
លោក ប៉ិច សុខឃឿន ពេលកំពុងបំពេញការងារកន្លងមក។ រូបថត សហការី
ភ្នំពេញៈ លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញមកពីគណបក្សប្រជាជនកម្ពុជា បានបង្ហាញស្នាដៃក្នុងការអភិវឌ្ឍសង្កាត់ ផ្តល់សេវាសាធារណៈបានល្អ និងថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រហូតលោកបានជាប់ជាចៅសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ នេះបន្ដទៀត។
ក្នុងភាពជាអ្នកទទួលបានការគាំទ្រពីពលរដ្ឋជាថ្មី បុរសវ័យ ៤៩ ឆ្នាំរូបនេះបានឱ្យដឹងថា នៅក្នុងសង្កាត់នេះមានពលរដ្ឋចំនួន ២ ១៣៣ គ្រួសារ សរុប ៩ ៧៦៣ នាក់ ក្នុងនោះសម្រាប់អ្នកមានអាយុ ១៨ ឆ្នាំឡើង ដែលមានសិទ្ធិបោះឆ្នោតក្នុងអាណត្តិនេះ មាន ៦ ៨៨៤ នាក់។
ទាក់ទងនឹងដំណើរដើមទងមុនឈានមកកាន់តំណែងនៅមូលដ្ឋានថ្នាក់ក្រោមជាតិនេះ លោក ប៉ិច សុខឃឿន បានផ្តល់កិច្ចសម្ភាសន៍ជាមួយ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈសំណួរដូចតទៅ៖
តើលោកចាប់ផ្តើមធ្វើជាចៅសង្កាត់ពីពេលណាមក?
ការពិត ការចាប់ផ្តើមធ្វើជាចៅសង្កាត់នេះនៅខែកញ្ញា ឆ្នាំ ២០០០ បន្ទាប់ពីបញ្ចប់ការសិក្សា ឯកឧត្តម ជា សុផារ៉ា [អតីតអភិបាលរាជធានីភ្នំពេញ] ពិនិត្យលក្ខណសម្បត្តិមើលឃើញថា ខ្ញុំមានលទ្ធភាពមកធ្វើជាចៅសង្កាត់នៅទឹកល្អក់ទី១ នេះ ក៏ទទួលបានការតែងតាំង ចាប់ពីពេលនោះតែម្ដង។ ខ្ញុំសូមបញ្ជាក់ថា ពេលនោះ នៅតែងតាំងនៅឡើយមិនទាន់មានការបោះឆ្នោតទេ។
មូលហេតុអ្វីបានជាលោកចាប់អារម្មណ៍ធ្វើជាចៅសង្កាត់នេះ?
តាមពិតទៅ ពេលខ្ញុំបញ្ចប់ការសិក្សាឆ្នាំ ១៩៩៨ ឯកឧត្តម ជា សុផារ៉ា បានប្រកាសឱ្យនិស្សិតចូលរៀនវគ្គធ្វើជាប៉ូលិសអាស៊ាន (ប៉ូលិសអាំងទែរប៉ូល) នៅបុរីកីឡាជាមួយលោកគ្រូ អុល ដោយរៀនតេក្វាន់ដូដើម្បីត្រៀមធ្វើប៉ូលិស ប៉ុន្តែឆ្នាំ ១៩៩៨ មានហេតុការណ៍ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលពេលនោះ គណបក្សប្រឆាំងមិនទទួលបានលទ្ធផលបោះឆ្នោត។ ពេលនោះ ឯកឧត្តម ជា សុផារ៉ា បានបែងចែកក្រុមនិស្សិត ដែលកំពុងតែរៀនវគ្គនោះចុះតាមខណ្ឌ-សង្កាត់។
បន្ទាប់មក ដោយសារតែសង្កាត់នេះ វាជាប់ពាក់ព័ន្ធនឹងក្រុមចោរប្លន់ អារ៉ាស្មាច់ ជាមួយនឹងចៅសង្កាត់មុន ហើយឯកឧត្តម ជា សុផារ៉ា ក៏បានដាក់ខ្ញុំជំនួសចាប់តាំងពីឆ្នាំ ២០០០។
អ្វីជាបញ្ហាប្រឈមនៅពេលដែលធ្វើជាចៅសង្កាត់នៅពេលនោះ?
