កណ្ដាលៈ សំឡេង​ដាប់​ពន្លាក​បន្ទរ​លាន់​ទ្រហឹង​សំណើច​ជជែក​គ្នា​បង្កើត​បាន​ជា​បរិយា​កាស​សប្បាយ​រីករាយ​អំឡុង​ពេល​ដាប់​ដុំ​​ឈើធ្វើរូប​ចម្លាក់​ហូរ​ញើស​ជោក​ខ្លួន ​និង​ការ​ទទួល​ទាន​បាយ​ជុំ​គ្នា​ ប្រែមក​ជា​ស្ងប់​ស្ងាត់​ដោយ​សមា​ជិក​ចម្លាក់​ម្នាក់ៗ​ត្រឡប់​ទៅ​បំពេញ​ការងារ​ពី​ផ្ទះ​រៀងៗ​ខ្លួន​។

លោក​ អ៊ុំ នៅ​ អាយុ ២៩ ឆ្នាំ ដែល​ធ្លាក់​ខ្លួន​ស្វិត​ជើង​ទាំង​គូ ​ព្រោះ​គ្រូ​ពេទ្យ​ចាក់​ថ្នាំ​គ្រុនក្ដៅ​កាលពី​លោក​អាយុ​ទើប ២ ឆ្នាំ បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ធ្វើ​ការ​ងារ​លើ​ចម្លាក់​នៅ​សាលា​បណ្ដុះ​បណ្ដាល​ចម្លាក់​ ស្រុក​ពញា​ឮ ខេត្ត​កណ្ដាល​​ បាន​វិល​ទៅ​ស្រុក​កំណើត​ក្នុង​ខេត្ដ​កំពង់​ស្ពឺ​វិញ​។

យុវជន​ដែល​មាន​ជីវិត​តែល​តោល​មុន​ពេល​ចូល​រៀន​ចម្លាក់​នៅ​សាលា​បណ្ដុះ​បណ្ដាល​ចម្លាក់​នៅតែ​បន្ដ​សហ​ការ​និង​បំពេញ​ការ​ងារ​ជា​ក្រុម​ពី​ចម្ងាយ​ ដោយ​សារ​តែ​បញ្ហា​កូវីដ ១៩​។

​លោក ជុំ សំអុន ជា​ជន​ពិការ​ជើង​ទាំង​សង​ខាង​បាន​បង្កើត​អង្គការ​តូច​មួយ​ឈ្មោះ​សាលា​បណ្ដុះ​បណ្ដាល​ចម្លាក់ បំណង​បង្រៀន​ជំនាញ​ចម្លាក់​ឈើ ស្ពាន់ និង​ថ្ម​ ជា​បំណិន​ជីវិត​សម្រាប់​ជន​មាន​ពិការ​ភាព​និង​យុវជន​ក្រីក្រ​ដែល​ស្រ​ឡាញ់​វិស័យ​ចម្លាក់​។

លោក សំអុន ដែល​មាន​ជំនាញ​ផ្នែក​ចម្លាក់​ជាង​ ២០ ​ឆ្នាំ មាន​សមាជិក​ជា​ជាង​ចម្លាក់​ ១៥​ នាក់​ ដោយ​បាន​បំបែក​គ្នា​ទៅ​ធ្វើ​ការ​ងារ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ចាប់​ពីការ​ផ្ទុះ​ឡើង​នៃ​រោគ​ត្បាត​សកល​កូវីដ ​១៩​។

លោក សំអុន អាយុ ៦ ០​ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «តាម​ពិត កូន​ជាង​របស់​ខ្ញុំ​សុទ្ធតែ​ចេះ​ជំនាញ​ចម្លាក់​ទាំង​នេះ​អស់​ហើយ។ការ​ប្រមូល​ផ្ដុំគ្នា​កន្លង​មក ដោយ​សារតែ​មាន​ភ្ញៀវ​ទេសចរ​ ពួកគាត់​ចុះ​មក​មើល​ការ​ផលិត​ផ្ទាល់​។ ទោះ​កូវីដ​ស្បើយ​យ៉ាង​ណា​ក៏​ដោយ ការប្រ​មូល​ផ្ដុំ​គ្នា​វិញក៏​វា​គ្មាន​ប្រ​យោជន៍​អ្វី​ដែរ ដោយ​សារ​អត់​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​»។

