ខាង​វៀតណាមគេ​ទទួល​ទិញ​ទាំង​អស់​ដែរ។ ប៉ុន្ដែ​ចំពោះ​តម្លៃ ខ្ញុំ​មិន​ច្បាស់​ថា ​ត្រូវ​ឡើង​ចុះ​យ៉ាង​មេចដែរ​»។

នេះ​មិន​មែន​មាន​ន័យ​ថា លោក​មិន​លក់​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​នោះទេ ដោយសារ​មាន​ការ​កុម្ម៉ង់​តិចតួច​ពេក​ ដែល​លោក​រំពឹង​ថា ទីផ្សារ​ក្នុង​ស្រុក​នឹង​កើន​ឡើង​។

សព្វ​ថ្ងៃលោក សារ៉ាត់ ​មាន​ម៉ូយ​​តាម​ភោជនីយដ្ឋាន​នៅ​ក្នុង​ស្រុក​​ត្រឹម​ ៤ ​​កន្លែង ដោយ​នៅ​ភ្នំពេញ ២​ ហាង និង​កំពង់សោម ២ ​ហាង​។ភ្ញៀវ​ក្នុង​ស្រុក​កន្លះ​ខែ​កុម្ម៉ង់​ម្ដងពី៣ទៅ ៤​ គីឡូក្រាម​អីទេ​។ លោក​ថា ប្រសិន​បើ​នៅ​ក្នុង​ស្រុក​មាន​ទីផ្សារ​ អ្នក​ចិញ្ចឹម​នឹង​មាន​កម្លាំង​ចិត្ដ​បន្ដ​បន្ថែម​។

​លោកសារ៉ាត់បាន​សម្រេច​ចិត្ដ​បន្ដ​ចិញ្ចឹម​ពស់ក្រចាន់​តាមម​ដោយ​​បោះបង់​ការ​ចិញ្ចឹម​ពស់​ព្រលឹត​ដោយសារ​កូនរបស់វា​​តូចៗ​ពេក ពិបាក​ក្នុងការ​តាម​ដាន​ និង​ថែទាំ​។ ​

​លោក​បន្ថែមថា​៖ «​មួយ​រដូវ​ចុង​ក្រោយ​នេះ ខ្ញុំ​ចិញ្ចឹម​ចំនួន ៤០០​ កូន និង​​លក់​ចេញ​បាន​ប្រមាណ ២០០ ​គីឡូក្រាម​។ នៅ​សល់​ប៉ុន្មាន ខ្ញុំ​បំប៉ន​សម្រាប់​ធ្វើ​មេពូជ​ខ្លួន​ឯង​តែ​ម្ដង»។

ក្នុង​ចំណោម​ពស់​ចំនួន ៣០០​ ក្បាល ដែល​លោក​ត្រៀម​ទុក​ធ្វើ​ជា​ពូជនោះ​ក៏​ត្រូវបាន​អតិថិជន​សុំ​ចែក​ទិញ​បន្ដ​ចំនួន ១០០ ​ក្បាល​ផង​ដែរ​។

លោក​បាន​និយាយ​ថា ការ​លក់​​​ពស់​សាច់​ទម្ងន់ ២០០​ គីឡូក្រាម​ គឺមាន​ចំនួន​ត្រឹ​មតែ​​ ៥០ ​គីឡូ​ក្រាម​ប៉ុណ្ណឹង​ដែល​ទីផ្សារ​ក្នុង​ស្រុក​ត្រូវការ​ ហើយ​ ១៥០ ​គីឡូក្រាម​ទៀត​ គឺបញ្ជូន​ទៅកាន់​ទីផ្សារ​វៀត​ណាម​ទាំង​អស់។

លោក​បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​គិត​ថា ពលរដ្ឋ​ខ្មែរ​មិន​មែន​មិន​និយម​ទទួលទាន​សាច់​ពស់នោះទេ​ ប្រហែល​មកពី​ខ្មែរ​យើង​មិន​ទាន់​ដឹង មិន​ទាន់​ឮស្រួល​បួល​ ដោយបារម្ភ​ខ្លាច​ទទួលទាន​សាច់​ខុស​ច្បាប់»​។

​ចំពោះ​​លោក​​ខ្លួន​ឯង​ ម្ហូប​ពស់ក្រចាន់​តាមម​ដ៏​ពេញ​និយម​​គឺ​ស្ងោរ​ជ្រក់​ និង​ស្ងោរ​ង៉ាំង៉ូវ​។ ប៉ុន្ដែពស់​ក្រចាន់​តាមម​​អាច​​​ច្នៃ​បាន​ច្រើន​មុខ​ទៀត ដូចជា ឆា​គ្រឿង​ជាដើម​​។

