សៀមរាបៈ នៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប សមាគមស្រ្តីតូចមួយហៅថា Kumae ត្រូវបានបង្កើតឡើងដោយបុរសជនជាតិជប៉ុនម្នាក់ឈ្មោះ តាគូយ៉ា យ៉ាម៉ាស៊ី ដោយបានកែច្នៃដើមចេកទៅជាក្រដាស និងធ្វើវាចេញជាកាតជូនពរ កាបូប និងទ្រនាប់កែវ មានការពេញនិយមច្រើនពីភ្ញៀវទេសចរ ប៉ុន្តែចាប់តាំងពីមានកូវីដ មុខរបរនេះមិនបានដំណើរការរលូនល្អ ធ្វើឱ្យស្រ្តីជាច្រើនសម្រេចចិត្តទៅធ្វើការងារផ្សេងជាបណ្ដើរៗ។
«Kumae» ត្រូវបានអ្នកស្រី សួរ រដ្ឋាកញ្ញា ដែលជាអ្នកគ្រប់គ្រងអាជីវកម្ម និងត្រូវជាភរិយារបស់លោក តាគូយ៉ា ប្រាប់ថា ពាក្យនេះមកពីពាក្យថា «ខ្មែរ» គ្រាន់តែនេះជារបៀបដែលជនជាតិជប៉ុនសរសេរតាមលំនាំអង់គ្លេស។
លោក តាគូយ៉ា បានឆ្លើយតបជាមួយ ភ្នំពេញ ប៉ុស្តិ៍ ដោយមានការសម្រួលពីភរិយារបស់លោកអំពីមូលហេតុដែលលោកបានមកប្រទេសកម្ពុជា លើកដំបូង និងសម្រេចចិត្តផ្លាស់មករស់នៅទីនេះ (កម្ពុជា)។
លោក តាគូយ៉ា ថា៖ «ខ្ញុំមកខ្មែរដំបូងកាលពីឆ្នាំ ២០១២ ជាលក្ខណៈស្ម័គ្រចិត្តជាមួយក្រុមជនជាតិជប៉ុនផ្សេងទៀត ដែលពួកគាត់បានទៅតាមសាលា ភូមិផ្សេងៗនៅសៀមរាបដើម្បីបរិច្ចាគសម្ភារខ្លះៗ និងខោអាវមួយចំនួន។ ពេលនោះពួកគាត់បានបបួលខ្ញុំទៅមើលកន្លែងសំរាម»។
លោកបន្តទៀតថា៖ «ពេលទៅដល់ទីសំរាមនោះហើយ ពេលខ្ញុំត្រឡប់ទៅស្រុកវិញ ខ្ញុំចេះតែគិតថាបើខ្ញុំអាចធ្វើអ្វីបាន វានឹងជារឿងល្អ។ ដូច្នេះ ឆ្នាំ ២០១៤ ខ្ញុំក៏បានសម្រេចចិត្តផ្លាស់មកនៅទីនេះ ព្រោះខ្ញុំគិតថាខ្ញុំប្រហែលជាអាចធ្វើអីផ្លាស់ប្ដូរ ឬក៏ជួយកិច្ចការខ្លះជាមួយអ្នកធ្វើការនៅកន្លែងសំរាមហ្នឹង»។
លោកបានបន្ថែមថា ម្យ៉ាងពេលនៅជប៉ុនលោកមិនមានគោលដៅធ្វើអីច្បាស់លាស់ហើយចេះតែមានអារម្មណ៍ថាជីវិតគឺដដែលៗ។ នៅទីនោះមនុស្សច្រើនចង្អៀត មិនមានកន្លែងដែលអាចគិតបានខុសពីទីនេះ ដែលលោកអាចមានសេរីភាពក្នុងការគិត និងធ្វើអ្វីដែលថ្មី។
លោកឱ្យដឹងថា ពេលផ្លាស់មកនៅកម្ពុជាដើមឆ្នាំ ២០១៤ លោកមិនទាន់បានបង្កើតមុខរបរអ្វីទេ តែបានឆ្លៀតឱកាសបង្រៀនភាសាជប៉ុនជាមួយក្មេងដោយមិនគិតថ្លៃនៅក្នុងភូមិអន្លង់ ២ ជាភូមិដែលមានគំនរសំរាម។ កូនសិស្សគាត់ម្នាក់សព្វថ្ងៃបានក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុនផងដែរ។
