ភ្នំពេញៈ លោក ប្រាក់ សុខុន ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ​ស្តីពី​មី​យ៉ាន់​ម៉ា​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា (SAC) រិះរក​មធ្យោបាយ ​ធ្វើការ​ជាមួយ​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ ដើម្បី​ពង្រឹង​បន្ថែមទៀត​ នូវ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​អាស៊ាន និង​អង្គការ​សហ​ប្រជាជាតិ។

លោក​ជំរុញ​បែបនេះ​ក្នុងជំនួប​ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​លោក មីន អោ​ង​ឡាំង ប្រធាន ​SAC នា​ថ្ងៃទី ៣០ ខែមិថុនា ក្នុង​ឱកាសលោក​បំពេញ​ទស្សនកិច្ច​លើក​ទី២ នៅ​មី​យ៉ាន់​ម៉ា​ចាប់ពី​ថ្ងៃទី ៣០ ខែ​មិថុនា ដល់​ថ្ងៃទី​ ២ ខែកក្កដា។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​កម្ពុ​ជា​ បានឱ្យដឹង​នា​ថ្ងៃទី ៤ ខែ​កក្កដាថា៖ «ឯក​ឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រីការ​បរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន អាស៊ាន ​ស្ដីពី​មី​យ៉ាន់​ម៉ា​ក៏បាន​ឆ្លៀតឱកាស​ដើម្បី​ជំរុញ​ឱ្យ SAC រិះរក​មធ្យោ​បាយ​ ដើម្បី​ធ្វើការ​ជាមួយ​ប្រេសិត​ពិសេស​របស់​អគ្គលេខា​ធិកា​រ​អង្គការ សហ​ប្រជាជាតិ ដើម្បីឱ្យ​យើង​អាច​ពង្រឹង​បន្ថែម​ទៀត​ នូវ​ទំនាក់ទំនង​របស់​យើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហ​ប្រតិបត្តិការ​ រ​វាង​អាស៊ាន និង​អង្គការ​សហ​ប្រជា​ជាតិ»។

ភាគី​ទាំង ២ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បច្ចុប្បន្ន​ភាព​ស្ថានភាព​បច្ចុប្បន្ន និង​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​កង់​សង់​ស៊ី៥​ចំណុច​របស់​អាស៊ាន ​និង​តាមដាន​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​ចំនួន​៣​លើក​កន្លង​មក​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក មីន អោ​ង​ឡាំង ក៏ដូច​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់​ស្តីពី​ជំនួយ​មនុស្ស​ធម៌​អាស៊ាន​ដល់​មី​យ៉ាន់​ម៉ា។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល លោក មីន អោ​ង​ឡាំង​ បាន​ប្រាប់​លោក​ប្រាក់ សុខុន នូវ​ស្ថានភាព​សន្តិសុខ​បច្ចុប្បន្ន អំពើ​ហិង្សា អំពើ​ឃោរឃៅ និង​ការ​បំភិត​បំភ័យ​ជន​ស៊ីវិល និង​បាន​លើក​ឡើង​អំពី​ការធ្វើឱ្យ​ប្រសើរឡើង​ នូវ​សន្តិសុខ​សម្រាប់​ប្រជាជន និង​ឆន្ទៈ​របស់​លោក​ក្នុង​ការ​ចូលរួម​ដោយផ្ទាល់​នៅក្នុង​កិច្ចព្រម​ព្រៀង​ឈប់​បាញ់​ថ្នាក់ជាតិ។

ក្នុងជំនួប​ជាមួយ​លោក Wunna Maung Lwin រដ្ឋ​មន្ត្រីការ​បរទេស​មី​យ៉ាន់​ម៉ា លោក ប្រាក់ សុខុន បាន​រំលឹក​ឡើងវិញ​ ពី​ការ​ស្នើសុំ​ឱ្យមាន​ការបញ្ជូន​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) អតីត​មេដឹក​នាំ​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​ ត្រឡប់​ទៅ​ឃុំខ្លួន​ក្នុងផ្ទះ​វិញ។

