ភ្នំពេញៈ សហគ្រាសជល​ផល ចំនួន ១៧ ទទួល​បាន​កញ្ចប់​វិនិយោគ​ ពីកម្ម​វិធី​គាំទ្រ​សហ​គ្រាស​ជល​ផល​ក្រោយ​ប្រ​​​មូលផល​ (VCIS) ជំហាន​ដំបូង ដែល​សរុបថវិកា​ប្រមាណ ៥០ ម៉ឺនដុល្លារ​ ពី​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​អភិ​វឌ្ឍន៍​​ឧស្សា​ហកម្ម ប្រចាំនៅកម្ពុជា (UNIDO)​ ក្រោម​ជំនួយ​ថវិកា​ពី​សហ​ភាព​អឺរ៉ុប ដោយមាន​កិច្ច​សហ​ការ​ជា​មួយ​​​រដ្ឋ​​បាល​ជល​ផល​ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ។

ពិធីប្រគល់​កញ្ចប់​វិនិយោគ​នេះ​ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម អង្គការ UNIDO និង​អ្នកចូលរួម​មកពី​ភាគី​ពាក់​ព័ន្ធ​ប្រមាណ ១០០ នាក់​ ​កាល​ពីថ្ងៃទី ៥ ខែ​កក្កដា ​នៅ​សណ្ឋាគារ ហៃ​យ៉ាត់ រីជិន​ស៊ី ភ្នំពេញ។

លោក សុខ ណារិន តំណាង​អង្គការ UNIDO ប្រចាំ​នៅ​កម្ពុជា ថ្លែង​​ក្នុង​ពិធី​ប្រគល់​កញ្ចប់​វិនិយោគ​នៃ​កម្មវិធី VCIS ដល់​​សហ​គ្រាស​ជលផលក្រោយប្រមូលផលទាំង​ ១៧ នេះ​ថា ​ដោយ​មានការ​សហ​ការយ៉ាង​ជិត​ស្និទ្ធ​ជាមួ​យ​​រដ្ឋ​បាល​ជលផល អង្គការ​ UNIDO នៅដំណាក់កាលដំបូងនេះ បានជួយ​គាំទ្រ​ដល់​សហ​គ្រាស​ជល​ផល​ក្រោយ​ប្រមូល​ផល​ចំនួន ៤០ សហគ្រាស​ តាម​រយៈ​ជំនួយ​បច្ចេក​ទេស វិភាគលើ​បញ្ហា​អាជីវ​កម្ម​ និង​ការរៀប​ចំបង្កើត​សំណើ​គម្រោង​អាជី​វកម្ម។

នៅ​ក្នុង​ចំណោម​សហ​គ្រាស​ទាំង​​នេះ​​​មាន​សហគ្រាស ចំនួន ១៧ ដែល​ត្រូវ​បាន​ពិនិត្យ​ និង​សម្រេច​ឱ្យ​ ទទួល​​បាន​​ការគាំ​ទ្រ​វិនិយោគ​ដោយ​គណៈ​កម្មការ​វិនិ​យោគ​​ចម្រុះ​ដែល​មាន​សមាស​ភាព​ពីអ្នក​ជំនា​ញ​នៅ​ក្នុង​គម្រោង និង​អ្នក​ជំនាញ​ឯក​រាជ្យ​តាម​រយៈ​ដំណើរ​ការ​ប្រកប​ដោយ​តម្លា​ភាព និងការ​ចូល​រួម។

លោកថ្លែង​ថា​៖ «ថ្ងៃនេះយើង​ជួបជុំ​គ្នា​ដើម្បី​អបអរ​សាទ​រ​ដល់​សហគ្រាស​ដែល​ត្រូវ​ជ្រើស​រើស​នៅ​ជុំទី១ សម្រាប់​អនុ​​វត្ត​សកម្ម​ភាព​ជាក់​ស្តែង ដែល​បាន​លើក​ឡើង​នៅក្នុង​សំណើ​អាជីវកម្ម​របស់​ពួក​គេ»​។

លោក ណារិន បាន​ឱ្យដឹង​ថា តាម​រយៈ​កញ្ចប់​វិនិយោគ​ពីកម្ម​វិធីនេះ​ សហគ្រាស​ទាំង​នេះ​ នឹង​ទទួល​បាន​ការ​គាំទ្រ លើ​​​ការ​បណ្តុះ​បណ្តាល​គ្រប់​គ្រង​អាជីវ​កម្ម និង​សម្ភារ​បរិក្ខារ​បម្រើឱ្យ​ការកែច្នៃ​ផលិត​ផលជល​ផល។ ពួក​គេ​ក៏នឹង​ទទួល​​បាន​ការ​បណ្តុះ​បណ្តាល​បន្ថែម​អំពីសុវត្ថិភាព​ចំណី​អាហារ និង​ការ​អនុលោម​តាម​លក្ខខណ្ឌ​នៃស្តង់​ដា​ និមិត្ត​សញ្ញា​គុណភាព​កម្ពុជា​​​ (CQS) ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​សវនកម្ម​វិញ្ញា​បនប័ត្រ CQS នៅ​ចុង​ឆ្នាំ ២០​២២។

