​បាត់ដំបងៈ ធ្លាប់ជា​ទឹកដី​សង្គ្រាម​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម សម្បូរ​ទៅដោយ​មីន និង​ទីតាំង​អ​សុវត្ថិភាព​របស់​ប្រជាជន ពេលនេះ​ស្រុក​សំឡូត​ក្លាយជា​ទីតាំង​ទាក់ទាញ​ភ្ញៀវទេសចរ ដោយសារ​ភោគផល​អំណោយផល​ជាច្រើន ដូចជា សាវម៉ាវ ដំឡូង​មី មង្ឃុត ប័រ ម្រេច និង​ជាពិសេស​បំផុត​នោះ​គឺ​ទុរេន​ដែលមាន​ការទទួលស្គាល់ និង​គាំទ្រ​យ៉ាងច្រើន​ចំពោះ​រសជាតិ​ឆ្ងាញ់​ប្លែក​។

តែ​ឆ្នាំនេះ ប្រជាកសិករ​ត្រូវបាន​ជួបនឹង​បញ្ហា​ជន់​ទុរេន​នាំឱ្យ​ធ្លាក់​តម្លៃ​ដោយសារ​ការនាំ​ចូល​ទុរេន​ពី​ថៃ និង​វៀតណាម​។ រហូត​ក្នុង​ឆ្នាំ ២០១៩ ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ក៏បាន​ប្រមូលផ្ដុំ​កសិករ​ចងក្រង​ជា​បណ្ដុំ​អាជីវកម្ម​ទុរេន​សំឡូត ដើម្បី​ងាយស្រួល​គ្រប់គ្រង ដឹង​ច្បាស់​ពី​ប្រភព គិតគូរ​ពី​សុខ​សុវត្ថិភាព និង​ផាសុកភាព​ដល់​អ្នកទទួល​ទាន​។

លោក ណៃ ច​ន ប្រធាន​បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូត ខេត្តបាត់ដំបង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ថា ​លោក​ចាប់ផ្ដើម​ដាំ​ទុរេន​តាំងពី​ឆ្នាំ ២០០០ ហើយ​មានតែ​លោក និង ៣​គ្រួសារ​ទៀត​ប៉ុណ្ណោះ​ដែលជា​អ្នក​ចាប់ផ្ដើម​ដាំ​មុនគេ និង​យូរ​ជាងគេ ដោយ​ដាំ​នៅលើ​ផ្ទៃដី ៥​ហិកតា​។​

លោក ច​ន ថា​៖ «​អ្នក​ដែល​ដាំ​យូរ​ជាងគេ​មានតែ​ពួក​ខ្ញុំ​ប៉ុន្មាន​គ្រួសារ​ហ្នឹង​។ សម្រាប់​ខ្ញុំ​គឺ​តាំងពី​ឆ្នាំ ២០០០ ខែ ៥ ប៉ុន្តែ​ដើម​ចាស់​ងាប់​ទៅវិញ​ខ្លះ​ហើយ​សល់​មិន​លើសពី ២០-៣០​ ដើម​ទេ​។ ភាគច្រើន​យើង​ដាំ​ទុរេន​ប្រភេទ ឪ​ខាក់ ភួង​ម៉ា​នី និង​ម៉ាន់​ថង​ដែល​ជាទី​ពេញនិយម​របស់​ប្រជាជន​ខ្មែរ​»​។

លោក ច​ន ឱ្យដឹង​ដែរ​ថា​ការគាំទ្រ​ទុរេន​នៅ​ស្រុក​សំឡូត​នេះ​គឺ​យូរហើយ ប៉ុន្តែកាល​ជំនាន់​មុន​សេដ្ឋកិច្ច​របស់​ប្រជាជន​មិនទាន់​រីកចម្រើន ទើបតែ​ពេលនេះ​ពេល​សេដ្ឋកិច្ច​មានការ​ល្អប្រសើ​រ​ខ្លះ​ទើប​ធ្វើឱ្យ​ទុរេន​កាន់តែ​ពេញនិយម មនុស​កាន់តែ​ហូប​ច្រើន ហើយក៏​ល្បី​ពី​រសជាតិ​ទីនេះ​តៗ​គ្នា​។

លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង ធ្លាប់បាន​ប្រាប់ថា ផ្លែ​ទុ​រេ​ន​ដែល​ដាំ​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​ទទួលបាន​ការចាប់អារម្មណ៍​ដោយសារ​រសជាតិ​របស់​វា​មាន​លក្ខណពិសេស​ជាងគេ ដោយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រុមហ៊ុន ចិន និង​ថៃ​បាន​ចុះមក​មើល ហើយ​មានបំណង​នាំ​ចេញទៅ​ចិន ជា​ប្រភេទ​ទុរេន​ដែល​បក​រួចស្រេច និង​ដាក់​ក្នុង​ទូ​កុង​តឺ​ន័​រ​ត្រជាក់​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន តាម​ប្រទេស​ថៃ​។​

លោក ប៊ិ​ត ហឿន ជា​សមាជិក​ក្នុង​បណ្ដុំ​អាជីវកម្ម និង​ជាតំណាង​គ្រួសារមួយ​ក្នុងចំណោម​គ្រួសារ​ដែល​ដាំ​ទុរេន​យូរ​ជាងគេ​ក៏បាន​ឱ្យដឹង​ដែរ​ថា វា​បាន​ក្លាយជា​ស្រុក​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ ដោយ​មិនមាន​ការភ័យខ្លាច​ពី​បញ្ហា​មីន​ដែល​នៅសល់​ពី​សង្គ្រាម​ទៀត​នោះទេ​។ ប្រជាកសិករ​ក៏មាន​សុខ​សុវត្ថិភាព ព្រោះ​ខាង​ស៊ីម៉ាក់​រាវ​អស់ហើយ តាំងពី​ឆ្នាំ ២០០០​។

បើតាម​លោក អ៊ិន សុវណ្ណមុន្នី អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បានឱ្យដឹងថា​ អាច​ប្រហែលជា​ក្នុងអំឡុង ៧-៨​ឆ្នាំក្រោយ​នេះ​ដែល​ទុរេន​មាន​សម្ទុះ​គាំទ្រ​ខ្លាំង​។

​លោក បន្ថែមថា​៖ «​ជា​រៀងរាល់ឆ្នាំ ទូទាំង​ស្រុក​គឺអាច​ប្រមូល​ផល​បាន​ប្រមាណ ៦ ០០០​ តោន នៅលើ​ផ្ទៃ​ជាង ​៥៤០ ​ហិកតា​»​។

យ៉ាងណាមិញ លោក ​ច​ន បានឱ្យដឹង​ដែរ​ថា​ ស្រុក​សំឡូត​នេះ​មិនទាន់មាន​អាជីវកម្ម​ក្រុមហ៊ុន​អី​ធំដុំ​ទេ គឺ​មានតែ​ការដាំ​ជា​គ្រួសារ​។ កន្លងមក​លោក និង​កសិករ ១៧ ​គ្រួសារ​ទៀត​ ដែល​ស្ថិតនៅក្នុង​បណ្ដុំ​អាជីវកម្ម​ទុរេន​សំឡូត ក៏​លក់​បានតែ​ទីផ្សារ​ក្នុងស្រុក​ហ្នឹងឯង និង​មាន​នាំ​ចេញទៅ​ខេត្ត​ក្រុង​មួយចំនួន ដូចជា​ភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ដែល​គេ​រើស​ទៅ​លក់​គ្រប់​ខេត្ត​ក្រុង​។​

លោក សុវណ្ណមុន្នី ថ្លែងថា​រីឯ​កន្លងមក​ថ្វី​ត្បិត​ថា​មាន​ថៃ​ចូលមក​ទិញ​ខ្លះ តែ​មិនទាន់មាន​មូលដ្ឋានគ្រឹះ​សម្រាប់​នាំចេញ​ទេ​។

