ភ្នំពេញៈ សមត្ថកិច្ចចម្រុះបានចុះពន្យល់ណែនាំ និងអនុវត្តការរុះរើរោងខ្ទម ដែលសង់បែបអនាធិបតេយ្យលើដីរដ្ឋ និងឃាត់ខ្លួនមនុស្សម្នាក់មកសួរនាំ នៅថ្ងៃទី ៦ កក្កដា នៅទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ស៊ី អេច ភីប៊ី ឌីវេឡុបមេន ស្ថិតនៅ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមលោកកៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ នៅថ្ងៃទី ៧ ខែកក្កដា។

លោកប្រធានមន្ទីរប្រាប់ថា ការចុះអនុវត្តការុះរើរោងខ្ទមនេះ ធ្វើឡើងក្រោយពីពិនិត្យឃើញថា មានការចូលកាប់រានទន្ទ្រានហ៊ុមព័ទ្ធយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិ នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ចំណែកជនសង្ស័យម្នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ លោកមិនបានចាំអត្តសញ្ញាណនោះទេ ប៉ុន្តែពេលសមត្ថកិច្ចឃាត់ខ្លួន រូបគេមានកាន់កាំបិតក្នុងដៃ សង្ស័យថា ចូលកាប់ទន្រ្ទានហ៊ុមព័ទ្ធដីរដ្ឋដោយខុសច្បាប់។

ភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកប្រភពទាក់ទងទៅខណ្ឌរដ្ឋបាលព្រៃឈើក្រចេះបានទេ នៅថ្ងៃទី៧ ខែកក្កដា ប៉ុន្តែ លោករ៉ា បូរ៉ានឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះអ៊ួង សៅ រស់នៅភូមិបឹងច្រែង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ជនសង្ស័យកំពុងស្ថិតក្នុងការសាកសួរ របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងមិនទាន់ដឹងថា ត្រូវសម្រេចបញ្ជូនបន្តតាមនីតិវិធីមកតំណាងអយ្យការ ឬយ៉ាងណានៅឡើយទេ។

បើតាមលោកកៅ ម៉ាឌីឡែន ទីតាំងដីនោះ ក្រុមហ៊ុនបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលនៅឆ្នាំ២០០៩ ដែលមានផ្ទៃដីប្រមាណជាង៨ ០០០ហិកតា។ ប៉ុន្តែផ្ទៃដីឃ្លុំទាំងមូលនៅទីនោះមាន១២ ០០០ហិកតា ដែលអាជ្ញាធរបានធ្វើការកាត់ផលប៉ះពាល់ចំនួន៣ដង។ រាប់តាំងពីដំណាក់កាលមុនផ្តល់ដីសម្បទានសេដ្ឋកិច្ច រហូតដល់ដំណាក់កាលរៀបចំចុះបញ្ជីជាដីឯកជនរបស់រដ្ឋ អាជ្ញាធរបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋប្រមាណ៩ ៥០០ហិកតាយ៉ាងតិច ទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់។ ហេតុនេះមិនមានការប៉ះពាល់ដល់ដីប្រើប្រាស់អាស្រ័យផលរបស់ប្រជាពលរដ្ឋនោះទេ។

លោកថ្លែងថា៖«យើងអត់ប៉ះទេ សូម្បីមាន សជណ ក៏ដោយ យើងអត់ទៅប៉ះពាល់ដីបងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ និងអាស្រ័យផលទេ។ អ៊ីចឹងដីហ្នឹងនៅសល់តែ ២ ៥០០ហិកតាទេ ក្នុងឃ្លុំទាំងមូល១២ ០០០ហិកតានោះ» ។

