
ជនជាតិចិន ៦ នាក់ត្រូវបានឃាត់ខ្លួន និងបន្តស្វែងរកមេខ្លោង ក្នុងករណីរកឃើញសារធាតុគីមីផ្សំផលិតគ្រឿងញៀនជាង ១៤ តោន។ រូបថត ប៉ូលិស
ព្រះសីហនុៈ នគរបាលប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនមេខ្លោងធំនៅពីក្រោយការផលិតគ្រឿងញៀន បន្ទាប់ពីបង្ក្រាបបានករណីប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀននៅ ២ ទីតាំងផ្សេងគ្នានៅខេត្តព្រះសីហនុ ដោយចាប់ឃាត់ខ្លួនជនសង្ស័យបាន ៧ នាក់ និងរឹបអូសសារធាតុគីមីផ្សំបានជាង ១៤ តោនកាលពីថ្ងៃទី ២៩ ខែមិថុនា។ នេះបើតាម លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀនថ្លែងនៅថ្ងៃទី ៥ ខែកក្កដា។
លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅរសៀលថ្ងៃទី ៥ ខែកក្កដា តំណាងអយ្យការនៅកំពុងធ្វើការសាកសួរ មិនទាន់បានសម្រេចយ៉ាងណាចំពោះជនសង្ស័យដែលជាជនជាតិចិនតៃវ៉ាន់ទាំង ៧ នាក់នោះទេ។
លោក ម៉ក់ ជីតូ បានឱ្យដឹងថា បន្ទាប់ពីទទួលបានតម្រុយសម្ងាត់ និងធ្វើការតាមដានអស់រយៈពេលជាង ២ ខែ ទើបសម្រេចធ្វើការបង្ក្រាបចាប់ខ្លួនជនសង្ស័យទាំង ៧ នាក់នោះ រួមនឹងវត្ថុតាងសារធាតុគីមីផ្សំ ផលិតគ្រឿងញៀនជាង ១៤ តោនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ចំណែកមេខ្លោងធំនៅពីក្រោយរឿងនេះ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវរកបន្តទៀត ដោយសហការជាមួយមិត្តចិន និងប៉ូលិសអាំងទែប៉ូល។ «មេខ្លោងយើងចាប់បានករណីបែបនេះភាគច្រើន សុទ្ធតែអ្នកបច្ចេកទេសដែលមកធ្វើការកែច្នៃ។ អ៊ីចឹងអ្នកទាំងនោះ មានមេខ្លោងបញ្ជាមកពីស្រុកក្រៅទៀត»។ លោកថា នៅចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ នេះមាន ៥ ករណីហើយដែលសមត្ថកិច្ចបង្ក្រាបបាន ដោយប្រមូលបានវត្ថុតាងគ្រឿងញៀនប្រមាណ ៣០០ តោន៕