លោក​បាន​រៀបរាប់​អំពី​ដំណើរការ​នៃការងារ​ឆ្ងាយ​ៗ​ពី​គ្នា​ថា ពួកគេ​​​បែងចែក​ការងារ​ធ្វើ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ពេល​រួច​រាល់​ ពួកគេ​​យក​មក​ផ្គុំ​គ្នា​នៅ​ផ្ទះលោក​​។មុន​ពេល​ដឹក​ឱ្យ​ភ្ញៀវ​លោក សំអុន ​ត្រូវ​ត្រួត​ពិនិត្យ​ពីគុណ​ភាព​​ និង​កែកុន​តិច​តួច​ដើម្បី​ផ្ដល់​ភាព​ស្រស់​ស្អាត​បន្ថែម​ជូន​ភ្ញៀវ​។

​អតីត​យុទ្ធជន​បម្រើ​មាតុភូមិ​ លោក ជុំ សំអុន បាន​ធ្លាក់​ខ្លួន​ជា​ជន​ពិការ​ជើង​ទាំង​គូ​នៅ​ពេល​ជាន់​មីន​អំឡុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ខេត្ដ​ឧត្ដរ​មាន​ជ័យ​កាល​ពីឆ្នាំ​ ១៩៩៣​។

មិន​ខុស​ពី​ជន​ពិការ​មួយ​ចំនួន​នោះ​ទេ ពេល​វេលា​សម្រាក​ព្យាបាល​របួស​ជាង​៣​ឆ្នាំប្រៀបបី​ដូចជា​ផ្ទាំង​ពពក​ខ្មៅ​ខ្មួល​ខ្មាញ់​បាំង​បិទ​ជីវិត​ដែល​ធ្វើ​ឱ្យ​យុទ្ធ​ជន​រូប​នេះ​យក​ស្រា​កំដរ​ទុក្ខ​សោក​។

យ៉ាង​ណាមិញ​ឆាក​ជីវិត​មិន​បញ្ចប់​ត្រឹម​ពិការ​ភាព​នេះ​ឡើយ លោក​បាន​ខិតខំ​ពុះពារ​ដោយ​មិន​ចង់​រស់​ក្រោម​ពាក្យ​ដៀល​ថា ជន​ពិការ​គ្មាន​របរ​អ្វី​ក្រៅពី​ដើរ​សុំ​ទានរហូត​បង្កើត​បាន​អង្គការ​ជួយ​ជន​ពិការ​ដូច​គ្នានិង​យុវជន​ក្រីក្រ​ថែម​ទៀត​។

​លោក​ សំអុន​ បាន​និយាយ​ថា​៖ «​ជាទូទៅ ​ជន​ពិការ​ត្រូវការ​កម្លាំង​ចិត្ត​ខ្លាំង​បំផុត​។ ខ្ញុំ​មាន​ថ្ងៃនេះ​ដោយ​សារតែ​ភរិយា​របស់​ខ្ញុំ​ដែល​គាត់​តែងតែ​ជួយ​លើក​ទឹក​ចិត្តខ្ញុំ​ជានិច្ច​។ បើ​អត់​មាន​គាត់​ទេប្រ​ហែល​ជា​ខ្ញុំ​ធ្លាក់​ខ្លួន​រុញ​រទេះ​សុំ​ទាន​តាម​ផ្លូវ​»។

តាម​បំណង​របស់​ភរិយា​ដែល​​ចង់​ឲ្យ​ស្វាមី​មាន​ពន្លឺ​ជីវិត​ថ្មី​ លោក​ សំអុន ​បាន​យល់​ព្រម​ចូល​សិក្សា​ជំនាញ​ចម្លាក់នៅ​អង្គការ​របស់​គ្រិស្ដ​សាស​នា​មួយ​ក្នុង​ឆ្នាំ​ ១៩៩៥ ​រយៈពេល ​១ ឆ្នាំ​កន្លះ​។លោក​បានប​ម្រើកា​រងារ​នៅ​អង្គការ​នេះរ​ហូត​ដល់​ដើម​ឆ្នាំ​ ២០១៥​ ខណៈ​អង្គកា​រ​អស់​មូល​និធិ​សម្រាប់​ទ្រទ្រង់​។

