​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រាប់​ដល់​មន្ត្រី​សុខាភិបាល​នៅ​មន្ទីរពេទ្យ​ថ្នាក់​ខេត្ត ​មន្ទីរពេទ្យ​ស្រុក និង​មណ្ឌល​សុខភាព​ឱ្យ​ស្រាវជ្រាវ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺរបេង​ឱ្យបាន​ឆាប់រហ័ស ជាពិសេស​លើ​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ កុមារ​រស់នៅ​ជាមួយ​ជំងឺអេដស៍ និង​កុមារ​រលាក​​ទងសួត​ធ្ងន់ធ្ងរ ហើយ​លោក​បាន​ជំរុញ​ដល់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺរបេង​ត្រូវ​ចុះ​មូលដ្ឋាន​ឱ្យបាន​ញឹកញាប់ ដើម្បី​ផ្សព្វផ្សាយ​ការយល់ដឹង​និង​ការ​ប្រតិ​ប​ត្តិ​ផងដែរ​។

​ការណែនាំ និង​ជំរុញ​របស់លោក ​ម៉ម ប៊ុនហេង បានធ្វើ​ឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​គម្រោង​​សិក្សា TB-Speed ថ្នាក់ជាតិ​នៅ​សណ្ឋាគារ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ​៥ ខែ ​កក្កដា ឆ្នាំ ​២០២២​។

​លោក​រដ្ឋមន្ត្រី​សុខាភិបាល​បាន​លើកឡើងថា មន្ត្រី​សុខាភិបាល​នៅ​ថ្នាក់​មន្ទីរពេទ្យ​ខេត្ត មន្ទីរពេទ្យ​ស្រុក និង​មណ្ឌល​សុខភាព ត្រូវ​ចុះ​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ក្នុង​សហគមន៍ មូលដ្ឋាន​ដើម្បី​តាមដាន​ឱ្យដឹង​ច្បាស់​ថា តើ​គ្រួសារ​ណា​មាន​អ្នក​ជំងឺរបេងខ្លះ​? ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យា​បាល​ជំងឺឆ្លង​នេះ​ឱ្យបាន​ទាន់ពេល មុននឹង​ឈានដល់​កើត​ជំងឺរបេង​ធ្ងន់ធ្ងរ​។​

លោក​ថ្លែងថា​៖ «​បើ​រកឃើញ​ជំងឺ​​របេង​លើ​កុមា​រហើយ​មិនមែន​ពិនិត្យមើល​តែ​កុមារ​ដែល​កើត​នោះទេ គឺ​ត្រូវ​តាមដាន​ពិនិត្យ​ធ្វើ​រោគវិនិច្ឆ័យ​រហូត​​ដល់​ឪពុកម្តាយ ​ឬ​អាណាព្យាបាល​ ដែល​នៅ​ជាមួយ​កុមារ​ដែល​កើត​របេង​នោះ​ទាំងអស់គ្នា​ទើប​ព្យាបាល​ដាច់​បាន ​បើ​មិន​ដូច្នោះ​ទេ ព្យាបាល​មិនជា​ដាច់​នោះទេ​»​។ ​ជាមួយគ្នា​នោះ​ លោក​ ម៉ម ប៊ុនហេង ក៏បាន​ណែនាំ​ដល់​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន ត្រូវ​ចុះទៅ​មូលដ្ឋាន​ថ្នាក់ក្រោម​​ជាតិ​ឱ្យបាន​ញឹកញាប់​ដើម្បី​ផ្សព្វ​ផ្សាយ​ការយល់ដឹង​ពី​ជំងឺរបេង​ឱ្យបាន​ទូលំទូលាយ​។

លោក​បាន​​បន្តថា មិនមែន​ផ្តល់​ឱ្យតែ​ទ្រឹស្តី​នៃ​ការយល់ដឹង​ពី​ជំងឺរបេង​នោះ​​ទេ គឺត្រូវធ្វើ​ឱ្យ​ការប្រតិបត្តិ​នៃ​ការយល់ដឹង​នោះបាន​ប្រាកដប្រជា​ផងដែរ ទើប​ការលុបបំបាត់​ជំងឺរបេង​មាន​ប្រសិទ្ធភាព និង​ឈានដល់​ការបញ្ចប់​បាន​ក្នុង​ឆ្នាំ​២០៣០ ខាងមុខ​។

​លោក​ថ្លែងថា​៖ «​ក្រុម​ខាង​របេង​យើង​ធ្វើ​ម៉េច​ឧស្សាហ៍​ព្យាយាម​​មិនមែន​ឱ្យតែ​ទ្រឹស្តី​ទេ គឺ​ការ​ប្រតិ​ប​ត្តិ​នៃ​ការយល់ដឹង​ធ្វើឱ្យបាន​ប្រាកដប្រជា​នៅតាម​មូលដ្ឋាន​។​

