
បុរសចំណាស់ម្នាក់ កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្នុងខណ្ឌជ្រោយចង្វារ កាលពីខែមករា ឆ្នាំ ២០២២។ ហុង មិនា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា សញ្ញាណនៃការកើតឡើងនៃមេរោគកូវីដ ១៩ នៅទូទាំងពិភពលោក និងក្នុងតំបន់ ហាក់មានការងើបឡើងវិញ ដែលលោកបានធ្វើការរំលឹក និងអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ត្រូវប្រុងប្រយ័ត្ននិងការពារឱ្យបានខ្ពស់ ដោយមិនត្រូវមានការធ្វេសប្រហែសនោះឡើយ ប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជា មិនមានតម្រូវការណាមួយក្នុងការបិទប្រទេស ឬបិទរោងចក្រ ឬសាលារៀននោះឡើយ។
លោកនាយករដ្ឋមន្រ្តី បានថ្លែងដូចនេះ កាលពីថ្ងៃទី ០៦ ខែកក្កដា ក្នុងពិធីសំណេះសំណាលជាមួយនឹងប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម ដោយលោកបានបញ្ជាក់ថា កូវីដមានការងើបឡើងវិញហើយបានកំពុងដាក់ពិភពលោកក្នុងស្ថានភាពមិនធម្មតា ដែលនៅខាងអឺរ៉ុប បារាំង និងអុីតាលី បានប្រកាសថា ជារលកទី៧ ដែលមានអ្នកឆ្លងជាង ១០ ម៉ឺននាក់ក្នុងមួយថ្ងៃ។
លោកមានប្រសាសន៍ថា៖ «ចំនួននៃការឆ្លងខ្ពស់ឬទាប ប្រសិនបើយើងមានការប្រហែសតែមួយភ្លែត គឺនឹងមានការពិបាក បើផ្ទុះឡើងវិញនឹងមានបញ្ហាធំ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំសុំបញ្ជាក់ថា យើងមិនមានការចាំបាច់ណាមួយក្នុងការបិទប្រទេស សាលារៀន រោងចក្រ ឬទីតាំងណាមួយនោះទេ»។
កន្លងមក កម្ពុជាធ្លាប់បានធ្វើដោយបិទខ្ទប់នៅតាមគោលដៅខ្លះ ប៉ុន្តែមកដល់ពេលនេះកម្ពុជាមិនមានតម្រូវការបិទខ្ទប់ទៀតនោះទេ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនបានចាក់វ៉ាក់សាំងរួចហើយ។
លោក ហ៊ុន សែន បញ្ជាក់ថា ៖ «យើងក៏គ្មានតម្រូវការក្នុងការធ្វើចត្តាឡីស័ក សម្រាប់អ្នកធ្វើដំណើរមកពីក្រៅប្រទេសផងដែរ។ សូមបងប្អូនកុំមានការកង្វល់ថា យើងនឹងមានការបិទរោងចក្រ ឬបិទសាលានោះ គឺយើងមិនមាននោះឡើយ តែអ្វីដែលខ្ញុំត្រូវការ គឺត្រូវទៅទទួលយកវ៉ាក់សាំងកូវីដ១៩តាមការកំណត់របស់ក្រសួងសុខាភិបាល»។
លោក ហ៊ុន សែន ក៏បានស្នើឱ្យរោងចក្រ សហគ្រាស ឬអាជ្ញាធរ ត្រូវគិតពីសុវត្ថិភាពរបស់កម្មករ ប្រជាពលរដ្ឋដែលស្ថិតក្នុងសង្កាត់ ឬភូមិ ឃុំរបស់ខ្លួន។
លោកថា៖ «រដ្ឋមន្រ្តីនានា ក៏ត្រូវតែគិតពីមន្រ្តីរបស់ខ្លួន បណ្តាក្រុមហ៊ុននានា ត្រូវគិតពីកម្មករ បុគ្គលិករបស់ខ្លួន ដោយជំរុញលើកទឹកចិត្ត ឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ឬក៏ស្នើសុំគ្រូពេទ្យចុះទៅចាក់នៅក្រសួងតែម្តង។ គ្មានអ្វីល្អជាងវ៉ាក់សាំងទេ។ ខ្ញុំនៅអង្វរកដល់ប្រជាពលរដ្ឋឱ្យទទួលយកការចាក់វ៉ាក់សាំង ដោយសារគ្មានជម្រើសណាល្អជាងនេះទេ»។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានធ្វើការក្រើនរំលឹកពីការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញដល់បុគ្គលិកអប់រំ និងអ្នកសិក្សាគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទូទាំងប្រទេស។
លោកបានលើកឡើងតាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី ០៥ ខែកក្កដាថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិកអប់រំ និងអ្នកសិក្សានៅទូទាំងប្រទេស ដែលមានគម្លាតចាប់ពី ៤ ខែឡើងទៅ។
លោក ហង់ជួន ណារ៉ុន បានបន្ថែមថា៖ «សូមទៅទទួលការចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានសុខាភិបាលនៅជិតគ្រឹះស្ថានសិក្សា ឬនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី០៦ ខែកក្កដាថា ផ្អែកតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ទាំង ២៥ ខេត្ត-រាជធានី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភាគច្រើន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងហោចណាស់ក្នុងម្នាក់៤ដូសរួចរាល់។
លោកបានប្រាប់ថា៖ «ក្រសួងអប់រំ សូមជំរុញឱ្យបុគ្គលិកអប់រំ អ្នកសិក្សា មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ បន្តចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ស្របតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី»។
ក្រសួងអប់រំ បាននិងកំពុងបន្តអនុវត្តការរៀននិងបង្រៀនពេញលេញនៅទូទាំងប្រទេស ដោយបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំដើម្បីធានាសុវត្ថិភាព សុខភាព សិក្សានៃដំណើការគ្រឹះស្ថានសិក្សាសាធារណ:និងឯកជន តាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ពិសេសវិធានការ ៣ការពារ ៣កុំ។
នាព្រឹកថ្ងៃទី ៦ កក្កដានោះដែរ កម្ពុជាបានសម្រេចចូលរួមជាមួយនឹងអាស៊ានដោយលោក ហ៊ុន សែន បានចូលរួមក្នុងក្របខណ្ឌអាស៊ានដែលហៅថា «ស្តុកវេជ្ជសាស្រ្តបម្រុងរបស់អាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ» ។
លោក ហ៊ុន សែន បានសម្រេចផ្តល់នូវសម្ភារនិងថវិកាចូលរួមជាមួយនឹងបណ្តាប្រទេសអាស៊ានដទៃទៀតតាមលទ្ធភាព ក្នុងនោះរួមមាន ម៉ាស់ធម្មតា ចំនួន ២ លានម៉ាស់ ម៉ាស់ N ៩៥ ចំនួន ២០ ម៉ឺន ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ ៣០០ គ្រឿង ម៉ាស៊ីនតាមដានជីវិត ១០០ គ្រឿង និងថវិកា ១ លានដុល្លារ សម្រាប់ស្តុកបម្រុង៕