កីឡា​ស៊ីហ្គេម ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៥៩ និង​ប្រារព្ធ​ឡើង​រៀងរាល់ ២ ​ឆ្នាំ​ម្ដង ក្នុង​គោលបំណង​ ដើម្បី​ធ្វើ​សហប្រតិបត្តិការ​លើកស្ទួយ​ព្រឹត្តិការណ៍​កីឡា​ក្នុង​តំបន់ និង​រឹតចំណង​មិត្តភាព និង​ការយល់ដឹង​ពីគ្នា​រវាង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ឆ្នាំ​ ២០២៣ ​ខាងមុខនេះ គឺជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​មាន​មោទនភាព​មាន​សមត្ថភាព​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពរីកចម្រើន សុខសន្ដិភាព​ក្នុង​ប្រទេស និង​ជា​ប្រវត្តិសាស្ដ្រ​ដែល​កម្ពុជា​ទទួលបាន​ទង់​បន្តវេន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ខកខាន​មិនបាន​រៀបចំ​អស់​រយៈពេល ៦៣ ​ឆ្នាំ​។ ការត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ នៅ​ឆ្នាំ​ ២០២៣ គឺជា​អាទិភាព​មួយ​ដ៏សំខាន់​ក្នុងចំណោម​អាទិភាព​ទាំង​ ៧ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ដូចនេះ​ខ្លឹមសារ​ក្នុង​អត្ថបទ​ប្រចាំខែ​កក្កដា ឆ្នាំ​ ២០២២​ នេះ​នឹង​ផ្តោត​សំខាន់​ទៅលើ​គោលនយោបាយ​ជាតិ ស្ដីពី​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា យុទ្ធសាស្ដ្រ​ឆ្ពោះទៅ​កីឡា​ស៊ីហ្គេម លើក​ទី​ ៣២ អនុវិស័យ​ការអប់រំ​កាយ​ និង​កីឡា ក្នុង​របាយការណ៍​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា ២០២០-២០២១ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា ២០២១-២០២២ និង​លទ្ធផល​របស់​កីឡាករ កីឡាការិនី​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម​លើក​ទី​ ៣១ នៅ​ប្រទេស​វៀតណាម​។

ស្របតាម​គោលនយោបាយ​ជាតិ​ស្ដីពី ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​មាន​ចក្ខុវិស័យ​ក្នុង​ការកសាង​មនុស្ស​គ្រប់រូប​ឱ្យមាន​សុខភាព និង​សុខុមាលភាព​ល្អ កាយសម្បទា​មាំមួន ឆន្ទៈ មោះមុត ការ​អំណត់​ព្យាយាម វិន័យ ស្មារតី​ក្រុម គំនិត​ច្នៃប្រឌិត និង​មាន​ការតស៊ូ​ស្វិតស្វាញ សំដៅ​ដណ្ដើម​បាន​លទ្ធផល​ល្អប្រសើរ​ក្នុងការ​ប្រកួត​កីឡា​លើ​ឆាក​អន្តរជាតិ និង​មាន​ជីវភាព​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​។ គោលនយោបាយ​នេះ​មាន​គោលបំណង​លើក​កម្ពស់​សិទ្ធិ ឱកាស និង​បណ្ដុះ​វប្បធម៌ អប់រំ​កាយ និង​កីឡា​ដល់​ប្រជាជន​គ្រប់រូប និង​មាន​គោលដៅ​ដូចជា​៖ (១) អភិវឌ្ឍ​កីឡា​សម្រាប់​ទាំងអស់​គ្នា (២) អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​នៅ​គ្រប់​គ្រឹះស្ថាន​សិក្សា និង​សហគមន៍ (៣) អភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់ និង (៤) អភិវឌ្ឍ​ឧស្សាហកម្ម​កីឡា និង (៥) អភិរក្ស និង​អភិវឌ្ឍ​កីឡា និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​។ ដើម្បី​សម្រេច​គោលបំណង និង​គោលដៅ​ខាងលើ​យុទ្ធសាស្ដ្រ​ចំនួន ១១ ត្រូវ​បាន​ដាក់ចេញ​ដូចជា​៖ (១) អភិវឌ្ឍ​ក្របខ័ណ្ឌ​ច្បាប់ និង​យន្ដការ (២) លើកកម្ពស់​ការអប់រំ ការបណ្ដុះ​បណ្ដាល និង​ការអភិវឌ្ឍ​សមត្ថភាព ដល់​កីឡាករ មន្ដ្រី​កីឡា និង​គ្រូ​កីឡា (៣) លើក​កម្ពស់​សមភាព​យេនឌ័រ ក្នុងចំណោម​កីឡាករ មន្ដ្រី​កីឡា និង​គ្រូ​កីឡា (៤) អភិវឌ្ឍ​កីឡា​ជនពិការ (៥) អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារ​រូបវន្ត (៦) លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ​ទាក់ទង​នឹង​កីឡា (៧) លើក​កម្ពស់​កីឡា និង​ល្បែង​ប្រជាប្រិយ ការអប់រំ​កាយ និង​កីឡា តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា (៨) ពង្រឹង​តួនាទី​របស់​អង្គការ​រដ្ឋ​កីឡា និង​អង្គការ​សង្គម​កីឡា (៩) កែសម្រួល និង​ពង្រឹង​រចនាសម្ព័ន្ធ​នៃ​ការប្រកួត (១០) ពង្រឹង​សហប្រតិបត្តិការ​អន្តរជាតិ និង​ (១១) លើកកម្ពស់​ឧស្សាហកម្ម​កីឡា​។