ជាការចាប់ផ្តើមសម្រាប់ខ្ញុំនៅជានិស្សិត មិនទាន់មានបទពិសោធ គឺជាបញ្ហាប្រឈមមួយ។
ខ្ញុំត្រូវការប្រឹងប្រែងក្នុងការធ្វើកិច្ចការងារផង និងដកស្រង់បទពិសោធផង។ ជារួមវាមានបញ្ហាប្រឈមដោយសារតែកាលពីនៅថ្មីថ្មោង ខ្ញុំមិនមានបទពិសោធ និងនៅក្មេង អាយុទើប ២៧ ឆ្នាំ។
ធ្វើជាចៅសង្កាត់ ខ្ញុំបានរៀនសូត្រច្រើន ជាពិសេសគឺការរស់នៅជាមួយពលរដ្ឋ និងការងារបម្រើពលរដ្ឋ គឺត្រូវតែធ្វើ ប៉ុន្តែការឆ្លើយតបមកវិញក៏មិនដូចអ្វីដែលយើងចង់បានដែរ ព្រោះជារួមចាប់ពី២នាក់ឡើងទៅ អាចមានមតិផ្ទុយ។ ប៉ុន្តែនិយាយជារួម វាមានការអភិវឌ្ឍទៅមុខសម្រាប់សង្កាត់ទឹកល្អក់ទី១ តាំងពីផ្លូវដែលមិនទាន់ចាក់កៅស៊ូ ចាក់បេតុង។ ឥឡូវគ្រប់ផ្លូវក្រាលបេតុង បានចាក់កៅស៊ូ បានដាក់អំពូលភ្លើង បានរៀបចំប្រព័ន្ធលូ និយាយទៅគ្រប់យ៉ាងនៅក្នុងភូមិសាស្ត្រសង្កាត់មានការអភិវឌ្ឍច្រើន។
បើនិយាយទៅ លោកធ្វើជាចៅសង្កាត់បាន ៥ អាណត្តិមកហើយ រាប់ទាំងអាណត្តិនេះ តើមែនដែរទេ?
ជារួម ៥ អាណត្តិ ទាំងអាណត្តិនេះមែន ប៉ុន្តែអាណត្តិទី១ ខ្ញុំអត់បានឈរលេខរៀងទី១ ទេ ព្រោះនៅពេលនោះ ខ្ញុំទើបតែចាប់ផ្តើមចូលការងារថ្មី រហូតដល់ខែកញ្ញា ឆ្នាំ ២០០០ ទើបខ្ញុំធ្វើជាចៅសង្កាត់។ ឆ្នាំ ២០០២ គេចាប់ផ្តើមបោះឆ្នោតឃុំសង្កាត់អាណត្តិទី១ ខ្ញុំវានៅក្មេងពេក ទើបមានបទពិសោធបាន ១ ឆ្នាំ ៤ ខែ ដែលចូលបម្រើការងារនៅសង្កាត់។
ខ្ញុំមានបទពិសោធក្មេងពេក ដាក់អ្នកចាស់ឱ្យគាត់ឈរអាណត្តិទី១ ប៉ុន្តែចាញ់គេ។ ខ្ញុំនៅជាសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី១ នោះ។ បន្តមកអាណត្តិទី២ រហូតដល់អាណត្តិទី៥ នេះគឺជាប់ឆ្នោតជាចៅសង្កាត់រហូតមក។
តើកត្តាសំខាន់ៗ អ្វីខ្លះដែលលោកបន្តជាប់ឆ្នោតជាចៅសង្កាត់រហូតមក?