លោក​បន្ដថា​ ​​អតិថិជន​នៅតាម​បណ្ដា​ភោជនីយ​ដ្ឋាន​កុម្ម៉ង់​ពស់​សាច់​នៅ​មាន​កម្រិត​តិច​តួច​ទេ តែបើ​ពួកគេ​​កុម្ម៉ង់​ច្រើន​ជា​ប្រចាំ​ក៏លោក​​មិន​អាច​ផ្គត់​ផ្គង់​ទាន់​តាម​តម្រូវ​ការដែរ​​ ដោយ​សារ​ការ​ចិញ្ចឹម​របស់​លោក​មាន​ទ្រង់​ទ្រាយ​តូច​។

ក្រោយ​ចិញ្ចឹម​បាន​ ១ ​ឆ្នាំ លោក​ចាប់​ផ្ដើម​មាន​អតិថិជន​ទិញ​កូន​ពស់​យក​ទៅ​ចិញ្ចឹម​ចំនួន ១០​ នាក់​នៅ​ឆ្នាំ​ទី២ និង​ ២០​ នាក់​នៅ​ឆ្នាំ​ទី៣​ នេះ​។

លោក​ទទួល​ស្គាល់​ថា កូន​ពស់​ក្រចាន់​តាម​ម​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​ ១ ​ម៉ឺន​រៀល ក្នុង​ ១ ក្បាល​។ ប៉ុន្ដែ​នៅវៀតណាម​ គេ​លក់​រហូត​ដល់ ៧ ​ម៉ឺន​ដុង ឬ ១២ ០០០​ រៀល​ឯនោះ​។លោកអះអាង​ថាសូម្បី​តែ​អ្នក​ចិញ្ចឹម​វៀត​ណាម​ខ្លះ​ក៏​មក​ទិញ​កូន​ពូជ​ពី​លោក​វិញ​ដែរ​។

លោកបាន​ប្រាប់​ថា​៖ «ខ្ញុំ​ទទួល​ស្គាល់​ថា កូន​ពូជ​តម្លៃ ១ ម៉ឺន​រៀល​រាង​ថ្លៃ​ដែរ​។ តែ​បើ​នៅ​ខាង​វៀតណាម គេ​លក់​តម្លៃ​រហូត​ដល់ ១២ ០០០​ រៀល​។ អ្នក​ចិញ្ចឹម​វៀតណាម​ខ្លះ​ក៏​មក​ទិញ​កូនពូជ​ពី​ខ្ញុំ ២០០ - ៣០០ ​កូន​​វិញ​ផង​ដែរ។

ជាមួយ​កូន​កញ្ច្រែង ៣០ ​នាក់ ពួកគេ​បាន​ចង​ក្រង​ជា​សហគមន៍​តូច​មួយ​ក្នុង​ការ​​ជួយ​គ្នា​ទាំង​ការ​ចិញ្ចឹម ​និងការ​រក​ទីផ្សារ​លក់​ចេញ​។ ពួកគេ​​តែងតែ​ទាក់​ទង​លោក សារ៉ាត់ ​ដើម្បី​បញ្ចេញ​ពស់​សាច់​របស់​ពួកគេ​ទៅ​ទីផ្សារ​វៀតណាម​។

ជា​កូន​កញ្ច្រែង​ម្នាក់​នៅ​ក្រុង​តាខ្មៅ ដោយ​ចាប់ផ្ដើម​សាកល្បង​ចិញ្ចឹម​ពស់​ត្រឹម​ជាង​ ១​ ខែ លោក នឹម ខន អាយុ ៥០​ ឆ្នាំ បាន​ដាក់​កូន​ពស់ ដែល​ទិញ​ពី​លោក សារ៉ាត់ ចំនួន ១៥០ ​ក្បាល ដែល​បែង​ចែក​នៅក្នុង​ពាង​​ចំនួន ៣​។

លោក​និយាយ​ថា​ ក្រៅពីរបរ​ធ្វើ​ចម្ការ​​លោក​សាក​ល្បង​ចិញ្ចឹម​ពស់​។ លោក​ទើប​តែ​ចាប់​ផ្ដើម​នោះទេ​ ដោយ​មិន​ច្បាស់​ថា វា​ទៅ​ជាយ៉ាង​ណាឡើយ​។ ប៉ុន្ដែ​រយៈ​ពេល​ ១ ​ខែ​នេះ ពួកវា​ចាប់​ផ្ដើម​រីក​ធំធាត់​បណ្ដើរ​។

លោក ខន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​វាមិន​ពិបាក​ថែទាំ​នោះ​ទេ ហើយ​ចំណីរបស់​វា​ជា​ប្រភេទ​កូន​ត្រី​រស់ ​អត់​ដូចជា ត្រី​អណ្ដែង ឆ្លាំង អន្ទង់ និង​កញ្ចុះ​ជាដើម​។ ក្នុង​១​ខែ​ លោក​ចំណាយ​លើ​ចំណី​អស់​ប្រមាណ ​៤ ម៉ឺន​រៀល​»៕