សិស្ស-​និស្សិត​ចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​ឧត្តមសិក្សា​នាពេល​កន្លងមក​។ រូបថត MoEys

ដើម្បី​ត្រៀមខ្លួន​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ​៣២ នៅ​ឆ្នាំ ​២០២៣ ខាងមុខ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​ឆ្ពោះទៅ​កីឡា​ស៊ីហ្គេម​លើក​ទី ​៣២ ឆ្នាំ ​២០២៣ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។ ក្នុង​យុទ្ធសាស្ដ្រ​នេះ បាន​រំលេច​ចេញ​នូវ​យន្តការ​អនុវត្ត​ឆ្ពោះទៅ​ឆ្នាំ​ ២០២៣ ការកំណត់​ប្រភេទ​កីឡា​សក្ដានុពល សម្រាប់​ដាក់បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ដូចជា​ការហាត់​ហ្វឹកហ្វឺន​ក្រុមកីឡា​ជម្រើសជាតិ​ សម្រាប់​ដណ្ដើម​មេដាយ ទាំង​ក្នុង​ប្រទេស ទាំង​ក្រៅ​ប្រទេស ការហាត់​ហ្វឹកហ្វឺន​ក្រុមកីឡា​ជនពិការ និង​គ្រូបរទេស​ជាប់កិច្ចសន្យា និង​យុទ្ធសាស្ដ្រ​ដណ្ដើម​មេដាយ​ឆ្នាំ​ ២០២៣​។ យុទ្ធសាស្ដ្រ​ឆ្ពោះទៅ​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ តាម​គន្លង​ប្រក្រតីភាព​ថ្មី​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដូចជា​៖ ការរៀបចំ​ចាក់​វ៉ាក់សាំង​ជូន​មន្ដ្រី​បច្ចេកទេស គ្រូបង្វឹក កីឡាករ ការជួសជុល​កែលម្អ​ទីលាន​ក្នុង​ពហុកីឡដ្ឋាន​ជាតិ និង​សាងសង់​ទីលានកីឡា ការរៀបចំ​បើក​វគ្គ​បំប៉ន​សមត្ថភាព​គ្រូបង្វឹក​កម្ពុជា ការបញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ហាត់​ហ្វឹកហ្វឺន​នៅក្រៅ​ប្រទេស ការរៀបចំ​អាហារូបត្ថម្ភ​ឱ្យ​សមស្រប​ទៅតាម​តម្រូវការ​ថាមពល​នៃ​ប្រភេទ​កីឡា​នីមួយៗ​ជំរុញ​ឱ្យ​សហព័ន្ធ​ជាតិ​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​ស្នើសុំ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម​ផ្ដល់​ឱកាស​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​ចូលរួម​ប្រកួត​ជើងឯក​ក្នុង​តំបន់​ទ្វីប និង​ពិភពលោក​។ ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ​៣២ ឆ្នាំ​ ២០២៣ នឹងមាន ៤០ ប្រភេទ​កីឡា និង ៥៤៧ វិញ្ញាសា គោលដៅ​សំខាន់​គឺ​ការរៀបចំ​ការប្រកួត​ឱ្យ​បាន​ល្អប្រសើរ និង​គឺ​ការដណ្ដើម​មេដាយមាស​ឱ្យបាន​ច្រើន​។ ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្រោម​មូលបទ «​កីឡា​រស់ក្នុង​សន្តិភាព​» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ដល់ ថ្ងៃទី​ ១៧ ខែឧសភា ឆ្នាំ​ ២០២៣ ដោយ​បែងចែក​តំបន់​ប្រកួត​កីឡា​ស៊ីហ្គេម​ចំនួន ៦​ តំបន់ ដូចជា (១) តំបន់​រាជធានី​ភ្នំពេញ មាន ​៦​ ទីតាំង (២) តំបន់​ខេត្ត​សៀមរាប ទីតាំង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​អង្គរវត្ត (៣) តំបន់​ខេត្ត​ព្រះសីហនុ ទីតាំង​ឆ្នេរ​អូរ​ឈើទាល (៤) តំបន់​ខេត្ត​កែប ទីតាំង​ឆ្នេរកែប (៥) តំបន់​ខេត្តកំពត ទីតាំង​មជ្ឈមណ្ឌល​កីឡា​លើទឹក និង (៦) តំបន់​ខេត្ត​កំពង់ស្ពឺ ទីតាំង​ឧទ្យាន​ជាតិ ភ្នំ​គីរីរម្យ​។

