
ក្រុមការងារចម្រុះខេត្តព្រះសីហនុ ចុះអនុវត្តខ្លឹមសារលិខិតលេខ ០៧៣/២២ សជណ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីករណីការកាប់ឆ្ការ ឈូស ឆាយដី ព្រៃលិចទឹក និងព្រៃកោងកាងមានទីតាំងស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ៨ ខែកក្កដា។ រូបភាព រដ្ឋបាលខេត្តព្រះសីហនុ
សីហនុៈ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុបានដឹកនាំក្រុមការងារចម្រុះខេត្ត ចុះអនុវត្តខ្លឹមសារលិខិតលេខ ០៧៣/២២ សជណ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីករណីការកាប់ឆ្ការ ឈូស ឆាយដី ព្រៃលិចទឹក និងព្រៃកោងកាងមានទីតាំងស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ៨ ខែកក្កដា។
ក្រុមការងារចម្រុះខេត្តព្រះសីហនុបានអានខ្លឹមសារលិខិតលេខ ០៧៣/២២ សជណ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ជូនទៅ លោក ឡាវ ម៉េង ឈាង ដើម្បីបានស្តាប់ និងណែនាំ អំពីយន្តការការងារ ដែលត្រូវអនុវត្តលើទីតាំងដីខាងលើ រួមមានការឈូសឆាយ ពង្រាបដី និងរុះរើសំណង់ លើទីតាំងដី ដើម្បីរៀបចំដាំព្រៃកោងកាងឡើងវិញ។
ក្រោយពីស្តាប់ការណែនាំរបស់ក្រុមការងារ លោក ឡាវ ម៉េងឈាង បានឯកភាពតាមការសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយយល់ព្រមប្រគល់ទីតាំងដី ដែលលោកធ្លាប់គ្រប់គ្រងកន្លងមកជូនទៅរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងកាន់កាប់វិញ ដោយពុំមានការតវ៉ាអ្វីឡើយ ក្នុងនោះ លោក ឡាវ ម៉េងឈាង ស្នើសុំក្រុមការងារ ធ្វើការឈូសឆាយដីនៅផ្អែកខាងលិចដែលមិនមានស្រះត្រី ជាមុន និងសុំរយៈពេល ២៩ ថ្ងៃ គិតចាប់ពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ នេះ ដើម្បីទុកពេលឱ្យលោកប្រមូលទិន្នផលត្រីសិន។
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា លោក ឡាវ ម៉េង ឈាង ទទួលស្គាល់ថាទីតាំងដីដែល លោកបានឈូសឆាយ និងគ្រប់គ្រងកន្លងមកនេះ ពិតជាដីស្ថិតនៅក្នុងដែនអភិរក្សព្រៃលិចទឹករបស់រដ្ឋប្រាកដមែន។ ហើយចំពោះការសម្រេចប្រគល់ដីជូនអាជ្ញាធរខេត្តព្រះសីហនុ ដើម្បីគ្រប់គ្រង និងដាំដើមកោងកាងឡើងវិញនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានការបង្ខិតបង្ខំពីសមត្ថកិច្ចមួយណាឡើយ។
កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ រដ្ឋបាលខេត្តបានអញ្ជើញ លោក ឡាវ ម៉េង ឈាង មកផ្តល់ការបំភ្លឺពាក់ព័ន្ធនឹងករណី កាប់គាស់ ព្រៃលិចទឹក រុករាន យកដីព្រៃកោងកាងធ្វើជាកម្មសិទ្ធិ។ ក្រោយការបំភ្លឺរបស់សាមីខ្លួន និងការពន្យល់ណែនាំអំពីផ្លូវច្បាប់រួចមក លោក ឡាវ ម៉េង ឈាង បានទទួលស្គាល់ថាខ្លួនពិតជាបានឈូសឆាយ ទន្ទ្រានយកដីព្រៃលិចទឹក និងព្រៃកោងកាងជាដីរដ្ឋប្រាកដមែន ហើយលោកយល់ព្រមដោយស្ម័គ្រចិត្ត ប្រគល់ដីជូនអាជ្ញាធរខេត្តព្រះសីហនុ ដោយពុំមានការតវ៉ា និងពុំទាមទារសំណងអ្វីទាំងអស់ តែក្នុងនោះលោកស្នើសុំរយៈពេល ៦ ខែ ដើម្បីប្រមូលផលត្រី ដែលបានចិញ្ចឹមនៅក្នុងទីតាំងដី។
ប៉ុន្តែក្រោយមកដោយមិនអនុវត្តតាមការព្រមព្រៀងទើបរដ្ឋបាលខេត្តចេញលិខិតលេខ ០៧៣/២២ សជណ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២២ ដោយជម្រាបមក លោក ឡាវ ម៉េង ឈាង ត្រូវបញ្ឈប់សកម្មភាពទាំងឡាយ ដោយធ្វើការរុះរើសំណង់ផ្សេងៗលើទីតាំងដី ដែលបានឈូសឆាយ និងត្រូវចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរកាន់កាប់ និងដាំដើមកោងកាងឡើងវិញ ក្នុងរយៈពេល ៣០ ថ្ងៃ បន្ថែមទៀត។
ដោយពិនិត្យឃើញថា គិតចាប់ពីថ្ងៃជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ មកទល់បច្ចុប្បន្ន លោក ឡាវ ម៉េង ឈាង ពុំមានសកម្មភាព អនុវត្តតាមការព្រមព្រៀងដោយស្ម័គ្រចិត្តដូចការអះអាងរបស់ខ្លួនទើបនៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ ក្រុមការងារចម្រុះខេត្តបានសម្រេចចុះអនុវត្តសេចក្តីជូនដំណឹងលេខ ០៧៣/២២ សជណ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២២ នេះ៕