The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការប្រារព្ធ​ពិធី​រុក្ខទិវា ​៩ ​កក្កដា ​ឆ្នាំនេះ ​នឹង​ធ្វើ​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ ​និង​ស្តារ​ព្រៃឈើ​សំបួរមាស ​ខេត្ត​បាត់ដំបង​ ដោយ​ដាំ​កូនឈើ​ជាង ​១ ម៉ឺន ​៣ ពាន់​ដើម

ការប្រារព្ធ​ពិធី​រុក្ខទិវា ​៩ ​កក្កដា ​ឆ្នាំនេះ ​នឹង​ធ្វើ​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ ​និង​ស្តារ​ព្រៃឈើ​សំបួរមាស ​ខេត្ត​បាត់ដំបង​ ដោយ​ដាំ​កូនឈើ​ជាង ​១ ម៉ឺន ​៣ ពាន់​ដើម

Content image - Phnom Penh Post
ការប្រារព្ធទិវាដាំដើមឈើ នៅខេត្តស្ទឹងត្រែង នាថ្ងៃទី ៥ កក្កដា។ រូបថត រដ្ឋបាលខេត្តស្ទឹងត្រែង

ការប្រារព្ធ​ពិធី​រុក្ខទិវា ​៩ ​កក្កដា ​ឆ្នាំនេះ ​នឹង​ធ្វើ​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ ​និង​ស្តារ​ព្រៃឈើ​សំបួរមាស ​ខេត្ត​បាត់ដំបង​ ដោយ​ដាំ​កូនឈើ​ជាង ​១ ម៉ឺន ​៣ ពាន់​ដើម

បាត់ដំបងៈ ពិធី​ប្រារព្ធ​រុក្ខទិវា ​៩ ​កក្កដា ​ឆ្នាំ ២០២២ ​នេះ ​ថ្នាក់​ជាតិ ​នឹង​ធ្វើឡើង​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ ​និង​ស្តារ​ព្រៃឈើ​សំបួរ​មាស ​ស្ថិត​ក្នុង​ភូមិ​សំបួរមាស​ ឃុំស្នឹង ​ស្រុកបាណន់ ​ខេត្ត​បាត់ដំបង ​ដោយ​ដាំ​កូនឈើ​សរុប​ចំនួន​ ១៣ ១០០ ដើម ​លើ​ផ្ទៃដី​ ១០ ហិកតា ​ខណៈ​បណ្តា​រាជធានី​-ខេត្ត​ផ្សេងៗ​ ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រារព្ធ​ពិធី​រុក្ខទិវា ​ដោយ​មាន​ទីតាំង ​អ្នកចូលរួម ​និង​ចំនួន​កូនឈើ​តាម​ជាក់​ស្តែង។ នេះ​បើ​តាម​លោក​សួន សុវណ្ណ ​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ ​នៅ​ថ្ងៃទី៦ ​ខែកក្កដា។

លោក​ សួន សុវណ្ណ ​ប្រាប់ថា ​ពិធី​រុក្ខទិវា ​៩ ​កក្កដា ​នៅ​ខេត្ត​បាត់ដំបង​នេះ ​នឹង​ធ្វើឡើង ​ក្រោម​ព្រះរាជ​ធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ពី​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ កូនឈើ​ដែល​ត្រូវដាំ ​រួមមាន​ធ្នង់​ ៤ ០០០ ដើម​ គ្រញូង​ ២ ២០០ ដើម​ ច្រេស​ ១ ៥០០ ដើម​ ឈើទាល ​១៤០ ដើម ​ម៉ៃសាក់​ ៦០០ ដើម ​គីនីន​ ២ ០០០ ដើម ​និង​ប្រេងខ្យល់​ ២ ៦៦០ ដើម។ ​

