ភ្នំពេញៈ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី៥ មកពី​គណបក្ស​នានា ដែល​ទើប​ជាប់ឆ្នោត​កាលពី​ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២ និង​ទើបតែ​ត្រូវបាន​ប្រកាស ឱ្យចូល​កាន់តំណែង​ជា​ផ្លូវការ បាន​ប្តេជ្ញា​ចិត្ត​ក្នុងការ​បម្រើសេវា​សាធា​រណៈ ជូន​ប្រជា​ពលរដ្ឋ​ឱ្យបាន​អស់ពី​ចិត្ត និង​អភិវឌ្ឍ​ភូមិ​ឃុំ សង្កាត់ ឱ្យ​កាន់តែ​មានការ​រីកចម្រើន​។

លោក ជា ចាន់​រ៉​ន សមាជិក ឃុំ​ល្វេ ស្រុក​កោះ​សូទិន ខេត្ត​កំពង់ចាម មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើបត្រូវ​បាន​ប្រកាស​តែង​តាំងនៅ​ថ្ងៃទី ៥ ខែកក្កដា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​ពិត​ជាមាន​មោទនភាព ដែល​ទទួលបាន​គាំទ្រ ពី​ប្រជា​ពលរដ្ឋនៅក្នុង​ឃុំ បាន​បោះឆ្នោត ឱ្យ​លោក​ជាប់​ជា​សមាជិក ឃុំ​ល្វេ ជា​លើកដំបូង។

លោក​បន្តថា ក្នុង​តំណែង​ជា​សមាជិក​ឃុំ ក្នុង​អាណត្តិ​ថ្មី​នេះ លោក​នឹង​យក​អស់​កម្លាំងកាយ​ចិត្ត និង​ប្តេជ្ញា​បម្រើ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ ឱ្យអស់​ពី​សមត្ថភាព និង​គ្រប់​តម្រូវការ ដើម្បី​ជាការ​តបស្នង ទៅនឹង​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​កម្ពុជា។

លោក​ថ្លែងថា៖ «ខ្ញុំ​នឹង​ខិតខំ​ប្រឹង​ប្រែង បំរើ​ប្រជាពលរដ្ឋ​ដែល​ប្រជាពលរដ្ឋ​ត្រូវការ មក​ពឹងពាក់ ខ្ញុំ​នឹង​បំពេញ​ឱ្យ​អស់ពី​សមត្ថភាព ដូចជា​ធ្វើ​សំបុត្រកំណើត សៀវភៅ​ស្នាក់នៅ និយាយ​ទៅ គឺ​គ្រប់​សេវា​តម្រូវការ​របស់​ប្រជាពលរដ្ឋ»។

បើតាម លោក ជា ចាន់​រ៉​ន ក្រៅពីនេះ លោក និង​សមាជិក​ឃុំ​ផ្សេងទៀត ក៏​នឹងចូលរួម​អភិវឌ្ឍ​ឃុំ និង ការពារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​ឃុំ ឱ្យមាន​រៀប​រយ​ជូន​ប្រជាពលរដ្ឋ ឱ្យ​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង អនាម័យ​ខ្ពស់​ផងដែរ។

លោក ញឹម សា​រ៉ុ​ម ដែល​ទើប​ជាប់ឆ្នោត​ធ្វើជា​មេឃុំ​ចំណា​រលើ នៃ​ស្រុក​ស្ទោង ខេត្តកំពង់ធំ មកពី​គណបក្ស​ភ្លើងទៀន ដែល​ទើបត្រូវ​បានប្រកាស​ឱ្យចូល​កាន់តំណែង​កាលពី​ថ្ងៃទី ៤ កក្កដា ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​​ថា លោក​នឹង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ស្របទៅតាម​ច្បាប់រដ្ឋបាល​ឃុំ​សង្កាត់ និង បទ​ប្បញ្ញត្តិ ផ្សេងៗទៀត របស់​ក្រសួង​មហា​ផ្ទៃ ឱ្យបាន​ពេញលេញ ជាពិសេស បម្រើ​​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់​បំផុត។

លោក​ថ្លែងថា៖ «សកម្មភាព​ជាក់ស្តែង ខ្ញុំ​នឹង​ផ្តល់ជូន​នូវ​ឯកសារផ្សេងៗ ស្របទៅតាម​ច្បាប់។ បើ​ច្បាប់​កំណត់ឱ្យ​យក​ថវិកា តម្លៃ​ប៉ុន្មាន យើង​នឹង​យក​ប៉ុណ្ណឹង។ បើ​លើសពី​ហ្នឹង គឺ​មិន​យក​ទេ ហើយ​បើ​មាន​សមាជិក​ក្រុមប្រឹក្សា ឬ​ស្មៀន​រូប​ណា ប្រព្រឹត្តខុស ក៏​នឹង​អនុវត្ត​ទៅតាម​ច្បាប់​ទាំងអស់»។

