ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​គ្រ​ប់​គ្រង​គ្រោះ​មហន្តរាយ (​គជគម) កំពុង​រៀប​ចំផែន​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល ប្រមាណ​ជាង ១០០ នាក់ ក្នុង​ការ​ផ្សព្វ​ផ្សាយ ពី​គោល​ការណ៍​ណែ​នាំការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​ការ​គ្រប់​គ្រង​គ្រោះមហន្ត​រាយ ប្រកប​ដោយ​បរិយា​ប័ន្ន ទៅ​ដល់​មន្ត្រី​លេខា​ធិការ​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ តាម​ក្រសួង​ស្ថាប័ន​ជាតិ។ នេះ​បើតាម លោក សុទ្ធ គឹម​កុល​មុន្នី ​អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​។

លោក សុទ្ធ គឹម​កុល​មុន្នី ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃ​ទី ១០ ខែ​កក្កដា​ថា ការ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​នេះ​ គឺ​បណ្តុះ​បណ្តាល​ដល់ មន្ត្រី​លេខា​ធិការ​ដ្ឋាន គ្រប់​គ្រង​គ្រោះមហន្ត​រាយ​នៅ​ក្រសួង​ ស្ថាប័ន​ជាតិ ដោយ​ក្នុង១​ក្រសួង ឬស្ថាន​ប័នអាច​មាន​ចំនួន​ពី ២​ទៅ​៣ នាក់ ដែល​សរុប​ចំនួន​អាច​មាន​ប្រមាណ​ជាង​១០​០​នាក់។ បច្ចុប្បន្ន ​គជគម​ កំពុង កៀរគរ​ថវិកា​ទាំង​ថវិកា​ជាតិ និង​ថវិកា​អង្គការ​ដៃ​គូ​សម្រាប់​ធ្វើ​ការ​បណ្តុះ​បណ្តាល គ្រូប​ង្គោល​ទាំង​នោះ ដើម្បី​ពួក​គេ​មាន​លទ្ធភាព​ទៅធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ត​ដល់​មន្ទីរ​។ ​

លោក​ថ្លែង​ថា៖ «យើង​នឹង​ធ្វើការ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ដល់​មន្ត្រីលេខា​ធិការ​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ក្រសួង ​ស្ថាប័ន ទាំង​អស់ ដើម្បី​ឱ្យគាត់​មាន​លទ្ធ​ភាព​យក​ទៅ​ផ្សព្វ​ផ្សាយ​ដល់​មន្ទីរ​នៅ​តាម​ខេត្ត​ទៀត ហើយ​យើងក៏​នឹង​ផ្សព្វផ្សាយ​ទៅថ្នាក់​​ក្រោម​ជាតិ បន្ថែម​ទៀត ពិសេស​ទៅដ​ល់​មន្ទីរ​នៅ​ជុំវិ​ញ​ខេត្ត​» ។

លោក​ឱ្យ​ដឹង​ទៀត​ថា គោល​ការណ៍​ណែនាំ​ការ​បញ្ជ្រាប​យេន​ឌ័រក្នុ​ងការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ប្រកប​ដោយ​បរិយាប័ន្ន​នេះ ​ផ្តោត​សំខាន់​ទៅ​លើវដ្ត​នៃការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ដែល​បាន​កំណត់​ក្នុង​គោល​ការណ៍ណែនាំ​សម្រាប់អ្ន​កពាក់​ព័ន្ធ​ធ្វើការ​ងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​យក​ទៅធ្វើជា​ជំនួយ​ស្មារតី ពិនិត្យ​ពិចារ​ណាក្នុង​ការ​ដាក់​បញ្ចូល​ទស្សនៈយេន​ឌ័រ ប្រក​ប​ដោយ​បរិយាប័ន្ន ទៅក្នុង​គោល​នយោ​បាយ​ផែន​ការ និង​កម្មវិធី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។ ​អ្នក​ទទួល​ផល​គឺផ្តោត​សំខាន់​ទៅលើ ស្ត្រី ចាស់​ជរា ស្ត្រី​មាន​ផ្ទៃ​ពោះ កុមារ ជ​នពិការ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត រួ​ម​មាន ជន​ជាតិ​ភាគ​តិច អ្នក​ផ្ទុក​មេរោគអេដស៍/​ជំងឺអេដ​ស៍ និង​ក្រុម LBGTI ក្នុងពេល​មាន​គ្រោះ​មហន្ត​រាយ។