កសិករ ៣​រូប គឺ​លោក ណៃ ច​ន, ប៊ិ​ត ហឿន, និង លោក ហេង ហឿន បាន​ប្រាប់​ដូចគ្នា​ថា​ជា​រៀងរាល់ឆ្នាំ ទុរេន​របស់​ពួកលោក​គឺ​លក់​បានល្អ​ណាស់ មិនដែល​មាន​ចាល់​ទេ ទើបតែ​ឆ្នាំនេះ​ទីផ្សារ​ចង្អៀត នាំឱ្យមាន​ការធ្លាក់​ថ្លៃ​។

លោក ប៊ិ​ត ហឿន ថា​៖ «​ឆ្នាំនេះ​ធ្លាក់​ថ្លៃ​មែនទែន​។ រាល់​ឆ្នាំ​យើង​លក់បាន ១៥ ០០០-១៦ ០០០ ​រៀល ចំពោះ​តម្លៃ​ដែល​ឈ្មួញ​យក​ក្នុង ១​តោន​។ បើ​លក់​ក្នុង​ទីផ្សារ​គឺ ២៥ ០០០ ​រៀល ឬ​ទាប​បំផុត ១៩ ០០០ ​រៀល នៅ​ស្រុក​សំឡូត​យើង​នេះ​។ តែ​ឆ្នាំនេះ​តម្លៃ​បោះ​ទៅ​ឈ្មួញ​បាន​ត្រឹម ១៤ ០០០​ រៀល ហើយ​ចុះ​ដល់ ១១ ០០០ ​រៀល​ក៏មាន​»​។

លោក ​ហេង ហឿន ប្រធាន​ទីផ្សារ​បណ្ដុំ​អាជីវកម្ម​ទុរេន​សំឡូត​បន្ថែមថា​៖ «​កន្លងមក​យើង​មិន​ដែលមាន​បញ្ហា​ទេ អត់​ដូច​ឆ្នាំនេះ​ដែលមាន​ការនាំ​ចូល​ទុរេន​ច្រើន​ពី​ថៃ និង​វៀតណាម​ហើយ​ចូលក្នុង​រូប​ភាពជា​ទុរេន​ខ្មែរ​»​។

លោកក៏បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ពី​មូលហេតុ​មួយចំនួន​ដែលនាំឱ្យ​ទុរេន​ចាល់ និង​ធ្លាក់​ថ្លៃ ដូច​ជាទី​១ ទុរេន​នាំចូល​ពី​វៀតណាម និង​ថៃ ចូលមក​មុន​តាំងពី​ខែ ៣-៤ ទី​២ វា​មាន​ក្លែងបន្លំ​ច្រើន​ព្រោះ​គេ​ធ្វើតាម​តម្រូវការ​ស្រុក​ខ្មែរ ទី​៣ គឺ​គេ​ប្រើ​ថ្នាំ​ដែល​ធ្វើឱ្យ​វា​ទុក​បានយូរ​ជាង​ទុរេន​ខ្មែរ​។

លោកបកស្រាយ​បន្ថែម​ចំណុច​មួយៗ​ថា ដូច្នេះ​បើទោះជា​ទុរេន​សំឡូត​មាន​រសជាតិ​ឆ្ងាញ់ និង​ប្លែក​ពី​ទុរេន​នាំចូល ហើយ​តម្លៃ​ក៏​មិន​លើស​គ្នា ប៉ុន្តែ សំខាន់​ទុរេន​ថៃ និង​វៀតណាម​នាំមក​មុន និង​បន្ត​រហូតមក​ធ្វើឱ្យ​ច្រើន​ខ្លាំង​បូករួម​ទាំង​ក្នុងស្រុក និង​នាំ​ពី​ក្រៅ​នាំឱ្យមានការ​បញ្ចុះតម្លៃ​រៀងៗ​ខ្លួន​ធ្វើឱ្យ​ទីផ្សារ​ពិបាក​ ហើយក៏​ធ្វើឱ្យ​សម្ទុះ​នៃ​ការទិញ​ទុរេន​ខ្មែរ​បាត់បង់ ព្រោះ​ទុរេន​ខ្មែរ​ទើប​មាន​ពាក់កណ្ដាល ខែមិថុនា។