លោក ហ៊​ត រដ្ឋា ចៅសង្កាត់​ត្រពាំង​ក្រសាំង នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ ថ្លែង​ក្នុង ពិធី​ប្រកាស​សុពលភាព ក្រុមប្រឹក្សា​សង្កាត់​ត្រពាំង​ក្រសាំង​នៅ​ថ្ងៃទី៥ ខែកក្កដា ​ដោយបាន​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​សង្កាត់​ដែល​បោះឆ្នោត​ជូន​លោក ឱ្យបម្រើ​ការងារ​នៅក្នុង​សង្កាត់​នេះ។

លោក​បន្តថា ឆ្លើយតប ទៅ​គុណបំណាច់​នេះ លោក នឹង​ខិតខំ​ទាំង​ប្រាជ្ញា​ស្មារតី ទទួលខុសត្រូវ ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង អភិវឌ្ឍ​សង្កាត់​ឱ្យមាន​ការរីកចម្រើន​ និង​ពង្រឹង​ទំនាក់ទំនង​ផ្ទៃក្នុង អង្គការ​នានា​ក្នុង​សង្កាត់ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស គឺ​បម្រើ និង​ដោះស្រាយ​សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​នៅក្នុង​សង្កាត់​ឱ្យអស់​ពី​លទ្ធភាព ។

លោក​បន្តថា៖«សម្រាប់​អាណត្តិ​ថ្មី​នេះ ក្រុមប្រឹក្សា​សង្កាត់ ត្រពាំង​ក្រសាំង នឹង​ខិតខំ​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​យកចិត្ត​ទុក​ដាក់ និងយុត្តិធម៌ និង​អភិវឌ្ឍ​មូលដ្ឋាន​សង្កាត់ ប្រកបដោយ​ចីរភាព។ មួយទៀត នឹង​ពង្រឹង​វិន័យ​ការងារ ស្រប​តាម​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​បទ​បញ្ជា​ផ្ទៃក្នុង»។

លោក គង់ សោ​ភ័ណ្ឌ អភិបាលខេត្ត​កណ្តាល ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ដំបូង​ដើម្បី​ប្រកាស​សុពលភាព​ក្រុមប្រឹក្សាឃុំ​ទឹក​ឃ្លាំង អាណត្តិ​ទី៥ ឆ្នាំ២០២២ ស្ថិតនៅ​សាលាស្រុក​ល្វាឯម ខេត្តកណ្ដាល នៅ​ថ្ងៃទី ៥ ខែកក្កដា​ថា ក្រុមប្រឹក្សាឃុំ ដែល​បាន​ជាប់ឆ្នោត​នៅក្នុង​អាណត្តិ​ទី៥ នេះ ត្រូវ​បន្ត​និរន្តរភាព នៃ​ការដឹកនាំ​គ្រប់គ្រង និង​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ក្នុង​អាណត្តិ៥ឆ្នាំ​ទៅមុខ​បន្តទៀត ដោយ​បន្ត​គ្រប់គ្រង និង​ការអភិវឌ្ឍ​មូលដ្ឋាន ពី​ក្រុមប្រឹក្សា​សង្កាត់​អាណត្តិ​ចាស់ សំដៅ​ធានាឱ្យមាន​និរន្តរភាព​ក្នុង​កិច្ចការរដ្ឋបាល និង​ការផ្តល់សេវា ព្រមទាំង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ជា​បន្តទៀត។

លោក​បញ្ជាក់​ថា៖ «ក្នុងនាម​ជា​សមាជិក​ក្រុម​ប្រឹក្សា​ដែល​បាន​ជាប់ឆ្នោត ទោះបីជា​លោកស្រី អស់លោក មាន​សមាសភាព មកពី​គណបក្ស​នយោបាយ​តែមួយ ឬ​គណបក្ស​នយោ​បាយ​ផ្សេងៗគ្នា​ក៏ពិត​មែន ប៉ុន្តែ​តាម​គោលការណ៍​ច្បាប់ ក្រុម​ប្រឹក្សា គឺជា​តំណាងឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ទាំង​មូល​»។

លោក​បានស្នើ​ដល់ សមាជិក​ក្រុម​ប្រឹក្សា នៅក្នុង​អាណត្តិ​ការងារ ៥ ឆ្នាំនេះ ត្រូវ​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​ក្នុងការ​គ្រប់គ្រង ចាត់​ចែង​កិច្ចការ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ និង​បម្រើ​ផល​ប្រយោជន៍​ ព្រមទាំង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​ដោយ​ស្មើភាព ដោយ​យុត្តិធម៌ និង​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោ​បាយ​នោះ​ឡើយ។

ចាប់​តាំង​ពី​ឆ្នាំ ២០០២ កម្ពុជា បាន​ដំណើរ​ការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​ឃុំ សង្កាត់​តាម​គោល​ការណ៍​លទ្ធិ​ប្រជាធិប​តេយ្យ សេរី​ពហុបក្ស​សរុប​ចំនួន ៥ លើក​រួចមកហើយ។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​សារ​សំខាន់ ក្នុងការ​ជំរុញ​កិច្ច​ដំណើរការ​អនុវត្ត​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​កំណែទម្រង់​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​លើក​កម្ពស់​អភិបាលកិច្ច​នៅ​ថ្នាក់ឃុំ សង្កាត់​តាម​គោល​ការណ៍​អភិវឌ្ឍ​ន៍តាមបែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់​មូល​ដ្ឋាន៕