
រូបភាព រដ្ឋបាលខេត្តកណ្តាល
ខេត្តកណ្តាលៈ អាជ្ញាធរខេត្តកណ្តាលបានជំរុញមន្ត្រីជំនាញធ្វើការដោះស្រាយបញ្ហាបាក់ច្រាំងស្ទឹងព្រែកត្នោត នៅចំណុច វិហារលោកតាសា ថៃជឺ និងពិនិត្យប្រព័ន្ធលូរំដោះទឹក ទល់មុខផ្សារតាខ្មៅចាស់ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ឱ្យបានឆាប់រហ័ស តាមរយៈការជួសជុលចំទីតាំងនោះឱ្យបានល្អឡើងវិញ ព្រមទាំងសាងសង់បេតុងការពារជើងទេរច្រាំងស្ទឹង និងលូរំដោះទឹកផងដែរ។
លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាលបានជំរុញបែបនេះនៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ នេះ គ្រាដែលលោកបានដឹកនាំមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងនៅទីតាំងបាក់ច្រាំងស្ទឹងព្រែកត្នោត នៅចំណុច វិហារលោកតា សា ថៃជឺ និងពិនិត្យប្រព័ន្ធលូរំដោះទឹក ទល់មុខផ្សារតាខ្មៅចាស់ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
លោកអភិបាលរងខេត្តបញ្ជាក់ថា ការដោះស្រាយបញ្ហាលូរំដោះទឹកគឺជារឿងសំខាន់ណាស់ បើគ្មានលូទេ នោះទឹកដែលត្រូវហូរចូលស្ទឹង នឹងមិនមានផ្លូវហូរចេញ ដែលធើ្វឱ្យទឹកហូរបាចសាចច្រោះកង់លូ និងដីផ្នែកខាងក្នុង បូករួមនឹងកម្លាំងលំហូររបស់ស្ទឹងព្រែកត្នោត បណ្ដាលឱ្យមានការស្រុត និងបាក់ដាច់ហែកដាច់ផ្ទៃបេតុងកម្រាល និងការ៉ូឡាមាត់ស្ទឹងមានស្នាមដាច់ចេញពីគ្នា៕