ភ្នំពេញៈ មកទល់​ពេលនេះ រដូវវស្សា​បាន​ចូលមក​ដល់​ហើយ​ដោយ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពេញ​ផ្ទៃ​ប្រទេស​។ ទន្ទឹមនឹងនេះ តើ​លោកអ្នក​បាន​ត្រៀមខ្លួន​ ដើម្បី​បង្ការ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​ទឹកជំនន់​ សម្រាប់​ក្រុមគ្រួសារ និង​សហគមន៍​របស់​អ្នក​ហើយ​ឬ​នៅ​? ព្រោះ​ក្រសួង​ធនធាន​ទឹក និង ឧតុនិយម​បាន​ព្យាករ​ហើយ​ថា​នៅ​ឆ្នាំនេះ​នឹងមាន​ទឹកជំនន់​មធ្យម​កើតឡើង ទាមទារ​ឱ្យមាន​ការ​ប្រុងប្រយ័ត្ន និង​បង្ការ​ទុកជាមុន​។

ទឹកជំនន់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កើតចេញ​ពី​ប្រភព​ ២​ សំខាន់ គឺ​ជំនន់​ទឹកទន្លេ និង​ជំនន់​ទឹកភ្លៀង​។ ជំនន់​ទឹកទន្លេ​កើតឡើង​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ច្រើន​ក្នុង​ផ្ទៃ​អាង​ទន្លេមេគង្គ ហើយ​បាន​ប្រមូលផ្តុំ​ហូរ​ធ្លាក់ចុះ​មកក្រោម​កាត់​តាម​ប្រទេស​ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជំនន់​ទឹកទន្លេ​នេះ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តាម​តំបន់​ជួរ​ភ្នំ និង​ខ្ពង់រាប ព្រម​ទាំង​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​ទន្លេមេគង្គ ដែល​បង្ក​ផលប៉ះពាល់​ដល់​ខេត្ត​ស្ថិតនៅ​ជុំវិញ​បឹង​ទន្លេសាប តាម​បណ្តោយ​ទន្លេមេគង្គ និង​ខេត្ត​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​។

ជា​រៀងរាល់ឆ្នាំ​ជំនន់​ទឹក​ទនេ្ល​បាន​ជន់​លិច​ផ្នែក​ខ្លះ​នៃ​ខេត្ត​ស្ទឹងត្រែង រតនគិរី ក្រចេះ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ធំ សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ក្នុងពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់ព្យុះ និង​ការកកើតឡើង​នូវ​ប្រព័ន្ធ​វិសម្ពាធ​ត្រូពិក​។

រីឯ​ជំនន់​ទឹកភ្លៀង​កើតឡើង​ដោយសារ​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ក្នុង​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​អាង​ស្ទឹង​ស្ថិតនៅ​ជុំវិញ បឹង​ទន្លេសាប និង​ដៃទន្លេ​មេគង្គ ដែល​បណ្ដាល​ឱ្យ​បាត់បង់​សមត្ថភាព​ផ្ទុក​ទឹក​របស់​ទន្លេ ស្ទឹង បឹង បង្ក ឱ្យមាន​ការ​លិច​ជុំវិញ​តំបន់​នោះ​។ ជាទូទៅ ជំនន់​ទឹកភ្លៀង​កើតឡើង​រហ័ស ហើយ​ស្រក​វិញ​ក៏​លឿន​ផងដែរ​។ ជារឿយៗ ជំនន់​នេះ​បាន​បង្ក​ការខូចខាត​ដល់​ផល​ដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ជាពិសេស​តំបន់​នៅតាម​ដៃទន្លេ​មេគង្គ តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​វាលទំនាប​។

ទឹកជំនន់​ទ្រង់ទ្រាយ​ធំ​ធ្វើឱ្យ​ខូចខាត​បាត់បង់​អាយុជីវិត​មនុស្ស សត្វ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និង​ប៉ះពាល់​ដល់​ជីវភាព​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រជាជន​ទៀតផង​។ បើ​ទឹកជំនន់​ទ្រង់ទ្រាយ ធម្មតា ធ្វើឱ្យ​មាន​ផលប្រយោជន៍​ដល់​ការចិញ្ចឹម​ជីវិត​របស់​ប្រជាជន​ធ្វើឱ្យ​ដី​មាន​សំណើម និង​មាន​ជីវជាតិ​បង្គ្រប់​ឡើងវិញ​នូវ​ទឹក​ក្នុង​ដី និង​ផ្នែក​ខាងលើ ដែលជា​ប្រយោជន៍​សម្រាប់​ដំណាំ​កសិកម្ម និង​ប្រព័ន្ធ​ជីវចម្រុះ សម្រាប់​ពពួក​ត្រី​ដែល​ប្រជាជន​តាម​ដង​ទន្លេ​ពឹង​ផ្អែកលើ​ការចិញ្ចឹម​ជីវិត​របស់​ពួកគេ​។