ជាមួយ​នឹង​បទ​ពិសោធ​ ២០ ​ឆ្នាំ ​និង​ក្ដីបំណង​ជួយ​ទ្រទ្រង់​ជន​ពិការ​និង​ជន​ក្រីក្រ​ដទៃ​ទៀត​ គ្រូ​ចម្លាក់​ពិកា​រជើង​ពី​សោក​នាដ​កម្ម​សង្គ្រាម​រូប​នេះ​បាន​សម្រេច​ចិត្ត​​បើក​អង្គការ​តូច​មួយ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ជន​ពិការ និង​ជនក្រីក្រ​បាន​សិក្សា​ជំនាញ​ចម្លាក់​ និង​ផ្គត់​ផ្គង់​អាហារ​ឥត​គិត​ថ្លៃនៅ​ក្នុងភូមិ​ពោធិ៍​តូច ឃុំ​កំពង់​ហ្លូង ស្រុក​ពញាឮ ខេត្ត​កណ្ដាល​។

កូន​សិស្ស​ដែល​មក​រៀន​ជំនាញ​នៅ​អង្គការ​ខ្លះ រវល់​ការងារ​ព្រឹក​ ពួក​គាត់​មក​រៀន​ល្ងាច និង​អ្នក​ខ្លះ​ទៀត​រវល់​ល្ងាច មក​រៀន​ពេល​ព្រឹក​ ទៅ​តាម​ពេល​វេលា​ជាក់​ស្ដែង។ ជាង​ខ្លះ​រស់​នៅ​ក្បែរ​តំបន់​ទេស​ចរណ៍ ក៏​បើក​លក់​ផលិត​ផល​ចម្លាក់ និង​ផលិត​ចម្លាក់​ទៅ​តាម​ការ​និយម​របស់​ភ្ញៀវ​នីមួយៗ​។

សម្រាប់​កិច្ចការ​ក្រុម​ការងារ​អង្គ​ការ​របស់​លោក​នៅ​បន្ដ​ផលិត​ចម្លាក់​ដែល​កុម្ម៉ង់​នៅ​ក្នុង​ស្រុក​នូវ​រូប​សំណាក​បែប​​សាសនា​ វត្ថុ​អនុស្សា​វរីយ៍ និង​រូប​សំណាក​សំណាង​ហុង​ស៊ុយ​ជា​ដើម​។

លោក​បាន​និយាយ​ថា​៖ «​​ចម្លាក់​ដែល​មាន​ការ​កុម្ម៉ង់​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​គឺខាង​កាតូ​លិក​ជា​ចម្លាក់​ព្រះ​ម៉ែ​ម៉ារី ព្រះ​យេស៊ូ​ ព្រះពុទ្ធ​ នាង​គង្ហីង តា​កំប៉ោង ក្បាល​ក្របី»​។

លោក Will Conquer ជាគ្រូ​គង្វាល​បំពេញ​បេសក​កម្ម​នៅ​ព្រះ​វិហារ​កាតូលិក​បឹង​ទំពុន​ «Child Jesus Church - Boeung Tompun» ដែល​គាំទ្រ​ស្នាដៃ​ចម្លាក់​របស់​លោក សំអុន បាន​ឱ្យ​ដឹង​ថា​៖ «​មែនហើយ! គាត់​ជា​មិត្ដ​ភក្ដិ​ដ៏​ល្អ​របស់​យើង​។ គាត់​ផលិត​វត្ថុ​សក្ការ​បូជា​ស្អាតៗ​ជា​មួយ​ក្បាច់​រចនា​បែប​ខ្មែរ​»។

លោក​ឪពុក​សាសនា​កាតូលិក​ ដែល​លើក​ស្ទួយ​ក្បាច់​សិល្បៈ​ខ្មែររូប​នេះ​បាន​បន្ដថា លោក សំអុន យក​គំរូ​តាម​សិល្បៈ​ខ្មែរ​គ្រិស្ដ​សា​សនា ដែល​អភិវឌ្ឍ​ដោយ​បង​ស្រី អាត និង​លោក​គ្រូ សារុន​ នៅ​ជំរំ​ជន​ភៀស​ខ្លួន​ប្រទេស​ថៃ​។