​​តាម​គោល​ការណ៍​ណែនាំ ​ការ​បញ្ជ្រាប​យេនឌ័រ​ក្នុ​ងការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​ប្រកប​ដោយ​បរិយាប័ន្ន ចែង​ថា​ វដ្តនៃ​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយមាន​ ៣ ដំណាក់​កាល ទី១ ដំណាក់​កាល​មុន​ពេល​គ្រោះ​មហន្តរាយ​ គឺត្រៀម​បង្ការ ការកាត់​បន្ថយ​គ្រោះថ្នាក់​ និង​ការ​ត្រៀម​រៀប​ចំ។ ទី២ ដំណាក់​កាល​ក្នុង​ពេល​មាន​គ្រោះមហន្ត​រាយ គឺការ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ និង​ទី៣ គឺ​ដំណាក់​កាល​ក្រោយ​ពេល​គ្រោះ​មហន្ត​រាយ គឺស្តារ​ឡើង​វិញ​។

អ្នក​ស្រី ចាន់ លីណា ប្រធាន​សមាគម​គាំពារ​ស្ត្រី​ងាយ​រងគ្រោះ​បាន​ឱ្យដឹង​នៅថ្ងៃ​​ទី​ ១០ ខែកក្កដា​ថា អ្នកស្រី​គាំទ្រ​ចំពោះ​គណៈ​កម្មាធិ​ការ​ជាតិ​​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​បាន​ត្រៀម​រៀបចំ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល និង​ធ្វើការ​ផ្សព្វផ្សាយ​គោល​ការណ៍​នេះឱ្យ​បាន​កាន់​តែទូ​លំទូលាយ។ ​នេះក៏ជាជា​វិធី​ល្អ​មួយ ​ដែល​នឹងអាច​ជួយ​ស្ត្រី​ឱ្យ​ចេះ​មាន​វិធីសាស្ត្រ​ដោះស្រាយ​ និង​ជួយ​គ្នា​បាន​ទៅវិញ​ទៅមក នៅ​ពេល​មាន​បញ្ហា​គ្រោះ​មហន្ត​រាយ​​កើត​ឡើង​​។

អ្នក​ស្រី​ថ្លែងថា​៖ «​ពេល​​​មាន​គ្រោះ​មហន្ត​រាយ​ យើង​ត្រូវ​ចេះ​ជួយ​នៅក្នុង​ក្រុមគ្រួសារ យើង​មើល​ថា តើ​នៅក្នុង​ក្រុម​គ្រួសារ​របស់​យើង​ហ្នឹង​អ្នកណា​ដែល​អត់​ចេះ​ហែល​ទឹក​ ដើរ​មិន​រួច​អ៊ីចឹងទៅ​ បើ​មាន​គ្រោះទឹកជំនន់​យើង​ត្រូវ​សង្គ្រោះ​អ្នកហ្នឹង​មុន​សិន​ហើយ​បាន​យើង​ត្រឡប់​មក​ជួយ​ក្រុម​គ្រួសារ​ផ្សេង​ទៀត​»។

អ្នក​ស្រី​បញ្ជាក់​ថា គ្រោះ​មហន្តរាយ​មិន​មែន​មានតែ​ទឹក​ជំនន់​នោះទេ​ គឺមាន​ទាំង​គ្រោះរាំង​ស្ងួត និង​គ្រោះ​អគ្គិភ័យ​ជាដើម​ទៀត ហេតុ​នេះ នៅ​ពេល​ឃើញ​មាន​គ្រោះមហន្តរាយ​ទាំងនោះ​ ស្ត្រី​ត្រូវ​ឆ្លាត​វៃ​ក្នុង​ការចេះ​មាន​វិធី​ជួយ​សង្គ្រោះ​ទាំង​ខ្លួនឯង ​និងអ្នក​ពាក់ព័ន្ធ ជាពិសេស​ត្រូវ​ចេះ​ប្រយ័ត្ន​ចំពោះ​ការ​បាត់​បង់​ឯកសារ​គោល​សំខាន់ៗ​ដូច​ជា ​សៀវភៅ​​គ្រួសារ អត្តសញ្ញាណ​ប័ណ្ណ​ផ្សេងៗ​ ព្រោះ​​​​ឯក​សារ​ទាំង​នេះ​សំខាន់​សម្រាប់ការ​រស់​នៅ​ក្នុង​សង្គម​៕