
គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ ៤ ពីខែឧសភា។ រូបថត នគរបាល
ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ កើតឡើងសរុបចំនួន ១ ៦០៩ លើក បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៩៤២ នាក់ និងរបួស ២ ២៣៥ នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន១ ៤២៩ នាក់ ដោយភាគច្រើននៃករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅពេលយប់ចំនួន ៥៧%។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយនៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២ បានឱ្យដឹងថា មូលហេតុបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន ៣៨%, បើកបរមិនគោរពសិទ្ធិ ២៤%, មិនប្រកាន់ស្តាំ ១១%, វ៉ាជែង ១១%, បត់ ១០%, ស្រវឹង ៣%, កត្តាយានយន្ត ២%, និងងងុយ ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨១% (៧៥៩/៩៤២ នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៤% (៥៥៨/៧៥៩ នាក់)។
របាយការណ៍នេះបន្តថា គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៤៥៨ លើក ខេត្តកណ្ដាល ១១៧ លើក និងខេត្តព្រះសីហនុ ៩៧ លើក។ បើគិតក្នុងឆមាសទី១ ឆ្នាំ ២០២២ ធៀបទៅនឹងឆមាសទី១ ឆ្នាំ ២០២១ គ្រោះថ្នាក់ចរាចរណ៍កើន ៣៤៨ លើក ស្មើ ២៨% (១ ៦០៩/១ ២៦១ លើក) ចំនួនអ្នកស្លាប់កើន ២៣៣ នាក់ ស្មើ ៣៣% (៩៤២/៧០៩ នាក់) និងចំនួនអ្នករបួសកើន ៤៤៣ នាក់ ស្មើ ២៥% (២ ២៣៥/១ ៧៩២ នាក់)។
តាមរបាយការណ៍ដដែលនេះ បើប្រៀបធៀបស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ ទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៥៦២ លើក ស្មើ ២៦% (១ ៦០៩/២ ១៧១ លើក) ចំនួនអ្នកស្លាប់ថយ ៩១ នាក់ ស្មើ ៩% (៩៤២/១ ០៣៣ នាក់) និងចំនួនអ្នករបួសថយ ៩៩២ នាក់ ស្មើ ៣១% (២ ២៣៥/៣ ២២៧ នាក់)។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែកក្កដាថា ការរឹតបន្តឹង និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស មិនបានបន្ធូរដៃទេ ប៉ុន្តែ ការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារតែការបើកប្រទេសឡើងវិញ និងមួយវិញទៀត ដោយសារតែការធ្វេសប្រហែសរបស់មនុស្ស និងការបើកបរក្នុងល្បឿនលឿនជាដើម។
លោកថ្លែងថា៖ «អ្វីដែលយើងបានវាយតម្លៃកន្លងមកនេះ កត្តាសំខាន់ គឺមិនគោរពច្បាប់ ប៉ុន្តែមិនមែនដោយសារការមិនគោរពច្បាប់ធ្លាក់ចុះទេ មានកត្តាច្រើនណាស់។ ខ្ញុំសូមជម្រាបថា បើយើងយកតួលេខឆ្នាំនេះ ទៅប្រៀបនឹងឆ្នាំមុន វាអត់ឡូស៊ិកទេដោយសារ កាលពី ១០ ឆ្នាំមុន ប្រជាពលរដ្ឋមិនដល់ ១០ លានផង ប៉ុន្តែឥឡូវមានប្រជាពលរដ្ឋ ១៧ លានហើយ។ យើងឃើញវាកើនហើយ ប៉ុន្តែ យើងកំពុងរកវិធីសាស្ត្រនៃការកើនឡើងឱ្យពិតប្រាកដ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែកក្កដាថា កាលពីត្រីមាសទី១ ឆ្នាំ ២០២២ កំណើនគ្រោះថ្នាក់ចរាចរណ៍បានមានកំណើនរួចមកហើយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ ការកើនឡើងនេះដោយសារកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញ ដែលធ្វើឱ្យលំហូរចរាចរណ៍មានភាពមមាញឹកជាងមុន និងការចុះបញ្ជីយានយន្តក៏កើនឡើង។ ដូច្នេះបានធ្វើឱ្យទាំងគ្រោះថា្នក់ចរាចរណ៍ និងទាំងអ្នកស្លាប់ដោយសារបញ្ហានេះកើនឡើង។
លោកមានក្តីបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហានេះ និងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការរឹតបន្តឹងចរាចរណ៍ផ្លូវគោក និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ឱ្យកាន់តែខ្លាំងបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «អ្វីដែលខ្ញុំគិត ចំនួនអ្នកស្លាប់នៅក្នុងឆ្នាំ ២០២២ នេះអាចនឹងទៅប្រដំប្រសង ចំនួនអ្នកស្លាប់នៅក្នុងឆ្នាំ ២០១៩ ដែលពេលនោះ មានចំនួនអ្នកស្លាប់ច្រើន បើធៀបនឹងឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់មក ព្រោះគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំណត់យកការអនុវត្តច្បាប់ជាអាទិភាព»។
បើតាមលោក គឹម បញ្ញា ការអនុវត្តច្បាប់នេះ បើរំពឹងទៅលើអាជ្ញាធរមានសមត្ថកិច្ចតែមួយ គឺមិនជោគជ័យខ្លាំងនោះទេ គឺត្រូវអនុវត្តនៅតាមអង្គភាព និងស្ថាប័នជាក់ស្តែងជាពិសេសនៅតាមសាលារៀនដែលត្រូវតែមានការផ្សព្វផ្សាយ អនុវត្ត ព្រោះភាគច្រើន សិស្សក្នុងចំនួនច្រើន មិនបានពាក់មួកសុវត្ថិភាព និងមួយទៀតឪពុកម្តាយ ក៏ត្រូវមានការអប់រំពីច្បាប់ចរាចរណ៍ផងដែរ៕