ស្របជាមួយគ្នានោះលោកបានឆ្លៀតរៀនភាសាខ្មែរជាមួយអ្នកភូមិនោះផងដែរ ហើយនៅពេលរៀនបានចេះខ្មែរខ្លះៗ លោកក៏បានទៅនិយាយសួរនាំអ្នកដែលធ្វើការនៅកន្លែងសំរាមនោះ។
លោក តាគូយ៉ា បានបញ្ជាក់ថា៖ «ពេលខ្ញុំសួរពួកគាត់ថាហេតុអីបានជាចង់ធ្វើការនៅកន្លែងហ្នឹងបើវាទាំងស្អុយអីបែបនេះ គាត់ថា ព្រោះពួកគាត់អត់មានការងារអីផ្សេងធ្វើ វានៅជិតផ្ទះ ម្យ៉ាងគាត់មកពេលណាក៏បាន។ ខ្ញុំក៏ចាប់ផ្ដើមរកអីធ្វើដោយមើលតាមយូធូប ឃើញការចាក់កាបូប ខ្សែដៃ និងបានសាកច្នៃគ្រឿងអលង្ការពីគ្រាប់ធញ្ញជាតិខ្លះដែរ តែមុខរបរនេះមិនបានជោគជ័យ រហូតដល់ឆ្នាំ ២០១៥ ចុងឆ្នាំទើបបានខ្ញុំធ្វើក្រដាសពីដើមចេកបានជោគជ័យ»។
លោកបានឱ្យដឹងថា មុនបានជោគជ័យលើការច្នៃដើមចេកទៅជាក្រដាសនេះ លោកទទួលបានគំនិតដើមមួយមកពីគម្រោងរបស់ជប៉ុនដែលបានធ្វើនៅអាហ្វ្រិក តែមានដំណាក់កាលច្រើនត្រូវបានផ្លាស់ប្ដូរឱ្យសមស្របទៅតាមប្រភេទនៃដើមចេកនៅក្នុងប្រទេសកម្ពុជា។
លោកបានឱ្យដឹងដែរថា ពេលធ្វើវិធីសាស្រ្តនៅទីនេះ[កម្ពុជា] វារាងពិបាក ព្រោះដើមចេកប្រភេទខុសគ្នា ដូច្នេះ វាចំណាយពេលយូរជាងមុន។ពេលខ្លះលោកគិតថាហាក់មិនដំណើរការដែរ តែដល់ពេលពាក់កណ្ដាលឆ្នាំ ២០១៥ ពួកគាត់អាចចាប់ផ្ដើមធ្វើឱ្យវាក្លាយជាក្រដាសបាន ហើយថែមទាំងបានចេញជាគំនិតថ្មីទៀតផង។
សព្វថ្ងៃ លោកមានក្រដាស ២ ប្រភេទ ១ គឺធ្វើពីសរសៃចេក ១០០ ភាគរយ និង ១ ប្រភេទទៀតជាគំនិតកែច្នៃរបស់លោកផ្ទាល់ គឺក្រដាសធ្វើពីសរសៃចេកលាយសរសៃប្លាស្ទិក ដែលអាចដេរចេញជាកាបូបបាន។
ស្ថាបនិកសមាគម Kumae រូបនេះបានឱ្យដឹងទៀតថា ក្នុងពេលកំពុងចាប់ផ្ដើមដំណើរការ លោកក៏បានទៅសួរកន្លែងសំរាមចំពោះអ្នកដែលមានចំណាប់អារម្មណ៍ចង់ធ្វើការជាមួយលោកផងដែរ តែពេលនោះមិនសូវមានអ្នកចាប់អារម្មណ៍ទេ ព្រោះបានប្រាក់ខែទាប។តែដល់ចុងឆ្នាំ ២០១៥ នៅពេលលោកចាប់ធ្វើចេញជាសម្ភារផ្សេងៗ និងបានបើកហាងលក់អីវ៉ាន់នៅផ្សាររាត្រី ក៏មានភ្ញៀវចាប់អារម្មណ៍ច្រើន ហើយក៏បន្តធ្វើរហូតមក។
បុរសជនជាតិជប៉ុន ដែលតែងប្រឹងប្រែងធ្វើគ្រប់យ៉ាងដោយខ្លួនឯងរូបនេះថ្លែងថា៖ «តាំងពីចាប់ផ្ដើមធ្វើអាជីវកម្មមកដល់ពេលនេះ ខ្ញុំបានបង្កើតការងារជួយដល់អ្នកភូមិប្រហែលជាង ២០ នាក់ដែរ ប៉ុន្តែដោយសារប្រាក់ខែយើងមិនអាចផ្ដល់ឱ្យច្រើនផង និងកូវីដទៀតធ្វើឱ្យពួកគាត់មួយចំនួនសម្រេចចិត្តត្រឡប់ទៅកន្លែងសំរាមវិញ។ បច្ចុប្បន្ន មានតែជិត ១០ នាក់ប៉ុណ្ណោះ ដែលនៅជាមួយយើង»។
