​ខេត្តកណ្តាលៈ ទោះបី​ទីផ្សារ​លក់​គ្រឿង​សម្ភារ​សិល្បៈ ដែល​ច្នៃ​ពី​ទង់ដែង​ជ្រលក់​ទឹកប្រាក់ ឬ​ចម្លាក់​ក្រូ​ម៉េ ហាក់​មិនទាន់​ឃើញ​មាន​បង្ហាញ​ពី​សម្ទុះ​ខ្លាំង និង​អាចជួយ​សម្រួល​ដល់​ជីវភាព​អ្នក​ផលិត ឱ្យ​ធូរធា​យ៉ាងណាក្តី ក៏​គេ​ឃើញ​ប្រជា​សហគមន៍​ប្រមាណ​ចំនួន ២-៣ ឃុំ នៅក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល បាននិង​កំពុងតែ​បន្តការងារ​សិប្ប​កម្មនេះ ដើម្បី​ចឹ​ញ្ចឹ​ម​ជីវិត​បន្ត ២-៣ ជំនាន់​មកហើយ​។​

ក្នុង​វ័យ ៦៦ ឆ្នាំ លោក ជា យុ​ទ្ធា អ្នកមាន ស្នាដៃ​ចម្លាក់​ច្នៃ​ពី​ទង់ដែង​ជ្រលក់​ទឹកប្រាក់ ឬ​ចម្លាក់​ក្រូ​ម៉េ ដ៏​ចំណាន​ល្អ​ប្រណីត​លើ​គ្រឿង​សិល្បៈ​លម្អ​នានា របស់​ជាងទង​តាំងពី​ឆ្នាំ ១៩៦៧ មក ដែលមាន​អ្នក​ស្គាល់ និង​ទទួល​បានការ​កុម្ម៉ង់​ពី​ភ្ញៀវ​ច្រើន ទើប​ធ្វើឱ្យ​ជីវភាព​បាន​ប្រសើរ​បន្តិច ក្រោយពី​មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជួយ​ផ្សព្វផ្សាយ​ឱ្យគេ​បាន​ស្គាល់​។​ បណ្តុំ​ស្នាដៃ​គ្រឿង​ចម្លាក់​ល្អ​ប្រណីតៗ មាន​ក្បូរក្បាច់​យ៉ាង​ចំណាន​តាម​ក្បួនខ្នាត​ខ្មែរ មានដូចជា​ផ្តិល កោដ្ឋ ឬ​ស្មុគ រូប​សត្វ​គ្រប់​ប្រភេទ រូប​ប្រាសាទបុរាណ (​អង្គរវត្ត​) និង​រូប​ទេសភាព​ធម្មជាតិ​នានា ដែល​ឆ្លាក់​នៅលើ​បន្ទះ​សំលោហៈ​គឺ​ទង់ដែង​ជ្រលក់​ទឹកប្រាក់ ឬ​ចម្លាក់​ក្រូ​ម៉េ គឺជា​ស្នាដៃ​របស់​ជាងទង​តាំងពី​សម័យ​ទសវត្សរ៍​ទី ៦០-៧០ លោក ជា យុ​ទ្ធា រស់នៅ ភូមិ​សាលា​កាត់សក់ ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

លោក ជា យុ​ទ្ធា បច្ចុប្បន្ន ប្រកប​របរ​ចិញ្ចឹមជីវិត ជាជាង​ទង​នេះ អស់​កន្លះ​សតវត្សរ៍​មក ហាក់​មាន​អ្នក​ស្គាល់​ពី​ស្នាដៃ​ដ៏​ល្អ​វិចិត្រ​នេះ​តិច​ណាស់ ដោយហេតុ កន្លងមក​ស្នាដៃ​គាត់​ត្រូវ​លក់​បន្ត​ទៅឱ្យ​ឈ្មួញកណ្តាល ដែល​បាន​ទិញ​ពី​គាត់​ក្នុងតម្លៃ​ទាប​ពេក មិនអាច​ប្រកប​ចិញ្ចឹមជីវិត​បាន​សឹងតែ​បោះបង់ចោល អាជីព​នេះ​ម្តងៗ​ដែរ ដោយសារ​គ្មាន​ការផ្សព្វផ្សាយ និង​មិនសូវមាន​អ្នក​ឱ្យ​តម្លៃ​ផង​នោះ លុះត្រា​មកដល់​សម័យ​ទំនើប ទើប​មាន​ហ្វេ​ស​ប៊ុ​កបាន​ជួយ​ផ្សាយ​ឱ្យ​។​

