កំពង់ចាមៈ សិស្សានុសិស្សជាង ៤០ នាក់ រៀននៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីចុងខែមិថុនា រហូតដល់ដើមខែកក្កដានេះ ដោយមូលហេតុខ្លះថប់ដង្ហើម ខ្លះរកឃើញថា កង្វះជាតិស្ករ និងមួយចំនួនទៀតដោយសារភ័យស្លន់តគ្នា។
ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលើ លោក ជា អ៊ាកឆាយ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ កក្កដាថា ហេតុការណ៍នេះកើតឡើងជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៩ ខែមិថុនា រហូតដល់ថ្ងៃទី ៥ ខែកក្កដា។
លោកបានឱ្យដឹងថា កាលពីថ្ងៃទី ២៩ មិថុនា មានសិស្សសន្លប់ចំនួន៥នាក់ រហូតដល់ថ្ងៃទី ១ ខែកក្កដា មានករណីសន្លប់ ៧ នាក់ ថ្ងៃទី ២ សន្លប់ ៤ នាក់ ថ្ងៃទី ៤ សន្លប់ ៧ នាក់ និងថ្ងៃទី ៥ ខែកក្កដា មានករណីសន្លប់រហូតដល់ចំនួន ១៥ នាក់ ដែលសរុបទាំងអស់មាន ៤៤ នាក់ (ស្រីទាំងអស់)។
លោកបញ្ជាក់ថា៖ «មូលហេតុបឋមចម្បងៗ អាចបណ្តាលមកពីកត្តាផ្សេងៗគ្នា ដោយទី១ កត្តាអារម្មណ៍ ដោយឃើញសិស្សនារីម្នាក់ដំបូងថប់ដង្ហើមសន្លប់ (ប្រវត្តិមានជំងឺបេះដូង ឧស្សាហ៍ហត់ ថប់ដង្ហើម)។ ខ្លះអត់ញ៉ាំអាហារពេលព្រឹក ហេវ អត់ងងុយ ដោយសារប្រឹងរៀន និងកត្តាទី៤ បរិយាកាសមិនសូវល្អ ដោយសារមានធូលីហុយ ផ្លូវជាតិលេខ ៧១C កំពុងឈូសឆាយធ្វើផ្លូវជាដើម»។
លោកបន្តថា គិតត្រឹមព្រឹកថ្ងៃទី ៦ ខែកក្កដា ពុំមានសិស្សានុសិស្សសន្លប់ទៀតទេ ហើយអ្នកសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើមានចំនួន ៨ នាក់ ក្រៅពីនោះ បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញអស់ហើយ។ ទោះយ៉ាងណា លោកបានណែនាំដល់សិស្សានុសិស្សទាំងនោះ គេងឱ្យបានគ្រប់គ្រាន់ អនាម័យខ្លួនប្រាណ ញ៉ាំអាហារគ្រប់គ្រាន់ដែលមានជីវជាតិ និងមានអនាម័យ និងផ្អាកសាលារៀនមួយរយៈសិន រហូតដល់ស្ថានភាពប្រសើរ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា កាលពីថ្ងៃទី ៥ ខែកក្កដា បានដឹកនាំសហការី អញ្ជើញចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ ដើម្បីសួរសុខទុក្ខ ក៏ដូចជាត្រៀមវិធានការនានាក្នុងការទប់ស្កាត់ កុំឱ្យករណីនេះកើតមានបន្តទៀត។ បើតាមលោកអភិបាលខេត្ត មូលហេតុបឋមនៃការដួលសន្លប់នេះមានកត្តាផ្សេងគ្នា ដោយខ្លះភ័យ ខ្លះអស់កម្លាំងជាដើម។
លោកបញ្ជាក់ថា៖ «មូលហេតុពេទ្យរបស់យើងបានដឹងច្បាស់ហើយ សិស្សខ្លះមិនបានហូបបាយពេលព្រឹក។ មួយទៀតគាត់រៀនច្រើនពេក អត់ងងុយផងធ្វើឱ្យអស់កម្លាំង កង្វះជាតិស្ករក្នុងខ្លួន។ មួយទៀត ការសន្លប់នោះមិនចោទជាបញ្ហាធ្ងន់ធ្ងរទេ គឺដោយសារគាត់ស្លន់ ទើបសន្លប់បន្តគ្នា បើតាមក្រុមគ្រូពេទ្យថាជំងឺផ្លូវចិត្តច្រើនជាង»។
យ៉ាងណាក៏ដោយ លោកថា ក្រុមការងារជំនាញពាក់ព័ន្ធកំពុងតាមដានរកហេតុផលផ្សេងៗទៀតដើម្បីរកវិធានការទប់ស្កាត់ កុំឱ្យមានបញ្ហានេះកើតឡើងនៅវិទ្យាល័យស្ពឺបន្តទៀត។
លោកបន្ថែមថា៖ «វិធានការចំពោះមុខ ក្រុមការងារថ្នាក់ខេត្ត ហើយខាងជំនាញពិនិត្យគុណភាពចំណីអាហារ បានចុះទៅពិនិត្យបន្ថែម ដើម្បីឱ្យបានរបាយការណ៍ពេញលេញ ហើយដាក់ចេញវិធានការបន្ត»៕