ប្រេសិត​ពិសេស​រូបនេះ ​បាន​អំពាវ​នាវ​សារជាថ្មី​ ឱ្យ​បញ្ឈប់​អំពើ​ហិង្សា ហើយ​បាន​ស្នើឱ្យ SAC គាំទ្រ​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ ប្រកប​ដោយ​សុវត្ថិភាព ទាន់​ពេល​វេលា និង​មិន​លំអៀង​ទៅកាន់​តំបន់​ពិបាក​ទៅដល់ ដោះលែង​អ្នក​ទោស និង​ឱ្យមាន​ការជួប​ជាមួយ​បុគ្គល​ដែល​មិន​មែន​ជា SAC មួយ​ចំនួន រួម​មាន​លោកស្រី Aung San Suu Kyi និង​លោក​ស្រី Daw Su Su Lwin ដែល​ជា​ភរិយា​អតីត​ប្រធានា​ធិបតី​មី​យ៉ាន់​ម៉ា លោក Htin Kyaw។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្តថា នៅក្នុង​ជំនួប​នោះ លោក ប្រាក់ សុខុន ត្រូវ​បាន​ប្រាប់​ថា ដោយសារ​តែ​ស្ថានភាព​សុខភាព​លោកស្រី Su Su Lwin មិនអាច​ជួប​រូបលោក​បាន​នោះទេ ខណៈ​ករណី​លោក​ស្រី Aung San Suu Kyi កំពុង​ស្ថិត​ក្រោម​នីតិវិធី​តុលា​ការ។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សន​កិច្ច​នេះ លោក ប្រាក់ សុខុន បាន​ជួប​ជាមួយ​តំណាង​គណ​បក្ស​នយោបាយ​ចំនួន​ ៧ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​បានទទួល​អាសនៈ​នៅក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០។ គណ​បក្ស​នយោ​បាយ​ទាំងនេះ​ បាន​រាយ​ការណ៍​សង្ខេប​ជូន​លោក​អំពី​ការវិវត្ត​នៃ​ស្ថាន​ការណ៍​នយោ​បាយ និង​មនុស្សធម៌​ក្នុង​រដ្ឋ និង​តំបន់​នីមួយ។

តំណាង​គណ​បក្ស​នយោបាយ​ទាំងនេះ ​បាន​សំដែង​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​អំពើហិង្សា​លើ​ជន​ស៊ីវិល រួមទាំង​ការដុត​បំផ្លាញ​ភូមិ ដោយ​មិនមាន​ស្ថាប័ន​ណាមួយ​ទទួល​ខុស​ត្រូវ​ពិតប្រាកដ​ឡើយ។ ពួកគេ​ក៏បាន​សំដែង​នូវ​បំណង​រួម​ចង់ឱ្យ​មាន​សន្តិភាព និង​អហិ​ង្សា។

គណ​បក្ស​នយោបាយ​មួយ​ចំនួន​ ក៏បាន​រាយការណ៍​ប្រាប់​ប្រេសិត​ពិសេស​រូប​នេះ ​អំពី​របៀប​ដែល​ពួកគេ​បាន​ជួយ​ដល់​ជន​ភៀស​ខ្លួន​ក្នុងប្រទេស ​ដែល​មកពី​តំបន់​ផ្សេងទៀត ដោយបាន​អំពាវនាវ​ឱ្យមាន​ការផ្តល់​ជំនួយ​ម​នុស្ស​ធម៌​ឱ្យបាន​ទាន់​ពេលវេលា​ទៅកាន់​តំបន់​ទាំងនោះ។

លោក ប្រាក់ សុខុន បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត ​ក្នុង​ការជួយ​ព​ន្លឿ​ន​ការផ្តល់​ជំនួយ​មនុស្សធម៌ និង​បង្កើត​បរិយា​កាស​អំណោយ​ផល​ សម្រាប់​ការចាប់ផ្តើម​កិច្ចសន្ទនា​នយោ​បាយ៕