ចំណុច​ទី​២ នៅពេលដែល​សម្បូរ​ទៅដោយ​ឈ្មួញ​ដែល​ក្លែងបន្លំ ដោយសារ​ឥឡូវ​ទុរេន ថៃ វៀតណាម ពិបាក​ក្នុង​ការនាំ​ចេញទៅ​ចិន ដូច្នេះ​គេ​ធ្វើ​តម្រូវ​ទីផ្សារ​ខ្មែរ ដោយ​ឆ្នាំមុនៗ​គេ​ចំណាំ​ទុរេន​ខ្មែរ​មាន សណ្ដង់ ២ ​តង់ ហើយ​បន្លា​ស្អាត​ល្អ អត់​សូវ​ទក់​។ ប៉ុន្តែ បច្ចុប្បន្ន​ទុរេន​ប្រទេសជិតខាង​កាត់​ត្រង់​ពី​ចម្ការ​ដូចគ្នា ហើយ​រត់​ត្រង់​មក​ខ្មែរ ដូច្នេះ​ទាំង​គុណភាព និង​រូបរាង​មើល​លែង​ដឹង ព្រោះ​ពូជ​ដូចគ្នា រសជាតិ​ក៏​ប្រហាក់ប្រហែលគ្នា​។

គុណភាព​ ​គឺអាច​ចាញ់​ប្រៀប​គេ ដោយសារតែ​គេ​ប្រើ​បច្ចេកទេស​ក្នុងការ​ជ្រលក់​ថ្នាំ​ការពារ​សម្បក កុំឱ្យ​ផ្សិត និង​ឱ្យនៅ​បានយូរ​ជាដើម ដែល​អ្នកលក់​មិន​ប្រឈម​ហានិភ័យ​ក្នុងការ​ស្រក​គីឡូ​ច្រើន​ផងដែរ​។

លោកបន្ថែមថា​៖​ «​ឧទាហរណ៍ ទុរេន ១០០ ​គីឡូ ទុរេន​យក​ពី​គេ​ស្រក​យ៉ាងច្រើន ៥-១០ ​គីឡូ​។ ទុរេន​ខ្មែរ​ស្រក​ចន្លោះ​ពី ២០-៣០ ​គីឡូ​ឡើង​។ ទុរេន​ខ្មែរ​អត់​មានប្រើ​ថ្នាំលាប​អី​ដើម្បី​បន្ទំ ពេល​ទុំ​វា​រហ័ស​ជ្រាយ និង​ខូច​។ កាល​មុន​យើង​ក៏​ធ្លាប់ប្រើ​ថ្នាំ​ជ្រលក់​ដែរ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​គេ ប៉ុន្តែ ធ្វើបែបនេះ​វា​អត់​មាន​ស្តង់ដា​ក្នុងការ​ផលិត​ឬ​ការនាំចេញ​ត្រឹមត្រូវ​ទេ​»​។

លោកបាន​បន្តថា​៖ «​តែ ខាង​ក្រសួង​បាន​ជំរុញ​កសិករ​ធ្វើតាម​ស្តង់ដា GAP ដើម្បី​ឱ្យបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ពី​ក្រសួងកសិកម្ម​ដើម្បី​ទប់ស្កាត់​ក្នុងការ​ក្លែងបន្លំ​»​។

ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏បាន​ឱ្យដឹងថា​ លោកអភិបាលស្រុក​បានធ្វើ​លិខិត​មកឱ្យ​មន្ទីរ​ជួយ សម្របសម្រួល និង​ជំរុញ​ផ្នែក​ទីផ្សារ​ទុរេន​ឱ្យមាន​ប្រភព​ច្បាស់លាស់​កុំឱ្យ​មានការ​បន្លំ និង​ឱ្យ​មន្ត្រី​ជំនាញ​បាន​ចូលខ្លួន​ក្នុងការ​សម្របសម្រួល​ប​ច្ចេកទេស​នៃ​ការគ្រប់គ្រង បង្កើន​គុណភាព​ទុរេន និង​ផ្ដល់​វិញ្ញាបនបត្រ GAP កាលពី​ឆ្នាំ ២០២១ ​ដល់​កសិករ ដើម្បី​សុ​វត្តិភាព​ដល់​អ្នក​ដែល​បរិភោគ មិន​ប៉ះពាល់​ដល់​សុខភាព​។