ជាងទង​វ័យ​ចំណាស់​រូបនេះ មានកូន ៤ នាក់ ប្រុស ២ និង​ស្រី ២​។ កូនប្រុស​ទី២ ឈ្មោះ វែ​ន រ៉ា​ម៉ូ វ័យ ៣៥ ឆ្នាំ មាន​ដុង​ផ្នែក​ចម្លាក់​នេះដែរ កំពុងតែ​រៀន​ជំនាញ​បន្ត​ពី​លោក​។ លោក យុ​ទ្ធា បាន​រំឭក​ពី​ការរៀន​ចម្លាក់​របស់លោក តាំងពី​ចន្លោះ​ឆ្នាំ ១៩៦៦-១៩៦៧ ជាមួយ​ឪពុកធំ​របស់ខ្លួន នៅ​ទីក្រុង​ភ្នំពេញ ដោយ​លោក​បាន​រៀន​ចាប់ពី​អាយុ​ប្រហែល ១៥ ឆ្នាំ ហើយ​បាន​ផ្អាក​ទៅវិញ​នៅ​ឆ្នាំ​ ១៩៧៥ ដោយសារ​សង្គ្រាម​ក្នុងសម័យ​ខ្មែរក្រហម​។

លោក​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​ប្រកប របរ​នេះ គឺ​តាំងពី​ឆ្នាំ ១៩៦៧ មក​រហូតដល់​បច្ចុប្បន្ន​។ តែ​ខកខាន កាលពី​សម័យ​ប៉ុលពត លុះដល់​ឆ្នាំ ១៩៨៥ ទើប​ចាប់ផ្តើម​ប្រកប​របរ​នេះ​សាជាថ្មី​តក់ៗ​វិញ​។ ជំនាញ​នេះ ខ្ញុំ​មិនបាន​ចូល​សាលារៀន​ឡើយ កាលនោះ​ខ្លួន​ខ្ញុំ​មាន​វ័យ ១៥ ឆ្នាំ ​បាន​រៀន​ត​ពី​អ៊ុំ​ប្រុស និង​គ្រូ​ធ្លា​ប់រៀន នៅ​សាលា​រចនា ២ ​រូប ដែរ គ្រូ​មួយ​ឈ្មោះ គង់ បុណ្យ និង​គ្រូ​ទី​២ ឈ្មោះ ណេ​ត ឆោម ដែល​រស់នៅ​ស្រុក​ជាមួយគ្នា​។ តែ​ការលក់ដូរ​វិញ តាំង​ពីមុនមក​មិន​ថ្លៃ​ឡើយ ខ្ញុំ​ក៏​អន់ចិត្ត​ស្ទើរតែ​ចង់​បោះបង់ចោល​ម្តងៗ ហើយ​ខ្ញុំ​ក៏​ឈប់​លក់​ឱ្យ​ឈ្មួញកណ្តាល​ទៀត គឺ​រក្សា​នូវ​ស្នាដៃ​នានា​ទុក​រហូតមក​។ ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កូនប្រុស បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក ហើយ​ផ្សាយ​ស្នាដៃ​ទាំងនោះ ទើបតែ​មាន​អ្នក​ចាប់អារម្មណ៍ សួរនាំ​ទិញ ជា​បន្តបន្ទាប់​រហូតមក​»​។​

ស្នាដៃ​ចម្លាក់​នានា ជា​រូបភាព​ដកស្រង់​ចេញពី​រឿង​រាមកេរ្តិ៍ មាន​រូប​ព្រះរាម​ចេញ​ទ័ព​ទៅ​ច្បាំង ឬ​ព្រះរាម​គង់​ក្នុង​សុវណ្ណ​ព្រះ​ពន្លា នាពេល​បើក​កិច្ចប្រជុំ​ការងារ​សឹកសង្គ្រាម ជាមួយ​ពួក​ពល​សេនា​យោធា ព្រះខ័ន​សឹក​ស្ដេច​ស្វា ទម្រង់​ក្បាច់​ភ្ញី​អង្គរ​លម្អ​យកតាម​ដាវ​មេទ័ព​តា​ព្រហ្ម (​នា​ក្រុង​ឧដុង្គ​) ហនុមាន​សម្តែង​ឬ​ទ្ធិ ជាដើម​។ ក្រៅពីនេះ មាន​រូប​ទេសភាព​ស្រុកស្រែ​ដូចជា កសិករ​ភ្ជួរ​ដី អ្នក​ឡើងត្នោត ទេសភាព​ភ្នំ សត្វ​គ្រប់​ប្រភេទ តាម​ការចង់បាន និង​រូប​ទេសភាព​ប្រាសាទអង្គរវត្ត​ផងដែរ​។​

