
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារនាពេលកន្លងមក។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៦ ខែកក្កដា បានថ្លែងជាសាធារណៈ ទៅកាន់ស្ត្រីខ្មែរមួយចំនួន ដែលនិយមលេងក្នុងបណ្ដាញសង្គម Tik Tok ដោយសុំឱ្យកែប្រែកិរិយាមារយាទ ដែលបានប្រើសម្ដីនិងកាយវិការ អាសអាភាស ដែលប្រាសចាកពីប្រពៃណី និងវប្បធម៌ខ្មែរ។
លោកថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយនឹងប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមថា៖ «ខ្ញុំសង្កេតឃើញថា ក្មួយៗស្ត្រីៗខ្មែរមួយចំនួនដូចជាអាសអាភាសពេក ដោយចេញមកគឺចម្អេះចំអាសតែម្តង។ អ៊ីចឹងទេ ខ្ញុំសុំអង្វរករឱ្យគោរពនិងរក្សាប្រពៃណីរបស់ខ្លួន។ សូមអង្វរករ ចំពោះនាងៗ ក្មួយៗជានារី ដោយពេលខ្លះ និយាយត្រង់ៗតែម្ដងនូវពាក្យអាសអាភាស និងចម្អេះចំអាស ដែលមិនគួរឲ្យមាន ក្នុងនាមខ្លួនជាស្ដ្រីខ្មែរ»។
លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជានិងអ្នកជំនាញ ទស្សនវិជ្ជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកក៏បានសង្កេតឃើញដូចលោកនាយករដ្ឋមន្ត្រីដែរ ដោយស្ត្រីមួយចំនួនបានធ្វើនូវទង្វើមិនសមរម្យ ដើម្បីទាក់ទាញការចាប់អារម្មណ៍។
លោកថ្លែងថា៖ «នៅពេលដែលយើងរស់នៅក្នុងសង្គមមួយ គឺយើងមានតម្លៃរួមរបស់សង្គម ដែលវាចងដោយនិយាមសង្គមឬច្បាប់សង្គម ហើយនៅពេលដែលយើងនិយាយពីច្បាប់សង្គម គឺយើងសំដៅទៅលើសីលធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ឬវប្បធម៌របស់យើង ហើយក្រៅពីសង្គមគឺ យើងរស់នៅដោយមានច្បាប់រដ្ឋផងដែរ»។
លោក ឈត ប៊ុនថង បានបញ្ជាក់ថា អ្នកដែលរស់នៅក្នុងសង្គមមួយត្រូវរួមគ្នារក្សានូវតម្លៃជាតិ វប្បធម៌ ប្រពៃណី និងសីលធម៌ ឬច្បាប់ដែលបានចងឬបានកំណត់មក។ លោក ថា មនុស្សទាំងអស់គ្នាដែលជាសមាជិកសង្គមក្នុងប្រទេសកម្ពុជា ឬប្រទេសផ្សេងៗក្តី ត្រូវតែយល់ដឹងថា សព្វថ្ងៃនេះមានសង្គមចំនួន ២ ទី១ គឺសង្គមជាក់ស្តែង និងទី២ ជាសង្គមឌីជីថលឬបណ្តាញសង្គម ដែលពិភពលោកទាំងមូលអាចមើលឃើញអ្វីដែលអ្នកណាមួយបានបង្ហាញ។
លោកបានថ្លែងថា៖ «ខ្ញុំយល់ថា គួរតែបង្កើននូវការអប់រំ ការពន្យល់ ការបកស្រាយនិងការផ្សព្វផ្សាយបន្ថែមទៀតនៅតាមសាលារៀន និងតាមបណ្តាញសង្គម ជាពិសេសក្រសួងអប់រំ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធជាដើមដែលត្រូវបង្កើតកម្មវិធីអប់រំ និងផ្សព្វផ្សាយឱ្យបានច្រើនដើម្បីលុបទៅលើអ្វីដែលមិនល្អកើតឡើងនោះ។ ការអប់រំ គឺជាចំណុចសំខាន់និងប្រសើរបំផុត ដែលនឹងធ្វើឱ្យរូបភាពឬសកម្មភាពមិនល្អទាំងនោះសាបរលាប ប៉ុន្តែត្រូវមានការអប់រំនិរន្តរភាពនិងទូលំទូលាយ ហើយបើមិនមានការអប់រំទេ រឿងនោះនឹងនៅតែកើតមានដដែល ហើយនិងបន្តកើតឡើងទៅមុខទៀត»៕