ភ្នំពេញៈ​ ភាព​ទាក់​ទាញ​នៃ​ទីក្រុង​មួយ​មិន​មែន​សំដៅ​តែលើ​សំណង់​អគារ​ខ្ពស់ៗ​ និង​ផ្លូវ​ខ្វែង​ខ្វាត់​ដ៏​មមា​ញឹ​នោះទេ។ សំណង់​អគារ​ចាស់ៗដែល​មាន​អាយុ​កាល​ចាប់​ពី​ ៥០-៦០ ​ឆ្នាំ​ឡើង​ទៅ​ក៏មាន​ភាព​ទាក់​ទាញ​ខ្លាំង​ផង​ដែរ សម្រាប់​វិស័យ​ទេស​ចរណ៍​វប្បធម៌​ប្រវត្តិ​សាស្ត្រ​។

នៅ​កម្ពុជា​សំណង់​បេតិក​ភណ្ឌ​សល់​ពី​សម័យ​អាណា​និគម​បារាំង​កំពុង​រួម​ចំណែក​ក្នុង​ការ​ស្រូប​ទាញ​ភ្ញៀវទេស​ចរបរទេស​ចូលមក​ទស្សនា​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​យ៉ាងច្រើន​កុះករ​ផងដែរ​ ដោយ​សារ​សំណង់​ទាំង​នោះ​សាង​សង់​និង​រចនា​ឡើង​ដោយ​រួម​បញ្ចូល​គ្នា​នូវ​រចនា​ប័ទ្ម​បារាំង​និង​រចនាប័ទ្ម​ខ្មែរ​សម​ស្រប​តាម​អាកាសធាតុ​តំបន់​ត្រូ​ពិ​ក​ និង​បត់បែន​ទៅតាម​កាលៈ​ទេសៈ​របស់​អា​ស៊ី​ ហើយ​ការ​រចនា​អគារ​ទាំងនោះ​មាន​ភាព​ប្រណីត​និង​រស់​រវើក។

ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​សំណង់​បេ​តិក​ណ្ឌ​សល់​ពី​សម័យ​បារាំង​មួយ​ចំនួន​បាន​រង​ការ​វាយ​កម្ទេច​ចោល និង​ជួសជុល​ថ្មី​ប្រាសចាក​ទៅនឹ​ងរ​ចនាប​ទ្ម័​ដើម។ ការ​ណ៍នេះ ទាម​ទារ​ឱ្យមាន​ការ​ចូល​រួម ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ការពារ​និង​អភិរក្ស​ឱ្យបាន​គង់​វង្សជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែង​យល់​ពី​គំរូ​ស្ថាបត្យ​កម្ម​នៃ​សំណង់​ទាំងនោះ​ផង និង​ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំ​នង​កិច្ច​សហ​ប្រតិ​បត្តិការ​ល្អ និង​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​២​ កម្ពុជា-បារាំង ផង​។

លោក Jacques Pellet ឯក​អគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា ក្នុង​ជំនួប​ជាមួយ​លោក​ឃួង ​ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី ១៨ ​ខែ ឧសភា ​ឆ្នាំ ២០២២ និងជា​មួយ​លោក សុខ លូ អភិ​បាល​ខេត្ត​បាត់​ដំបង​កាលពី​ថ្ងៃទី​ ២២ ខែ មិ​ថុនា ឆ្នាំ​ ២០២២​ កន្លង​ទៅថ្មីៗ​នេះ បាន​លើ​កសរ​សើរ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង របស់​កម្ពុជា ដែល​បាន​ធ្វើ​ការ​ការ​ពារ និងអភិរក្ស​នូវ​សំណង់​បេ​តិកណ្ឌ​ល្បីៗដែល​ត្រូវបាន​កសាង​ឡើង ក្នុង​អំឡុង​ពេល​បារាំង​ធ្វើជា​អាណា​ព្យា​បាល​នៅ​កម្ពុជា បើ​ទោះជា​សំណង់​មួយ​ចំនួន​បាន​រង​ការ​វាយ​កម្ទេច​ចោល ឬ​ជួស​ជុល​ថ្មី​ខុសពី​ទម្រង់​នៃ​រចនា​ប័ទ្ម​ដើម​ក្ដី​។

លោក​ថ្លែង​ថា៖ «សំណង់​បេតិក​ភណ្ឌ​ទាំង​នោះ​ កំពុង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ស្រូប​ទាញ​ទេ​សចរបរទេស​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា និង​ផ្ដល់​ប្រាក់​ចំណូល​ជា​ច្រើន សម្រាប់​យក​ទៅ​អភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ​ទៀត ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​កម្ពុជា»។