យ៉ាងណា​ទម្រាំ​បាន​ផល ជា​ស្នាដៃ​ខ្នាតតូច​មួយ​នោះ មិនមែន​ប្រើពេល​វេលា​ត្រឹមតែ ២-៣ ម៉ោង អាចធ្វើ​បានឡើយ គឺ​ប្រើពេល​យ៉ាងតិច​បំផុត​ក៏​ត្រឹម​ ១ ​ខែ ខណៈ​ក្បាច់ក្បូរ​ខ្លះ​អាច​យូរ​ដល់​ទៅ​ជាង ២ ខែ​។​

លោក ជា យុ​ទ្ធា ក៏​បង្ហើប​ប្រាប់ ពី​ពេលវេលា និង​តម្លៃ​ចម្លាក់​នេះ​ថា​៖ «​ដូចជា​ផ្តិល​មួយ​មានមុខ​កាត់​មាត់​ទំហំ ២ តឹក​នោះ ក៏​ប្រើពេល​ជាង ១​ ខែ ហើយ​តម្លៃ​គិត​តាម​ចំនួន​គីឡូ​។ សម្រាប់​ស្នាដៃ​ដូចជា​ផ្តិល​ជាដើម​នោះ​គឺ ១ ​គីឡូ ថ្លៃ ២០០ ​ដុល្លារ​។​

ចំណែកឯ​ចម្លាក់​រូប​ប្រាសាទអង្គរវត្ត ដែលមាន​ទំហំ ៣​ តឹក គុណ ៥​ តឹក​នោះ គឺមាន​ចាប់ពី​តម្លៃ ៥០០ ដុល្លារ និង​ទំហំ ៣ តឹក គុណ ៦​ តឹក តម្លៃ​អាចមាន​ដល់​ទៅ ២ ០០០ ដុល្លារ​»​។

លោកថា អ្នក​ចាប់អារម្មណ៍ ចង់​កុម្ម៉ង់​ចម្លាក់​ពី​ទង់ដែង ដែលមាន​ក្បាច់ចម្លាក់​ដ៏​ល្អ​ប្រណីត​នោះ អាច​ទំនាក់ទំនង​ផ្ទាល់​តាម​លេខ​ទូរស័ព្ទ ០៩២ ៦៧ ០០ ៣៨ ឬ​អាច​សួរ​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ramoon Ven ឬ Ra Mo​។​

លោក វ៉ាន់ លី​បូ វ័យ ៧០ ឆ្នាំ បាន​ចាប់យក​អាជីព​ជា​អ្នក​ឆ្លាក់​ស្ពាន់ ដែលមាន​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ រស់នៅ​ភូមិ​ព្រែក​ក្តាម ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ដោយ​លោក​បាន​រៀនសូត្រ​ជំនាញ​ចម្លាក់​ប្រាក់ និង​ស្ពាន់​នេះ តាំងពី​មាន​អាយុ ១៦ ឆ្នាំ មក ចេះ​បន្ត​ពី​ឪពុកមា​។ ក្រោយ​ពីថ្ងៃ​រំដោះ​ឆ្នាំ ១៩៧៩ រហូតដល់​ឆ្នាំ ១៩៩២ ទើប​លោក វ៉ាន់ លី​បូ បាន​ចាប់យក​អាជីព​ចម្លាក់​ប្រាក់ និង​ស្ពាន់​នេះ ឡើងវិញ ហើយ​កាលនោះ ចម្លាក់​របស់លោក​ត្រូវបាន គេ​បញ្ជា​ទិញ​ទៅកាន់​ប្រទេស​ថៃ ក្រោយពី​មាន​សន្ទុះ ការគាំទ្រ និង​មាន​ទីផ្សារ ក្នុងប្រទេស​ចាប់ពី​ឆ្នាំ ២០០០ ​មក​។

