កំពង់​ឆ្នាំង​ ស្ថានីយ​ប្រព្រឹ​ត្តិកម្ម​ទឹក​កខ្វក់​ទំនើប​ដំបូង​បំផុត​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំង ដែល​មាន​តម្លៃ​ជាង ២០ លាន​ដុល្លា គ្រោង​នឹង​សាង​សង់​នៅ​អំឡុង​ខែ​កញ្ញា ខាង​មុខ ខណៈ​រដ្ឋាភិ​បាល​កំណត់​យក​ផ្ទៃ​បឹង​ធំដែល​មាន​ផ្ទៃ​ទឹកធំ​ល្វឹង​ល្វើយ​សម្រាប់​សាង​សង់​ស្ថានីយ​នេះ។

កាល​ពី​ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ​ ២០២២ តំណាង​ក្រសួង​សា​ធារណការ និង​ដឹក​ជញ្ជូន ក្រសួង​មហា​ផ្ទៃ ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ក្រសួង​បរិស្ថាន អាជ្ញាធរ​ខេត្ត​ពាក់​ព័ន្ធ និង​ក្រុម​ការងារ​បច្ចេក​ទេស​គ​ម្រោ​ង បាន​បើក​កិច្ច​ប្រជុំ​ស្ដីពី​វឌ្ឍន​ភាព​ការងារ​សាង​សង់ និង​ការគ្រប់​គ្រង​ទីលាន​ទុក​ដាក់​សំរាម​ក្រុង​កំពង់​ឆ្នាំង និង​គម្រោង​កែលម្អ​គ្រប់​គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេ​សាប​។

ក្នុង​កិច្ច​ប្រជុំ​នោះ បាន​ពិភាក្សា​ជុំវិញ​គម្រោង​កែលម្អ​គ្រប់​គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេ​សាប ក្រោម​កម្ចី​ឥណ​ទាន​សម្ប​ទាន​របស់​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី អនុវត្ត​នៅ​ក្រុង​កំពង់​ឆ្នាំង ផ្ដោតលើ​អនុ​គម្រោង​ចំនួន ២ គឺ​គម្រោង​សាង​សង់​ទីលាន​ទុក​ដាក់​សំរាម ដែល​បាន​បញ្ចប់​ការ​សាង​សង់​ និង​គម្រោង​សាង​សង់​ប្រព័ន្ធ​លូនិង​ស្ថា​នីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់។

លោក ស៊ុន សុវណ្ណារិទ្ធ អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​នៅ​ថ្ងៃទី​ ៥ កក្កដា​ថា គម្រោង​សាង​សង់​ស្ថា​នីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់ គឺ​គ្រោង​នឹង​ចំណាយ​ថវិកា​ជាង ២០ លាន​ដុល្លារ ដែល​ទទួល​បាន​កម្ចី​ឥណ​ទាន​សម្ប​ទាន​របស់​ធនា​គារអ​ភិវឌ្ឍន៍​អាស៊ី។ លោក​បន្តថា គម្រោង​នេះ គ្រោង​នឹង​អនុវត្ត​ការ​សាង​សង់​នៅ​ខែកញ្ញា ហើយ​គ្រោង​នឹង​បញ្ចប់​ ​ក្នុង​រយៈ​ពេល​ ២ ​ឆ្នាំ​បន្ទាប់​។

លោក​បាន​បញ្ជាក់​ថា៖​ «អាង​នេះ យើង​នឹងធ្វើ​នៅ​ចំណុច​បឹង​ធំ ស្ថិត​ក្នុង​ក្រុង​កំពង់​ឆ្នាំង ខេត្ត​កំពង់​ឆ្នាំង ដែល​គម្រោង​នេះ យើង​នឹង​ធ្វើ​ក្នុង​រង្វង់​ ២ ឆ្នាំ ដោយ​រៀបចំ​ប្រព័ន្ធ​ទៅ​តាម​ស្តង​ដា​របស់ ADB។ ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នេះ គឺធ្វើឡើង​នៅ​ក្រោម​ដី​ទាំង​អស់ ហើយ​ខាង​លើ​យើង​ធ្វើ​សួន​ច្បារនិង​អគា​ររដ្ឋបាល​សាធា​រណៈដែល​អាង​នេះនឹង​មាន​ប្រព័ន្ធ​សម្លាប់​មេ​រោគ មុន​នឹង​បញ្ចេញ​ទឹក​បន្ត​ទៅ​ទន្លេ»​។

