ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឱ្យ​អ្នកមាន​រថយន្ត​ចង្កូត​ស្តាំ អាច​បន្ត​ប្រើប្រាស់​ដោយ​ចូល​បង់ពន្ធ​បាន​ដោយ​មិន​កែ​ចង្កូត​ពី​ស្តាំ​មក​ឆ្វេង តែ​បញ្ជា​ឱ្យ​ចាប់​កម្ទេចចោល​រាល់​រថយន្ត​ចង្កូត​ស្តាំ​ដែល​នាំចូល​ថ្មី ដោយ​គ្មាន​ការលើកលែង ខណៈ​រថយន្ត​ចង្កូត​ស្តាំ​ជិត​ ៧ ០០០ គ្រឿង​បាន​ចូល​បង់ពន្ធ​។

ការប្រកាស​អនុញ្ញាត​នេះ​ធ្វើឡើង បន្ទាប់ពី​ក្រុម​អ្នកប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​ប្រមាណ​ ២០០​ នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​បិទផ្លូវ​កាលពី​ថ្ងៃទី ​៥ ខែកក្កដា ក្នុង​ខណ្ឌដង្កោ​ដោយ​ស្នើសុំ​គោលការណ៍​បង់ពន្ធ​ធម្មតា តែ​មិន​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង ក្រោយ​យុទ្ធនាការ​ប្រមូល​ពន្ធ និង​អាករ​នាំចូល​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​បាន​ផុតកំណត់​កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា​។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​ថ្ងៃទី ​៦ កក្កដា​ថា​៖ «​បងប្អូន​រថយន្ត​ចង្គូត​ស្តាំ​ទាំងឡាយ ម្សិលមិញ​បងប្អូន​សុំ​បង់ពន្ធ តែ​សុំ​មិន​ដូរ​ចង្កូត​។ ឥឡូវ ខ្ញុំ​យល់ស្រប​ជាមួយ​នឹង​សំណូមពរ​របស់​បងប្អូន​។ បងប្អូន​ត្រូវ​ចូល​មក​បង់ពន្ធ ដោយ​មិនចាំបាច់​ដូរ​ចង្កូត​ទេ​ សម្រាប់​អ្នក​ដែល​មិនទាន់​បាន​ដូរ ហើយ​អ្នក​ដែល​បាន​ដូរ​ហើយ គឺ​ឱ្យ​វា​ចប់​ទៅ ដើម្បី​យើង​មាន​ឡាន​ចង្កូត​ឆ្វេង​ប្រើ​នឹង​គេ​»​។

លោក​បញ្ជាក់ថា​៖ «​អ្នក​ដែល​មិនទាន់​បាន​ដូរ​ត្រូវ​ចូល​មក​បង់ពន្ធ ហើយ​ក្រសួង​សាធារណការ​ត្រូវ​ចេញ​ស្លាក​លេខ​ឱ្យគេ​។ កន្លងទៅ​រថយន្ត​ចង្កូត ​(​ស្តាំ​) មួយ​ចំនួន គឺ​បាន​ចូលមក​ធ្វើការ​កក់​ប្រាក់​ រួច​ទៅ​កែ​ចង្កូត​។ ឥឡូវ​អ្នក​ដែល​បាន​កក់​ប្រាក់​ហើយ តែ​មិនទាន់​បាន​ដូរ​ចង្កូត មិនចាំ​បាច់​ដូរ​ទេ ប្រសិន​បើ​មិនទាន់​បាន​ដូរ តែ​ត្រូវ​មក​បន្ថែម​លុយ​បង់ពន្ធ​ឱ្យដាច់ រួចហើយ​ទទួល​លិខិត​ពី​គយ​សម្រាប់​បញ្ជូន​ទៅ​ទទួល​ (​ស្លាក​) លេខ​»​។

ជាមួយ​នឹង​ការអនុញ្ញាត​នេះ លោក​នាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​អ្នក​ដែលមាន​រថយន្ត​ចង្កូត​ស្តាំ​ដែល​មាន​ស្រាប់​ក្នុងប្រទេស ចូល​ខ្លួន​មក​បង់ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ ដោយ​លោក​ព្រមាន​កុំឱ្យ​មាន​ការ​លួច​នាំចូល​ដោយ​ខុសច្បាប់​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​ប្រភេទ​ថ្មី តាម​រូបភាព​ណាក៏ដោយ​។ «​ខ្ញុំ​សុំ​បញ្ជាក់ សុពលភាព​របស់​វា គឺ​នៅ​ថ្ងៃទី​ ៦ ខែ ៧ ឆ្នាំ ២០២២ ត្រឹម​ម៉ោង​ហ្នឹង​។ ចាប់ពី​ថ្ងៃស្អែក​ទៅ​រថយន្ត​ដែល​នាំចូល​ថ្មី​ជា​ចង្កូត​ស្តាំ មិន​ឱ្យ​បង់ពន្ធ​ហើយក៏​មិនឱ្យ​ដូរ​ចង្កូត គឺ​ចាប់​យក​តែម្តង ដោយ​មិនចាំបាច់​និយាយ​អ្វី​ទៀត​ទេ​។ ខ្ញុំ​អនុញ្ញាត​នេះ គឺ​ក្នុង​វង្វង់​រថយន្ត​ចង្កូត​ស្តាំ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅលើ​ទឹកដី​កម្ពុជា​តែប៉ុណ្ណោះ មិន​អនុញ្ញាត​ឱ្យ​នាំចូល​ថ្មី​ទេ​។ សូម​ស្តាប់​ឱ្យ​ច្បាស់​...​តិច​ទៅ​បន្លំ​យក​ចូលមក​ថែម ហើយ​បង់ពន្ធ គឺ​អត់​ទេ​»​។

