ភ្នំពេញៈ កម្ពុជា-ឡាវ​ប្តេជ្ញា​រិះរក​វិស័យ​ដែល​មាន​សក្តានុពល​ ដើម្បី​ពង្រឹង​ និង​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ «​ដ៏​ជិតស្និទ្ធ និង​គ្រប់​ជ្រុងជ្រោយ​» រវាង​ប្រទេស​ទាំង​ ២ ​ដើម្បី​ផលប្រយោជន៍​ទៅវិញ​ទៅមក​ សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

នៅ​ថ្ងៃទី​ ៧ ខែកក្កដា ស្អែក​នេះ​លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រី​ការបរទេស​ឡាវ​នឹង​ធ្វើជា​សហប្រធាន​ជាមួយ​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​លើក​ទី​ ១៤ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ (14th JCBC) ​កម្ពុជា និង​ឡាវ​នៅ​រាជធានី​ភ្នំពេញ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​កាលពី​ថ្ងៃ​ទី​ ៤ ខែកក្កដា ថា នៅមុន​កិច្ចប្រជុំ​នេះ​លោក គុំម៉ាស៊ីត នឹងមាន​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​លើក​ទី​ ១៤ រវាង​កម្ពុជា​ និង​ឡាវ​​នឹង​ពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនភាព​ដែល​សម្រេច​បាន​ស្របតាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ JCBC កាលពី​លើក​មុន និង​រិះរក​វិស័យ​នានា​ដែល​មាន​សក្តានុពលភាព​ សម្រាប់​កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត​សំដៅ​បន្ត​ពង្រឹង​ និង​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ និង​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ ២ ដើម្បី​ផលប្រយោជន៍​​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២»​។

ប្រភព​ដដែល​បាន​បន្ថែមថា នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ​សហប្រធាន​ទាំង ២ នឹង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​ ១៤ នៃ​គណៈកម្មការ ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​កម្ពុជា និង​ឡាវ​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ថ្លែង​នៅ​ថ្ងៃទី ​៥ កក្កដា​ថា កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​​មាន​ភាពល្អប្រសើរ​ហើយ​លោក​សង្ឃឹម​​ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​នឹង​បញ្ចប់​អរិភាព​ដែល​ធ្លាប់​កើតមាន​កន្លងមក​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង ​២ គឺ​ការប្រឈមមុខ​ផ្នែក​ប្រដាប់​អាវុធ​ដាក់គ្នា ប៉ុន្តែ​មិនទាន់​ឈាន​ទៅដល់​ការ​វាយប្រហារ​គ្នា​ ឬ​ការផ្ទុះអាវុធ​ដាក់គ្នា​នោះទេ​។

លោក​ថ្លែងថា​៖ «​មួយរយៈ​កន្លងមកនេះ យើង​មិន​ធ្លាប់​ឮ​ពី​អរិភាព​បែប​នោះ​រវាង​ប្រទេស​ទាំង​ ២​ ហ្នឹង​កើតឡើង​ទេ ហើយ​ជាមួយ​គ្នា​នោះដែរ ខ្ញុំ​ថា កិច្ចសហប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស​ជិតខាង​គឺមាន​ឱកាស និង​ផលប្រយោជន៍​ទៅវិញ​ទៅមក​ច្រើនណាស់ ទោះបីជា​ប្រទេស​ទាំង​ ២ [​កម្ពុជា​-​ឡាវ​]​ មាន​សេដ្ឋកិច្ច​មិនទាន់​រឹងមាំ​ក៏ដោយ ប៉ុន្តែ​ក៏មាន​ឱកាស​នៃ​កិច្ចសហការ​គ្នា​ហ្នឹង អាច​មាន​ច្រើន​»​។

លោក​ យង់ គិមអេង បាន​ថ្លែងថា ឱកាស​ទាំងនោះ​អាច​ជា​ការដោះដូរ​ទំនិញ និង​ការធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ​ សម្រាប់​ផលប្រយោជន៍​ទៅវិញ​ទៅមក និង​តម្រូវការ​ចាំបាច់​ សម្រាប់​ប្រទេស​ទាំង ​២ ព្រមទាំង​អាចជា​ឱកាស​ផ្សេងៗ​ទៀត​។ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​នាពេលនេះ​ក៏​ជា​គន្លឹះ​មួយ​សំខាន់​ដែល​អាចជួយ​ពង្រឹង​តួនាទី​នៃ​ប្រទេស​ទាំង​ ២ ​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា នៅក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​មួយចំនួន​។

កាលពី​ខែកុម្ភៈ លោក គុំម៉ាស៊ីត បានមក​បំពេញ​ទស្សនកិច្ច​ និង​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​កម្ពុជា​រយៈពេល​ ៣ ​ថ្ងៃ​ ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​កម្ពុជា​-​ឡាវ​។ ​រដ្ឋមន្ត្រី​ទាំង​ ២ ​បាន​ពិភាក្សាគ្នា​អំពី​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា​ក៏ដូចជា​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ផលប្រយោជន៍​រួម និង​ក្តីបារម្ភ​រួម​។

លោក ​ប្រាក់ សុខុន ធ្លាប់បាន​បញ្ជាក់​នៅពេល​នោះ​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ កំពុងមាន​សម្ទុះ​គួរឱ្យ​កត់សម្គាល់ ជាពិសេស​ក្រោយ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ «​ប្រកប​ដោយ​ផ្លែផ្កា​» ​របស់​លោក​ ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី​ឡាវ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

ភាគី​ទាំង​ ២ ប្តេជ្ញា​នាពេល​នោះ ថា​នឹង​បន្ត​ស្វែងរក​សក្តានុពល​ថ្មីៗ​តាមរយៈ​ការលើកស្ទួយ និង​កិច្ចសហប្រតិបត្តិការ​នានា ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ​អប់រំ ទេសចរណ៍ ការតភ្ជាប់ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​៕