បច្ចុប្បន្ន កូនបង្កើត និង​កូនប្រសា របស់លោក គឺជា​អ្នក​ស្នង​កិច្ចការងារ និង​មុខរបរ​នេះ ប៉ុន្តែ​លោក​ក៏​នៅតែ​បន្ត​កិច្ចការ ជា​អ្នកពិនិត្យ​គុណភាព ជាពិសេស​ដំឡើង​ទម្រង់​សិល្បៈ​នីមួយៗ ក្រោម​ស្លាក​យីហោ​មាន​ឈ្មោះថា «​មជ្ឈមណ្ឌល​សិប្បកម្ម​កោះ​ចិន​»​។​

លោក វ៉ាន់ លី​បូ ថ្លែងថា​៖ «​រឿង​ក្បាច់ក្បូរ​គិត​ទៅ​ថ្មី​តែម្តង គឺ​មានតែ​នៅក្នុង​ចិត្ត នឹកឃើញ និង​ខួរក្បាល​តែប៉ុណ្ណោះ​។ ពេល​ខួរក្បាល​នឹកឃើញ​អី​ក៏​ធ្វើទៅ ដល់​នៅពេល​ក្រោយមក​មាន​ជាង​កើត​ក្រោយៗ មក​ក្នុង​ជំនាន់​ខ្ញុំ ឬ​មុន​ខ្ញុំ ក៏​ខ្ញុំ​ទៅ​សួរ​គេ​។ គេ​ក៏​សួរ​យើង យើង​ក៏​សួរ​គេ សួរដេញដោល​រៀងៗ​ខ្លួន​»​។​

​លោក វ៉ាន់ លី​បូ បាន​បន្តថា ក្បាច់ចម្លាក់​របស់​ប្រាក់ រាង​លម្អិត​ជាង​ក្បាច់​ស្ពាន់ ដោយសារតែ​ប្រាក់​មានតម្លៃ​ថ្លៃ​ជាង​ស្ពាន់​។ ការ​ឆ្លាក់​ប្រាក់​លម្អិត​បំផុត ហើយ​ត្រូវ​ប្រយ័ត្នប្រយែង និង​ល្អិតល្អន់​ណាស់​។

លោក វ៉ាន់ លី​បូ បាន​បន្តថា​៖ «​ក្នុង​ឆ្នាំ​ ១៩៩២ ខ្ញុំ​ចាប់ធ្វើ​ឡើងវិញ ក្នុងស្រុក​ខ្មែរ​យើង ពេលនោះ​មិនមាន​ទីផ្សារ​ទេ​មានតែ​នៅ​ប្រទេស​ថៃ ដូច្នេះ​យើង​ធ្វើ​ដាក់​ផ្ញើ​តាម​ឡាន ទៅ​ប្រទេស​ថៃ ប៉ុន្តែ​កាលនោះ​ធ្វើ​ក៏​មិនបាន​ល្អ​ដូច​បច្ចុប្បន្ន​នេះដែរ​»​។​

បើតាម​ការរៀបរាប់​ចាប់តាំងពី​ឆ្នាំ ២០០០ មក ទីផ្សារ​ចម្លាក់​ប្រាក់​នៅ​ទីក្រុង​ភ្នំពេញ បែរជា​ធ្លាក់​ដូច​ចម្លាក់​ស្ពាន់​ដែរ ប៉ុន្តែ​ចម្លាក់​ស្ពាន់​មិនសូវ​ស្ទុះ​ដូច​ប្រាក់​ទេ ព្រោះ​ប្រាក់​សាច់​ទន់​ជាង​ស្ពាន់ ឯការ​ឆ្លាក់​ស្ពាន់​វិញ​វា​រាង​រឹង​ជាង​។​

លោក វ៉ាន់ លី​បូ បញ្ជាក់ថា ការ​ឆ្លាក់​ស្ពាន់ ឬ​ប្រាក់​នេះ ត្រូវមាន​ភាព​អំណត់​ធន់​ណាស់ ដោយ​ប្រើ​កម្លាំងកាយ និង​ប្រាជ្ញា​។ ហើយ​ការគិត​បូកផ្សំ​ជាមួយនឹង ភាពឈ្លាសវៃ ផ្ចិតផ្ចង់​ពី​ក្បាច់ចម្លាក់​មួយ​ទៅ​ក្បាច់ចម្លាក់​មួយទៀត​។ ការប្រើប្រាស់​ឧបករណ៍​ជំនួយ មាន​ច្រើន​ទៅតាម​ក្បាច់ និង​ទំហំ​នៃ​ស្ពាន់ ឬ​ប្រាក់​នីមួយៗ​ផងដែរ​។​

