កំពង់​ឆ្នាំៈ ផ្ទះ​ចំនួន ១៥០​ ខ្នង ដែល​ជា​អំណោយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ កំពុង​ត្រូវ​បាន​សាង​សង់​ជូន​គ្រួសារអតីត​យុទ្ធជនស្ថិត​នៅភូមិ​អូរកា​ខុប (ហៅ​ភូមិសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុន​ សែន) ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង​។

លោក​ ស៊ុន សុវណ្ណា​រិទ្ធិ អភិបាល​ខេត្ត​កំព​ង់​ឆ្នាំង ក្នុង​ពិធីដឹក​នាំ​ក្រុម​ការងារ​ ចុះពិនិត្យ ​និង​ពន្លឿន​ការ​សាង​សង់​នៅ​ ថ្ងៃទី​ ១០ ខែ​ កក្កដា ឆ្នាំ​ ២០២២​​ បាន​ឱ្យដឹង​ថា ការ​សាង​សង់​ជំហាន​ទី​១​ នេះ គឺត្រូវ​សាង​សង់​ផ្ទះ​អតីត​យុទ្ធជន​ចំនួន ៥០ ខ្នង​ជាមុន​សិន ដែល​គិត​មក​ដល់​បច្ចុប្បន្ន​នេះ ​សាងសង់​សម្រេច​បាន​ចំនួន​ ១០ ​ខ្នង​ហើយ។​

លោក​ អម សុភា អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ១០ ខែ​កក្កដាថា អតី​ត​យុទ្ធ​ជនត្រូវ​បាន​ជ្រើស​រើស ​ដើម្បីប្រគល់​ផ្ទះនេះ បាន​ជាង​ ១០០​ នាក់​​ហើយ​។ បច្ចុប្បន្ន​ ក្រុម​ការងារ​កំពុង​ពន្លឿន​ការសាង​សង់ ទាំង​ហេដ្ឋា​រនា​សម្ព័ន្ធ​ និងផ្ទះ​ ដើម្បី​ធ្វើយ៉ាង​ណា ឱ្យចប់​ទៅតាម​ផែន​ការ​ ដែល​បាន​គ្រោង​ទុក ​ ។

លោក​បន្ត​ថា ក្នុង​ការ​ពន្លឿន​ការ​សាង​សង់​នេះ អភិបាល​ខេត្តកំពង់​ឆ្នាំង តែង​តែចុះ​ពិនិត្យ និ​ងពន្លឿន​ការសាង​សង់ ហើយ​រាល់​ការ​ចំណាយ​ ជាបន្ទុក​របស ​លោក​ គន់​ គីម ​អគ្គលេខា​ធិការ​ សមា​គម​អតីត​យុទ្ធជន​កម្ពុជា​ដោយ​ទទួល​បាន​ជំនួយ​ពីសម្បុរស​ជន​នានា។​

លោក​ថ្លែង​ថា៖ «យើង​ជ្រើស​រើស អតីត​យុទ្ធជន​រួច​ហើយ​ នៅពេល​សាង​សង់​រួច យើង​នឹង​រៀបចំ​ធ្វើការ​ចាប់​ឆ្នោត​រើស​លំនៅ​ឋាន នីមួយៗ។ នៅ​ក្នុង​ផ្ទះ​មួយ មាន​ចង្ក្រាន​បាយ មាន​បន្ទប់​អានា​ម័យ​ ផ្ទះស្នាក់នៅ​ និង​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ ចូល​ទៅ​ក្នុង​ផ្ទះ»​។

លោក​ គន់ គីម ​អគ្គលេខា​ធិការ​សមា​គម​អតីត​យុទ្ធជន​កម្ពុជា​ ថ្លែង​កាលពីដើម​ឆ្នាំ ២០២២ ថា អតី​ត​យុទ្ធជ​ន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ មាន​ប្រមាណ​ជិត​ ១០​ ម៉ឺន​នាក់​ ដោយ​​ក្នុង​នោះ ​អ្នក​ដែល​គ្មាន​ផ្ទះ និង​ដី​មាន​ប្រមាណ​ជាង​ ៧​ ០០០ គ្រួសារ ប៉ុន្តែ​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​មកនេះ​ សមាគម​បាន​សាងសង់​​ផ្ទះ​ជូន​ពួកគាត់​បាន​ជិត​ ៥ ០០០ ​គ្រួសារ​ហើយ​។

លោក​បន្ត​ថា នៅសល់​​អតីត​យុទ្ធ​ជន ប្រមាណ​ជាង​ ៣ ​ពាន់​ខ្នង​ផ្ទះ​ទៀត ​ដែល​នឹង​ត្រូវ​​សាង​សង់​​ជូន​ជាបន្ត​បន្ទាប់​ទៀត ដោយ​ទទួល​បាន​ជំនួយ​ថវិកាពី​លោក​នាយក​រដ្ឋម​ន្ត្រី​ ហ៊ុន សែន និង​សប្បុរស​ជន​នានា​៕