បើតាម​លោក ហ៊ុន សែន គិត​ត្រឹម​ថ្ងៃទី​ ៦ កក្កដា កម្ពុជា​មាន​រថយន្ត​ចង្កូត​ស្តាំ ដែល​មាន​ស្រាប់​ក្នុងប្រទេស ហើយ​បាន​ចូល​ខ្លួន​មក​កក់​ប្រាក់​ពន្ធ​មាន​ចំនួន ៦ ៩៩៩ គ្រឿង​ដោយ​ក្នុងនោះ​ចំនួន ៤ ២៩៩ គ្រឿង​បាន​កែ​ចង្កូត​រួចរាល់ ចំណែក ២ ៥០៩​ គ្រឿង​ទៀត​នៅ​មិនទាន់​បាន​កែ​ចង្កូត​។

លោក ណុង សំបូរ អ្នកមាន​រថយន្ត​ចង្កូត​ស្តាំ ដែល​បាន​កក់​ប្រាក់​នៅ​ពន្ធដារ​រួចរាល់​បាន​សម្តែង​ក្តីសប្បាយ​រីករាយ​ចំពោះ​ការអនុគ្រោះ​នេះ​។ លោក​ថ្លែងថា ការអនុញ្ញាត​នេះ​នឹង​ចូលរួម​សម្រួល​ដល់​ជីវភាព​របស់​លោក ដែល​កំពុង​មិនមាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​កែ​ចង្កូតរថយន្ត ដោយសារ​តែ​ត្រូវ​ចំណាយ​ច្រើន​។ «​ឡាន​ខ្ញុំ​ទិញ​នេះ​ជាង​ ៥​ ឆ្នាំ​ហើយ ដោយសារតែ​គ្មាន​លុយ​គ្រប់​ទិញ​ឡាន​មាន​ពន្ធ​ត្រឹមត្រូវ ទើប​បង្ខំចិត្ត​ទិញ​ឡាន​ចង្កូត​ស្តាំ​នេះ​។ ខ្ញុំ​សង្ឃឹមថា អ្នក​ក្រោយៗ កុំ​បន្ត​ទិញ​ឡាន​បែបនេះ​បន្តទៀត​អី ព្រោះ​វា​ពិបាក​ណាស់ ហើយ​អ្នក​នាំចូល​គួរតែ​បញ្ឃប់​ការ​នាំចូល​ឡាន​ប្រភេទ​នេះ​»​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​ថ្លែងថា ផ្អែក​តាម​មូលដ្ឋាន​ផ្នែក​សុវត្ថិភាព​គឺ​ចាំបាច់​រថយន្ត​ចង្កូត​ស្តាំ គឺ​ត្រូវតែ​ធ្វើការ​កែ​ចង្កូត ប៉ុន្តែ​ការអនុញ្ញាត​នេះ គឺជា​សិទ្ធិ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ការ​អនុញ្ញាត​ឱ្យ​រថយន្ត​ប្រភេទ​នេះ​អាច​ចរាចរណ៍​នៅលើ​ដងផ្លូវ​បាន​។

ជាមួយ​នឹង​ការសម្រេច​នេះ​លោក បញ្ញា ស្នើឱ្យ​មាន​ការ​កំណត់ និង​កម្រិត​នីតិវិធី​ច្បាស់លាស់​ណាមួយ​ សម្រាប់​អ្នកបើកបរ​រថយន្ត​ប្រភេទ​ចង្កូត​ស្តាំ​នេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​នានា​នៅលើ​ដងផ្លូវ ខណៈ​ការបើកបរ​រថយន្ត​ចង្កូត​ស្តាំ នៅក្នុង​ប្រព័ន្ធ​ច្បាប់​ដែល​ប្រកាន់​ស្តាំ គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។

លោក ឈួន វន់ ​អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ឱ្យ​ដឹងថា ក្រសួង​បាន​ត្រៀម​រួចជាស្រេច ចំពោះ​ការចុះបញ្ជី​រថយន្ត​ចង្កូត​ស្តាំ ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​។ លោក​ថា​៖ «​ដូច​សម្តេច​លោក​មាន​ប្រសាសន៍​ហើយ យោងតាម​ច្បាប់​ចរាចរណ៍​យើង តម្រូវ​ឱ្យ​ឡាន​ប្រើប្រាស់​ក្នុងប្រទេស​យើង ប្រើ​ចង្កូត​ឆ្វេង ប៉ុន្តែ​នេះ គឺជា​ការ​យោគយល់​អធ្យាស្រ័យ​ដល់​បងប្អូន​យើង​មួយ​ចំនួន​ដែល​ប្រើប្រាស់​ឡាន​ចង្កូត​ស្តាំ​»៕

វីដេអូ៖