លោក​បាន​ឱ្យ​ដឹង​ថា ស្ទីល​ក្បាច់​រចនា​ថ្មីៗ the Christian Khmer Style ​ត្រូវបាន​បង្កើត​ឡើង​។ Nativity scènes ជា​ចម្លាក់​នៃអង្គ​ព្រះ​យេ​ស៊ូ​ចម្លាក់​ព្រះនាង​ម៉ារី​ ត្រូវ​បាន​ផលិត​ឡើង​ជា​ក្បាច់​ខ្មែរ​។

​លោក​សំអុន​បាន​ឱ្យ​ដឹងថា​ជាមួយ​ការ​កុម្ម៉ង់​ទាំង​ចម្លាក់​បែប​សាសនា​និង​ចម្លាក់​ទូទៅដែលមា​ន​តម្លៃ​ចាប់ពី​១០​ដុល្លារ​រហូត​ដល់​រាប់​ពាន់​ដុល្លារ​មួយ​ឈុត​សុទ្ធតែ​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន ដោយ​សារ​​ពួកគេ​​មិន​នៅ​ប្រមូល​ផ្ដុំ​ និង​អាច​មើល​ថែទាំ​ផ្ទះ​សម្បែង គ្រួសារ។ភាគ​ច្រើន​ជាង​ចម្លាក់​របស់​លោក​​នៅ​ខេត្ដ​កំពង់ស្ពឺ​និង​កំពត​ខណៈ​លោក​នៅ​ព្រែក​ព្នៅ​នេះ។

លោក​ទទួល​ស្គាល់​ថា ការ​ធ្វើ​ការងារ​ពី​ផ្ទះ​នៅ​ឆ្ងាយ​រៀងៗ​ខ្លួន​នេះ​មាន​ការ​លំបាក​ច្រើន​ដែរ​ ជាពិសេស​ការ​ដឹក​ជញ្ជូន​ និង​ទំនាក់​ទំនង​គ្នា​។

លោកបាន​និយាយ​ថា​៖«​ដោយ​មើល​ឃើញ​ការ​លំបាក​របស់​យើង​ លោក​ឪពុក​​ព្រះ​កាតូលិក ​ជួន​កាល​ថែម​សោ​ហ៊ុយ​ថ្លៃ​ដឹក​ឲ្យយើង​បន្ថែម​ទៀត»​​។

ទន្ទឹម​នឹង​នេះ​ក្រោយ​ពេល​បើក​ប្រទេស​ឡើង​វិញ​នេះបុរស​ពិការ​ជើង​ដែល​អាច​បើកបរ​រថយន្ដ​តាម​រយៈ​ការ​កែច្នៃពិសេសរូប​នេះ​មាន​គម្រោង​ជាមួយ​ក្រសួង​សង្គម​កិច្ច​ដោយ​ចង់​ប្រមូល​ផ្ដុំ​ផ្នែក​ចម្លាក់​ជន​ពិការ​នៅ​អង្គស្នួល​ក្នុង​​មជ្ឈ​មណ្ឌល​ជន​ពិការ​ ដែលជា​ទីកន្លែង​ធ្វើ​ការ​ចាស់​រយៈ​ពេល​ ២០​ឆ្នាំ​របស់​លោក​​ ស្ថិត​នៅ​ទល់​មុខ​សាលា​ស្រុក​អង្គ​ស្នួល​។

លោក សំអុន បាន​លើក​ឡើង​ថា​៖ «​យើង​សុំ​សហ​ការ​ជាមួយ​ក្រសួង​ដើម្បី​ធ្វើ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​នេះ​ តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​យ៉ាង​ដូចម្ដេច​នៅ​ឡើយ​។ គម្រោង​នេះ​ គេ​ធ្វើ​សម្រាប់​ទទួល​ព្រឹត្ដិ​ការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ ឆ្នាំ​២០២​៣​។ ខ្ញុំ​មាន​បំណង​ចង់​ប្រមែ​ប្រមូល​គ្នា​បើក​នៅ​ទី​នោះ​វិញ​»។

