ភ្នំពេញៈ ក្នុង​ឆមាសទី១ ឆ្នាំ ​២០២២ ​​​សមត្ថ​កិច្ច​ជំនាញ​បាន​ចាប់​ឃាត់ រថ​យន្ត​ដឹកលើ​ស​ទម្ងន់​កម្រិត​កំណត់​ដោយ​ច្បាប់​ចំនួន ១ ៦៤៣ គ្រឿង​ និង​បាន​​ធ្វើការ​ផាក​ពិន័យ​​បាន​​ទឹក​ប្រាក់​សរុប​ប្រមាណ ២,៨ ពាន់​លាន​រៀល។ នេះ​បើយោង​តាម​របាយ​ការណ៍​។

យោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​សម្រប​សម្រួល​អចិន្ត្រៃយ៍​ នៃ​គណៈ​កម្មាធិការ​ដឹកនាំ​ការ​ត្រួត​ពិនិត្យ​យាន​យន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិ​ត​កំណត់​នៃ​ក្រសួង​សាធា​រណការ​និង​ដឹក​ជញ្ជូន បាន​ឱ្យដឹង​នៅ​ថ្ងៃ​ទី ៦ កក្កដា​​​ថា ក្នុង​ឆមាសទី១ ឆ្នាំ​ ២០២២ ការ​អនុ​វត្ត​ការ​ងារ​លើកា​រ​ទប់​ស្កាត់​យាន​យន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដោយ​បាន​ត្រួត​ពិនិត្យ​យាន​យន្ត​សរុប​ចំនួន ១ ៨៣១ ៣៧៤ គ្រឿង ក្នុងនោះ រថយន្ត​ដឹក​មិន​លើស​ទម្ងន់​មាន​ចំនួន ១ ២៣០ ០១០ គ្រឿង ​រថ​យន្ត​ដឹក​លើស​ទម្ងន់​ក្នុង​កម្រិត​អនុគ្រោះ មាន​ចំនួន ៥៩៩ ៧២១ គ្រឿង រថ​យន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ត្រូវ​បាន​ផាក​ពិន័យ​មាន​ចំនួន ១ ៦៤៣ គ្រឿង ដោយ​ពិន័យ​បាន​​ទឹក​ប្រាក់​សរុប​ប្រមាណ ២,៨ ពាន់​លាន​រៀល​។

ក្នុង​ចំណោម​រថ​យន្ត ១ ៦៤៣ គ្រឿង ដែល​បាន​ផាក​ពិន័យ មាន​រថយន្ត​ចំនួន​ ២២០ គ្រឿង ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ លើស​ពី ២០% នៃ​ទម្ងន់​អនុញ្ញាត​ត្រូវ​ផាក​ពិន័យ និង​ឃាត់​ទុករយៈពេល​ ១ ​ឆ្នាំ ដោយ​យោង​តាម​ច្បាប់​ផ្លូវ​ថ្នល់​មាត្រា ៦០។

លោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់​ថុល រដ្ឋ​មន្រ្តី​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន បាន​អំពាវ​នាវ​ជា​ថ្មី​ ដោយ​ទទូច​សុំ​ឱ្យ​អ្នក​ប្រើ​ប្រាស់ផ្លូវ និង​ក្រុមហ៊ុន​ដឹក​ទំនិ​ញគោរព​ច្បាប់ ចរា​ចរណ៍​ទាំង​អស់គ្នា ដើម្បី​កាត់​បន្ថ​យ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​តាម​ដង​ផ្លូវ កុំដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ខូច រេចរឹល​មុន​អាយុ​កាល​ មាន​ជង្ហុក​សម្បុក​មាន់ បង្ក​គ្រោះ​ថ្នាក់​ចរាច​រណ៍ ចំណាយ​ថវិ​កាច្រើ​ន​ក្នុង​ការ​ជួស​ជុល​និង​ថែទាំ​ផ្លូវ។

លោក​ថ្លែង​ថា​៖ «ការ​ដឹក​លើ​ស​ទម្ងន់​កម្រិត​កំណត់ជា​កត្តា​ចម្បង​ធ្វើ​ឱ្យផ្លូវឆា​ប់ខូច​មុន​អាយុកាល​ និង​បង្ក​គ្រោះថ្នាក់ ចរា​ចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​»។

លោក ស៊ុន ចាន់​ថុល បញ្ជាក់​ថា ជាយន្ត​ការ​ទប់​ស្កាត់​ការងារ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ទាំង​ថ្នាក់​ដឹក​នាំពា​ក់​ព័ន្ធ និង​មន្រ្តី​អនុវត្ត បាន​ខិត​ខំប្រឹង​ប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​រឹត​បន្តឹ​ងកា​រដឹក​ជញ្ជូន​ឱ្យស្រប​តាម​ច្បាប់​កំណត់ និង​អនុវត្ត​យន្តការ ចល័ត​ដើម្បី​ឆ្មក់​ចាប់​រថយន្ត​ដឹក​លើស​កំណត់​នៅ​ទូទាំង​ប្រទេស​។

បើតាម​ក្រសួង​សាធារណការ គ្រប់​ក្រុមការងារ​ពាក់ព័ន្ធ​បានធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​នានា​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នក​បើកបរ​រថ​យន្ត​ធុន​ធ្ងន់​ទាំង​អស់ ជាពិសេស​ចុះ​អប់​រំ​ដល់​​​ម្ចាស់​ដេប៉ូ​ខ្សាច់​ថ្មី​និង​ការដ្ឋាន​ដឹក​ដី ឱ្យចូល​រួម​គោរព​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​ស្ដីពីការ​ដឹក​ជញ្ជូន​ ដើម្បី​បញ្ចៀស​​​ឱ្យ​បាន​នូវ​ការ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ដែលនាំ​ឱ្យផ្លូវ​ឆាប់​ខូច កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ថែ​​រក្សា​សោភណ​ភាព​ទីក្រុង ជាពិសេស​​ដើម្បី​អប់រំ​អំពី​ចំណេះ​ដឹង​ជុំវិញ​ច្បា​ប់ចរាច​រណ៍ និង​ផ្តោត​លើកា​រ​ផាក​ពិន័យ និង​ការ​ឃាត់​ទុក យាន​យន្ត​ដឹក​ជញ្ជូន​ដែល​អនុលោម​តាម​ច្បាប់​ផ្លូវ​ថ្នល់​មាត្រា ​៦០។

ក្រៅពី​យន្តការ​ផ្សព្វ​ផ្សាយ និងអប់រំ​លើការងារ​គ្រប់​គ្រង តាម​ដាន​សកម្មភាព​របស់​មន្រ្តី​អនុវ​ត្តការងារ គណៈ​កម្មាធិការ​សម្រប​សម្រួល​អចិន្ត្រៃយ៍​ក៏បាន​បំពាក់​កាមេរ៉ា​បញ្ជូន​រូប​ភាព (CCTV Camera) តាម​ស្ថានី​យ​ជញ្ជីង​អច​ល័តនានា និងបាន​ធ្វើការ​ផ្លាស់​ប្តូរ​មន្រ្តីនៅ​តាម​ស្ថានីយ​មួយ​ចំនួន​ ដែល​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ក្នុង​ការ​អនុ​វត្ត​ការងារ​។ នេះបើ​តា​ម​ក្រសួង៕