អ្នកស្រីទិត្យ សំនៀង វ័យ ៣៥ ឆ្នាំ ជាអតីតអ្នកធ្វើការនៅកន្លែងសំរាម ១ រូប ដែលបានចូលធ្វើការក្នុងសមាគម Kumae តាំងពីឆ្នាំ ២០១៨ បានថ្លែងថា អ្នកស្រីបានស្គាល់សមាគមនេះតាមអ្នកភូមិ ហើយក៏សុំគេចូលធ្វើក្រោយពេលឮថាគេជ្រើសរើសបុគ្គលិក។
អ្នកស្រី សំនៀង បានបង្ហាញពីចំណាប់អារម្មណ៍ក្រោយពីបានចូលធ្វើការទីនោះថា៖ «បើសម្រាប់ខ្ញុំការងារនេះបានជួយសម្រួលខ្ញុំច្រើនដែរ។ ខ្ញុំបានមានឱកាសនៅជាមួយកូន កូនខ្ញុំបានរៀន ហើយខ្ញុំក៏អត់ពិបាកធ្វើដំណើរទៅឆ្ងាយ យើងធ្វើទីនេះ គឺមានសុវត្ថិភាព កន្លែងធ្វើធម្មជាតិ មិនមានប៉ះពាល់ដល់សុខភាពយើងទេ។ លើសពីនេះ ខ្ញុំបានរៀនជំនាញបន្ថែមដោយចេះដេរកាបូប និងដួសក្រដាស»។
អ្នកស្រីសំនៀង បានរៀបរាប់ត្រួសៗពីដំណើរក្នុងការធ្វើឱ្យចេញជាក្រដាសនេះ។ មុនដំបូង គឺគេត្រូវកាប់ដើមចេកដែលពួកគាត់ទិញពីអ្នកភូមិជុំវិញនេះ រួចឈូសយកតែសរសៃខ្នង បន្ទាប់មកបានយកទៅស្ងោរឱ្យទន់ យកមកលាងឱ្យស្អាតរួចគេយកវាមកជាន់កិននឹងក្ដឿងឱ្យទន់ និងល្អិតហើយបានគេយកទៅលាង ម្ដងទៀតរួចកាត់ជាសរសៃល្អិតៗ និងយកវាទៅក្រឡុក។
បន្ទាប់ពីនោះ គេអាចដួសវាយកធ្វើជាក្រដាសផ្សេងៗ និងហាលទៅតាមប្រភេទក្រដាស ដូចជាក្រដាសសម្រាប់ដេរកាបូបយួរដៃស្រីជាច្រើនម៉ូដ កាតធម្មតា ទ្រនាប់កែវ ស្រោមសំបុត្រ និងវត្ថុផ្សេងៗច្រើនទៀត។
ចំពោះការផលិតវិញ អ្នកស្រីបានបញ្ជាក់ថា៖ «វាមានផលលំបាកខ្លះដែរ ជាពិសេសគឺការកាប់ដើមចេក ព្រោះពេលខ្លះកាប់ឆ្ងាយ ដើមចេកធ្ងន់ ពិបាកលី និងពេលខ្លះស្ងោរហើយយើងប្រើកម្លាំងជាន់វាពិបាក និងចំណាយពេលយូរក្នុងដំណើរការមួយៗ»។
ទោះជាយ៉ាងណា អ្នកស្រី សំនៀង បានឱ្យដឹងដែរថា ប៉ុន្តែដោយសារបច្ចុប្បន្នលក់មិនសូវដាច់ ពួកគាត់មានការងារធ្វើតែពេលព្រឹក ដោយផលិតតែសរសៃចេកប៉ុណ្ណោះ មិនបានដេរជាកាបូបទេ ទាល់តែមានគេកុម៉្មង់ ឬ ត្រូវយកទៅលក់នៅហាង។
ចំណែកអ្នកស្រី សួរ រដ្ឋាកញ្ញា វ័យ ២៩ ឆ្នាំ ជាភរិយាលោក តាគូយ៉ា និងជាអ្នកចូលរួមធ្វើការនេះដែរបានថ្លែងថា ការងារនេះបានជំរុញឱ្យអ្នកស្រី មានការច្នៃប្រឌិត ហើយក៏ស៊ូមិនដកខ្លួនពេលមានបញ្ហា ឬឧបសគ្គឡើយ។