ទោះជា​យ៉ាងណា គ្រោះ​ទឹកជំនន់​កន្លងមក ច្រើន​ក្លាយ​ជា​ហេតុការណ៍​អាក្រក់ ធ្វើឱ្យ​ប្រឈម​នឹង​គ្រោះមហន្តរាយ​។ តាម​តួលេខ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ចាប់ពី​ឆ្នាំ​ ២០០៥ -២០២០ មាន​ចំនួន​អ្នកស្លាប់​ ៧២៩ ​នាក់​។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយមាន​កិច្ចគាំទ្រ​ពី​អង្គការ​ស្បៀង​អាហារ​ពិភពលោក ក្រោម​ការ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​បាន​សម្រេច​សាងសង់​អគារ​ទីទួល​សុវត្ថិភាព​ ៦ ​កន្លែង ក្នុង​ខេត្ត​ចំនួន​ ៣ រួមមាន ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្ត​កំពង់ធំ ដោយ​ចំណាយ​ថវិកា​ជាង​ ១​ លាន​ដុល្លារ​អាមេរិក ដើម្បី​សម្រួល​ដល់​ការស្នាក់​អាស្រ័យ​របស់​ប្រជាពលរដ្ឋ​ពេល​ជម្លៀស​ពី​ទឹកជំនន់​។ នេះ​បើតាម​លោក​ សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

លោក​បន្តថា អគារ​ទីទួល​សុវត្ថិភាព​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​ស្របតាម​បទដ្ឋាន​អន្តរជាតិ ដោយ​មាន​បំពាក់​ឧបករណ៍​ការពារ​រន្ទះ ផ្ទះបាយ បន្ទប់​សម្រាប់​បុរស និង​ស្ត្រី កន្លែង​ផ្គត់ផ្គង់​ទឹកស្អាត​ប្រើប្រាស់ កន្លែង​បោក និង​ហាល​ខោអាវ កន្លែង​លាងដៃ កន្លែង​ក្មេង​លេង ឃ្លាំង​សម្ភារ និង​ម៉ាស៊ីនភ្លើង​។ ក្នុង​ ១​ កន្លែង​អាច​ទទួល​ពលរដ្ឋ​រងគ្រោះ​ចំនួន​ពី​ ២ ០០០ ​នាក់ ទៅ ៣ ០០០ ​នាក់ រស់នៅ​ជា​បណ្ដោះអាសន្ន​។ អគារ​ទាំងនោះ​ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា​៖ «​អគារ​ទីទួល​សុវត្ថិភាព​ទាំងនេះ គឺជា​ការឆ្លើយតប​របស់​រាជរដ្ឋាភិបាល​ទៅនឹង​គ្រោះមហន្តរាយ​ទឹកជំនន់ ដើម្បី​ផ្តល់​កន្លែង​ស្នាក់អាស្រ័យ​បណ្តោះអាសន្ន​ឱ្យបាន​សមរម្យ​ពេល​ពួកគាត់​ជម្លៀស​ចេញពី​ផ្ទះសំបែង​»​។

លោក​បន្តថា ការត្រៀម​ជាមុន​សម្រាប់​បង្ការ​ហានិភ័យ​គ្រោះ​មហន្តរាយ​ទឹកជំនន់ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច និង​សង្គម​។ វិធានការ​ត្រៀម​បង្ការ​ហានិភ័យ​គ្រោះ​មហន្តរាយ​ទឹកជំនន់ ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​អនុវត្ត​នោះ​គឺមាន ការត្រៀម​បម្រុង​នូវ​ទីទួល​សុវត្ថិភាព មធ្យោបាយ សម្ភារ និង​ស្បៀងអាហារ សម្រាប់​ឆ្លើយតប​បន្ទាន់ពេល​មាន​គ្រោះទឹកជំនន់​កើតឡើង​។ ក្រៅពីនេះ គឺ​ការអនុវត្ត​នូវ​វិធាន​អនាម័យ សុខាភិបាល ដើម្បី​ថែរក្សា​សុខភាព និង​បរិស្ថាន​ក្នុង​តំបន់​ទីប្រជុំជន ទីទួល​សុវត្ថិភាព​ឱ្យបាន​ល្អប្រសើរ​ផងដែរ​។