​នេះ​ជាការ​ងារ​មួយ​ដែល​យើង​អាច​ទទួលលទ្ធផល​បាន បើ​យើង​គ្រាន់តែ​យល់ដឹង​ខ្លួន​យើង​ហើយ​យើង​អត់​ធ្វើ បើ​យើង​គ្រាន់តែ​ផ្លាស់ប្តូរ​ព័ត៌មាន អីហ្នឹង​អត់​កើត​ទេ សំខាន់បំផុត គឺ​ចុះ​ទៅដល់​មូលដ្ឋាន​ដើម្បី​ប្រតិបត្តិ​»​។

​លោក ប៉ុល សុខា ប្រធាន​ផ្នែក​កុមារ​នៃ​មន្ទីរពេទ្យ​ខេត្តតាកែវ បានឱ្យដឹងថា ការអនុវត្ត​គម្រោង TB-Speed គឺ​មន្ទីរពេទ្យ​ត្រូវ​ស្រាវ​​ជ្រាវ​រក​ជំងឺរបេង​បន្ថែម​លើ​កុមារ​ដែលមាន​ជំងឺ​អ្វីមួយ ហើយ​បាន​យកមក​ពិនិត្យ​ព្យាបាល​។ ឧ​ទា​​ហរ​ណ៍​កុមារ​មាន​ជំងឺ​សួត គឺ​មន្ត្រី​​សុខាភិបាល​មិនមែន​ពិនិត្យ​ព្យា​​បាល​តែ​ជំងឺ​សួត​ ១ ​មុខ​ទេ ​គឺ​ត្រូវ​​រក​មេរោគ​របេង​ផងដែរ ខុស​កាល​​ពីមុន​ដែល​កុមារ​ឈឺ​ជំងឺ​អ្វី​ គឺ​ធ្វើ​រោគវិនិច្ឆ័យ​តែ​ជំងឺ​នោះ​។

​លោក​បញ្ជាក់ថា​៖ «​តាម​លទ្ធ​​ផល​ជាក់ស្តែង​ដែល​យើង​បាន​​សិក្សា​ស្រាវជ្រាវ​មើលទៅ​នៅ​មន្ទីរ​​ពេទ្យ​ខេត្តតាកែវ យើង​រកឃើញ​កុមារ​មាន​ជំងឺរបេង​ប្រមាណ ១៥០ ​ករណី ​គឺ​កុមារ​ដែល​មក​ពិគ្រោះ​ពិនិត្យ​ព្យាបាល​ជំងឺ​ស្ម័គ្រ​​ចិត្ត​ចូលរួម​សហការ​ឱ្យ​យើង​​ធ្វើការ​ស្វែងរក​ជំងឺរបេង​»​។

​លោក​ ហួត ចាន់​យុ​ដា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​​ និង​ហង់​សិន​ថ្លែងថា គោល​បំ​​ណង​នៃ​គម្រោង​ស្រាវជ្រាវ TB-Speed​ គឺ​ដើម្បី​កាត់បន្ថយ​អត្រា​មរណៈ​ក្នុងចំណោម​កុមារ តាម​​រយៈ​ការលើកកម្ពស់​ការធ្វើ​រោគ​​វិនិច្ឆ័យ​ជំងឺរបេង​ដោយ​ប្រើ​វិធី​សាស្ត្រ​ប្រកបដោយ​ភាព​ច្នៃ​ប្រ​ឌិ​ត ​និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ជាពិសេស​ការធ្វើ​វិមជ្ឈការ​នៃ​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺរបេង​ក្នុង​គោលបំណង​បង្ខិត​សេវា​ឱ្យដល់​ក្បែរ​ប្រជាជន និង​ដើម្បី​ធ្វើ​រោគ​​វិនិច្ឆ័យ​ជំងឺរបេង​ក្នុងចំណោម​កុមារ​ងាយ​រងគ្រោះ​បំផុត​។​

​លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ​នាពេលនេះ​ គឺជា​ឱកាស​តែ​ ១ ​គត់​ដើម្បី​ចែករំលែក​លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ​ដ៏​សំខាន់​នេះ​ក៏ដូចជា ការផ្លាស់ប្តូរ​ព័ត៌មាន និង​បទពិសោធ​រវាង​បុគ្គលិក​ថែទាំ​សុខភាព​អ្នក​ស្រាវ​​ជ្រាវ​តំណាង​សហគមន៍​និង​អ្នក​​ពាក់ព័ន្ធ​ទាំងអស់ ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរបេង​»​។