ខ្ញុំគិតថា កត្តាសំខាន់ គឺការបម្រើប្រជាពលរដ្ឋ មានទាំងសេវាតម្រូវការ និងសេវាសំណូមពរ។ ទាក់ទងនឹងការបម្រើនេះ ទោះបីយើងខំប្រឹងប្រែងរហូតក៏ដោយក៏មិនអាចបំពេញបំណងរបស់បងប្អូនពលរដ្ឋយើងដែរ ប៉ុន្តែកត្តាសំខាន់យើងព្យាយាម បម្រើពួកគាត់ឱ្យអស់ពីចិត្ត។
ទោះបី វាមិនបានបំពេញនូវតម្រូវការរបស់គាត់គ្រប់គ្រាន់ ប៉ុន្តែការព្យាយាមនេះ គឺជាចំណុចល្អដែលបងប្អូនពលរដ្ឋខ្មែរគាត់ស្រឡាញ់ចូលចិត្ត។
តាំងពីសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់សេវាតម្រូវការ ដូចជាអត្រានុកូលដ្ឋាន និងឯកសារចាំបាច់ផ្សេងៗគឺគាត់ត្រូវការជាងគេ។ បើគាត់មកហើយ មិនយកចិត្តទុកដាក់ មិនមើល មិនទទួលខុសត្រូវ ធ្វើតាមដំណើរគឺ គាត់មិនស្រឡាញ់យើង និងមិនបោះឆ្នោតឱ្យយើងទេ។
សម្រាប់អាណត្តិថ្មីនេះ តើលោកនឹងធ្វើអ្វីបន្ត?
ផ្អែកតាមការរៀបចំសន្និបាត មុនការបោះឆ្នោតគណបក្សប្រជាជនតែងមានការរៀបចំធ្វើសន្និបាតបូកសរុបការងាររបស់ខ្លួន និងលើកទិសដៅការអភិវឌ្ឍ និងបម្រើសេវាផ្សេងៗជូនពលរដ្ឋនៅមូលដ្ឋាន។ នៅទឹកល្អក់១ នេះ យើងរៀបចំយន្តការច្រក-ចេញចូលតែ ១។ យន្តការនោះ គឺតាមការណែនាំរបស់ឯកឧត្តម អភិបាលរាជធានីឱ្យពង្រឹងរៀបចំបដិសណ្ឋារកិច្ចថែមទៀតក្នុងការទទួលរាក់ទាក់បងប្អូនពលរដ្ឋដែលមករកសេវាផង និងធ្វើឱ្យសេវាបានលឿនតាមរយៈច្រកចេញ-ចូលតែ ១ ផង។
ទាក់ទងទៅនឹងសេវាសំណូមពរ គឺយើងបានលើកក្នុងគោលនយោបាយ រួមមាន ការដាក់លូ ការធ្វើផ្លូវ ការដាក់អំពូលបំភ្លឺផ្លូវបន្ថែម រួមទាំងមានសេវាផ្សេងៗទៀតដូចជា សេវាសង្គមកិច្ច សុខាភិបាល ក៏ដូចជា វិស័យអប់រំជាដើម ដែលក្នុងគោលនយោបាយនេះ យើងនឹងច្របាច់បញ្ចូលជាមួយនឹងការងារ ៥ ឆ្នាំនៃអាណត្តិក្រុមប្រឹក្សារបស់យើងនេះ។
សម្រាប់អាណត្តិទី៥ នេះ តើគណបក្សប្រជាជនឈ្នះ ប៉ុន្មានកៅអីដែរនៅក្នុងសង្កាត់?
ក្រោយលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឃើញថា យើងទទួលបាន ៩ កៅអី លើ ១១ កៅអី គណបក្សភ្លើងទៀន បាន ២ កៅអី។ វាជារឿងល្អមួយ និងជាការងារដែលយើងត្រូវចូលរួមគ្នាបម្រើពលរដ្ឋបន្តទៀត
ផ្អែកលើច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដែលមានការបែងចែកតួនាទីភារកិច្ចច្បាស់លាស់ ចៅសង្កាត់គេធ្វើអី ចៅសង្កាត់រងទី១ ធ្វើអី និងចៅសង្កាត់រងទី២ ធ្វើកិច្ចការងារអី។
យើងចូលរួមជាមួយគ្នាក្នុងការបម្រើជូនពលរដ្ឋបន្តទៀតតាមច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាយើងបន្តទៀត។
មានបក្ស ២ ចូលរួមដូច្នេះ តើវាជាការល្អដែរទេ?
