ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​លោក ​អ៊ិត សំហេង ​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​បង្កើន​ការយល់ដឹង​ឱ្យ​បាន​ទូលំទូលាយ ​ពាក់ព័ន្ធ​សុវត្ថិភាព​ការងារ ​និង​គ្រោះថ្នាក់​ការងារ​ ដើម្បី​កាត់បន្ថយ​ការបាត់បង់​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ការងារ ​និង​លើកកម្ពស់​ការងារ​សមរម្យ ​ប្រកប​ដោយ​សុវត្ថិភាព។

ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​ឱកាស ​ដែល​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​សៀមរាប ​រៀបចំ​ទិវា​ពិភព​លោក​ ដើម្បី​សុវត្ថិភាព ​និង​សុខភាព​ការងារ ​ក្រោម​ប្រធានបទ ​“ធ្វើសកម្មភាព​រួមគ្នា ​ដើម្បី​កសាង​វប្បធម៌​សុវត្ថិភាព ​និង​សុខភាព​ជាវិជ្ជមាន”​នា​ថ្ងៃទី ៥ ​កក្កដា​។

នេះ​ជា​ឆ្នាំ​ទី១៧ ​ហើយ​ដែល​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ រៀបចំ​ទិវា​ពិភពលោក​នេះ ​ក្រោម​កិច្ចសហការ​ផ្នែក​បច្ចេកទេស​ ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) ​តាមរយ:​ គម្រោង​លើកកម្ពស់​ស្តង់ដា​សុខភាព ​និង​សុវត្ថិភាព​ការងារ ​ក្នុង​វិស័យ​សំណង់ ​(ILO-OSH) ​និង​គម្រោង​រោង​ចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (ILO-BFC)​ ដែល​មាន​អ្នកចូលរួម​ជាង​៧០០នាក់​មកពី​រោងចក្រ ​ទេសចរណ៍ ​សណ្ឋាគារ​ សំណង់ ​និង​សិប្បកម្ម​ជាដើម។

រដ្ឋមន្រ្តី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក ​អ៊ិត សំហេង ​ថ្លែងថា ​កម្មវិធី​នេះ​ គឺជា​យុទ្ធនាការ​អន្តរជាតិ​ដែលបាន​រៀបចំ​ឡើង ​ដោយ​រដ្ឋាភិបាល ​សមាគម​និយោជក ​និង​សហជីព​ នៃ​បណ្តា​ប្រទេស​សមាជិក​ អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​លើ​សកលលោក​ជារៀងរាល់​ឆ្នាំ ​ដើម្បី​រំឭក​ដល់​កម្មករ ​និយោជិត​ ដែលបាន​បាត់បង់​ជីវិត​ រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ការងារ ​និង​ជំងឺ​វិជ្ជាជីវៈ​នៅ​កន្លែង​ធ្វើការ​និង​ដើម្បី​លើកកម្ពស់​ការងារ​សមរម្យ ​ប្រកប​ដោយ​សុវត្ថិភាព ​និង​សុខភាព​ការងារ។

ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ក្នុង​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព​ និង​សុខភាព​ការងារ​នេះ ​លោក ​អ៊ិត សំហេង ​បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ​សំដៅ​បង្កើន​ការយល់ដឹង ​និង​កិច្ចសហ​ប្រតិ​បត្តិការ​ស្តីពី​សុវត្ថិភាព ​និង​សុខភាព​ការងារ​ដល់​ស្ថាប័ន​រដ្ឋ ​អង្គការ​ជាតិ ​អង្គការ​អន្តរជាតិ​ជាដៃគូ ​សមាគម​និយោជក​ សហជីព ​និង​កម្មករ​និយោជិត ​ដើម្បី​លើកកម្ពស់​វប្បធម៌​នៃ​ការបង្ការ​ជាវិជ្ជមាន​លើ​ផ្នែក​សុវត្ថិភាព​ និង​សុខភាព​ការងារ​នៅ​កន្លែង​ធ្វើការ។

លោក​បន្តថា​៖ «ភាគី​ពាក់ព័ន្ធ​ត្រូវ​ផ្សព្វផ្សាយ ​និង​ចែក​រំលែក​ពី​ស្ថានភាព ​និង​ទំហំ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ការងារ ​និង​ផលប៉ះពាល់​ទៅលើ​កម្មករ​និយោជិត ​រួមនឹង​ការអនុវត្ត​ល្អៗ​ពី​ភាគី​និយោជក ​និង​កម្មករ​និយោជិត​លើ​ការងារ​សុវត្ថិ​ភាព ​និង​សុខភាព​ការងារ​នៅ​កន្លែង​ធ្វើការ»។

បន្ថែម​ពី​នេះ ​លោក​ជំរុញឱ្យ​មាន​ការលើកកម្ពស់​បន្ថែម​នូវ​ចលនា​ទាក់ទាញ​ការគាំទ្រ​ផ្នែក​នយោបាយ ​និង​ថវិកា​ក្នុង​ការបង្ការ ​និង​កាត់បន្ថយ​ការបាត់បង់​ជីវិត​ គ្រោះ​ថ្នាក់​ការងារ ​និង​ជំងឺ​វិជ្ជាជីវៈ​នៅ​ទូទាំង​ពិភពលោក។