ទន្ទឹម​នឹង​នេះ លោក Jacques Pellet បាន​ស្នើ​ដល់​គណៈ​អភិ​បាល​រាជធានី-ខេត្ត​ទាំង​ ២ ​បន្ត​ជួយ​ការពារ​និង​អភិ​រក្ស​នូវ​សំណង់​បេតិក​ភណ្ឌ​ទាំង​នោះ​ ឱ្យបាន​នៅ​យូរ​អង្វែង ដើម្បី​ជាការ​ទាក់​ទាញ​សម្រាប់​វិស័យ​ទេស​ចរណ៍​វប្បធម៌​ប្រវត្តិ​សាស្ត្រ ដោយ​សន្យា​ថា ​នឹង​ជួយ​កៀរ​គរ​ធុរកិច្ច​ជន​ជាតិ​បារាំង​ឱ្យ​ចូល​មកវិនិ​យោគ​នៅ​កម្ពុជា​ ជាពិសេស​វិនិ​យោគ​ក្នុង​រាជ​ធានី​ភ្នំពេញ​និងខេត្ត​បាត់​ដំបង​។

យោង​តាម​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​ក្រុម​អ្នក​ជំនាញ​ការ​ជនជាតិ​បារាំងក្នុងឆ្នាំ ​២០១៦ នៅ​រាជ​ធានី​ភ្នំពេញ សំណង់​អគារ​សម័យ​អាណា​និគម​បារាំង​មាន​ចំនួន​ ៥២៣ ​កន្លែង ក្នុង​នោះ​មាន​សំណង់​អគារ​លំនៅឋាន​ចំនួន​ ៤៤៨​ កន្លែង។ សំណង់​អគារ​ទាំង​នេះ​ ត្រូវបាន​គេ​បែងចែក​ចំណាត់​ថ្នាក់​ជា​ ៤​ ប្រភេទ ក្នុង​នោះ​ចំណាត់​ថ្នាក់​លេខ​ ១ មា​ន​ចំនួន​ ៣៤​ កន្លែង ចំណាត់​ថ្នាក់​លេខ​ ២ មាន​ចំនួន​ ២៤​ កន្លែង ចំណាត់​ថ្នាក់​លេខ​ ៣ ​មាន​ចំនួន​ ១៧​ កន្លែង និង​ចំណាត់​ថ្នាក់​លេខ ​៤ ​មាន​ចំនួន ​៤៤៨ ​កន្លែង។​ ចំណែក​នៅឯ​ខេត្ត​បាត់​ដំបង​មាន​ចំនួន​ប្រមាណ​ជិត ​៨០០​ កន្លែង និងនៅ​ខេត្ត​កំពត​ប្រមាណ​ ៥០០​ កន្លែង ​និងជិត ​១០០​ កន្លែង​ទៀត ​នៅ​ខេត្ត​ក្រចេះ​។

ទោះ​យ៉ាង​ណា​ បច្ចុប្បន្ន សំណង់​សល់​ពី​សម័យ​អា​ណា​និគម​បារាំង​ជាច្រើន​បាន​រង​ការ​វាយ​កម្ទេច​ចោល និង​ជួស​ជុល​ថ្មី​ឡើង​វិញ​ខុសពី​ទម្រង់​នៃ​រចនា​ប័ទ្ម​ដើម ខណៈ​សំណង់​មួយចំ​នួន​ទៀត​បាន​បាត់​ស្លាក​ស្នាម និង​រូប​រាង​ទាំង​ស្រុង។​ នេះ​បើតាម​ការ​អះអា​ង​របស់​មន្ត្រី​ជំនាញ​។

លោក ​ជុំ វុ​ឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា តាម​រយៈ​ការ​ចុះ​ធ្វើ​បច្ចុប្បន្ន​ភាព​សំណង់​អគារ​បេតិក​ភណ្ឌ ដែល​នៅ​សេស​សល់​ពី​សម័យ​អាណា​និគម​បារាំង​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​ ៣២០​ កន្លែង។ ក្នុងនោះ​ខណ្ឌ​ដូន​ពេញ មាននៅ​សេស​សល់​ច្រើន​ជាង​គេ និង​នៅ​មាន​រូបរាង​មាំទាំនិ​ង​ស្រស់ស្អា​ត​គួរ​ជាទី​ទាក់​ទាញ​ជា​ងគេ​បំផុត ​ជាពិសេសសំណង់​អគារ​ប៉ុស្តិ៍​ប្រៃ​សណីយ៍​ទូរគម​នាគមន៍ រតនា​គារជាតិ សណ្ឋា​គារ​ឡឺ​រ៉ូយ៉ាល់ និង​វិទ្យា​ល័យ​ព្រះ​ស៊ី​សុ​វ​ត្ថិ...។