​បើតាម​លោក ហួត ចាន់​យុ​ដា គម្រោង TB-Speed អនុវត្ត​នៅ​កម្ពុជា​ចាប់ផ្តើម​ពី​ត្រីមាស​ទី​១ ឆ្នាំ ​២០១៧ ដល់​ត្រីមាស​ទី​១ ​ឆ្នាំ ២០២២​។ ​សម្រាប់​គម្រោង​វិមជ្ឈការ​ការស្រាវជ្រាវរ​បេង​ដល់​កម្រិត​ថ្នាក់ស្រុក​បានបង្ហាញ​នៅ​កម្រិត​មន្ទីរពេទ្យ​ស្រុក រកឃើញ​ករណី​របេង​ច្រើនជាង​មណ្ឌល​សុខភាព តែ​យុទ្ធសាស្ត្រ​នៃ​ការធ្វើ​តេស្ត​រក របេង​ដោយ​ប្រើការ​បូម​កំហាក​ដើម​ក ការយក​លាមក គឺអាច​អនុវត្ត​ទៅបាន​ទាំង​នៅ​កម្រិត​មន្ទីរពេទ្យ​និង​នៅ​មណ្ឌល​សុខភាព​។

​លោក​ ហួត ចាន់​យុ​ដា បានឱ្យដឹង​ទៀតថា ក្នុង​រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០២២ ​នេះ លទ្ធផល​បណ្តោះអាសន្ន ក្រុមការងារ​​មជ្ឈមណ្ឌលជាតិបានស្រាវជ្រាវរកឃើញ​​អ្នកមាន​ជំងឺរបេង​ចំនួន ១១ ៨៨១​ ករណី ក្នុងនោះ​របេង​កុមារ​មាន​ចំនួន ២ ៩១៤​ ករណី និង​របេង​ស៊ាំ​ថ្នាំ​ចំនួន ​៥២ ​ករណី​។ យ៉ាងណាក្ដី លោក​បញ្ជាក់ថា ​មាន​ករណី​ជំងឺរបេង​កុមារ​ថ្មី​ប្រ​មាណ​ជាង​ ១ ​លាន​ករណី​ ក្នុង​ឆ្នាំ ២០២០ នៅ​ទូទាំង​ពិភពលោក​ ប៉ុន្តែ​មាន​ករណី​ជំងឺរបេង​កុមារ​ថ្មី​តែ ៤០០ ០០០​ ករណី​ប៉ុណ្ណោះ​ ដែល​ត្រូវបាន​រាយការណ៍​។

​លោក Jacques PELLET ឯកអគ្គរដ្ឋទូត​បារាំ​ង​បានឱ្យដឹង​​ថា ស្ថានទូត​បារាំង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ក្នុងនោះ​ជួយ​តាមរយៈ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ដែល​បានរួម​ចំណែក​ដោះស្រាយ​បញ្ហា​អាទិភាព​សុខភាព​សាធារណៈ​សំខាន់ៗ នៅក្នុង​កម្ពុជា​។

​លោក​ថ្លែងថា​៖ «​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​ក្រសួងសុខាភិបាល​កប​​ដោយ​គុណភាព​ល្អឥតខ្ចោះ​អាច​​ និង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការពិនិត្យ​ឡើងវិញ​នូវ​គោល​ការ​​ណ៍​ណែនាំ​អន្តរជាតិ​ និង​ថ្នាក់ជាតិ​

​ដែល​រួមចំណែក​ដល់​ការកែលម្អ​ការការពារ ការធ្វើ​រោគវិនិច្ឆ័យ និង​ការថែទាំ​អ្នកជំងឺ​»​។​

​លោក ​Andre SPIEGEL នាយក​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​កម្ពុជា​​បានឱ្យដឹង​ដែរ​ថា ការធ្វើ​រោគ​វិ​និ​ច្ឆ័​យ​នៃ​ជំងឺរបេង​មាន​ភាព​ស្មុគ​ស្មាញ​ចំពោះ​កុមារ​ដោយសារតែ​បរិមាណ​មេរោគ​មាន​តិច​ក្នុង​កំ​​ហាក​អ្នកជំងឺ​និង​ភាពស្មុគស្មាញ​នៃ​ការប្រមូល​សំណាក ជាពិសេស​ក្មេង​ដែលមាន​វ័យ​តិចជាងគេ​។

​យ៉ាងណា លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​ TB-Speed ​និង​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត ​ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​កំពុង​អនុវត្ត​ពិតជា​អាច​រួម ចំណែក​ដល់​ការកាត់បន្ថយ​ជំងឺរបេង និង​ផ្តល់​ភ័ស្តុតាង​ផ្នែក​វិទ្យាសាស្ត្រ​ដែល​នឹង​ជំរុញ​យុទ្ធសាស្ត្រ​ជាតិ​ក្នុងការ​គ្រប់គ្រង​ជំងឺរបេង​ចំពោះ​កុមារ និង​ក្មេង​ជំទង់​នៅ​កម្ពុជា​នាពេល​អនាគត​»៕