ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​ ៨ ​ខែកក្កដា​នេះ​បានរៀបចំ​សិក្ខាសាលា​ប្រមូល​ធាតុ​ចូល ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ផែនទី​បង្ហាញផ្លូវ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី ដែលជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​។

លោក​ ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ធ្វើជា​អធិបតី​ក្នុង​បើក​សិក្ខាសាលា​នេះ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​អង្គការ UNDP និង​សិក្ខាកាម​ដែលជា​តំណាង​មក​អគ្គនាយក​ទាំងអស់ តំណាង​មកពី​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​តំណាង​មកពី​វិទ្យាស្ថាន​តេជោ​សែន​សាធារណការ និង​ដឹកជញ្ជូន​ប្រមាណ​ ៥០ ​នាក់​ផងដែរ​។

សិក្ខាសាលា​នេះ​មាន​គោលបំណង​ ដើម្បី​ប្រមូល​ធាតុ​ចូល​សំដៅ​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ផែនទី​បង្ហាញផ្លូវ​រៀបចំ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី ដែលជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​។

លោក​ ឈួន វ៉ន់ ​បាន​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​សិក្ខាកាម​ទាំងអស់​ផ្តល់​មតិយោបល់ ក៏ដូចជា​ធាតុ​ចូល​ឱ្យបាន​ផុសផុល ដើម្បី​ឱ្យ​ផែនទី​ចង្អុល​ផ្លូវ​នេះ​កាន់​តែមាន​ភាពប្រសើរ​ឡើង និង​កាន់តែ​មាន​សារៈសំខាន់​សម្រាប់​ការប្រើប្រាស់​នៅ​ថ្ងៃ​អនាគត​តាម​គំនិត​ផ្តួចផ្តើម​ដ៏ខ្ពង់ខ្ពស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​សិក្ខាកាម​ផ្តល់​មតិយោបល់ ក៏ដូចជា​ធាតុ​ចូល​ឱ្យ​ច្រើន ដើម្បីឱ្យ​ការសិក្សា​ផែនទី​បង្ហាញផ្លូវ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​មាន​ភាព​ស៊ីជម្រៅ និង​ផ្អែក​តាម​បទពិសោធ​ដែល​បាន​ជួបប្រទះ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការជំរុញ​ឱ្យ​ផែនទី​បង្ហាញផ្លូវ​នេះ​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​លើ​ការកំណត់​ទីតាំង​ស្ថានីយ​សាក​យានយន្ត​អគ្គិសនី​ឱ្យ​ស្របតាម​តម្រូវការ​ក្នុងពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​។

បច្ចុប្បន្ននេះ​ក្រសួង​សាធារណការ​មាន​ឧបករណ៍​បញ្ចូល​ថាមពល យានយន្ត​អគ្គិសនី​សរុប​ចំនួន​ ៥ ​គ្រឿង​។ ក្នុងនោះ​ ៤ ​គ្រឿង ជា​ជំនួយ​របស់​អង្គការ​ UNDP និង​ ១​ គ្រឿង​ទៀត​ជា​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ឈេហ្វរ៉ុន​ (Chevron) ហើយ​តាម​ផែនការ ក្រុមហ៊ុន​នឹង​ដំឡើង​ឧបករណ៍​នេះ​ឱ្យបាន​ ៣០០ គ្រឿង​ក្នុង​រយៈពេល ៣ ​ឆ្នាំ​បន្ទាប់​។

បន្ថែម​ពីលើ​នេះ ដៃគូ​ឯកជន (China Chamber of Commerce) ក៏បាន​សន្យា​គាំទ្រ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា ដោយ​ជា​ជំហាន​ដំបូង​ផ្តល់​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​ចំនួន ​១០ គ្រឿង​។ ក្រៅពីនេះ ក្រសួង​ក៏បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ធំៗ​ចំនួន​ ៥ ផងដែរ​រួមមាន​៖ ក្រុមហ៊ុន​សូគីមិច ក្រុមហ៊ុន​តូតាល់ ក្រុមហ៊ុន​កម្ពុជា​តេលា ក្រុមហ៊ុន​កាល់​តិច និង​ក្រុមហ៊ុន​ភីធីធី ដើម្បី​ពិភាក្សា​ស្តីពី​ការដំឡើង​ឧបករណ៍​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​នៅតាម​ទីតាំង​នៃ​បណ្តា​ស្ថានីយ​ប្រេងឥន្ធនៈ​ទាំងនេះ​ផងដែរ​៕