លោក​អះ​អាង​ថា នៅ​ទីនោះ មាន​អង្គការ​ច្រើន​ដែល​ស្គាល់ ពីព្រោះ​មជ្ឈ​មណ្ឌល​នោះ​បើក​សាលា​បណ្ដុះ​បណ្ដាល​ចម្លាក់​តាំង​ពី​ឆ្នាំ​ ១៩៩០​ មក​។ ប៉ុន្ដែ​ក្រោយ​មក ក្រសួង​សង្គម​កិច្ច យក​ទីតាំង​នោះ​ធ្វើ​ជា​មជ្ឈ​មណ្ឌល​ជន​ពិការ​។

លោក សំអុន ដែលជា​បុគ្គល​គំរូ​ម្នាក់បាន​បន្ថែម​ថា៖«យើង​បណ្ដុះ​បណ្ដាល​ដល់​ក្មេងៗ​នៅ​កំពត និងឧដុង្គ​នៅតាម​សហ​គមន៍​កាតូលីក​បាន​ខ្លះ​ដែរ ក្រៅពី​ជនមាន​ពិការ​ភាព​។តាម​ពិត យើង​ត្រៀម​បណ្ដុះ​បណ្ដាល​ក្មេងៗ​ជា​ច្រើន​ទៀត តែ​ដល់​ពេល​កូវីដ​ចូល​មក យើង​ក៏​ផ្អាក​ និង​ចែក​គ្នា​ធ្វើការ​តាម​ផ្ទះ​រៀងៗ​ខ្លួន​សិន​ទៅ»​។

បើទោះបីជា​ជន​ពិការ​ជើង​ទាំង​នេះ​ត្រូវ​ការ​តុ​សម្រាប់​តោង​ឡើង​ដើម្បី​ឆ្លាក់​រូប​ធំៗដែល​សូម្បីតែ​មនុស្ស​ធម្មតា​ក៏​លំបាក​ផង​នោះ លោក និង​ក្រុម​ជាង​នៅតែ​តស៊ូ​ពុះពារ​ ដោយ​មិន​ពឹង​ផ្អែក​លើ​ការ​ដើរ​សុំ​ទាន​ឡើយ​។

លោក​បាន​ឱ្យដឹង​ថាចំពោះ​សមត្ថភាព​ជំនាញ​លើ​ការ​ឆ្លាក់​ មិនមាន​ភាព​ខុស​ប្លែក​គ្នា​រវាង​ជន​មាន​ពិការភាពនិង​មនុស្ស​ធម្មតា​នោះទេ តែ​អ្វី​ដែល​ខុស​នោះគឺបញ្ហា​នៃការ​បំផ្លាស់​ទី និងការ​តោង​ឡើង​ទីខ្ពស់​សម្រាប់​ចម្លាក់​ធំៗ​។ យ៉ាង​ណាមិ​ញ លោក​និយាយ​ទាំង​ភាព​ជឿ​ជាក់​ថា វា​គ្រាន់តែ​លំបាក​បន្ដិច​ប៉ុណ្ណោះ សំខាន់​បុគ្គល​ម្នាក់ៗ​មាន​ការ​តាំង​ចិត្ដ​ខ្ពស់​។

​លោក​បញ្ជាក់​ថា​៖ «​មនុស្ស​ជាច្រើន​យល់​ថា​ជនពិ​ការ​ទាំង​នោះ​សុទ្ធ​តែជា​មនុស្ស​ស្រវឹង​។ តាម​ពិត​ពួក​គាត់​មិន​ចង់​ដើរ​សុំ​ទាន​នោះ​ទេ។ ពួក​គាត់​ក៏​ខ្មាស​គេ​ដែរ​។ ពួក​គាត់​ទាល់​តែ​ហូបស្រា​ឲ្យ​ស្រវឹង​ ទើប​អាចដើរ​សុំទា​នបាន​។ អ៊ីចឹង​ទឹក​ចិត្ដ​គាត់​នៅ​មាន។ ប៉ុន្ដែ​យើង​នៅ​ខ្វះ​ការ​លើក​ទឹក​ចិត្ដ​»​៕