
បទបង្ហាញពីរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពដំបូង និងរបាយការណ៍សិក្សាបច្ចេកទេសបឋមរបស់ក្រុមហ៊ុនសំណង់សៀងហៃស្តីពីគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វរវាងផ្លូវជាតិលេខ៦ ជាមួយនឹងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបទៅក្រុងសៀមរាប។ ក្រសួងសាធារណការ
ភ្នំពេញៈ ក្រសួងសាធារណការនិងដឹកជញ្ជូន បើកកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វរវាងផ្លូវជាតិលេខ៦ ជាមួយនឹងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបទៅក្រុងសៀមរាប និងអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនសំណង់សៀងហៃធ្វើបទបង្ហាញពីរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពដំបូង និងរបាយការណ៍សិក្សាបច្ចេកទេសបឋម។
កិច្ចប្រជុំពិភាក្សានេះធ្វើឡើង នៅទីស្តីការក្រសួង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២ ដឹកនាំដោយ លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនពាក់ព័ន្ធផងដែរ។
ជាមួយគ្នានោះ កិច្ចប្រជុំនេះក៏មានការចូលរួមធ្វើបទបង្ហាញពីតំណាងក្រុមហ៊ុនសំណង់សៀងហៃ (SCG) ទាក់ទងនឹងរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពដំបូង និងរបាយការណ៍សិក្សាបច្ចេកទេសបឋម ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ក៏ដូចជាដើម្បីផ្តល់មតិយោបល់ និងធាតុចូលសំខាន់ៗបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យការសិក្សាគម្រោងនេះកាន់តែមានភាពប្រសើរឡើងមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចដំណើរការបានស្របតាមនីតិវិធី បទដ្ឋានបច្ចេកទេស និងចំណាយថវិកាតិច៕