ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់កីឡាជនពិការ កាលពីម្សិលមិញ ដោយហាមមិនឱ្យប្រើប្រាស់គ្រឿងញៀន ឬសារធាតុត្រូវហាមឃាត់ក្នុងការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN PARA GAMES ) លើកទី ១១ នៅក្នុងប្រទេសឥណ្ឌូនេស៊ីប្រមាណ ១ សប្ដាហ៍ ដែលចាប់ផ្ដើមពីចុងខែកក្កដា។
នៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាប៉ារ៉ាហ្គេម នៅវិមានសន្តិភាព កាលពីថ្ងៃទី ៦ ខែកក្កដា លោក ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បានថ្លែងថា ក្នុងករណីដែលមានការប្រើប្រាស់សារធាតុញៀន ឬសារធាតុត្រូវហាមឃាត់ នៅក្នុងវិស័យកីឡា វានឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងកិត្តិយសរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ ដែលមិនអាចលុបលាងបាន។
លោក ហ៊ុន សែន បានថ្លែងថា៖ «អ្វីដែលសំខាន់ក្នុងការប្រកួតរបស់យើង គឺទី ១ ធ្វើយ៉ាងណាធានាឱ្យបាននៅក្រឹត្យក្រម និងក្បួនខ្នាតនៃការប្រកួតចៀសវាងការបំពានណាមួយទៅលើលក្ខន្តិកៈនៃការប្រកួត រីឯចំណុចទី ២ ត្រូវចៀសវាងដាច់ខាតកុំឱ្យមានការប្រើប្រាស់សារធាតុហាមឃាត់ សម្រាប់ផ្នែកកីឡា ដែលបញ្ហានេះ វាធ្វើឱ្យបាត់បង់កិត្តិយសជាតិ»។
លោក ហ៊ុន សែន ថ្លែងថា៖ «មេដាយមាស ឬមេដាយប្រាក់ ឬអត់បានមេដាយ វាមិនសំខាន់ទេ តែការបំផ្លាញ ដោយការប្រើប្រាស់នូវសារធាតុ ដែលហាមឃាត់គឺជាការបំផ្លាញមុខមាត់ប្រទេសជាតិដ៏ធំ។ មេដាយ ដែលក្រុមទាំងមូលបានទៅទទួលមិនគ្រប់គ្រាន់ ដើម្បីនឹងប៉ះប៉ូវមុខមាត់ ដែលខូចខាត ដោយសារការប្រើប្រាស់នូវសារធាតុញៀន ឬសារធាតុ ដែលត្រូវហាមឃាត់ នៅក្នុងវិស័យកីឡានោះទេ អ៊ីចឹងនេះជាការផ្តាំផ្ញើសម្រាប់កីឡាករ កីឡាការិនីរបស់យើង ដែលត្រូវទៅប្រកួត»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបានឱ្យតម្លៃខ្លាំងទៅលើការខិតខំរបស់ជនពិការ ទាំងនៅលើវិស័យកីឡា និងវិស័យផ្សេងៗ ហើយនេះជាអ្វី ដែលលោកបានចូលរួមធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីរួមចំណែកលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមទៅដល់ជនពិការនៅទូទាំងប្រទេសកម្ពុជា។
«ហេតុអីបានជាខ្ញុំ ត្រូវធ្វើជាប្រធាន? ព្រោះជាការរួមចំណែកលើកទឹកចិត្ត សម្រាប់ការខិតខំរបស់ជនពិការរបស់យើង។ វាមិនមែនគ្រាន់តែជាបញ្ហាប្រធាន ដើម្បីការប្រកួតទេ ក៏ប៉ុន្តែប្រធាននៅទីនេះ គឺសំដៅទៅដល់ការលើកទឹកចិត្ត ការចូលរួមទាំងអស់ ហើយខ្ញុំក៏ជាជនពិការម្នាក់ដែរ»។ លោក ហ៊ុន សែន បានបន្ថែមបែបនេះ ហើយលោកបានអះអាងថា ជនពិការក៏មានលទ្ធភាពធ្វើជានាយករដ្ឋមន្ត្រីបានដូចគ្នា។
និយាយផ្តោតទៅលើខ្លួនឯង ដែលបានធ្វើជានាយករដ្ឋមន្ត្រីយូរជាងគេ លោក ហ៊ុន សែន បញ្ជាក់ថា៖ «ជនពិការ ក៏មានលទ្ធភាពអាចធ្វើជានាយករដ្ឋមន្ត្រី ហើយក៏មិនមែនជានាយករដ្ឋមន្ត្រីត្រឹមតែកញ្ឆក់កណ្តៀត កន្លះឆ្នាំ ១ ឆ្នាំ ឬ ២ ឆ្នាំ នោះទេ ក៏ប៉ុន្តែជិត ៤ ទសវត្សរ៍រួចស្រេចទៅហើយ ដូច្នេះកាលពីឆ្នាំ ១៩៩៧ គឺខ្ញុំទើបធ្វើនាយករដ្ឋមន្ត្រី បាន ១២ ឆ្នាំ បើយើងគិតពីឆ្នាំ ១៩៨៥ មក (អ៊ីចឹង) ការលើកទឹកចិត្តសម្រាប់ការចូលរួម និងផ្តល់ក្តីសង្ឃឹម សម្រាប់ជនពិការរបស់យើង គឺជាការចាំបាច់»។