បើតាម​លោក​ គឹមកុលមុន្នី ទួល​សុវត្ថិភាព គឺជា​សមាសភាព​ដ៏សំខាន់​មួយ​នៃ​សមត្ថភាព​របស់​សហគមន៍ ដើម្បី​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​វា​ត្រូវបាន​ប្រើប្រាស់​ចម្បង​ជា​កន្លែង​ប្រមូលផ្ដុំ សហគមន៍​សម្រាប់​បុគ្គល និង​គ្រួសារ​ទាំងឡាយណា ដែល​បាន​ទទួលរង​ការប៉ះទង្គិច​ដោយផ្ទាល់​ពី​គ្រោះទឹកជំនន់ ខណៈ​ផ្ទះ និង​ដី​របស់​ក្រុមគ្រួសារ​រស់នៅ​តំបន់​ជនបទ​ជាច្រើន​ត្រូវបាន​ប៉ះពាល់​ ដោយសារ​គ្រោះធម្មជាតិ​។ ពួកគេ​នឹងត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​បណ្តោះអាសន្ន​ទៅកាន់​ទីទួល​សុវត្ថិភាព ដែល​ពួកគេ​អាច​នាំយកទៅ​ជាមួយ​នូវ​ជំនួយ​ជីវភាព ​(​សត្វ​ចិញ្ចឹម សម្ភារ​ប្រើប្រាស់​។​ល​។​) ជាច្រើន​តាម​ការដែល​អាច​ធ្វើទៅបាន​។

ជុំវិញ​ករណីនេះ លោក​ លី ហ្គាលី នាយក​ទីចាត់ការ​អន្តរវិស័យ​នៃ​រដ្ឋបាល​ខេត្តកំពង់ធំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មកទល់​ពេលនេះ រដ្ឋបាលខេត្ត​កំពង់ធំ​បាន​ត្រៀម​បម្រុង​រួចជាស្រេច​នូវ​គ្រប់​មធ្យោបាយ កងកម្លាំង ស្បៀងអាហារ​ដែលជា​ជំនួយ​សង្គ្រោះ​បឋម និង​វិធានការ​នានា ដើម្បី​ឆ្លើយតប​គ្រោះ​មហន្តរាយ​ទឹកជំនន់ ដែល​នឹង​កើតមាន​ឡើង​ក្នុងឆ្នាំនេះ​។ ជាទូទៅ នៅ​ខេត្ត​កំពង់ធំ ច្រើន​កើតឡើង​ក្នុង​អំឡុង​ខែកញ្ញា និង​ខែតុលា ហើយ​តំបន់​ដែល​ងាយ​ប្រឈម​គ្រោះទឹកជំនន់ រួមមាន ស្រុក​សណ្ដាន់ ស្រុក​ប្រាសាទ​សំបូរ ស្រុក​កំពង់ស្វាយ និង​ផ្នែក​ខ្លះទៀត​នៃ​ស្រុក​ស្ទោង និង​ក្រុង​ស្ទឹងសែន​។ ព្រោះ​តំបន់​ទាំងនេះ​ស្ថិតនៅ​ទី​ទំនាប​ជាប់​បឹង​ទន្លេសាប និង​នៅ​ស្របតាម​បណ្ដោយ​ស្ទឹងសែន​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ក្រៅពី​ត្រៀម​បម្រុង​រួចជាស្រេច​នូវ​មធ្យោបាយ​ដឹកជញ្ជូន និង​កងកម្លាំង​អន្តរាគមន៍ រដ្ឋបាល​ខេត្ត​កំពង់ធំ​យើង​ក៏បាន​ត្រៀម​នូវ​គ្រឿង​សម្ភារ ដូចជា តង់ ធុង​ទឹក បង្គន់​អនាម័យ​ចល័ត រួមទាំង​គ្រឿង​បរិភោគ​ឧបភោគ​មួយចំនួន​ទៀត សម្រាប់​ផ្ដល់ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់​ទៅតាម​តំបន់​គោលដៅ​នីមួយៗ​»​។