អ្នកស្រី រដ្ឋាកញ្ញា បានឱ្យដឹងពីតម្លៃ និងផលលំបាកផងដែរថា សម្រាប់ភ្ញៀវក្នុងស្រុកពេលឮថាក្រដាសធ្វើពីដើមចេកគេគិតថាថោក ប៉ុន្តែជាក់ស្ដែងមិនមែនទេ ពីព្រោះ អ្នកស្រីត្រូវគិតពីកម្លាំងញើសឈាម និងដំណើរការដែលអ្នកធ្វើទាំងប្រើកម្លាំង និងប្រើពេលយូរទម្រាំបានជាផលិតផលសម្រេចមួយៗ ដូច្នេះ គាត់បានពន្យល់ និងសូមការយល់ចិត្តពីអតិថិជនផងដែរ។
ដោយឡែក ភ្ញៀវរបស់សមាគម Kumae គឺភាគច្រើនមានតែភ្ញៀវទេសចរ ក្រុមហ៊ុនដែលគិតគូរពីបរិស្ថាន និងខាងសណ្ឋាគារមួយចំនួនដែលគេបានទិញយកធ្វើជាកាតជូនពរឬសម្រាប់ឱ្យភ្ញៀវក្នុងថ្ងៃកំណើត។
នេះបើតាមការបញ្ជាក់ពីអ្នកស្រី សួរ រដ្ឋាកញ្ញា។
ពេលសួរពីចំណាប់អារម្មណ៍ និងផែនការនៅថ្ងៃអនាគតលោក តាគូយ៉ា ថា៖ «ខ្ញុំពិបាកនិយាយពីអារម្មណ៍យ៉ាងណាណាស់ ព្រោះគិតថាខ្លួនឯងមិនទាន់បានជោគជ័យ។ គោលដៅធំខ្ញុំគឺសង្ឃឹមចង់ជួយអ្នកនៅកន្លែងសំរាមហ្នឹងយ៉ាងហោចណាស់ ១០០ នាក់។ ទោះយើងមិនដឹងថាថ្ងៃមុខនឹងទៅជាយ៉ាងណា តែយើងនឹងបន្តរកគំនិតកែច្នៃថ្មីៗធ្វើបន្ថែម»។
យ៉ាងណាក្ដី ប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប លោក ស៊ុន គង់ បានបង្ហាញទឹកចិត្តអរគុណរបស់លោកចំពោះលោក តាគូយ៉ា ដែលបានមកកម្ពុជា ហើយជួយបង្កើតមុខរបរសម្រាប់ស្រ្តីនៅក្នុងខេត្តសៀមរាបតាមរយៈការ
បង្កើតផលិតផលដើមចេកទៅជាវត្ថុធាតុដើមប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗដែលការជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានមួយផ្នែកធំ។
លោកបានថ្លែងថា៖ «នេះគឺជាសកម្មភាពមួយដែលល្អក្នុងការរួមចំណែកដល់ក្រសួងបរិស្ថាន ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់ស្រ្តីដែលធ្វើការក្នុងសហគមន៍នោះ និងបុរសជនជាតិជប៉ុន។ ខ្ញុំសូមកោតសរសើរសម្រាប់ស្នាដៃ ក្នុងការចូលរួមលើកកម្ពស់នៃការប្រើប្រាស់ប្រភេទវត្ថុធាតុដើមពីដើមចេក និងលើកកម្ពស់ប្រជាពលរដ្ឋនៅតាមភូមិគោលដៅ»។
លោកបានឱ្យដឹងថា បើទោះជាមិនទាន់បានចុះទៅមើលផ្ទាល់ក្ដី តែលោកនឹងចាត់មន្រ្តីទៅសិក្សាបន្តថាតើមន្ទីរបរិស្ថាន និងក្រសួង អាចជួយគាំទ្រផ្នែកណាខ្លះដើម្បីលើកកម្ពស់ខ្សែចង្វាក់នៃការផលិតនេះ។
ទាក់ទងនឹងការរួមចំណែកក្នុងការផ្សព្វផ្សាយពីផលិតផលនេះ លោក គង់ បានបញ្ជាក់ថា៖ «ក្រសួងបានធ្វើការចែកចាយតាមផេចរបស់ក្រសួងទាក់ទងនឹងខ្សែចង្វាក់ផលិតរបស់សមាគមនារីដែលនៅក្នុងភូមិនេះ ហើយដើម្បីជាការលើកទឹកចិត្តដល់ការផ្សព្វផ្សាយ មន្ទីរនឹងចុះបន្តទៅកាន់ទីតាំងផ្ទាល់ដើម្បីជួយជំរុញពួកគាត់»៕