បើតាមរបាយការណ៍របស់លោក យី សុភក្ត្រា នាយបេសកកម្មរងដឹកនាំប្រតិភូកីឡាជនពិការកម្ពុជាបានឱ្យដឹងថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរៀបចំកីឡាចំនួន ១១ ប្រភេទ រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះ-អង្គុយបុរស-នារី បាល់បោះជិះរទេះបុរស-នារី បាល់បោះជនពិការភ្នែក បាល់ទាត់ ៧ ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងកីឡាបូស្យាឱ្យទៅចូលរួមការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមនៅឥណ្ឌូនេស៊ីនេះ។
ចំពោះប្រតិភូកីឡាប៉ារ៉ាហ្គេមត្រូវចេញទៅប្រកួតលើកនេះមានចំនួនសរុប ១៦៦ នាក់ ក្នុងនោះមានអត្តពលិក ១១៥ នាក់ រួមទាំងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩ នាក់ មន្ត្រីបច្ចេកទេស ៧ នាក់ និងប្រតិភូជាតិ ៥ នាក់ ហើយជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់តាំងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាជាប្រតិភូតំណាងកម្ពុជា សម្រាប់ការចេញទៅបំពេញបេសកកម្មលើកនេះ ដែលនឹងចេញដំណើរនៅថ្ងៃទី ២៤ ខែកក្កដា ខាងមុខនេះ។
ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី ក៏បានលើកជាសំណើសុំឱ្យមានការផ្តល់យន្តហោះ ពិសេសសម្រាប់ដឹកជញ្ជូនប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា សម្រាប់ការចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។ ជាការឆ្លើយតបកាលពីម្សិលមិញ លោក ហ៊ុន សែន បានយល់ព្រមផ្តល់ជូននូវយន្តហោះពិសេស សម្រាប់ដឹកជញ្ជូនក្រុមប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា ទាំងទៅ និងត្រឡប់មកវិញ ហើយលោកនាយករដ្ឋមន្ត្រីក្នុងនាមជាប្រធាន NPCC ជាអ្នករ៉ាប់រងលើការស្នាក់នៅ ហូបចុក និងថ្លៃសំបុត្រយន្តហោះ សម្រាប់ការចេញទៅប្រកួតនេះ។
លោក យី វាសនា អគ្គលេខាធិការ NPCC និងជានាយបេសកកម្ម ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូនេស៊ីនេះធ្លាប់បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា៖ «ការចូលរួមរបស់ថ្នាក់ដឹកនាំមិនត្រឹមតែឱ្យតម្លៃដល់ជនពិការនៅកម្ពុជានោះទេ ប៉ុន្តែវាបង្ហាញពីឆន្ទៈក្នុងគ្រួសារអាស៊ានទាំងមូលថា គ្រប់ថ្នាក់ដឹកនាំទាំងអស់នៅអាស៊ានត្រូវយកចិត្តទុកដាក់ និងលើកតម្កើងនូវសិទ្ធិរបស់បងប្អូនយើង ទោះបីគាត់មានពិការភាពរួចហើយក៏ដោយ។ នេះជាភាពស្មើមុខស្មើមាត់ និងបង្ហាញថា យើងកំពុងតែរស់នៅក្នុងគ្រួសារតែ ១ ទោះបីអ្នកពិការ ឬមិនពិការក្តី»។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា-អាស៊ីអាគ្នេយ៍ លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ បានត្រៀមបញ្ជូនប្រតិភូបច្ចេកទេសទៅអង្កេតការណ៍ប្រមាណ ៧០ នាក់ និងប្រតិភូសម្តែងប្រមាណ ៥០ នាក់ ដើម្បីទទួលទង់អាស៊ានប៉ារ៉ាហ្គេមពីម្ចាស់ផ្ទះឥណ្ឌូនេស៊ីយកមកតម្កល់ទុកនៅកម្ពុជា សម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍នេះបន្តនៅឆ្នាំ ២០២៣។ លោក យី សុភក្ត្រា បាននិយាយនៅក្នុងពិធីសំណេះសំណាលនោះថា៖ «ចំពោះការទទួលទង់អាស៊ានប៉ារ៉ាហ្គេម ខ្ញុំបាទសូមគោរពជូនថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានយល់ព្រមជាគោលការណ៍ជូនឯកឧត្តម ហ៊ុន ម៉ានី ទទួលទង់ និងដង្ហែមកព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រគល់ជូនសម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងជាប្រធានគណៈកម្មការ CAMSOC ដើម្បីប្រគល់ជូនថ្នាក់ដឹកនាំក្នុងការអនុវត្តបន្ត»៕