លោក​ លី ហ្គាលី បន្ថែមថា​៖ «​មិនតែប៉ុណ្ណោះ យើង​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក ក្រុង ដែល​ប្រឈម​ការលិចលង់​ដោយ​គ្រោះទឹកជំនន់​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ​មួយចំនួន​ដល់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​នានា ដែល​បង្កឡើង​ដោយ​គ្រោះទឹកជំនន់​ផងដែរ​»​។

បើតាម​លោក​ ហ្គាលី ខេត្ត​កំពង់ធំ​មាន​អគារ​ទីទួល​សុវត្ថិភាព ដែលមាន​លក្ខណៈ​ស្ដង់ដា​អន្តរជាតិ​ចំនួន​ ៣​ ទីតាំង ក្នុងនោះ​ ១​ ទីតាំង​ស្ថិតនៅ​ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ និង​នៅ​ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ​ ១​ ទីតាំង និង​ទីតាំង​ ១ ​ទៀត​នៅ​ស្រុក​សណ្ដាន់​។ ទីតាំង​នីមួយៗ​អាច​អនុញ្ញាត​ឱ្យ​ជន​រងគ្រោះ​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន ពេល​ជួប​គ្រោះទឹកជំនន់​បាន​ប្រមាណ​ពី​ ២ ០០០​ នាក់ ដល់​ ៣ ០០០​ នាក់​។ ក្រៅពី​អគារ​ទីទួល​សុវត្ថិភាព​ទាំង​ ៣ ​ទីតាំង​នេះ ក៏មាន​ការរៀបចំ​នូវ​ទីទួល​សុវត្ថិភាព​នៅតាម​ទីវត្តអារាម និង​សាលារៀន​នៅតាម​បណ្ដា​ឃុំ​-​សង្កាត់ ស្រុក​-​ក្រុង មួយ​ចំនួន ដែលមាន​បញ្ហា​ប្រឈម​គ្រោះ​ទឹកជំនន់​ផងដែរ​។

ចំណែក​លោក​ អម សុធា អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា រដ្ឋបាលខេត្ត​បាន​ផ្សព្វផ្សាយ​ដល់​សហគមន៍​មូលដ្ឋាន​អំពី​ប្រព័ន្ធ​ ១២៩៤ ដែលជា​ប្រព័ន្ធ​ផ្ដល់ដំណឹង ឬ រាយការណ៍​បន្ទាន់​ដល់​អាជ្ញាធរ​ស្ដីពី​គ្រោះមហន្តរាយ​ទឹកជំនន់ ដើម្បី​មាន​វិធានការ​ចុះជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​រងគ្រោះ​បាន​ទាន់​ពេលវេលា​។ លោក​បន្តថា ខេត្ត​កំពង់ឆ្នាំង​មានស្រុក​ចំនួន​ ២ ដែលជា​រៀងរាល់​ឆ្នាំ​បាន​រង​ការលិចលង់​ខ្លាំង​ជាងគេ ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង គឺ​ស្រុក​ជលគិរី និង​ស្រុក​បរិបូណ៌​។ រីឯ​ផ្នែក​ខ្លះ​នៃ​ស្រុក​កំពង់ត្រឡាច និង ក្រុង​កំពង់ឆ្នាំង រង​ការជន់​លិច​តិចតួច ដោយ​ជំនន់​ទឹកទន្លេ (​ទន្លេសាប​) និង​ទឹក​ដែល​ហូរចាក់​ពី​ផ្នែក​ខាងលើ​នៃ​តំបន់ភ្នំ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ត្រៀម​បាវ​ខ្សាច់ គ្រឿងចក្រ ទូក កាណូត និង​កងកម្លាំង​អន្តរាគមន៍ សម្រាប់​សង្គ្រោះ​ពលរដ្ឋ ដែល​ស្ថិតក្នុង​តំបន់​ងាយ​រងគ្រោះ​នូវ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកទន្លេ​រួចជាស្រេច​ហើយ​។ ទន្ទឹមនឹងនេះ យើង​ក៏បាន​ធ្វើការ​បណ្ដុះបណ្ដាល មន្ត្រី​យើង​អំពី​វិធានការ​សង្គ្រោះ​បឋម សម្រាប់​ការចុះអនុវត្ត​ប្រតិបត្តិ​ការសង្គ្រោះ​ពលរដ្ឋ ពេល​ជួប​ប្រឈម​គ្រោះ​ទឹកជំនន់​កើតឡើង​ផងដែរ​»​។

