ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ និង​សប្បុរសជន​ចូលរួម​វិភាគទាន​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​គោលដៅ​កម្ពុជា​គ្មាន​គ្រាប់មីន​ (​សូន្យ​មីន​) ​នៅ​ឆ្នាំ​ ២០២៥ ដោយ​ប្រើ​នូវ​ចលនា​ជាតិ​របស់​កម្ពុជា ក្នុង​ការបញ្ចប់​បញ្ហា​មីន ខណៈ​រហូត​មកទល់​ពេលនេះ ថវិកា​ដែល​ទទួល​បាន​មាន​ប្រមាណ​ ១៥ ​លាន​ដុល្លារ​ហើយ​។

លោក ហ៊ុន សែន បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃទី​ ៦ ខែកក្កដា ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​នឹង​ប្រតិភូ​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម មុន​ចេញ​ទៅ​ប្រកួត​កីឡា​ជនពិការ​អាស៊ាន​ ឬ​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​ ១១ នៅ​ទីក្រុង​សូឡូ ប្រទេស​ឥណ្ឌូនេស៊ី​។

លោក​បាន​ថ្លែងថា លោក​នៅតែ​អំពាវនាវ​រក​ការផ្តល់​ជំនួយ​ពី​បរទេស ប៉ុន្តែ​សម្រាប់​ចំណុច​ផ្តាច់ព្រ័ត្រ​នៅ​កន្លែង​​នីមួយៗ​ដែល​មាន​ទំហំ​តូច​នឹង​​ត្រូវ​ចាប់ផ្តើម​សម្រុក​ផ្តាច់​ឱ្យអស់​។

លោក​មានប្រសាសន៍​ថា៖ «​ខ្ញុំ​​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​ចូលរួម​បន្ថែម​ទៀត បង្ហាញ​ពី​ចលនា​ជាតិ​មួយ​ ដើម្បី​សុវត្ថិភាព​ប្រជាជន​ដែល​បាន​ស្លាប់ និង​របួស​ដោយសារ​មីន ប្រជាជន​បាន​ទទួល​ដីធ្លី​ទៅ​បង្កបង្កើនផល​ដោយ​ស្នាម​ញញឹម​ផ្តល់​ស្នាមញញឹម​ដល់​ប្រជាជន​យើង បំបាត់​នូវ​ការភ័យខ្លាច​ទាំងអស់​»​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ដោយ​លោក​បាន​ដាក់ចេញ​នូវ​គោលដៅ​ចំនួន​ ២ ក្នុងនោះ ទី​ ១ ​ប្រែក្លាយ​អតីត​តំបន់​សមរភូមិ​ទាំងអស់​ឱ្យទៅជា​តំបន់​អភិវឌ្ឍន៍ និង​ទី​ ២ ​ប្រែក្លាយ​ខ្សែ​ព្រំដែន​ជាមួយនឹង​ប្រទេស​ជិតខាង​ឱ្យទៅជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​កិច្ចការ​ទី ​១ ​មកដល់​ពេលនេះ​យើង​អាច​និយាយថា យើង​សម្រេច​បាន​ ៩០​ ភាគរយ​ហើយ ហើយ​នៅសល់​ ១០ ​ភាគរយ​ទៀត​​មិនទាន់​បាន​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នៅឡើយ​ទេ ដោយសារ​នៅសល់​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​»​។

ជាមួយ​គ្នានេះ​លោក​ក៏បាន​ទទួល​ស្គាល់​ផងដែរ​ថា លោក​ហាក់​មាន​ការធ្វេស​ប្រហែស​មួយ​​ក្នុងការ​ដឹកនាំ​ដោយ​លោក​លើកឡើង​ពី​មីន និយាយ​ពី​មីន ប៉ុន្តែ​មិនបាន​បញ្ចេញ​ថវិកា​ធំ​នោះ​​ទេ ដោយ​បែរជា​ផ្អែក​ជ្រុល​ហួស​ទៅលើ​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ការផ្តល់​ថវិកា​ទៅវិញ​។

