ភ្នំពេញៈ ក្នុង​សវនាការ​លើក​ទី​ ៤៦ សាលាដំបូង​រាជធានី​-​ភ្នំពេញ​បាន​បន្ត​សួរដេញដោល លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់ព័ន្ធ​នឹង​វីដេអូ​នានា ដែល​បានបង្ហាញ​ពី​ការ​កៀរគរ​កម្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​មក​ធ្វើ​មហា​បាតុកម្ម​ប្តូរ​រដ្ឋាភិបាល​ស្របច្បាប់​ឱ្យ​ខាង​តែបាន នៅ​ដំណាច់​ចុងឆ្នាំ​ ២០១៣ ​។ ប៉ុន្តែ​លោក កឹម សុខា បាន​ឆ្លើយ​បដិសេធ​ចំពោះ​ការជាប់​ពាក់ព័ន្ធ​ពី​ការធ្វើ​បាតុកម្ម​នេះ​។

លោក ប្លង់ សុផល អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅក្រោយពី​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី ​៦ ខែកក្កដា ថា សាលាដំបូង​ផ្តោត​សំខាន់​លើ​ការ​សួរ​សំណួរ​ចំពោះ​វីដេអូ​នានា​ដែល​បង្ហាញ​ពី​ការកៀរគរ​កម្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ធ្វើ​មហាបាតុកម្ម​ប្តូរ​រដ្ឋាភិបាល​ស្របច្បាប់​ឱ្យខាង​តែបាន នៅ​ដំណាច់​ចុងឆ្នាំ​ ២០១៣ ​ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​ពី​លទ្ធផល​ផ្លូវការ​នៃ​ការ​ចាញ់ឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

ទោះជា​យ៉ាងណា លោក ចាន់ ចេន សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​ ៦ ខែកក្កដា​ថា នៅក្នុង​សវនាការ​លើក​ទី ​៤៦ នេះ តំណាង​អយ្យការ​បាន​ចាក់​បញ្ចាំង​វីដេអូ​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​នៅ​ម្តុំ​ស្ពាន​ក្បាលថ្នល់ រាជធានី​ភ្នំពេញ ប៉ុន្តែ​នៅក្នុង​សវនាការ​នេះ លោក កឹម សុខា បាន​ថ្លែងប្រាប់​តុលាការ​ថា បាតុកម្ម​នេះ​មិនមែន​លោក​ជា​អ្នកទទួល​ខុសត្រូវ​ទេ​។

លោក​ ចាន់ ចេន បន្តថា ចាប់​តាំងពី​សវនាការ​លើក​ទី​ ១ រហូត​មកដល់​លើក​ទី​ ៤៦ ​នេះ​មាន​លក្ខណៈ​តានតឹង​ជាធម្មតា ហើយ​ក៏​មិនមាន​អ្វី​ជឿនលឿន​ទៅមុខ​ដែរ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់ គឺ​តំណាង​អយ្យការ​ព្យាយាម​យក​ភ័ស្តុតាង ការ​ធ្វើ​បាតុកម្ម​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់​ដែលជា​រឿង​ចាស់​នេះ ចង់​ឱ្យ​កូនក្តី​របស់​លោក​ទទួល​ខុសត្រូវ​។

លោក​បញ្ជាក់ថា​៖ «​មែន​ទៅ កូនក្តី​យើង​ខ្ញុំ ឯកឧត្តម កឹម សុខា បាន​មាន​ប្រសាសន៍​ជារឿយៗ និង​ជា​ហូរហែ​ហើយ​ថា រាល់​បាតុកម្ម​ទាំងឡាយ​ដែល​ខុសពី​ទីលាន​ប្រជាធិបតេយ្យ​មិនមែន​ជា​ការទទួល​ខុសត្រូវ​របស់គាត់​ ឬក៏​របស់​គណបក្ស​សង្គ្រោះជាតិ​ទេ​»​។

លោក កឹម សុខា ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស​ឬ ត្រូវ​រ៉ូវ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ក្រោយពី​មាន​វីដេអូ​លើ​បណ្តាញ​សង្គម ដែល​បាន​បង្ហាញ​ពី​ការថ្លែង​សុន្ទរកថា​របស់​លោក​កាលពី​ឆ្នាំ ​២០១៣ នៅក្នុង​កម្មវិធី​ ១​ នៅ​ប្រទេស​អូស្ត្រាលី​។

ក្នុង​វីដេអូ​នោះ លោក កឹម សុខា បាន​និយាយ​ថា លោក​មាន​សាស្ត្រាចារ្យ​បរទេស​ល្បីៗ ដូចជា សាស្ត្រាចារ្យ​នៅ​សហរដ្ឋ-​អាមេរិក ជាដើម ចាំ​ជួយ​ផ្តល់​យោបល់​ដល់​រូបលោក​ក្នុង​ការរក​វិធី​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា​៕

វីដេអូ៖