លោកបន្ត​ថា​៖ «វិញ្ញា​បន​ប័ត្រ​នេះ​អាច​ជា​មុខ​មាត់​ថ្មី​សម្រាប់​ផលិតផល​ជលផល​កម្ពុជា ដែល​មានគុណ​ភាព​ និង​សុវត្ថិ​ភាព​»។​​

បើតាម​លោក ណារិន គណៈ​កម្មា​ធិការ​វិនិ​យោគ​ចម្រុះ ​ក៏​កំពុង​ពិនិត្យ​សំណើ​របស់​សហ​គ្រាស​ដែល​នៅ​សេស​សល់​សម្រាប់​ការ​ជ្រើ​សរើស​នៅជុំទី២ ផងដែរ។​ លោក​បញ្ជាក់ថា ជាទិសដៅ អង្គការ UNIDO គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​រាជរដ្ឋាភិបាល​និង​ភាគី​ពាក់​ពន្ធ័​ទាំង​អស់​ក្នុង​ការ​នាំ​​​យក​ផលិតផល​ជលផល​កម្ពុជា ចូល​ទៅ​កាន់​​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​ទីផ្សារ​ពិភព​លោក​ផង​ដែរ​។

លោក វេង សាខុន បាន​អបអរ​សាទ​រ​ចំពោះ​សហគ្រាស​ទាំង ១៧ ​ដែល​បានបំពេញ​ទៅតាម​លក្ខខណ្ឌ​តម្រូវ​របស់​កម្មវិធី​ VCIS ដើម្បី​ទទួល​បាន​ការគាំ​ទ្រ​ផ្នែក​ឧបករណ៍​សម្ភារ និង​បច្ចេក​ទេស បម្រើ​ដល់​ដំណើរ​ការ​ផលិត​កម្មផល​ជល​ផលក្រោយ​ប្រមូល​ផល និង​អនុ​លោម​តាម​​គោល​ការណ៍​សុវត្ថិភាព​ចំណី​អាហារ​។ លោក​បញ្ជាក់​ថា កញ្ជប់​វិនិយោគ​ដែល​ប្រគល់​ជូន​សហ​គ្រាស​ទាំង​ ១៧ នា​ថ្ងៃនេះ មាន​ទឹក​ប្រាក់​សរុ​បប្រមាណ​ ៥០ ម៉ឺន​ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​ការគាំទ្រ​ផ្នែក​បច្ចេក​ទេស​។​

លោកថ្លែង​ថា​៖ «ខ្ញុំសង្ឃឹម​ថា​ សហគ្រាស​ទាំង​នេះ នឹ​ង​ចូល​រួម​ធ្វើ​ឱ្យប្រ​សើរ​ឡើង​​នូវ​ប្រព័ន្ធ​សុវត្ថិ​ភាពចំ​ណី​អាហារ​កម្ពុជា​ដើម្បី​ឈាន​ទៅ​ដល់​ការ​នាំចេញ​ទៅទីផ្សារ​អន្តរ​ជាតិ រួម​ទាំង​ទីផ្សារ​នៃ​សហ​ភាព​អឺរ៉ុប​»។

លោក សាខុន បញ្ជាក់ថា ក្រសួងកសិកម្មបាន​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​រដ្ឋបាល​ជលផ​ល​ក្នុ​ង​ការ​រៀប​ចំនូវ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ពេញ​លេញ​មួយ​ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​លក្ខ​ខណ្ឌ​តម្រូវ​នៃប្រព័ន្ធ​គ្រប់​គ្រង​សុវត្ថិភាពអាហារ​ថ្នាក់តំបន់​ និងអន្តរជាតិ។

លោកថ្លែង​ថា​៖ «គោលដៅ​បន្ទាប់​ដ៏សំខាន់​របស់​យើង ​​គឺ​ពង្រឹង​សមត្ថ​ភាព​របស់​អជ្ញាធរ​មាន​សមត្ថ​កិច្ច​របស់​រដ្ឋ​បាល​​​ជលផល រួមជា​មួយ​នឹង​ប្រព័ន្ធ​សុវត្ថិភាព​អាហារ និង​ឧបករណ៍​បញ្ញត្តិនានា ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​នៃការ​​នាំ​ចេញ​ផលិត​ផលជល​ផល​ទៅ​កាន់​សហគមន៍​អឺរ៉ុប ដែល​តាម​ការរំពឹ​ង​ទុក​ យើង​នឹង​​ធ្វើ​ឱ្យ​បាន​នៅ​ដំណាច់​ឆ្នាំ​ ២០២៤»។