លោក​ ហ៊ុន សែន បាន​បន្តថា អ្នក​ដែល​ផ្តល់​ថវិកា​មក​ឱ្យ​កម្ពុជា​ធំជាងគេ​មាន​ប្រទេស​ជប៉ុន ចិន កូរ៉េ អូស្ត្រាលី អឺរ៉ុប និង​អាមេរិក​ជាដើម ក្នុងការ​ជួយ​ដោះមីន​ឱ្យ​កម្ពុជា ប៉ុន្តែ​នៅ​មាន​ចំណុច​សេសសល់​តូចៗ​ជាច្រើន​ទៀត​។ ជាហេតុ​នេះ​​ហើយ​ទើប​លោក​ផ្តួចផ្តើម​ឱ្យមាន​​ការរៀបចំ​គម្រោង​មួយ​ ដើម្បី​រុញ​ស្ថានភាព​នេះ​ឱ្យ​ដំណើរការ​ទៅមុខ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​វា​​ជា​ចលនា​មួយ​ ដើម្បី​ធ្វើឱ្យ​ក្លាយ​​ជា​ចលនា​ជាតិ​មួយ​ ដើម្បី​ផ្តាច់ព្រ័ត្រ​​នៃ​ការ​គ្មាន​មីន​ក្នុង​ឆ្នាំ​ ២០២៥ ​ដែល​យើង​នៅសល់​តែ​ ៣​ ឆ្នាំ​ទៀត​ទេ ពេលវេលា​មិន​នៅ​ឆ្ងាយ​នោះទេ​។ ​អាជ្ញាធរ​មីន​ត្រូវ​រៀបចំ​ចំណុច​ទាំងនេះ​សម្រាប់​ធ្វើការ​​ដោះមីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ ដើម្បី​​សុវត្ថិភាព​នៃ​ប្រទេស​យើង​»​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​បាន​លើកឡើង​នៅ​ថ្ងៃទី​ ៦ ខែ​កក្កដា​ថា ស្របតាម​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ដើមខែ​នេះ អាជ្ញាធរ​មីន​បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ដោយ​ផ្ទាល់ និង​ដោយ​ឡែក​ជាមួយ​ប្រតិបត្តិករ​បោសសម្អាត​មីន​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ប្រតិបត្តិករ​បោសសម្អាត​មីន​បាន​បែងចែក តាំងចិត្ត និង​បោសសម្អាត​មីន​ដោយ​ប្រើប្រាស់​ថវិកា​ជំនួយ​ពី​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​ដោយ​បញ្ចប់​តាម​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​អស់​ពី​ខេត្ត​ ១ ទៅ​ខេត្ត​ ១ ពី​ក្រុង​/​ស្រុក​ ១ ទៅ​ក្រុង​/​ស្រុក​ ១ ពី​ឃុំ​ ១ ទៅ​ឃុំ​ ១ និង​ពី​ភូមិ​ ១ ទៅ​ភូមិ​ ១​។

លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀតថា សម្រាប់​រាជធានី​ខេត្ត​ចំនួន ​៨ នឹងត្រូវ​ប្រើប្រាស់​កញ្ចប់​ថវិកា​ពី​ម្ចាស់ជំនួយ​​ក្នុងការ​បោសសម្អាត​មីន ក្នុងនោះ​មាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២២ បោសសម្អាត​ប្រតិបត្តិករ​ CMAC​។​ ខេត្តរតនគិរី​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២២ គាំទ្រ​បោសសម្អាត​​ដោយ​ប្រតិបត្តិករ NPA និង​អង្គការ MAG​។

ខេត្ត​សៀមរាប​ទទួល​ការបោសសម្អាត​ដោយ​អង្គការ HALO Trust​។ ខេត្ត​កំពង់ចាម​ប្រតិបត្តិករ CMAC កំពុង​ពិភាក្សា​ជាមួយ​អង្គការ​ NPA​។ ខេត្ត​ពោធិ៍សាត់ ប្រតិបត្តិករ CMAC កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ជប៉ុន និង​ខេត្ត​បាត់ដំបង​មាន​ប្រតិបត្តិករ CMAC កំពុង​បោសសម្អាត និង​ប្រកាស​ជា​ខេត្ត​អស់​មីន​ក្នុង​ឆ្នាំ​ ២០២៥ ដោយ​ប្រើប្រាស់​ថវិកា​ប្រទេស​ជប៉ុន​។

