ភ្នំពេញៈ អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ជប៉ុន​គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី ១៩ ​ខែកក្កដា​ខាងមុខនេះ ដើម្បី​ពិភាក្សា​ការងារ​លើ​ការនាំ​ចេញ​កសិផល និង​ផ្លាស់ប្តូរ​បទពិសោធ​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក វេង សាខុន​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ វេង សាខុន ​កាលពី​ថ្ងៃទី​ ៦ ​ខែកក្កដា​នេះ លោក​ MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា នៅ​ថ្ងៃទី​ ១៩ ខាងមុខ​នេះ អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជប៉ុន​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ នៅពេល​នោះ​គឺជា​ឱកាស​មួយ​ដែល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ប្រទេស​ទាំង​ ២​ ធ្វើការ​ពិភាក្សា ផ្លាស់ប្តូរ​បទពិសោធ និង​លើក​ជា​សំណើ​ជួយ​គាំទ្រ​លើ​ការងារ​បច្ចេកទេស​សំខាន់ៗ​។ ក្នុង​នោះ​រួមមាន ការកែច្នៃ​អាហារ គ្រាប់​ស្វា​ចន្ទី ចេក ស្វាយ គ្រាប់ពូជ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ការលើក​កម្ពស់​សមត្ថភាព​ផលិត កែច្នៃ ទាំង​ធនធាន​មនុស្ស និង​ឧបករណ៍​សម្ភារ​កែច្នៃ​។​ល​។

លើសពី​នោះ សំណើ​ឱ្យ​ពិនិត្យ​លើ​លក្ខខណ្ឌ​នៃ​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​ជប៉ុន ដូចជា​ផ្លែស្វាយ​ក៏​អាច​លើក​យកមក​ពិភាក្សា​នាឱកាស​នោះ​ផងដែរ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​បាននិង​កំពុង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការកសាង និង​អភិវឌ្ឍ​នៅ​កម្ពុជា ជាពិសេស​វិស័យ​កសិកម្ម​តាមរយ:​អង្គការ JICA​។ គម្រោង​កម្មវិធី​ទាំងនោះ​បាននិង​កំពុង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យមាន​ការរីកចម្រើន ធានា​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល កែប្រែ​កម្រិតជីវភាព និង​បង្កើន​បរិមាណ​ផលិត​ប្រកបដោយ​និរន្តរភាព ធានា​គុណភាព សុវត្ថិភាព តាមរយ:​ការអនុវត្ត​បច្ចេកវិទ្យា​សមស្រប ទំនើប​ទាន់សម័យ ធន​នឹង​ការប្រែប្រួល​អាកាសធាតុ បរិយាប័ន្ន និង​នវានុវត្តន៍ ឈាន​ទៅ​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​ឯកអគ្គរាជទូត​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​ លើ​វិស័យ​កសិកម្ម​កន្លងមក​។ លោក​បាន​បញ្ជាក់ថា ឆ្នាំនេះ​ជា​ឆ្នាំ​មួយ​មាន​លក្ខណពិសេស​គួរឱ្យ​កត់សម្គាល់​គឺ​នាយករដ្ឋមន្ត្រី​ជប៉ុន និង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។

ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​នៅ​ចុងឆ្នាំ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ក៏​នឹង​គ្រោង​អញ្ជើញ​មក​ចូលរួម​ផងដែរ​។

ដោយឡែក​នៅ​ឆ្នាំ ២០២៣ គឺជា​ឆ្នាំ​គម្រប់​ខួប ៧០ ​ឆ្នាំ នៃ​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ ២ ​ផងដែរ​។ ៧០ ​ឆ្នាំ ប្រទេស​ទាំង​ ២​ បាន​បន្ត​រក្សា​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ​គួរ​ជា​ទីមោទន: ហើយ​សង្ឃឹមថា​ចំណង​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​នៅ​បន្ត​ពង្រឹង និង​ពង្រីក​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​៕