ព្រះវិហារៈ សត្វខ្ទីង ២ ក្បាល (កូនតូច ១) ត្រូវបាន​ប្រទះ​ឃើញ​ដើរ​ស៊ីស្មៅ​​ ជាមួយ​​ហ្វូង​គោ​​របស់​អ្នក​ស្រុក​នៅ​ក្នុង​ព្រៃរបោះ​ នៅខេត្ត​ព្រះវិហារ ហើយ​វត្តមាន​នៃ​សត្វខ្ទីង​ដែល​ជាសត្វ​កម្រ​នេះ គឺជា​ក្តីសង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុមអ្នក​អភិរក្ស និង​សម្រាប់​ជីវចម្រុះពិភ​ពលោក។​

លោក ​នេត្រ ភក្រ្តា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ប្រាប់ភ្នំ​ពេញ​ប៉ុស្តិ៍​ថា យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ សត្វ​ខ្ទីង​ ២ ក្បាល (ខ្ទី​ង​ញី និង​កូន ១) បាន​វិល​ចូល​ក្នុង​ព្រៃ​នៃតំបន់​អភិរក្ស​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី ១​០ ខែ កក្កដា ឆ្នាំ ២០២២​ ក្រោយ​ពី​ដាច់​ហ្វូង និង​រត់​ចូល​ហ្វូង​គោ​របស់​អ្នក​ស្រុក​ រក​ស៊ីជាមួយ​គ្នា។

លោក​ថា៖ «មន្ត្រី​ឧទ្យានុរក្ស​បាន​និង​កំពុងបន្ត​​តាម​ដាន​បន្ថែម និង​ធ្វើយ៉ាង​ណាឱ្យ​សត្វ​ខ្ទីង​ដាច់​ហ្វូង​ម៉ែកូន​ទាំង​ ២​ នេះ ចូល​ព្រៃវិញ​ដោយ​សុវត្ថិភា​ព មិន​ប៉ះជាមួយ​អន្ទាក់​ ឬព្រា​ន​ព្រៃ»​។

លោក​បន្ត​ថា សម្រាប់​វត្ត​មាន និង​ទិន្នន័យ​របស់​សត្វខ្ទីង​នៅកម្ពុជា​ មិនទាន់​មានទិន្ន​ន័យ​ច្បាស់លា​ស់​ថា​មាន​សត្វ​ខ្ទីងចំនួន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​យោង​តាម​ទិន្ន​ន័យ​ទទួល​បាន​ពីម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ និង​ការ​រាយ​ការណ៍​ពីមន្ត្រី​ឧទ្យា​នុរក្ស​ ដែល​បាន​ចុះល្បាតនៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ សត្វខ្ទីង​កំពុង​មានវត្តមាន​នៅតាម​តំបន់​ការពារ​ធម្មជាតិ​នានា។​

លោក​បាន​ឱ្យដឹង​ទៀត​ថា កន្លង​ទៅ​នៅក្នុង​ហ្វូង ខ្ទីង​ដែលថត​បាន ដោយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ គឺមាន​វត្ត​មាន​កូន​ខ្ទីង និង​សត្វខ្ទីង​ជំទង់​ជាច្រើន​ ដែលនេះ​បង្ហាញ​ថា សត្វ​ខ្ទីង​នៅតែ​បន្តមាន​វត្តមាន​នៅក្នុង​តំបន់​ការ​ពារ​ធម្មជា​តិ​នៅ​កម្ពុជា និង​បាន​បន្តពូ​ជ​បង្កើត​កូនតូច​ៗ​ជាច្រើន​ដែល​ជាផ្នែក​មួយ​នៃការ​រក្សាបាន​ប្រភេទ​ពូជ​សត្វ​ដ៏កម្រ​របស់​ពិភព​លោក​នៅ​កម្ពុជា និង​ការ​ថែរក្សាបាន​នូវ​ទីជម្រក​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ពួក​វារស់​នៅ។

លោក​ថា៖‍ «ការ​រក​ឃើញ​វត្តមាន​សត្វ​ខ្ទីង និង​កូន​ខ្ទីង​នៅកម្ពុជា​ជាបន្ត​បន្ទាប់ ជាក្តី​សង្ឃឹមថ្មី​មួយ​សម្រាប់​ក្រុមអ្ន​កអភិ​រក្ស និង​សម្រាប់​ជីវចម្រុះពិ​ភពលោ​ក»​។

លោក នេត្រ ភក្រ្តា បន្តថា ដើម្បី​ធានា​នូវ​និរន្តរ​ភាព នៃវត្ត​មាន​សត្វ​ខ្ទីង ក៏ដូច​ជាប្រភេទ​សត្វ​កម្រ​ដទៃ​ទៀត នៅ​ព្រះរា​ជាណាចក្រ​កម្ពុជា ក្រសួង​បរិស្ថាន​ក្នុង​នាម​សេនា​ធិការ​របស់​រាជរដ្ឋា​ភិបាល​នឹង​បន្តពង្រឹង​កា​រអនុវត្ត​ច្បាប់​លើកិច្ច​ការ​ពារ និង​គ្រប់​គ្រង​អភិរក្ស​ជីវចម្រុះ ស​ត្វព្រៃគ្រប់​ប្រភេទ ការការ​ពារ​ឱ្យបាន​ល្អប្រ​សើរ នូវ​តំបន់​ការពារ​ធម្មជាតិ​ដែល​ជាទីជម្រក​របស់​សត្វព្រៃ និងថែ​រក្សា​ប្រភព​ទឹក និង​ប្រភព​ចំណី​អាហារ​រប​ស់សត្វ​ព្រៃ។

