
លោក ស ខេង ថ្លែងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ កាលពីម្សិលមិញ។ រូបថត Sar Kheng's Page
ព្រះសីហនុៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នកពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់បន្តចូលរួមក្នុងកិច្ចដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ ប្រកបដោយមនសិការ ភាពស្មោះត្រង់ ការទទួលខុសត្រូវសំដៅលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាឱ្យចាក់គ្រឹះកាន់តែរឹងមាំ។
ការជំរុញរបស់លោក ស ខេង នេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ នាថ្ងៃទី ៦-៧ ខែ កក្កដា ឆ្នាំ ២០២២ ដែលរៀបចំឡើងដោយ គជប។
លោកថ្លែងថា ឆ្លងតាមរយៈការបោះឆ្នោតផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សទាំងនៅថ្នាក់ក្រោមជាតិ និងនៅថ្នាក់ជាតិ ទាំង ១៧ លើកកន្លងមកនេះ បានផ្តល់មេរៀន និងបទពិសោធជាច្រើន សម្រាប់កម្ពុជានោះគឺ «សន្តិភាព លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និងការអភិវឌ្ឍសង្គម»។
លោកបន្តថា នេះគឺជាដំណើរការដែលមានទំនាក់ទំនង ផ្សារភ្ជាប់ និងជះឥទ្ធិពលឱ្យគ្នាទៅវិញទៅមកមិនអាចកាត់ផ្តាច់បានសម្រាប់សេចក្តីថ្លៃថ្នូរ ភាពរុងរឿង និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រជាជាតិ និងប្រជាជនកម្ពុជា។ ការបោះឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាដំណើរការប្រកួតប្រជែងគ្នាដ៏ស្រួចស្រាល់រវាងគណបក្សនយោបាយ និងបេក្ខជននៃគណបក្សនយោបាយដើម្បីកាន់កាប់អំណាច ទាំងនៅថ្នាក់ជាតិ ក៏ដូចជា ថ្នាក់ក្រោមជាតិ។
លោកបន្ថែមថា នៅថ្ងៃអាទិត្យ ទី ២៣ កក្កដា ២០២៣ ខាងមុខប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតដ៏សំខាន់មួយទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឱ្យដំណើរការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។
លោកថា៖ «ព្រមជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអ្នកពាក់ព័ន្ធ មេត្តាបន្តចូលរួមនៅក្នុង កិច្ចដំណើរការរៀបចំការបោះឆ្នោត នៅពេលខាងមុខ ប្រកបដោយមនសិការ ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ សំដៅលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាឱ្យចាក់គ្រឹះកាន់តែរឹងមាំ នៅក្នុងសង្គមកម្ពុជាយើង ដើម្បីបន្តរួមចំណែកថែរក្សា និងពង្រឹងសុខសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ»។
លោក ឆុម ចាន់ថន អគ្គលេខាធិការគណបក្សយុវជនកម្ពុជា ដែលបានចូលរួមបិទសន្និបាតនេះ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែកក្កដាថា ការជំរុញរបស់លោក ស ខេង នេះ គឺល្អសម្រាប់ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា មានដំណើរការរឹងមាំ។ ទោះជាយ៉ាងណាលោកថា នេះគ្រាន់តែជាការលើកឡើងរបស់លោក ស ខេង ប៉ុណ្ណោះ ដែលត្រូវរង់ចាំមើលមន្ត្រីពាក់ព័ន្ធ អនុវត្តជាក់ស្តែងនៅពេលខាងមុខជាបន្តទៀត។ «ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស គណបក្សយុវជនកម្ពុជា ត្រៀមខ្លួនដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ និងចូលរួមអនុវត្តច្បាប់ និងនីតិវិធីរបស់ គជប»។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិក ដែលបានចូលរួមក្នុងសន្និបាតនេះដែរថ្លែងថា ការលើកឡើងរបស់លោក ស ខេង ជំរុញឱ្យអ្នកពាក់ព័ន្ធនឹងការបោះឆ្នោត បន្តចូលរួមក្នុងកិច្ចដំណើរការរៀបចំការបោះឆ្នោត គឺដើម្បីឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ និងប្រកបដោយរលូន ដែលនេះ គឺជាការចង់បានរបស់អង្គការសង្គមស៊ីវិល។ លោកថា៖ «គាត់ឱ្យភាគីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ចូលរួមដំណើរការបោះឆ្នោត និងសហការ កុំឱ្យមានអំពើហិង្សាព្រោះលទ្ធផលបូកសរុបរបស់ គជប បោះឆ្នោត ឆ្នាំ ២០២២ នេះ ប្រកបដោយរលូន អត់មានហិង្សា។ ជាមួយគ្នានេះសម្តេចក្រឡាហោមក៏ថា គ្មានអំពើឃាតកម្ម និងសន្តិសុខក៏ល្អ។ អ៊ីចឹង ហើយគាត់ចង់ឱ្យបោះឆ្នោត ឆ្នាំក្រោយនេះឱ្យកាន់តែល្អប្រសើរជាងហ្នឹងទៀត»។
ទោះជាយ៉ាងណា លោកថា បើគ្រាន់តែធ្វើការណែនាំ និងជំរុញ គឺមិនទាន់គ្រប់គ្រាន់ទេ លោក ស ខេង គួរតែចាត់វិធានការជាក់ស្តែងនៅតាមមូលដ្ឋានឱ្យបានពិតប្រាកដ ព្រោះកន្លងមក បញ្ហានានា ទាំងការចុះឈ្មោះបេក្ខជន និងការឃោសនាបោះឆ្នោតជាដើម គឺមានបញ្ហាច្រើននៅតាមមូលដ្ឋាន។
លោក សោម សូរីដា អ្នកនាំពាក្យ គជប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែកក្កដាថា អ្វីដែល គជប អនុវត្តកន្លងមក គឺធ្វើឡើងទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោត រួមជាមួយនឹងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដែលពាក់ព័ន្ធ។ គជប គឺជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងការរៀបចំ និងចាត់ចែងការបោះឆ្នោត ទន្ទឹមនឹងអ្វីដែល គជប កំពុងអនុវត្ត ភាគីពាក់ព័ន្ធដែលចូលរួមក្នុងដំណើរការរៀបចំការបោះឆ្នោត ក៏ត្រូវតែបំពេញតាមតួនាទីភារកិច្ចដែលមានកំណត់នៅក្នុងច្បាប់ផងដែរ។
លោកថា៖ «អ៊ីចឹង តួអង្គដ៏សំខាន់មួយទៀតនៅក្នុងដំណើរការបោះឆ្នោត គឺគណបក្សនយោបាយដែលបានចុះបញ្ជី ត្រឹមត្រូវតាមច្បាប់គណបក្សនយោបាយនៅក្រសួងមហាផ្ទៃមានសិទ្ធិចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ»៕