លោក លី​បូ បាន​ប្រាប់ថា​៖ «​កូនជាង ត្រូវការ​អំណត់​ណាស់ បើ​មិន​ដូច្នេះ​ទេ​មក​រៀន​ពី​យើង​ ១ ​ថ្ងៃ​ទៅ​ ២ ​ថ្ងៃ​ទេ​រត់​បាត់​ហើយ​។ ការរៀន​នៅ​សិល្បៈ​ចម្លាក់​នេះ ត្រូវការ​ក្តី​ស្រឡាញ់ ការចូលរួម​ថែរក្សា ដើម្បី​អាច​បន្ត​កេរដំណែល​ប្រពៃណី​នេះ​បាន​។ ខ្ញុំ ឥឡូវ​បណ្តុះបណ្តាល​បាន​ច្រើនណាស់ បើ​មាន គេ​មក​រៀន​ខ្ញុំ​ក៏​ទទួល​ដែរ​ព្រោះ​វា​អាចឱ្យ​ក្មេងជំនាន់ក្រោយ​វា​ថែ​សម្បត្តិ​វប្បធម៌​របស់​យើង​»​។​

លោ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ការលើកទឹកចិត្ត​និង​ជំរុញ​ការលើកស្ទួយ​សិល្បករ​ខ្មែរ ចាប់យក​អាជីព​នេះ ដើម្បី​គាំទ្រ​ផលិតផល​ខ្មែរ ហើយ​ជួយ​ជាវ​វត្ថុ​សិល្បៈ​ទាំងនេះ នៅ​មជ្ឈមណ្ឌល​សិប្បកម្ម​កោះ​ចិន ដែល​អាចទាក់ទង​បាន​តាម​ទូរស័ព្ទ ០៩៥ ៧៦៦ ៦៦៦​។​

លោក វ៉ាន់ ស៊ីថា ជា​សិប្បករ​ចម្លាក់​ជំនា​ន់ទី៣ មាន​វ័យ ២៩ ឆ្នាំ​ហើយ បាន​រៀនចំណេះ​សិប្បកម្ម​ចម្លាក់​ប្រាក់ ស្ពាន់ និង​ទង់ដែង ត​ពី​ឪពុកម្តាយ តាំងពីក្មេង​មក ស្ថិតនៅ​ភូមិ​ពោធិ៍​តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ក្រោម​ស្លាក​យីហោ​ប្រចាំ​គ្រួសារ​ថា «​សិប្បកម្ម​ភ្ញីទេស​» ដែល​នៅតែ​បន្ត​របរ​ចឹ​ញ្ចឹ​ម​ជីវិត ដែល​អាច​រក្សា​គុណភាព និង​ទឹកដៃ​ដ៏​ប្រពៃ​របស់ខ្លួន​បាន ៣ ជំនាន់​មកហើយ​ដល់​បច្ចុប្បន្ន​។

លោក​ឱ្យដឹងថា​៖ «​ជាការ​ពិត​នោះ របរ​ជាងចម្លាក់​នេះ មិនមាន​ច្រើន​គ្រួសារ​ឡើយ ដែល​បាន​រក្សា​ជា​មុខរបរ​ត​កូនចៅ​រហូតមក​ដល់ពេលនេះ​។ ខណៈ​គ្រួសារ​សិប្បកម្ម​ភ្ញីទេស​របស់ខ្ញុំ បាន​បន្ត​ច្រើន​ជំនាន់​ហើយ​ដែរ​។

ប្រសិនបើ​គិត​ត្រឹម​ជំនាន់​ជីតា​ខ្ញុំ​មក​នោះ​គឺមាន ៣ ជំនាន់​ហើយ ដោយ​ជំនាន់​ជីតា​របស់ខ្ញុំ បាន​ប្រក​បរបរ​នេះ មុន​សម័យ​ខ្មែរក្រហម ខណៈ​ជំនាន់​ឪពុកម្តាយ​ខ្ញុំ ធ្វើ​នៅក្រោយ​សម័យ​ប៉ុលពត​គឺ​ចាប់ពី​ឆ្នាំ ១៩៧៩ មក ហើយ​នៅ​ជំនា​ន់ទី ៣ គឺ​រូបខ្ញុំ បាន​រៀនសូត្រ​តាំងពីក្មេង និង​បាន​រៀន​ចេះ​ជំនាញ​ឆ្លាក់​នានា ចេះ​ស្ទាត់​តាំងពី​លោក​នៅ​វ័យ ១៨ ឆ្នាំ​»​។​

