ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជូន​ដល់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​ដែលបាន​ជាប់ឆ្នោត​សម្រាប់​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥ ​កាលពី​ថ្ងៃទី ៥ ​ខែមិថុនា ​អំពី​តួនាទី ​និង​ភារកិច្ច​ រួមជាមួយ​នឹង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឃុំ-​សង្កាត់ ​នៅ​ក្រោយពេល​បញ្ចប់​ការប្រកាស​ចូល​កាន់​តំណែង ​និង​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង ​និង​នីតិវិធី​ផ្សេងៗ ​របស់​ឃុំ-​សង្កាត់​នីមួយ។

លោក​ ប្រាក់ សំអឿន ​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ​ក្រសួង​មហាផ្ទៃ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី៤​ ខែកក្កដា​ថា ​ បច្ចុប្បន្ន ​ក្រសួង​បាន​ ប្រាប់ឱ្យ​រាជធានី​-ខេត្ត ​ប្រកាស​ចូលកាន់​តំណែង​របស់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ ដែល​ទើបតែ​ជាប់ឆ្នោត​ ដោយ​ត្រូវបញ្ចប់​ទាំង​ស្រុង​នៅ​ត្រឹម​ថ្ងៃ​ទី១០ ​ខែកក្កដា ​ឆ្នាំ ២០២២ ​នៅ​ទូទាំង​ប្រទេស​ ស្រប​តាម​ច្បាប់​កំណត់។

លោក​បន្តថា ​បន្ទាប់ពី​បញ្ចប់ ​ការប្រកាស​ចូល​កាន់​តំណែង​នេះ ​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំងអស់​ត្រូវចាប់​ផ្តើម​ធ្វើការ​រៀបំ​បទបញ្ជា​ផ្ទៃក្នុង ​និង​នីតិវិធី​ផ្សេង​ទៀត ​ដើម្បី​អាច​ធ្វើការងារ​ក្នុង​ឃុំ​សង្កាត់​រៀងៗ​ខ្លួន​បាន​ដោយ​ផ្អែក​ទៅលើ​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រសួង​ដែលបាន​ផ្តល់​ជូន។ ប៉ុន្តែ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំងនោះ ​អាច​ពិនិត្យ​កែសម្រួល​ទៅតាម​ស្ថានភាព ​និង​សកម្មភាព​ជាក់​ស្តែង។ បន្ទាប់​មក​ទៀត​ ក្រសួង​នឹង​ពិនិត្យ​មើល​លើ​លទ្ធភាព​ក្នុង​ការបើក​វគ្គបណ្តុះ​បណ្តាល​ជូន​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នោះ។ ព្រោះ​ឃុំ​សង្កាត់​មួយចំនួន​មកពី​គណបក្ស​នយោ​បាយ​ចម្រុះ ​ជាពិសេស​បណ្តុះបណ្តាល​ផ្តោត​លើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ទើប​ជាប់​ថ្មី​ជាមុន​សិន ​ទើប​រៀបចំ​ធ្វើ​ជាបន្ត​បន្ទាប់។

ទោះជា​យ៉ាងណា ​លោក​ថា ​មិនទាន់​បានកំណត់​ពេល​វេលា​ជាក់លាក់​ក្នុង​ការបើក​វគ្គបណ្តុះ​បណ្តាល​នេះ​ទេ ​ ប៉ុន្តែ​នៅ​ចំពោះ​មុខ​នេះ ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នីមួយៗ​នៅ​ទូទាំង​ប្រទេស​ត្រូវ​រៀបចំ​បទបញ្ជា ​និង​នីតិវីធី​ឱ្យបាន​រួចរាល់ ​ហើយ​បញ្ជូន​មក​ក្រសួង​ដើម្បី​ធ្វើការ​ពិនិត្យ​មើល​លើ​បទបញ្ជា​ និង​នីតិវិធី​ទាំងនោះ​ថា​តើ​ស្រប​តាម​ច្បាប់​ដែរ​ឬ​ទេ ​និង​ផ្តល់​យោបល់​ត្រឡប់​ទៅ​វិញ។ ប៉ុន្តែ ​យ៉ាងហោច​ណាស់ ​ក៏​ត្រូវការ​ពេល​២-៣ខែ​ទៅ​មុខ​ទៀត​ដែរ ​ទើប​អាច​បើក​វគ្គបណ្តុះ​បណ្តាល​នេះ​បាន។​