លោក​ លី ធុជ បាន​បន្ថែមថា៖ «​ចំណែក​ខេត្ត​ចំនួន​ ១៤ ទៀត​នឹង​ត្រូវ​រៀបចំ​ផែនការ​បោសសម្អាត និង​ពង្រាយ​កម្លាំង​ប្រតិបត្តិករ​ជាតិ ដោយ​ប្រើប្រាស់​ថវិកា​ពី​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​ដែល​ការរៀបចំ​ផែនការ​នេះ​ផ្តោតលើ​ទីប្រជុំជន ការអភិវឌ្ឍ វប្បធម៌ និង​ទេសចរណ៍​»​។

បើតាម​អនុប្រធាន​ទី ​១ អាជ្ញាធរ​មីន​រូបនេះ​ការអនុវត្ត​ដំណាក់កាល​ដំបូង​នៃ​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន​នឹងត្រូវ​បោសសម្អាត​គ្រាប់មីន​ឱ្យអស់​ក្នុង​រយៈពេល​ ៦​ ខែ​ក្នុង​ខេត្ត​ចំនួន​ ៣ និង​ស្រុក​/​ក្រុង​ចំនួន​ ៩ ​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​ ២០,៧ ​គីឡូម៉ែត្រ​ការ៉េ​។

ខេត្ត និង​ក្រុង​/​ស្រុក​ទាំងនោះ​មាន​៖ ​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពត និង​ខេត្តតាកែវ រីឯ​ក្រុង​/​ស្រុក​ ៩​ មាន ស្រុកស្រែ​អំបិល​ (​ខេត្ត​កោះកុង​) ស្រុក​ឆ្លូង ស្រុក​ចិត្របុរី (​ខេត្តក្រចេះ​) ក្រុង​ព្រះវិហារ ស្រុក​ត្បែងមានជ័យ​ (​ខេត្ត​ព្រះវិហារ​) ​ស្រុក​ឧដុង្គ ​(​ខេត្ត​កំពង់ស្ពឺ​) ក្រុង​សិរីសោភ័ណ ស្រុក​មង្គលបុរី​ (​ខេត្ត​បន្ទាយមានជ័យ​) និង​ស្រុក​ចុងកាល់​ (​ខេត្ត​ឧត្តរមានជ័យ​)​។

សូមបញ្ជាក់ថា មាន​ខេត្ត​ចំនួន​ ៣ ​ហើយ​ត្រូវបាន​ប្រកាស​ជា​ខេត្ត​ដែល​អស់​មីន ក្នុងនោះ​មាន ខេត្ត​កែប ខេត្ត​ព្រៃវែង និង​ខេត្តស្ទឹងត្រែង ហើយ​កម្ពុជា​នៅសល់​ ២២ ​រាជធានី​-​ខេត្ត​ទៀត​​ដែល​បន្ត​រង​ផលប៉ះពាល់​ក្នុង​ទំហំ​ផ្ទៃដី​សរុប ៧១៦ ០៣៩ ៧១២​ ម៉ែត្រការ៉េ​ (៧១ ៦០៣,៩​ ហិកតា​)​។

សម្រាប់​ប្រជាពលរដ្ឋ​ ឬ​សប្បុរសជន​ដែល​ចង់​ចូលរួម​បរិច្ចាគ​ក្នុង​យុទ្ធនាការ​បោសសម្អាត​មីន​នៅ​កម្ពុជា​អាច​បរិច្ចាគ​បាន​តាមរយៈ ABA BANK៖ ប្រាក់រៀល: Ly Thuch and Seng Tieng / 004193716,​ប្រាក់​ដុល្លារ: Ly Thuch and Seng Tieng / 444445555​។ ធនាគារ ACLEDA Bank៖ ប្រាក់រៀល: SengTieng/ 00010453888899,​ប្រាក់​ដុល្លារ:Seng Tieng/00010453888888​។ និង​ធនាគារ CANADIA Bank៖ ​ប្រាក់រៀល:SengTieng/001000565-6643,​ប្រាក់​ដុល្លារ:Seng Tieng/0010005656635៕