លោក ជុំ វុ​ឌ្ឍី ដែល​ជា​អនុប្រ​ធាន​គណៈ​កម្មការ​អចិ​ន្ត្រៃ​យ៍នៃ​គម្រោង​អភិរក្ស​សំណង់​បេតិក​ភណ្ឌ សម័យ​អាណា​និគម​បារាំង​ក្នុង​រា​ជធានី​ភ្នំពេញ​ផ​ងដែរ​នោះ បាន​បញ្ជាក់​ថា៖ «បច្ចុប្បន្ន សំណង់​អគារ​ប្រណីតៗ​មួយ​ចំនួនដែល​នៅសល់​ពី​សម័យ​អាណា​និគម​​បារាំង កំពុង​ត្រូវបាន​គ្រប់​គ្រង​ដោយ​វិស័យ​ឯក​ជន ខណៈ​អគារ​លំនៅ​ឋាន​ជាច្រើន​កន្លែង ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ធ្វើការ​វាយ​កម្ទេច​និង​ជួស​ជុល​ឡើង​វិញ​ហើយ​បាន​ប្រាស​ចាក​ពី​រចនា​ប័ទ្ម​ដើម ហើយ​ខ្លះ​ទៀត​បាត់​ដាន​និង​រូប​រាង​ទាំង​ស្រុង​»។

បើតាម​លោក ​វុ​ឌ្ឍី ការខ្វះ​ខាត​កញ្ចប់​ថវិកា និង​លិខិត​តូប​កម្ម​គតិ​យុត្ត​ កា​រអភិរក្ស​សំណង់​បេតិក​ភណ្ឌ សល់​ពី​សម័យ​បារាំង ដែល​ស្ថិត​ក្រោម​ការគ្រ​ប់គ្រងរ​បស់​ឯកជន គឺ​មិន​ងាយស្រួ​ល​ឡើយ ​ជាពិសេស ប្រភេទ​សំណង់​លំ​នៅ​ឋាន ដែល​ប្រជា​ពលរដ្ឋ​កំពុង​រស់​នៅ។​

លោក​ថ្លែង​ថា៖ «ដោយ​សារ​រដ្ឋ​យើង​នៅ​ខ្វះ​កញ្ចប់​ថវិកា ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ ​ដែលជា​ម្ចាស់​អគារ​លំនៅ​ឋាន​ប្រវត្តិ​សាស្ត្រ​សល់​ពី​សម័យ​បារាំង ហេតុ​ដូច្នេះ​ហើយ​បានជា​អគា​លំនៅ​ឋាន​បេតិក​ភណ្ឌ​ប្រវ​ត្តិសាស្ត្រ​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធ្វើការ​ជួស​ជុល​ប្រាស​ចាក​រចនា​ប័ទ្ម​ដើម​ទាំង​ស្រុង ប៉ុន្តែ​ខ្លះ​ទៀត ក៏បាន​រក្សា​រូបរាង​ខាង​ក្រៅ​តាម​រចនា​ប័ទ្ម​ដើម​បាន​ល្អផងដែរ» ។

សំណង់​សល់​ពី​សម័យ​អាណា​និគម ជា​សំណង់​ដែល​ត្រូវ​បាន​គេ​សាង​សង់​ឡើងដើម្បី​បម្រើឱ្យ​មុខងារ​សំខាន់ ​៣ រួមមាន​ទី១ បង្ហាញ​ពី​តំបន់​ដែល​ជន​ជាតិ​បារាំង​រស់នៅ​នា​សម័យ​នោះ ​ទី២ ជា​អគារ​បម្រើ​មុខ​ងារ​ជា​កន្លែង​ធ្វើការ​របស់​មន្ត្រី​ជាន់ខ្ពស់​បារាំង និង​ទី៣ គឺ​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ភាព​ជា​អធិរាជ​របស់​ពួកគេ​នៅ​កម្ពុជា។នេះ​បើតាម​ប្រសា​សន៍​របស់​លោក ទូ​ស សា​ភឿន អគ្គលេខាធិ​ការរង​នៃ​គណៈ​ស្ថាបត្យ​ករ​កម្ពុជា។

លោក​បន្តថា៖ «សំណង់​បេតិក​ភណ្ឌ​សល់​ពី​សម័យ​អាណា​និគម​បារាំង​ភាគច្រើន​បាន​សង់​នៅ​ឆ្នាំ ១៩០៧ ឆ្នាំ​ ១៩៣៨ ​និង​ឆ្នាំ ១៩៣៩ ដែល​គិត​រហូត​មក​ទល់​ពេលនេះ សំណង់​ខ្លះ​មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ​ហើយ ប៉ុន្តែ​នៅតែមា​ន​ភាពរឹ​ងមាំ​ដដែល។ ដូច្នេះ​យើង​ត្រូវតែ​អភិរក្ស​អគារ​ទាំង​នោះ​ដើម្បី​បង្ហាញ​ពី​ប្រវត្តិ​កាល​សម័យ​នោះ»​។