លោក​ប្រាប់ថា ​ការដាំ​កូនឈើ​នេះ ​មិនមែន​ធ្វើឡើង​ដើម្បី​តែ​អបអរសាទរ​ រុក្ខទិវា​ ៩ ​កក្កដា ​នោះ​ទេ ​ក៏​ដើម្បី​បំផុស​ស្មារតី​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ឱ្យ​ចូលរួម​ដាំ​ដើមឈើ ​ដើម្បី​បង្កើត​គម្រប​ព្រៃឈើ ​និង​បរិស្ថាន ​ចូល​រួមរក្សា​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ​វប្បធម៌ ​ទេសចរណ៍ ​ការសិក្សា​ស្រាវជ្រាវ ​ប្រព័ន្ធ​ការពារ​ដីជម្រាល ​និង​ជីវចម្រុះ។ ជាមួយ​គ្នានោះ ​លោក​ក៏បាន​ស្នើ​សុំ​ឱ្យ​បញ្ឈប់​គ្រប់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ ​ការបរបាញ់​ ដាក់​អន្ទាក់​សត្វ​ដោយ​ខុសច្បាប់​ផង​ដែរ។

លោក​ថ្លែងថា​៖ «យើង​ធ្វើ​ម៉េច​រក្សា​ការពារ​ឱ្យបាន​នូវ​ធនធាន​ព្រៃឈើ​សម្រាប់​កូនចៅ​យើង​ជំនាន់​នេះ ​និង​ជំនាន់​ក្រោយៗ​ទៀត ​ហើយ​ក៏សូម​បង​ប្អូន​ទាំងអស់​ចូលរួម​ដាំ​ដើមឈើ​គ្រប់​ប្រភេទ ​គ្រប់​រូបភាព ​ជាលក្ខណៈ​គ្រួសារ ​នៅតាម​ដងផ្លូវ​ជាតិ ​ប្រឡាយ​ ភូមិឋាន​នានា ​ភ្លឺស្រែ ​ចម្ការ ​លំនៅ​ឋាន ​មន្ទីរពេទ្យ ​សាលារៀន ​វត្តអារាម ​ទីសាធារណៈ ​ដើម្បី​រួមចំណែក​រក្សា​លំនឹង​ធម្មជាតិ»។

លោក ​សឿម ប៊ុនរិទ្ធិ ​អភិបាលរង ​និង​ជាអ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង ​ឱ្យដឹង​នៅ​ថ្ងៃទី ៦ ​កក្កដាថា ​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​រៀបចំ​សម្អាត​ទីកន្លែង​រួចរាល់​ហើយ​សម្រាប់​ត្រៀម​រៀបចំ​ពិធី​រុក្ខទិវា ​៩ ​កក្កដា។ លោក​ថា ​ការដាំ​កូនឈើ​នេះ ​ធ្វើ​ឡើង​ដើម្បី​ជានិមិត្តរូប​បង្ហាញ​ ផ្សព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ ​នៅ​មូលដ្ឋាន​ឱ្យចេះ​ស្រឡាញ់​ការពារ​ព្រៃឈើ ​បរិស្ថាន ​ដោយ​កំណត់​ចំនួន​អ្នក​ចូលរួម​ប្រមាណ​ជាង ​២ ០០០ នាក់។ ​

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ ​លោក​ ប៉ែន លីណាត ​អភិបាលរង ​និង​ជាអ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ក្រចេះ​ឱ្យដឹង​ដែរថា ​រដ្ឋបាល​ខេត្ត​ក្រចេះ ​ក៏​បាន​ធ្វើ​ការដាំ​កូនឈើ​ចំនួន ​១ ០០០ ដើម ​ដើម្បី​អបអរ​រុក្ខទិវា​ផង​ដែរ។ ការដាំ​កូនឈើ​ទាំងនោះ​ ធ្វើឡើង​នៅ​ថ្ងៃទី ៥ ​កក្កដា ​នៅ​ឃុំ​ឫស្សីកែវ ​ស្រុក​ព្រែក​ប្រសព្វ ​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ​ឱ្យចូល​រួម​ដាំ​កូនឈើ ​និង​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​ព្រៃ​ឈើ។