បើតាម​អង្គការ​ UNIDO សហ​គ្រាស​ជល​ផល ចំនួន ១៧ ដែល​ទទួល​បាន​កញ្ចប់​វិនិ​យោគ​នេះ​រួម​មាន សហ​គ្រាស​​ផលិត​ទឹកត្រី​ចំនួន ៤ ស្ថិត​នៅ​រាជធានី​ភ្នំ​ពេញ ខេត្ដ​តាកែវ ខេត្ដ​កណ្ដាល និង​ខេត្ដ​កំពត។ សហគ្រាស​ផលិ​ត​​ផលិត​ផល​​ត្រីក្រៀម ចំនួន ៨ នៅ​ភ្នំពេញ​ ១ សៀមរាប ​៣ បាត់​ដំបង​ ១ កំពង់ធំ ​២ និង​កំពង​ចាម ១។

ក្រៅពីនេះ​មាន​​សហ​គ្រាស​ផលិត​ម្សៅ​ត្រី ត្រី​ឆ្អើ បង្គា​ក្រៀម និង​គ្រុំ​ចំពុះ​ទា ចំនួន ៥ សហ​គ្រាស​ទៀត​ ស្ថិត​នៅខេត្ដ​ព្រះសីហនុ បាត់​ដំបង ពោធិ៍​សាត់ កំពង់​ធំ និង​ខេត្ដ​កោះ​កុង​។

អង្គការ​​UNIDO បាន​ឱ្យដឹង​តាម​រយៈ​លទ្ធផល​អង្កេត​របស់​គម្រោង​នាពេលថ្មី​ៗ​នេះ​​ថា​ តួអង្គ​ភាគ​ច្រើន​នៅក្នុង​ចង្វាក់តម្លៃជលផលគឺជាអាជីវកម្មខ្នាតមីក្រូ និងតូច ដែល​មាន​លក្ខណៈ​គ្រួសារ​ និង​មិន​ទាន់​បាន​ចុះប​ញ្ជីត្រឹមត្រូវ។

ជាង ៨៥% នៃ​សហគ្រាស​ទាំង​អស់​ ស្ថិត​នៅ​ក្នុង​តំបន់​បឹង​ទន្លេ​សាប​ និង​បណ្តា​ខេត្ត​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​។

សហ​គ្រាស​ទាំង​នេះ​ផលិត​ផលិត​ផល​ជល​ផលជា​ច្រើន​ប្រភេទ​នៅ​ក្នុង​លក្ខ​ខណ្ឌ​អនា​ម័យ​មាន​កម្រិត​ពុំសូវ​មាន​តម្លៃ​បន្ថែម​ខ្វះពិពិធ​កម្ម​ផលិត​ផល ហើយ​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​។

អ្នកស្រី លឹម ប៊ុន្នី ម្ចាស់​សិប្បកម្ម​ត្រី ធឿន ស្រីនី ​នៅស្រុក​ជើង​ព្រៃ ខេត្ដ​កំពង់​ចាម បាន​ប្រាប់​ថា អ្នក​ស្រី​បាន​បង្កើត​សិប្បកម្ម​កែច្នៃ​ផលិត​ផល​ត្រី​ក្រៀម​នេះ​ជាង ១០ ឆ្នាំមក​ហើយ សម្រាប់​លក់នៅក្នុង​សហគមន៍ ក្នុង​ខេត្ដ និង​លក់មក​ទីផ្សារ​ទំនើប​មួយ​ចំនួន​នៅ​រាជ​ធានីភ្នំ​ពេញ​។

អ្នកស្រី​ប្រាប់ថា​៖ «សិប្បកម្ម​របស់​ខ្ញុំ​នេះ យើង​មានជា​ត្រីងៀត ជាផ្អក និង​ជាប្រហុក ប៉ុន្ដែ​យើង​ផ្តោ​ត​សំខាន់​ជាង​លើ​​ការ​ផលិត​ត្រីងៀត ក្នុង​នោះមាន​ ត្រីចំនួន ៤ មុខ គឺត្រី​រស់ ត្រីឆ្ដោ ត្រី​អណ្ដែង និង​ត្រីប្រា។ ត្រី​ទាំង​នេះ យើង​ប្រមូល​ទិញ​ពី​ប្រជា​ពលរដ្ឋ​ដែល​បាន​ចិញ្ចឹម​នៅ​ក្នុង​ស្រុក​ជើង​ព្រៃ​ផ្ទាល់​តែ​ម្ដង​»។

អ្នកស្រី​បាន​ឱ្យដឹង​ថា តាម​រយៈ​កញ្ចប់​វិនិ​យោគ​ សហគ្រាសនី​មួយៗ នឹង​ទទួល​បាន​សម្ភារ​ដូចជាម៉ាស៊ីន​សូឡា​សម្រាប់​​សម្ងួត​ត្រីងៀត ទូទឹកកក និង​សម្ភារមួយចំ​នួនទៀត សម្រាប់​ប្រើ​ប្រាស់​នៅក្នុង​សហគ្រាស​សរុ​ប​ជា​ថវិកា​ប្រមាណ ២៥ ០០០ ដុល្លារអាមេរិក​៕