ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចលើកឡើងថា អង្គការនេះនឹងបន្តគាំទ្រកម្ពុជាក្នុងការអនុវត្តពង្រឹងប្រព័ន្ធសុខាភិបាល និងការបណ្តុះបណ្តាលនូវធនធានមនុស្សហើយក៏បានកោតសរសើរម្តងហើយម្តងទៀត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាពិសេសការងារចាក់វ៉ាក់សាំងបង្ការជំងឺនេះតែម្តង។
នេះជាការអះអាងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងដំណើរចុះទស្សនកិច្ចជាមួយលោក Takeshi Kasai ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៅសាលាបឋមសិក្សាទួលគោក ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី ៦ ខែកក្កដា ។
លោកស្រីមានប្រសាសន៍ថា៖ «លោកបណ្ឌិត Takeshi Kasai ប្រធានអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចបានធ្វើការកោតសរសើរនូវភាពជាអ្នកដឹកនាំ ភាពខ្លាំងរបស់សម្តេចតេជោក្នុងការដឹកនាំ
ប្រទេសនិងការដឹកនាំប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ ១៩ ជាពិសេសលើការងារស្រោចស្រពការចាក់វ៉ាក់ការពារជំងឺកូវីដ ១៩»។
នាឱកាសនោះលោក Takeshi Kasai ក៏បានបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោកនឹងនៅតែបន្តជួយគាំទ្រដល់កម្ពុជាក្នុងការអនុវត្តការពង្រឹងប្រព័ន្ធសុខាភិបាលក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ «ជាពិសេស នៅក្នុងនោះអង្គការសុខភាពពិភពលោកនឹងយកចិត្តទុកដាក់របស់ខ្លួនបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលយើងកំពុងតែចាត់ចែងរៀបចំ ដោយនៅពេលខាងមុខនេះ យើងមានផែនការដាក់ឱ្យអនុវត្តនៅក្នុងរយៈពេលដ៏យូរអង្វែង»។
លោក Takeshi Kasai ក៏បានថ្លែងឱ្យដឹងដែរថា នៅពេលដែលប្រជាពលរដ្ឋក្នុងប្រទេសមានសុខភាពល្អ នោះការអភិវឌ្ឍក៏មានចីរភាព និងមានការរីកចម្រើន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណដល់មន្រ្តីសុខាភិបាលដែលបានខិតខំធ្វើការក្នុងរយៈជាង ២ ឆ្នាំកន្លងមកនេះ ហើយអ្វីដែលខ្ញុំសង្កេតឃើញគឺកម្ពុជាមានការអភិវឌ្ឍលឿនមែនទែនផ្នែកសេដ្ឋកិច្ច មានអគារខ្ពស់ៗជាច្រើន»។
ទន្ទឹមនឹងនេះ លោក Takeshi Kasai ក៏បានសរសេរលើបណ្តាញធ្វីធឺ (Twitter) របស់លោកផងដែរថា ចាប់ពីប៉ុស្តិ៍សុខភាពតូចៗរហូតដល់មណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យ ហើយការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតរបស់លោកគឺលោកសូមជូនចំពោះបុគ្គលិកថែទាំសុខភាពទាំងអស់ក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា៖ «ការលើកទឹកចិត្ត ការប្តេជ្ញាចិត្ត និងវិជ្ជាជីវៈរបស់មន្រ្តីថែទាំសុខភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នឹងឈានទៅរកផ្លូវដ៏វែងឆ្ងាយក្នុងការកែលម្អការថែទាំសុខភាពនាពេលអនាគត»។
ទាក់ទងនឹងការអនុវត្តយុទ្ធសាស្ត្រពង្រឹងការគ្រប់គ្រងប្រព័ន្ធសុខាភិបាលនេះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលធ្លាប់បានលើកឡើងកាលពីខែមុនថា ក្រសួងសុខាភិបាលកំពុងពង្រីកការគ្របដណ្តប់និងលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅទូទាំងប្រទេស ដោយក្នុងនោះក្រសួងបានពង្រីកនិងសាងសង់មន្ទីរពេទ្យ មណ្ឌលសុខភាព នៅតាមបណ្តាខេត្តជាច្រើនផងដែរ៕