លោក​ថ្លែងថា​៖ «យើង​បើក​វគ្គបណ្តុះ​បណ្តាល​ជូន​ពួកគាត់​ផ្តោត​សំខាន់​ជាដំបូង ​គឺ​វគ្គ​តម្រង់​ទិស​ឱ្យ​គាត់​យល់​ពី​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​ ច្បាប់​ស្តីពី​ការគ្រប់​គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ​នៅ​ថ្នាក់​ឃុំ​សង្កាត់​ និង​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ឃុំ​សង្កាត់ ​ដែល​ទាំងអស់​នេះ ​គឺជា​កិច្ចការ​ស្នូល​ដែល​ពួក​គាត់​ត្រូវ​ដឹង ​ហើយ​បន្ទាប់​មក​ទៀត​ បើ​មាន​ជំនាញ​អ្វី​ផ្សេង​ទៀត ​គេ​នឹង​ធ្វើជា​បន្ត​បន្ទាប់​ហើយ»។

លោក​ថាច់ សេដ្ឋា ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ​ថ្លែង​នៅ​ថ្ងៃទី ៤ ​កក្កដាថា​ លោក​គំាទ្រ ​ឱ្យ​មាន​វគ្គបណ្តុះ​បណ្តាល​នេះ​ឡើង​ ព្រោះ​ជាកិច្ច​ការងារ​ល្អ​មួយ ​ដើម្បី​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ទើប​ជាប់​ថ្មី ​មាន​ការយល់​ដឹង​ពី​តួនាទី ​និង​ការងារ​ក្នុង​ឃុំ​សង្កាត់​នីមួយៗ​ ឱ្យបាន​ច្បាស់​លាស់​ ជាពិសេស​ធ្វើយ៉ាង​ណា ​ឱ្យ​ពួកគាត់​មាន​សាមគ្គីភាព​គ្នា ​ទាំង​អ្នក​ថ្មី ​និង​អ្នក​ចាស់។

លោក​ថ្លែងថា​៖ «មួយ​ទៀត ​ក្រសួង​មហាផ្ទៃ​ក៏​ត្រូវតែ​ពង្រឹង​ពួកគាត់ ​ឱ្យ​ចេះ​សាមគ្គីគ្នា ​និង​ចេះ​ធ្វើការងារ​ទៅតាម​តួនាទី ​និង​ភារកិច្ច ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ​នៅក្នុង​ឃុំ​សង្កាត់ ​ឱ្យបាន​ស្មើៗ​គ្នា ​ដោយ​មិនប្រកាន់​និន្នាការ​នយោបាយ ​ និង​ត្រូវ​ធ្វើផែការ​អភិវឌ្ឍន៍​ឃុំ​-សង្កាត់​អី ​ក៏​ត្រូវ​ចេះ​ឆ្លង​មតិ​យោបល់​គ្នា។ ​ខ្ញុំ​យល់​ថា ​វា​ជាកិច្ចការងារ​ល្អ​ហើយ»។

លោកស្រី​ ហេង ​ស្រីពៅ ​មេឃុំ​កន្សោម​អក ​នៅ​ស្រុក​កំពង់​ត្របែក ​ខេត្ត​ព្រៃវែង ​មកពី​គណបក្ស​ប្រជាជន​កម្ពុជាប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៤​ កក្កដាថា ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​ដែល​ទើប​ជាប់ឆ្នោត​ថ្មី​ថ្មោង​ គួរតែ​ទទួលបាន​នូវ​វគ្គ​បណ្តុះ​បណ្តាល។ ព្រោះ​អ្នក​ដែល​មាន​បទពិសោធ​ និង​ធ្លាប់​ជាប់​ជាក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​មិនសូវ​ជាមាន​បញ្ហា​ទេ ​ប៉ុន្តែ​បញ្ហា​សំខាន់​អ្នក​ ដែល​ទើប​ជាប់​ថ្មី​ ត្រូ​វឱ្យ​ពួកគាត់​យល់​ពី​កិច្ចការងារ​រដ្ឋបាល​ឃុំ​-សង្កាត់។

លោកស្រី​ថ្លែងថា​៖ «កាល​ពី​កន្លង​មក ​នៅពេល​ដែល​ខ្ញុំ​ជាប់​ឆ្នោត​ជាមេឃុំ​ដំបូង ​នៅ​ឆ្នាំ​២០១៧ ​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ដទៃ​ទៀត ​ ក៏ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​តម្រង់​ទិស​ឱ្យ​យល់​កិច្ចការងារ​ឃុំ​ដែរ»៕