
បុរសរងគ្រោះ ដែលត្រូវបានខ្លាឃ្មុំវាយប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី ៤ កក្កដា កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។ រូបថត សហការី
ពោធិ៍សាត់ៈ បុរស ២ នាក់ ត្រូវបានសត្វខ្លាឃ្មុំធំ ១ ក្បាល ចេញមកវាយប្រហារ ខណៈពួកគេចេញទៅបង់សំណាញ់ចាប់ត្រី នៅចំណុចស្ទឹងតាចាន់ ក្នុងឃុំអូរតាសោម ស្រុកវាលវែង កាលពីថ្ងៃទី ៤ ខែកក្កដា បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល។
លោក យុន ជុន មេភូមិឆាយលូ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ កក្កដាថា បុរសរងគ្រោះឈ្មោះ ភី ភក្តី អាយុ ៣១ ឆ្នាំ មានប្រពន្ធកំពុងពពោះកូនទី១ និងឈ្មោះ ង៉ុយ ងឿន អាយុ ៣៣ ឆ្នាំ មានប្រពន្ធ និងមានកូនស្រី ៣ នាក់។ ពួកគេជាកសិករ រស់នៅក្នុងភូមិ ឆាយលូ ឃុំ អូរតាសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ភី ភក្តី ត្រូវបានសត្វខ្លាឃ្មុំខាំអស់ថ្គាមក្រោមបបូមាត់រហូតដល់ត្រចៀកទាំងសងខាង និងដៃទាំងសងខាង។ ចំណែកឈ្មោះ ង៉ុយ ងឿន សត្វខ្លាឃ្មុំខាំត្រូវកំភួនដៃទាំងសងខាង។
លោកនិយាយថា៖ «ឈ្មោះ ភី ភក្តី គាត់ទៅសម្រាកពេទ្យឯកជនព្រោះគាត់ត្រូវរបួសធ្ងន់ រីឯម្នាក់ទៀតគាត់ត្រូវរបួសស្រាលទេ អ៊ីចឹងគាត់សម្រាកនៅផ្ទះ។ អ្នកត្រូវរបួសធ្ងន់នោះមិនដល់ថ្នាក់បាត់បង់ជីវិតទេ»។
លោក មេភូមិ យុន ជុន បាននិយាយរៀបរាប់តាមសម្តីរបស់ជនរងគ្រោះឈ្មោះ ង៉ុយ ងឿន ថា កាលពីព្រឹកថ្ងៃទី ៤ កក្កដា ជនរងគ្រោះទាំង ២ នាក់ បាននាំគ្នាយកសំណាញ់ដើរទៅស្ទឹងតាចាន់ ដើម្បីបង់ចាប់ត្រីដែលមានចម្ងាយពីភូមិប្រហែលជាង ១០ គីឡូម៉ែត្រ។
ឈ្មោះ ភី ភក្តី ជាអ្នកដើរពីមុខ រីឯឈ្មោះ ង៉ុយ ងឿន ដើរពីក្រោយ។ នៅវេលាម៉ោងប្រហែលជា ១១ ព្រឹក ថ្ងៃទី ៤ កក្កដា ខណៈជនរងគ្រោះកំពុងដើរបណ្តើរ ស្រាប់តែមានសត្វខ្លាឃ្មុំមាឌធំ ១ ក្បាល ហក់ទៅកន្ទ្រប់ឈ្មោះ ភក្តី មុនគេ។
ដោយឃើញបែបនេះក៏ឈ្មោះ ង៉ុយ ងឿន ស្ទុះចូលទៅជួយ ហើយក៏ត្រូវប្រតាយប្រតប់គ្នាជាមួយសត្វខ្លាឃ្មុំ ១ ក្បាលនោះប្រមាណជាជិតកន្លះម៉ោង រហូតវាខាំជនរងគ្រោះអស់ចិត្ត ទើបវាដើរចូលទៅក្នុងព្រៃវិញ។
លោកបន្តថា បន្ទាប់ពីកើតហេតុមក ជនរងគ្រោះទាំង ២ នាក់ បាននាំគ្នាដើរទាំងរបួសមកដល់ភូមិហើយត្រូវបានសាច់ញាតិរបស់ជនរងគ្រោះទាំង ២ នាក់ ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនក្នុងភូមិ។
ចំណែកនគរបាលប៉ុស្តិ៍ អូរតាសោម បានចុះសាកសួរជនរងគ្រោះ ដើម្បីធ្វើអន្តរាគមន៍បន្ថែមជុំវិញហេតុការណ៍នេះប្រសិនបើជនរងគ្រោះត្រូវការ។
បើតាមលោក យុន ជុន ជាទម្លាប់តាមការកត់សម្គាល់របស់អ្នកស្រុកនៅតំបន់នោះឃើញថា សត្វខ្លាឃ្មុំប្រសិនបើវាពុលចំណី គឺវាមិនខ្លាចមនុស្សទេ តែបើសិនជាវាមិនពុលចំណី គឺវាខ្លាចមនុស្ស។
ចំពោះចំណីរបស់សត្វខ្លាឃ្មុំ គឺវាដើរស៊ីសត្វកណ្រៀរ ម្រោម នៅតាមដើមឈើ និងផ្លែគ្អីម ដែលផ្លែគ្អីមនោះមានសណ្ឋានប៉ុនគ្រាប់ទៀបបារាំង។ ប្រហែលជាវាអាចពុលចំណីណាមួយក្នុងចំណោមចំណីខាងលើទើបបណ្តាលឱ្យវាចេញមកខាំមនុស្សបែបនេះ។
លោកថ្លែងថា៖ «អាសត្វខ្លាឃ្មុំ គឺវាធំហ្នឹងឯង ទើបបានជាវាហ៊ានខាំមនុស្សកើត។ តាមខ្ញុំដឹង នៅតំបន់មាត់ស្ទឹងតាចាន់នោះ សម្បូរសត្វខ្លាឃ្មុំ គឺនៅពេលមានមេឃភ្លៀង និងរដូវសម្បូរចំណី។ ច្រើនឆ្នាំកន្លងមក ប្រជាជនយើងក៏ត្រូវសត្វខ្លាឃ្មុំខាំដែរ ដូចជាបងថ្លៃខ្ញុំ វាខាំអស់ច្រមុះ ឥឡូវគាត់ដើរទៅណាក៏ពាក់ម៉ាស់ដែរព្រោះគាត់ខ្មាសគេ»។
លោក សាម រ៉ា នាយនគរបាលស្តីទីប៉ុស្តិ៍ អូរតាសោម ឱ្យដឹងថា ក្រោយកើតហេតុ ពេលដែលបុរសរងគ្រោះទាំង ២ នាក់ ត្រឡប់មកដល់ផ្ទះ និងបានរាយការណ៍ប្រាប់លោកមក លោកបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុ តែកម្លាំងរបស់លោករកមិនឃើញសត្វខ្លាឃ្មុំនោះទេ៕