សូម​រំលឹក​ផងដែរ​ថា ថ្មីៗ​នេះ​កីឡាករ កីឡាការិនី​កម្ពុជា​ទើប​តែ​បញ្ចប់​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣១ នៅ​ប្រទេស​វៀតណាម ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ធៀប​ទៅនឹង​លទ្ធផល​ឆ្នាំ​ចាស់​។ ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣០ នៅ​ហ្វីលីពីន កម្ពុជា​ទទួល​បាន​មេដាយមាស ៤ ​គ្រឿង ប្រាក់ ៦ ​គ្រឿង និង​សំរឹទ្ធ ៣៦ ​គ្រឿង ចំណែកឯ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣១ នៅ​ប្រទេស​វៀតណាម កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន ៦៣ ​គ្រឿង ដោយ​ក្នុង​នោះ​មេដាយមាស​ចំនួន ៩ មេដាយប្រាក់​ចំនួន ១៣ និង​មេដាយ​សំរឹទ្ធ​ចំនួន ៤១ ដោយ​ឈរលើ​ចំណាត់ថ្នាក់​លេខ ៨ ក្នុង​ចំណោម ១១ ប្រទេស​។ នេះ​សបញ្ជាក់​ឱ្យឃើញថា វិស័យ​អប់រំ​កាយ និង​កីឡា​បាន​កំពុងតែ​មាន​ការរីកចម្រើន និង​មាន​ការជួយ​ជ្រោមជ្រែង​ដល់​សំណាក់​គ្រូបង្វិក កីឡាករ កីឡាការិនី​ពី​សំណាក់​ដៃគូ​ពាក់ព័ន្ធ​គ្រប់​វិស័យ និង​ដៃគូ​អភិវឌ្ឍ​នានា​ផងដែរ​។ ការអប់រំ​កាយ និង​កីឡា​របស់​កម្ពុ​ជាមាន​មហិច្ឆតា​ចង់បាន​ចំណាត់ថ្នាក់​លេខ ៥ ក្នុង​ចំណោម ១១ ប្រទេស សម្រាប់​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ នៅ​ប្រទេស​កម្ពុជា​។

ជារួម​ដើម្បី​ឆ្លើយតប និង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ គ្រូបង្វិក កីឡាករ កីឡាការិនី និង​ដៃគូ​ពាក់ព័ន្ធ​គ្រប់​វិស័យ​ត្រូវ​រួម​សាមគ្គី សហការ និង​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​បំពេញ​ការងារ​តាម​តួនាទី​ភារកិច្ច​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​កាយ និង​កីឡា​នៅ​កម្ពុជា​។ សូម​ជូនពរ​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​សម្រេច​បាន​នូវ​គោលបំណង និង​ទទួល​បាន​លទ្ធផល​ល្អៗ​ក្នុងការ​ប្រកួត​នានា​ខាងមុខ​៕

ការហាត់​យោគៈ​ដើម្បី​អបអរ​ការ​ប្រារព្ធ​ទិវា​យោគៈ​អន្តរជាតិ​។ រូបថត MoEys