កម្មការកំពុងរៀបចំទុរេន​សំឡូត។ រូបថត Samlout Durian Cluster

ដូចនេះ ខាង​មន្ទីរ​កសិកម្ម​បាន​ចងក្រង​ជា​សហគមន៍​ជា​បណ្ដុំ​អាជីវកម្ម ដើម្បី​ងាយស្រួល​ដឹង​ពី​ប្រភព មាន​ដើម ផ្ទៃដី ផ្លែ​ចំពោះ​កសិករ​មួយៗ និង​បញ្ហា​ជំងឺ​ផ្សេងៗ ដោយមាន​ការបិទ​ស្ទិ​ក​ឃ័រ GAP មាន​រូប QR Code នៅលើ​ទង ដែល​អាចជា​អត្តសញ្ញាណ​មួយ​ក្នុង​ការកំណត់​ទុរេន​របស់​សំឡូត​។​

លោក ច​ន ​បាន​បន្ថែម​ពី​ចំណាប់អារម្មណ៍​របស់លោក​ក្នុង​ការបន្ត​ចូលរួម​ចំពោះ​អ្វីដែល​មន្ទីរ​កសិកម្ម​បាន​ចុះមក​បង្រៀន ខណៈដែល​ប្រជាជន​ផ្សេងទៀត​មិនសូវ​ចូលរួម​ព្រោះ​គិតថា ​មិន​ទទួលបាន​គុណប្រយោជន៍​ភ្លាម​។

លោកថា​៖ «​ខ្ញុំ​ចេះតែ​ចូលរួម ខ្ញុំ​យល់ថា​ បន្តិចទៀត​នឹងធ្វើ​ឱ្យ​អ្នក​ដាំ​ទុរេន​មាន​ហានិភ័យ​ខ្ពស់​ណាស់ ព្រោះ​ការដាំ​ច្រើន តែ​យើង​ខំ​ធ្វើឱ្យមាន​អត្តសញ្ញាណ​ត្រឹមត្រូវ មានការ​ទទួលស្គាល់​ជា​ផ្លូវការ និង​មិន​ប៉ះពាល់​សុវត្ថិភាព​ដល់​អ្នក​ហូប ដោយ​រំពឹងថា ​ថ្ងៃក្រោយ​យើង​អាចមាន​ផ្លូវ​នាំទៅ​ទីផ្សារ​ក្រៅ​ស្រុក​បាន​»​។

លោក សុវណ្ណមុន្នី​ ជា​តំណាងឱ្យ​ខាង​មន្ទីរ​កសិកម្ម​បាន​សំណូមពរ​ទៅ​កសិករ​ឱ្យមាន​ការពិគ្រោះ​ជាមួយ​ម​ន្ត្រី​ជំនាញ​មុន​សម្រេច​ដាំ ឬ​ធ្វើ​អ្វីមួយ ដើម្បី​កុំឱ្យ​ទីផ្សារ​ចង្អៀត​។​

លោកក៏បាន​សូមឱ្យ​ឈ្មួញ​កុំឱ្យ​គិតតែ​ពី​ផលចំណេញ តែ​ត្រូវ​គិតពី​គុណ​តម្លៃ​ក្នុង​ការលក់​ផលិតផល​ណា​ដែលមាន​ប្រភព​ច្បាស់លាស់ និង​គុណ​ភាពល្អ បើមិន​ដូច្នោះ​ទេ អ្វីដែល​គាត់​ធ្វើ​អាច​ប៉ះពាល់​សុខភាព​សាធារណៈ​ច្រើន​។ ក្នុងនោះ​លោក ក៏មាន​គម្រោង​អញ្ជើញ​កសិករ​ដែល​ប្រើប្រាស់​ថ្នាំ​មក​ណែនាំ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ថ្នាំ​ផងដែរ​៕