សិប្បកម្ម​ជាងទង​ចម្លាក់​ខ្មែរ ដ៏​ប្រណីត​ធ្វើ​អំពី​ស្ពាន់ ប្រាក់ និង​ទង់ដែង​ទាំងនេះ មាន​ច្រើន​ប្រភេទ និង​សណ្ឋាន តម្រូវ​តាម​ចំណូលចិត្ត​របស់​អ្នក​ប្រើ ដោយ​គេ​ឃើញ​មានដូចជា​ចម្លាក់ ផ្តិល ក្អម ឆត្ររួត តុម្ពកំបោរ ប្រអប់​ស្លា ប្រអប់​ក្រដាស​ជូត​មាត់ ប៉ាន់តែ រូប​ផ្លែ​ល្ពៅ និង​រូប​សត្វ​នានា​គឺ​ត្រូវ​រចនា និង​សម្រិតសម្រាំង ផ្ចិតផ្ចង់​ដ៏​ល្អ​ប្រណីត​ពី​សំណាក់​ក្រុម​សិប្បកម្ម​ភ្ញីទេស​។​

លោក ​វ៉ាន់ ស៊ីថា ជា​ម្ចាស់ «​សិប្បកម្ម​ភ្ញីទេស​» ដែល​បច្ចុប្បន្ន​កំពុងតែ​បាន​បង្កើត​ទីតាំង​ថ្មី​មួយទៀត នៅ​ក្រុងភ្នំពេញ គឺ​ស្ថិតនៅ​ខាងក្រោយ​មន្ទីរ​សម្រាក​ព្យាបាល​រ៉ូយ៉ាល់​រតនៈ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ក៏បាន​រៀបរាប់​ពី​ចង្វាក់​ផលិតកម្ម​ផលិត ចានស្រាក់​ស្ពាន់​មាន ៤ ​ថ្នាក់ ដែលមាន​ពណ៌​លឿង​ដូចជា​ពណ៌​មាស​ផងដែរ​។

លោក វ៉ាន់ ស៊ីថា ប្រាប់​ឱ្យដឹងពី​របៀប​ធ្វើ និង​រយៈពេល​ធ្វើ​ថា​៖ «​ខ្នាត​មួយ​នេះ មាន​ទម្ងន់ ២,៩ គីឡូ​មាន​កម្ពស់​ទាំងអស់ ៤០​សង់ទីម៉ែត្រ ខណៈ​កម្ពស់​ជាន់​ក្រោម ៨ ​សង់ទីម៉ែត្រ​បាត ១៤ សង់ទីម៉ែត្រ ហើយ​ចាន ៣ ទៀត​មាន​កម្ពស់ ៧ សង់ទីម៉ែត្រ ដោយ​យើង​បាន​លក់​ជូន​ភ្ញៀវ ដែល​បានក​ម្ម៉​ង់​ក្នុងតម្លៃ ២៩០​ ដុល្លារ​។ តែ​ខាង​ខ្ញុំ ក៏បាន​ចំណាយពេល ដើម្បី​សម្រាំង​ធ្វើ​ជូន​ភ្ញៀវ ដែល​កុម្ម៉ង់​ប្រមាណ​ជិត ២​ ខែ ឯណោះ​ទើប​ចប់​រួចរាល់​»​។​

លោក វ៉ាន់ ស៊ីថា បាន​បន្តថា​៖ «​ស្ពាន់​ផលិត​ជា​គ្រឿង​ទាំងនេះ​មាន ២ ប្រភេទ​ គឺ​ស្ពាន់​ពណ៌​ក្រហម និង​លឿង ហើយ​យើង​គិត​តម្លៃ​ជា​គីឡូ​។ គ្រឿង​ស្ពាន់​តម្លៃ​ចន្លោះ​ពី ៥០ ​ដុល្លារ ទៅ​ ១០០ ​ដុល្លារ ខណៈ​ប្រាក់​វិញ​មានតម្លៃ​ចន្លោះ​ពី ៣៥ ​ដុល្លារ​ទៅដល់ ១០០ ​ដុល្លារ​។ សម្រាប់​កា​រក​ម្ម៉​ង់​គ្រឿង​ចម្លាក់​នានា នៅ​សិប្បកម្ម​ភ្ញីទេស អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ​ ០៦១ ៤៧៧ ១៤៤៕