តាមពិត វាជាការល្អដែលមានគណបក្ស ២ ចូលរួមធ្វើការងារជាមួយគ្នា។ បើយើងធ្វើតែម្នាក់ឯងយើងមិនមើលឃើញខ្លួនឯងអាក្រក់ឬល្អទេ។ បើមានគេខ្លះទៅក៏គេអាចមើលឃើញថា មានចំណុចខ្វះខាតអ្វីខ្លះ យើងអាចកែសម្រួលទៅតាមការមើលឃើញរបស់គេ។
តើមានការប្តេជ្ញាអនុវត្តយ៉ាងណាក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងអាណត្តិនេះ?
ការពិតទៅ ការប្តេជ្ញាចិត្តគឺដូចទៅអាណត្តិមុនៗដែរ គឺបានខិតខំធ្វើជាបន្តបន្ទាប់ គឺការផ្តល់សេវាដូចខ្ញុំបានលើកពីខាងដើម គឺត្រូវតែពង្រឹងបន្ថែម និងធ្វើយ៉ាងណាឱ្យល្អជាងអាណត្តិមុន។ មួយទៀត ដោះស្រាយសំណើ សំណូមពររបស់ពលរដ្ឋ និងការឆ្លើយតបឱ្យបានលឿនរហ័សជាងមុនដែលទាក់ទងនឹងការស្នើសុំរបស់គាត់។
បញ្ហាស្ទះលូ បញ្ហាភ្លើងដាច់ បញ្ហាស្នើសុំលិខិតផ្សេងៗជាដើម យើងត្រូវតែរូតរះប្រឹងប្រែងធ្វើដើម្បីឱ្យអាណត្តិថ្មីគាត់នៅបន្តគាំទ្រយើងទៀត។
តើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នឹងត្រូវអនុវត្តបែបណា?
ចំណុចនេះ វាស្ថិតនៅក្នុងគោលនយោបាយសំខាន់ពាក់ព័ន្ធនឹងការចង់បានរបស់ប្រជាពលរដ្ឋដែលចង់បានជាងគេ គឺសុវត្ថិភាពឃុំសង្កាត់នេះ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជារួម នៅក្នុងសង្កាត់ទឹកល្អក់ទី១ គឺបង្កើតគោលដៅប្រជាការពារមាន ៣ គោលដៅ សម្រាប់ជួយដល់កម្លាំងសមត្ថកិច្ច នៅក្នុងការពង្រឹងទាក់ទងទៅនឹងសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់។
ទី១ គោលដៅ នៅផ្លូវដែកកែងផ្លូវ គឹម អ៊ីលស៊ុង ១ កន្លែង និង ១ ទៀត នៅផ្លូវដែកដែរត្រង់ចំណុចផ្លូវកែង ៥៩៨ ដែលគេហៅត្រឡោកបែកនេះ ដែលគេតែងតែនិយាយថា មានចោរកម្ម ប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន យើងដាក់នៅទីនោះ និងគោលដៅទី៣ គឺការងារប្រចាំការដោយសហការជាមួយប៉ុស្ដិ៍ដើរល្បាត។
ទោះជាយ៉ាងណា ឃុំ-សង្កាត់មានសុវត្ថិភាព មិនមែនផ្អែកទៅលើតែសមត្ថកិច្ច និងអាជ្ញាធរតែ ១ មុខនោះទេ ក៏ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែចូលរួមការងារពាក់ព័ន្ធនឹងគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាពនេះដែរ ក្នុងនោះក៏យើងមានប្រជាពលរដ្ឋល្អដែលយើងកសាងនៅតាមតំបន់ស្មុគស្មាញ និងនៅទីប្រជុំជន ដើម្បីឱ្យគាត់ផ្តល់ព័ត៌មានអំពីជនសង្ស័យ ឬសភាពការណ៍ផ្សេងៗដែលកើតឡើងនៅក្នុងតំបន់នោះ៕