
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងក្នុងកម្មវិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ។ រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបងៈ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតសហគមន៍ព្រៃឈើបានចំនួន ៦៤៣សហគមន៍ ក្នុងនោះក្រសួងបានចេញប្រកាសចំនួន ៥៣៦សហគមន៍ និងបានអនុម័តផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន ១០៦សហគមន៍ គ្របដណ្តប់លើផ្ទៃដីទំហំជាង ៧២ពាន់ហិកតា ហើយក្រសួងកំពុងជំរុញសហគមន៍ទាំងនោះអនុវត្តតាមទិសស្លោក «សហគមន៍ព្រៃឈើគ្មានបទល្មើស»។
នេះជាការថ្លែងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងកម្មវិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ។
លោករដ្ឋមន្ត្រីលើកឡើងទៀតថា រដ្ឋបាលព្រៃឈើកំពុងខិតខំជំរុញសហគមន៍ទាំងនោះឱ្យងាកមកធ្វើពិពិធកម្ម កសិកម្មចម្រុះទៅតាមស្ថានភាពជាក់ស្តែង ដោយមិនត្រូវទុកដីចោលទំនេរ និងពឹងអាស្រ័យ ទៅលើតែផលអនុផលព្រៃឈើ ឬការកាប់ឈើដើម្បីជីវភាព ប្រចាំថ្ងៃនោះឡើយ ពោលគឺត្រូវអនុវត្តតាមទិសស្លោក “សហគមន៍ព្រៃឈើគ្មានបទល្មើស”។
លោករដ្ឋមន្ត្រីកសិកម្មបញ្ជាក់ថា ចំពោះការងារដាំឈើ គឺបានថែទាំចម្ការឈើចាស់ចម្ការពូជឈើ និងឡូ បង្ហាញកសិ-រុក្ខកម្ម ចំនួន ៨២២ហិកតា ដាំឈើជាចម្ការថ្មី លើផ្ទៃដីសរុបទំហំ ៧ ៥៩៩ ហិកតា ព្រមទាំងបានបណ្តុះកូនឈើចំនួន ៥៧២ពាន់ ដើមសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដាំអាស្រ័យផល។
លោកបញ្ជាក់ទៀតថា ត្រឹមឆ្នាំ ២០២១ នេះដែរ ក្រសួងកសិកម្មបានបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទំហំជាង ៤៩៩ពាន់ហិកតា និងបាទទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទៃដីទំហំជាង ១០១ពាន់ ហិកតា។ ម្យ៉ាងទៀត រដ្ឋបាលព្រៃឈើបានសហការ យ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទប់ស្កាត់ និងបានបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ការកាប់រានដីព្រៃខុសច្បាប់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ យ៉ាងសកម្មផងដែរ៕