កណ្តាលៈ លោក នូវប៉េង ច័ន្ទតារា អភិបាលរង​ខេត្ត​កណ្តាល បាន​ជំរុញ និង​លើកទឹក​ចិត្ត​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវតែ​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា ដោយ​មិន​ត្រូវ​ទុក​ឱ្យ​រាល់​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ អូស​បន្លាយ​យូរ​បាន​ឡើយ ត្រូវតែ​ដោះស្រាយ​ឱ្យ​បាន​ចប់​ទាន់​សភាពការណ៍​ទើប​ជា​រឿង​ល្អ។

ការ​ជំរុញ​របស់​លោក នូវប៉េង ច័ន្ទតារា អភិបាលរង​ខេត្ត​កណ្តាល​បែបនេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈអភិបាល​ខេត្ត ប្រចាំ​ខែមិ​ថុនា ឆ្នាំ២០២២ នៅ​រសៀល​ថ្ងៃទី៨ ខែ​កក្កដា ឆ្នាំ ២០២២​នេះ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ទីរអង្គភាព​នានា​ជុំវិញ​ខេត្ត កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង ៣ អភិបាល​ក្រុង-ស្រុក និង​អង្គភាព​ចំណុះ​សាលា​ខេត្ត ជាច្រើន។

លោកបញ្ជាក់ថា៖ «អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវតែ​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា របស់​ប្រជាពលរដ្ឋ​នៅ​ឯមូលដ្ឋាន​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា ពោល​គឺ​យើង​មិន​ត្រូវ​ទុក​ឱ្យ​រាល់​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ អូស​បន្លាយ​យូរ​បាន​ឡើយ ត្រូវដោះស្រាយ​ឱ្យ​បាន​ចប់ទាន់​សភាពការណ៍​ទើប​ជា​ការ​ប្រសើរ»។

លោក នូវប៉េង ច័ន្ទតារា បាន​លើកឡើង​នូវ​វឌ្ឍនភាព​ការងារ​លទ្ធផល​សម្រេច​បាន និង​បញ្ហា​ប្រឈម​ជូន​អង្គ​ប្រជុំ ដើម្បី​រួមគ្នា​ត្រួត​ពិនិត្យពិភាក្សា និង​ធ្វើការ​ដោះស្រាយ​នូវ​ចំណុច​ដែល​ខ្វះ​ចន្លោះ​នោះ។ លោក​ក៏​បាន​សម្ដែង​ការ​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ដល់​អាជ្ញាធរ​ក្រុង-ស្រុក និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត ដែល​បាន​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ចូលរួម​គាំទ្រ​អនុវត្តន៍​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល កាត់​បន្ថយ​ភាព​ក្រីក្រ និង​បម្រើ​សេវា​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​ភាពស្មោះត្រង់ ត្រឹមត្រូវ និង​មាន​ប្រសិទ្ធ​ភាព។

លោក​បាន​បន្ថែម​ថា ក្នុង​នាម​អាជ្ញាធរ​ក្រុង-ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​កង​កម្លាំង​គ្រប់​លំដាប់​ថ្នាក់ គឺ​ត្រូវ​តែ​បន្ត​ខិតខំ​រួម​សាមគ្គីគ្នា បំពេញ​ភារកិច្ច កាតព្វកិច្ច ទៅ​តាម​ទិសដៅ​ការងារ​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ និង​ការកសាង​សមិទ្ធផល​ថ្មីៗ ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ក្នុង​ខេត្ត ត្រូវ​រួមគ្នា​ត្រួត​ពិនិត្យ​ពិភាក្សា​បញ្ហា​ប្រឈម ដូចជា ចំណុច​ខ្វះ​ចន្លោះ​ដែល​នៅ​មិនទាន់​បាន​អនុវត្ត និង​ការដោះស្រាយ ដើម្បី​រួមគ្នា​កែ​លម្អ ដោះស្រាយ​ឱ្យ​បាន​កាន់តែ​ល្អប្រសើរ ទាន់ពេល​វេលា ឆ្លើយតប​ទៅ​នឹង​ភាព​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ ក្នុង​ទិសដៅ​បម្រើ​ជូន​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផលខ្ពស់៕