ស្រដៀង​គ្នា​នេះ ទីប្រឹក្សា​សមា​គម​ទេស​ចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​ថ្លែង​ថា សំណង់​សល់​ពី​សម័យ​បា​រាំងជា​បេតិក​ភណ្ឌ​មួយ​ដែល​រួម​ចំណែក​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​បាន​យ៉ាង​ច្រើន។ បច្ចុប្បន្ន​ភ្ញៀវ​ជនជាតិ​បារាំង​ និង​ភ្ញៀវ​បរទេស​ដទៃទៀ​ត​ ពួកគេ​ចូលចិត្ត​ទៅ​ទស្សនា​ខេត្ត​បាត់ដំ​បង និង​ខេត្ត​ដទៃ​ទៀត​ដូចជា ខេត្ត​ក្រចេះ និង​កំពត​ជាដើម​។

លោក​មាន​ប្រសាសន៍​ថា៖ «សំណង់​បន្សល់ទុក​ពី​សម័យ​អាណា​និគម​បារាំង​ពិតជា​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ព្រោះ​ភ្ញៀវ​ទាំង​នោះ​ចូល​ចិត្ត​ស្វែង​យល់​ពី​ជីវភាព​រស់នៅ​ក៏ដូច​ជា​សំណង់​ប្រវត្តិ​សាស្ត្រ​នៅ​ទីនោះ»​។

លោក​បាន​បន្ថែម​ថា ទេស​ចរ​ខ្លះ​មិន​ចង់​ស្នាក់​នៅ​តាម​សណ្ឋា​គារ​ទំនើបៗដែល​ទើប​សាង​សង់​ថ្មីៗនា​ពេល​បច្ចុប្បន្ន​នោះ​ទេ គឺ​ពួកគេ​ចូលចិត្ត​រក​ផ្ទះសំ​ណាក់​ឬសណ្ឋា​គារ ដែល​បាន​សង់​ឡើង​ក្នុង​សម័យ​បារាំង​ ហើយ​ស្នាក់​នៅ​រយៈ​ពេល​យូរៗ​ទៀត​ផង។

លោក​បាន​ហៅ​ក្រុម​អ្នក​ទេសច​រ​ប្រភេទ​នេះ​ថា ជា «ក្រុម​ទេសចរ​វប្បធម៌» ​ព្រោះ​ក្រៅពី​ការ​មក​ដើរ​កម្សាន្ត ពួកគេ​ក៏​ជា​អ្នក​សិក្សា​ស្វែង​យល់​ពី​ទម្រង់​សិ​ល្បៈ​និង​រចនា​ប័ទ្ម​នៃ​សំណង់​អគារ ​វប្បធម៌ ប្រពៃណី និង​ជីវភាព​រស់នៅ​របស់​ប្រជា​ជនក្នុង​តំបន់​ដែល​ពួកគេ​បានមក​ស្នាក់នៅ​ផងដែរ។ នេះ​ជា​អ្វីដែល​វិស័យ​ឯក​ជន បាន​ស្នើ​សុំ​អាជ្ញាធរ​រាជរដ្ឋាភិ​បាល ធ្វើការ​រៀបចំ​អភិរក្ស​សំណង់​ចាស់ៗ ​ដែលជា​បេតិក​ភណ្ឌសល់​ពី​សម័យ​អាណា​និគម​បារាំង ​ដើម្បី​ទាក់​ទាញ​ក្រុម​ទេស​ចរ​បែប​នេះ​ឱ្យ​កាន់​តែច្រើ​ន​ថែម​ទៀត។

បើតាម​លោក ហូ វណ្ឌី វិស័យ​ឯក​ជន​មិន​គិត​តែ​ប្រាក់​ចំណេញ​តែមួយ​មុខ​នោះទេ គឺ​ស្តាប់​នូវ​អ្វី​ដែល​ជា​សំណូម​ពរ និង​ការ​ចង់​បាន​របស់​ភ្ញៀវ​ទេស​ចរ​ផង​ដែរ ដោយ​កន្លង​មក​ពួកគេ​ចង់ឱ្យ​តំបន់​ដែល​ស្ថិត​នៅ​ទល់​មុខ​ព្រះ​បរមរាជ​វាំង​មាន​អ្វីដែល​បង្ហាញ​ពី​អត្ត​សញ្ញាណ​ខ្មែរ​ និង​គួរ​អភិរក្ស​តំបន់​ណាមួ​យ​នៅ​រាជ​ធានី​ភ្នំពេញ ​សម្រាប់​ជា​អត្ត​សញ្ញាណ​ទីក្រុង​នេះ មិន​មែន​សាង​សង់​តែ​អគារ​ខ្ពស់​នៅ​គ្រប់​ទីកន្លែង​នោះទេ​៕