នៅពេល​មាន​គ្រោះទឹកជំនន់​កើតឡើង ការគិតគូរ​ពី​បញ្ហា​អនាម័យ និង​សុខភាព​ក៏​សំខាន់​ផងដែរ ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រជាពលរដ្ឋ​ខ្លួនឯង​ដែល​រស់នៅក្នុង​តំបន់​ដែល​ងាយ​ប្រឈម​គ្រោះទឹកជំនន់ គប្បី​ត្រូវ​យកចិត្ត​ទុកដាក់ អនុវត្ត​វិធានការ​រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ដើម្បី​កាត់បន្ថយ​នូវ​ជំងឺ​តម្កាត់​ផ្សេងៗ​កើតឡើង ដែល​អាច​បង្កឱ្យ​មាន​ការខាតបង់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​។ នេះ​ជាការ​ផ្តាំ​ផ្ញើឱ្យ​ពលរដ្ឋ​យកចិត្ត​ទុកដាក់​លើ​ការថែរក្សា​សុខភាព​ពី​លោក​ គិត សុផា អភិបាលរង​ខេត្ត​ពោធិ៍សាត់​ទទួល​បន្ទុក​ផ្នែក​សុខាភិបាល ពេល​មាន​គ្រោះទឹកជំនន់​។

លោក​ថ្លែងថា​៖ «​អគារ​ទីទួល​សុវត្ថិភាព​ដែលមាន​លក្ខណៈ​ស្ដង់ដា​អន្តរជាតិ យើង​មាន​ហើយ ប៉ុន្តែ​បើ​បងប្អូន​ប្រជាពលរដ្ឋ​យើង គាត់​មិន​ចូលរួម​អនុវត្ត​វិធានការ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត​នោះទេ ពួកគាត់​អាច​នឹង​កើតមាន​ជំងឺឆ្លង ដូចជា​ជំងឺ​អាសន្នរោគ គ្រុនឈាម ជាពិសេស ជំងឺ​កូវីដ​ ១៩ ដែល​នឹង​អាច​បង្ក​ការរីក​រាលដាល នៅក្នុង​សហគមន៍​សាជាថ្មី​ទៀត ឬក៏​អាច​ស្លាប់​បាន​»​។

ទន្ទឹមនឹងនេះ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ដែល​ងាយ​ប្រឈម​គ្រោះទឹកជំនន់​ត្រូវ​រក្សា​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត ដោយ​ត្រូវ​កាប់​ឆ្ការព្រៃ និង​ស្មៅ ធ្វើ​របង​រាយ​សំណាញ់ ការពារ​កុំឱ្យ​សំរាម និង​កាកសំណល់​ផ្សេងៗ​ហូរ​ចូលទៅ​ក្នុងផ្ទះ​ក្នុង​ទឹកស្រះ ហើយ​ត្រូវ​យកចិត្ត​ទុកដាក់ ថែទាំ​ក្មេងៗ ស្ត្រី​មាន​ផ្ទៃពោះ និង​ចាស់ជរា ធ្វើយ៉ាងណា​កុំឱ្យ​ពួកគាត់​ចុះ​លេង​ទឹក ឬ​ងូតទឹក នៅតាម​ដង​ទន្លេ ស្ទឹង ព្រែក នៅពេល​មាន​ទឹកជំនន់​កើតឡើង​។

គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​ទទួល​បាន​ភាពជោគជ័យ​គួរ​ជា​ទីមោទនៈ​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ សម្រាប់​ការ​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ទឹកជំនន់ ដោយ​ក្នុង​ឆ្នាំ​ ២០២១ ​កន្លង​ទៅនេះ​ពុំមាន​ជនរងគ្រោះ​ណា​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់​ដោយ​ករណី​គ្រោះទឹកជំនន់​នោះឡើយ​។ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ស៊ីវិល កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ ៣ ​ប្រភេទ និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដៃគូ រួមទាំង​វិស័យ​ឯកជន ជាពិសេស​ប្រជាសហគមន៍​មូលដ្ឋាន​ផ្ទាល់ គេ​រំពឹង​ថា ក្នុង​ឆ្នាំ​ ២០២២ ​នេះ​នឹង​មិនមាន​អ្នកស្លាប់ ដោយ​គ្រោះ​ទឹកជំនន់​នោះទេ​៕