បឹង​ធំ គឺជា​បឹង​មួយ​ដែល​មាន​ផ្ទៃ​ទឹកធំ​ល្វឹង​ល្វើយ​នៅ​ខែវស្សា ដោយ​លាត​សន្ធឹង​ពី​ចំណុច​ទំនប់​បារាំង​ស្ថិត​ក្នុង​ភូមិ​កណ្ដាល សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង រហូត​ទៅដល់​ទួល​អម្ពិល ស្ថិត​ក្នុង​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ចំណែកឯ​ម្ខាង​បឹង​ជាប់​ដង​ទន្លេ​វិញ​ គឺ​ជាប់​នឹង​ភូមិ​កំពង់​អុស ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ។

ចំពោះ​បច្ចេក​ទេស និង​ក្រុម​ការងារ​ក្នុងការ​សា​សង់​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នេះ លោក ស៊ុន សុវណ្ណារិទ្ធ បាន​អះអាង​ដែរ​ថា ធនាគារ​ ADB និង​ក្រសួង​សា​ធារ​ណ​ការ បាន​ដាក់​ដេញថ្លៃ​សម្រាប់​ធ្វើ​ការសាង​សង់​ស្ថានីយ​នេះ​រួចរាល់​អស់​ហើយ ដោយ​រង់​ចាំតែ​ពេល​វេលា​កំណត់​នៃ​ការ​សាង​សង់​តែ​ប៉ុណ្ណោះ​។

លោក ស៊ុន សុវណ្ណារិទ្ធ បាន​អះ​អាង​ទៀតថា នៅ​ពេល​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នេះ​សាង​សង់​រួច​រាល់ វា​នឹង​ចូល​រួម​ទប់​ស្កាត់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ទន្លេ ​ហើយ​ស្ថា​នីយ​នេះក៏​ជួយ​រំដោះ​បញ្ហា​ទឹក​លិច​ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​ប្រឈម​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា៖​ «នេះគឺជា​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ទំនើប​ដំបូង​បំផុត​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ដោយ​មាន​ភ្ជាប់​ប្រព័ន្ធ​លូ​ពី​បណ្តា​ផ្ទះ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប្រមាណ​ ៤០ ​គីឡូ​ម៉ែត្រ ដែល​យើង​មិន​ដែលមាន​ពី​មុន​មក​ទេ។ ប្រព័ន្ធ​លូ​នេះ គឺ​ភ្ជាប់​ពី​ផ្ទះ​ប្រជា​ពលរដ្ឋដើម្បី​ចៀស​វាង​ហូរ​ចូល​ដោយ​ផ្ទាល់​ចូល​ទន្លេ»​។

លោក សួស ចំ ជា​ពលរដ្ឋ​រស់​នៅក្នុង​សង្កាត់ និង​ក្រុង​កំព​ង់ឆ្នាំង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ដោយ​បង្ហាញ​ក្តីសប្បាយ​រីករាយ ដែល​រដ្ឋបាល​ខេត្តនិង​រដ្ឋាភិ​បាលគិតគូរ​ពី​ការសាង​សង់​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នេះ។ លោក​រំពឹង​ថា នៅពេល​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់និង​ប្រព័ន្ធ​លូ​ថ្មី​នេះបាន​សាងសង់​រួចរាល់​បញ្ហា​ដែល​ពលរដ្ឋ​បាន​ជួប​ប្រទះ​ដូចជា​ការលិចលង់នឹង​ត្រូវ​បាន​បញ្ឈប់​។​ បន្ថែម​ពីនេះ​ចំពោះ​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នៅក្នុ​ង​ទន្លេក៏​ត្រូវបាន​កាត់បន្ថយ​ផង​ដែរ។

លោកបាន​បញ្ជាក់ថា៖ «បានធ្វើ​អ៊ីចឹង ខ្ញុំ​អរ​ណាស់ ព្រោះ​នៅក្នុង​ទី​រួម​ខេត្ត​យើង​ហ្នឹង ទឹក​ហូរស្ទះលូ​ពេញ​ហ្នឹង ហើយ​បាន​គេ​ធ្វើបែបនេះ គឺ​ល្អ​ណាស់។ បញ្ហា​ទឹក​លិច​នេះ គឺ​យើង​បាន​ជួប​ប្រទះ ២ ទៅ ៣ ឆ្នាំ​ហើយ ព្រោះតែ​ប្រព័ន្ធ​លូ​មួយ​ចំនួន​តូច ដល់​អ៊ីចឹង​ទៅ​ក៏​ធ្វើ​ឲ្យ​លិច»​៕