លោកប្រធានមន្ទីររៀបចំដែនដីបញ្ជាក់ថា ប្រជាពលរដ្ឋជឿតាមមេខ្យល់ បាននាំគ្នាទៅធ្វើរោង ចាំកាប់ទន្ទ្រានដីព្រៃនោះ មិនមែនប្រជាជនក្នុងមូលដ្ឋាននោះទេ គឺអ្នកមកពីឃុំផ្សេង និងមិនអាចកំណត់ថា មានចំនួនប៉ុន្មានគ្រួសារទេ។ ប៉ុន្តែតាមការសង្កេតជាក់ស្តែង មានប្រមាណ ៣០ ទៅ៥០នាក់។ ចំណែកការរុះរើខ្ទមនោះ គឺសុទ្ធតែជាខ្ទម ដែលទើបធ្វើហើយ ក្នុងរយៈពេល២ថ្ងៃ មុនកម្លាំងសមត្ថកិច្ចចុះទៅដល់ មានចំនួន ២រោងធ្វើពីឈើប្រក់តង់។

លោកថ្លែងថា៖«ជារូមដីហ្នឹង គឺ ទី១ ក្រុមហ៊ុនបានដាំកៅស៊ូហើយ ទី២ ដាំកៅស៊ូមួយចំនួន ដើមឈើមួយចំនួនងាប់ទៅវិញ ហើយនិងដីព្រៃ។ អ៊ីចឹងទេ អាដី ដែលនៅព្រៃឈរហ្នឹង គាត់ទៅកាប់ទន្ទ្រានលើដីព្រៃឈរហ្នឹង»។

លោកកៅ ម៉ាឌីឡែន ប្រាប់ថា កន្លងមកអាជ្ញាធរមានសមត្ថិច្ចបានចុះធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងពីទីតាំងដីនោះ តាមរយៈចែកបណ្ណប្រកាស ការចាក់សំឡេងឧគ្ឃោសនសព្ទនៅទីតាំងដី និងចល័តទៅតាមផ្លូវក្នុងភូមិ ព្រមទាំងប្រជុំផ្សព្វផ្សាយដើម្បីប្រជាពលរដ្ឋយល់ជ្រាបផងដែរ។ ប៉ុន្តែអ្នកក្នុងឃុំយល់ រីឯអ្នកដែលត្រូវមេខ្យល់អូសទាញពីក្រៅមកមិនយល់នោះទេ។ ហេតុនេះ ការចុះទៅលើកក្រោយនេះលោកបានចាត់ឱ្យមានអ្នកប្រចាំការនៅទីនោះដើម្បីផ្សព្វផ្សាយបន្ថែមទៀត និងធ្វើការការពារផង។

លិខិតរបស់រដ្ឋបាលខេត្តក្រចេះ ចុះថ្ងៃទី៥ កក្កដា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី៧ កក្កដា បានឱ្យដឹងថា ទីតាំងដីសម្បទានសេដ្ឋកិច្ចនេះត្រូវបានកាយដីក្រវាត់ព្រំរួចហើយដើម្បីចុះបញ្ជីដីរដ្ឋ អាជ្ញាធរមិនអាចបន្តកាត់ឆ្វៀលទៀតឡើយ។ ករណីបងប្អូននៅតែជឿតាមការញុះញង់របស់មេខ្យល់កៀរគរឱ្យចូលទៅកាប់ទន្ទ្រានហ៊ុមព័ទ្ធយកដីរបស់រដ្ឋក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ស៊ីអេចភីប៊ី ឌីវេឡុបមេន ដែលនៅសល់និងបានកាយក្រវាត់ព្រំរួចហើយនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

លិខិតបញ្ជាក់ថា៖«ចំពោះមេខ្យល់ត្រូវបញ្ឈប់សកម្មភាពញុះញង់ កៀរគរ ប្រជាពលរដ្ឋឱ្យចូលទៅកាប់ទន្ទ្រានហ៊ុមព័ទ្ធយកដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត។ ប្រសិនបើនៅតែបន្ត ប្រព្រឹត្តទង្វើនេះទៀត អង្គភាព ស្ថាប័នមានសមត្ថកិច្ចនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»។

លោកធីម ហ៊ន មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស(អាដហុក)ប្រចាំខេត្តក្រចេះ ឱ្យដឹងថា ជុំវិញរឿងនេះ លោកកំពុងធ្វើការស្រាវជ្រាវ នៅមិនទាន់អាចបញ្ជាក់ថា យ៉ាងណាបាននៅឡើយទេ ព្រោះលោកទើបទទួលបានព័ត៌មានបឋមនៅព្រឹកថ្ងៃទី៧ ខែកក្កដា៕