ប្រធាន​សហភាព​ការងារ ​លោក ​អាត់ ធន់ ​ថ្លែងថា​ ការរៀបចំ​កម្មវិធី​ទិវា​ពិភពលោក ​ដើម្បី​សុវត្ថិភាព ​និង​សុខភាព​ការងារ ​គឺជា​រឿង​ចាំបាច់​ដើម្បី​រំឭក​ដល់​កម្មករ ​និង​ភាគី​ពាក់ព័ន្ធ​ឱ្យចូល​រួម​អនុវត្ត​វិធានការ ​សុវត្ថិភាព​ និង​សុខភាព​នៅ​កន្លែង​ការងារ​ឱ្យកាន់តែ​មាន​ប្រសិទ្ធភាព។

ទន្ទឹម​នឹ​ងនេះ​ លោក​ជំរុញ​ដល់​ក្រសួង​ការងារ​ បន្ត​ចុះធ្វើ​អធិការកិច្ច​នៅ​តាម​បណ្តា​រោង​ចក្រ​សហគ្រាស ​ហើយ​ក្នុង​ករណី​រកឃើញ​មិនមាន​ការគោរព​តាម​លក្ខខណ្ឌ​ការងារ ​ត្រូវ​ដាក់​ពិន័យ​ឱ្យ​បាន​ហ្មត់​ចត់។

លោក​បញ្ជាក់ថា​៖ «កន្លងមក​ បញ្ហា​សុខភាព​ និង​សុវត្ថិភាព ​មាន​បញ្ហា​ច្រើន​ណាស់ ​ហើយ​ការស្លាប់​របស់​កម្មករ​នៅ​កន្លែង​ការងារ​នៅតែ​មាន​ ដោយសារ​មិនមាន​ប្រព័ន្ធ​គ្រប់គ្រង​បាន​ល្អ។ អ៊ីចឹង​យើង​បានជំរុញ​ដល់​ក្រសួង​ការងារ​ចុះ​ធ្វើ​អធិការកិច្ច​ឱ្យច្បាស់​លាស់។ អ្នកណា​ដែល​ធ្វើខុស ​ត្រូវ​ដាក់​ពិន័យ​ឱ្យ​ធ្ងន់ធ្ងរ ​ជាពិសេស​បង្កើត​គោល​ការណ៍​ថ្មី​ដើម្បី​ជួយ​ដល់​កម្មករ​ងាយរង​គ្រោះ»។

លោក​ឱ្យដឹងថា ​អត្រា​ស្លាប់​និង​គ្រោះថ្នាក់​ការងារ​នៅតែ​បន្ត​មាន​ចំនួន​ច្រើន ​ដូចជា ​ក្នុង​វិស័យ​កម្មករ​សំណង់ ​កម្មករ​មាន​សុខភាព​ខ្សោយ ​ជាពិសេស​នៅ​ផ្នែក​កសិកម្ម ​សិប្បកម្ម​ដែក​កែច្នៃ។ លោក​ថា ​ថៅកែ​ទាំងនោះ​មិនសូវ​គោរព​ច្បាប់ ​និង​មិនមាន​សហជីព​ជាដើម។

បើ​តាម​របាយការណ៍ ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) ​ក្នុង​ឆ្នាំ ២០២២ ​នេះ ​មាន​តួលេខ​អ្នកស្លាប់ ​ប្រមាណ​ ៣ លាន​នាក់​ នៅ​ទូទាំង​ពិភពលោក ​ដោយសារ​គ្រោះថ្នាក់​ការងារ ​និង​ជំងឺ​វិជ្ជាជីវៈ ​នៅ​កន្លែង​ធ្វើការ។

របាយ​ការណ៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈបង្ហាញ​ដែរ​ថា​ លទ្ធផល​អង្កេត​ហានិភ័យ​ការងារ​តាម​ប្រភេទ​គ្រោះថ្នាក់​នៅ​កម្ពុជា ​មាន​ចំនួន​ ១១ ២៥៨ នាក់ ​ស្រី​ចំនួន​ ៦ ២២០ នាក់ ​ក្នុង​ឆ្នាំ ២០២១។ ក្នុង​នោះ ​រួមមាន ​គ្រោះ​ថ្នាក់​នៅ​កន្លែង​ធ្វើការ​ចំនួន​ ៥ ៧២៥ នាក់ ​ស្រី​ចំនួន ​២ ៩៨២ នាក់​ គ្រោះ​ថ្នាក់​ពេល​ធ្វើដំណើរ​ចំនួន​ ៥ ៥៣៣ នាក់ ​ស្រី​ចំនួន​ ៣ ២៣៨ នាក់ ​ដែល​ចំនួន​អ្នកគ្រោះថ្នាក់​នេះ ​មាន​ការថយ​ចុះ​ស្មើ​នឹង​ចំនួន​ ២៥,៨៤% ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២០៕