លោក​បន្ត​ទៀត​ថា ក្រសួង​ក៏បាន​បង្កើន​ការអប់រំ​ផ្សព្វ​ផ្សាយ​ពីច្បាប់ និង​សារៈ​សំខាន់​នៃ​ការ​ថែរ​ក្សាព្រៃ​ឈើ​សត្វ​ព្រៃ ដើម្បី​អនុញ្ញាត​ឱ្យ​ជីវៈច​ម្រុះ ជាពិសេស​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​នៅលើពិភព​លោក បន្ត​រស់​នៅ និង​បន្ត​ពូជ បន្សល់​ទុក​ជាសម្បត្តិ​ធម្មជាតិ​សម្រាប់​មនុ​ស្សរាប់​ជំនាន់​ទៅមុខ​ទៀត​។

លោក​ថា៖‍«ក្រសួង​បរិស្ថាន នឹង​បន្ត​សហ​ការជា​មួយ​អង្គការ​ដៃគូនានា​ ដែល​បាន​សហកា​រក្នុង​កិច្ច​ការពារ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​នៅ​កម្ពុជា ដើម្បី​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស​នូវ​ធនធាន​ធម្មជាតិ​ ព្រៃ​ឈើ និងសត្វ​ព្រៃ»​។

បើតាមក្រសួង​បរិស្ថាន តាមការ​សិក្សារបស់​អ្នក​ជំនាញ​ សត្វខ្ទីង​នៅកម្ពុជា​មាន​ការធ្លាក់​ចុះប្រមាណជា​ង ​៥០% នៅ​ក្នុង​អំឡុង​ពេល​ចន្លោះ​ពីឆ្នាំ​ ១៩៦០ មក​ដល់​ដើម​ឆ្នាំ១៩៩០។ ចំនួ​ននេះត្រូវបាន​រក​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះប​ន្ថែមទៀត​រហូត​មក​ដល់​ពេល​នេះ។​

​តាមការ​សិក្សាស្រាវ​ជ្រាវ​របស់​អ្នក​ជំនាញ បច្ចុប្បន្ន​នេះ ចំនួន​ប្រជា​សាស្ត្រនៃ​សត្វខ្ទីង​​នៅលើពិ​ភព​លោក​ត្រូវ​បាន​គេប៉ាន់​ស្មាន​ថា មាន​ចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុង​នោះ បើយោង​តាម​ទិន្នន័​យ ចំនួន​សត្វខ្ទីង​ពេញ​វ័យអាច​មាន​ចន្លោះ​ពី ៦ ០០០ ទៅ ២១ ០០០ ក្បាល​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​នេះ ខ្ទីងកំពុង​មាន​វត្តមាន​រស់​នៅក្នុង​ប្រទេស​ប៊ូតង់ កម្ពុជា ចិន​ ឥណ្ឌា ឡាវ ម៉ាឡេស៊ី​ មីយ៉ាន់​ម៉ា នេប៉ាល់ ថៃនិង​វៀត​ណាម ប៉ុន្តែ​បាន​ផុត​ពូជ​នៅក្នុង​ប្រទេស​ស្រី​លង្កា និង​ប្រទេស​បង់​ក្លាដេ​ស។

លោក​ នេត្រ ភក្រ្តា មាន​ប្រសាសន៍​ថា ក្នុង​នាម​ក្រសួង​បរិស្ថាន សូម​អំពាវនាវ​ដល់​ជនរួ​ម​ជាតិ ត្រូវ​ចូល​រួម​ការពារ និង​អភិរក្ស​សត្វ​ព្រៃ ជាពិសេស​សត្វព្រៃ​កម្រៗ​នៅ​លើពិភព​លោកដែល​មាន​វត្តមាន​នៅ​កម្ពុជា សម្រាប់​ឱ្យកូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និងបា​នឃើញ​ ដោយ​បញ្ឈប់​ការ​បរិភោគ​សាច់​សត្វ​ព្រៃ និង​កុំជឿ​ថា បរិភោគ​សាច់​សត្វ​ព្រៃផ្តល់​នូវ​សុខ​ភាព​ល្អ។ ​

លោក​សង្កត់​ធ្ងន់​ថា៖‍ «ជាមួយ​គ្នានេះ សមត្ថកិច្ច​ពាក់​ព័ន្ធនឹង​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ជន​ល្មើស​សម្លាប់​សត្វដោយ​មិន​លើក​លែង​ឡើយ​»៕