លោក​ថ្លែងថា​៖ «ខេត្ត​ក្រចេះ​តាំងពី​មាន​ការដាំ​មក ​យើង​ដាំបាន​ជាង​ ២០ ម៉ឺន​ដើម ​ហើយ​ដើម​ឈើ​ដែល​ដាំ​កន្លង​មក​លូតលាស់​បាន​ល្អ។ យើង​មាន​ការថែទាំ​ពី​ផ្នែក​ជំនាញ ​ក៏ដូចជា ​អាជ្ញាធរ។ ទោះបី​មាន​ការងាប់​ខ្លះ ​ប៉ុន្តែ​ផ្នែក​ជំនាញ​បានធ្វើ​ការជួស​ជុល ​ដាំ​កន្លែង​ណា​ដែល​ងាប់ ​យើង​ដាំ​ជួស​វា​ឡើង​វិញ»។

លោក​ ទា គឹមសុទ្ឋ ​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​សៀមរាប ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី៦ ​កក្កដា ​ថា​មន្ទីរ​បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​បន្ទាយស្រី ​ដាំ​កូនឈើ​ទាល​ចំនួន​៥ ៥០០ដើម ​កាលពី​ថ្ងៃទី៥ ​ខែកក្កដា ​នៅ​លើ​ផ្ទៃដី​៥ហិកតា ​នៅ​ភូមិ​ត្រពាំង​ថ្ម ​ឃុំ​ឃុនរាម​ ស្រុក​បន្ទាយ​ស្រី ​ដែលជា​ទីតាំង​ព្រៃ​រេចរិល​ និង​ធ្លាប់​រង​ការគំរាម​កំហែង​ បង្ក​ឡើង​ដោយ​ជន​ខិលខូច​លួច​ដុត​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផង​ដែរ។

លោក​ ទុំ នីរ៉ូ ​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ខេត្ត​ស្ទឹងត្រែង ​ឱ្យដឹង​ដែរថា ​ក្នុង​ការអបអរ ​រុក្ខទិវា ​៩ ​កក្កដា ​សម្រាប់​ខេត្ត​ស្ទឹងត្រែង​បាន​ដាំ​ដើមឈើ​ចំនួន​ ១ ០៨០ ដើម។ ​ក្នុង​ឆ្នាំ ២០២២ ​នេះ ​រដ្ឋបាល​ខេត្ត​បានកំណត់​យក​ទីតាំង​នៅ​បរិវេណ​រមណីយដ្ឋាន​សហគមន៍​ព្រៃ​ភ្នំ​ឈ្ងោក​ ក្នុង​ភូមិសាស្រ្ត​ភូមិឆ្វាំង ​ឃុំ​សំអាង ​ស្រុក​ថាឡាបរិវ៉ាត់ ​ខេត្ត​ស្ទឹងត្រែង ​ដើម្បី​ប្រារព្ធ​ពិធី​ដាំដើម​ឈើ ​និង​ចែក​ដើម​ឈើ។

លោក​បញ្ជាក់ថា ​ដើម​ឈើ​ទាំងនោះ​រួមមាន​ដើម​គ្រញូង​ចំនួន​ ៥០០ ដើម ​បេង​ចំនួន​ ១៨០ ដើម ​ក្ងោក​ចំនួន​ ៣០០ ដើម ​និង​ស្វាយ​កែវរមៀត​ចំនួន​ ១០០ ដើម ​សរុប​ទាំងអស់​ចំនួន​ ១ ០៨០ ដើម។ ដោយ​ឡែក ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ​ក៏បាន​ប្រគេន​កូនឈើ​ដល់​ព្រះសង្ឃ ​និង​ចែក​កូនឈើ​ដល់​សហគមន៍ ​សាលា​រៀន ​និង​ប្រជាពលរដ្ឋ​ចំនួន​ ៥ ០០០ ដើម​ ដើម្បី​ធ្វើការ​ដាំដុះ​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