ស្ទឹងត្រែងៈ ក្នង​រយៈ​ពេល​ជាង ៦ ឆ្នាំ​កន្លង​មក​នេះ ​គ្រាប់​ត្នោត​ជាង​ ២០​ ម៉ឺន​គ្រាប់​ ត្រូវបាន​ដាំនៅ​តាម​ព្រំដែន​កម្ពុជា​ឡាវ នៃ​ខេត្ត​​ស្ទឹង​ត្រែង ដើម្បី​រក្សា​អត្ត​សញ្ញាណ​ជាតិ​ផង និង​រក្សា​បាន​នូវ​បូរណភាព​ទឹក​ដីនៅ​ជាប់​ព្រំដែន​ផង​។

អភិបាល​ខេត្ត​ស្ទឹង​ត្រែង លោក​ ស្វាយ​ សំអ៊ាង ​កាល​ពី​ថ្ងៃទី​ ៩ ខែ​កក្កដា បាន​ដឹក​នាំ​មន្រ្តីរាជ​ការ​ និង​ក្រុម​យុវ​ជន នាំយក​គ្រាប់​ត្នោត​ទៅ​ដាំនៅ​តាម​បណ្តោយ​ខ្សែ​បន្ទា​ត់ព្រំដែន​កម្ពុជា-ឡាវ ក្នុង​គោល​បំណង​រក្សា​ឱ្យ​បាន​នូវ​បូរណភាព​ទឹក​ដី និង​ជាប្រយោជន៍​សម្រាប់​កូន​ចៅជំនាន់​ក្រោយ​បាន​ដឹង បាន​ស្គាល់ និង​ចេះ​ស្រឡាញ់​អ្វីដែល​ជាអត្តសញ្ញា​ណជាតិ​។

លោក​ ស្វាយ សំអ៊ាង បានលើកឡើង​ថា៖ «ដើម​ត្នោត​ជារុក្ខជា​តិ​ដែលផ្ត​ល់នូវ​គុណ​សម្បត្តិ​ច្រើន​យ៉ាងដល់ ប្រជា​ជន​ខ្មែរ​តាំង​ពីសម័យ​បុរាណ​កាល​មក និង​ជានិមិត្ត​សញ្ញា​តំណាង​អត្ត​សញ្ញាណ​ជាតិ​ដួង​ព្រលឹង​ជាតិ ដែល​ប្រជាជ​ន​ខ្មែរ សម្គាល់ដើម​ត្នោត​មាន​ដុះ​នៅ​ទីណា ទី​នោះ​ជា​ទឹក​ដីរបស់​ខ្លួន​តាំង​ពីបុរា​ណ​កាល​រហូត​មក​ដល់​បច្ចុប្បន្ន​»។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹង​ត្រែង​ លោក​ អ៊ុក ធារី បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការដាំ​គ្រាប់​ត្នោត​នេះ បើ​គិត​តាំង​ពីឆ្នាំ​ ២០១៦ មក​ ដាំ​បាន​ជាង ​២០​ ម៉ឺន​គ្រាប់​ហើយ​ ខណៈការ​ដាំលើក​ទី៦ មាន​ចំនួន​ ៣​ ម៉ឺន​គ្រាប់។ ការ​រៀបចំ​ដាំដើម​ត្នោត​នេះ ដើម្បី​បង្ហាញ​និមិ​ត្ត​សញ្ញាខ្មែរ និង​ជា​មោទន​ភាព​មួយ​ដែល​ចង់​បង្ហាញ​ថា ទឹក​ដីកម្ពុជា​យើង​មាន​ដើម​ត្នោត​នៅ​តាម​ខ្សែបន្ទាត់ព្រំ​ដែន និង​ដើម្បី​ជា​របាំង​ការពារ​បូរណភាព​ទឹក​ដី។

លោក​បាន​ឱ្យដឹង​ថា សម្រាប់​ខេត្ត​ស្ទឹង​ត្រែង មិន​សូវ​សំបូរ​ដើម​ត្នោត​ដូច​នៅ​ខេត្តតាកែវ​ និ​ង​ខេត្ត​កំពង់​ស្ពឺ​នោះ​ទេ ប៉ុន្តែ​ដោយ​សារ បន្ទាប់​ពី​មាន​ការ​បោះបង្គោលព្រំ​ដែនជា​មួយភាគី​ឡាវ បាន​ជាច្រើន​រួច​មក ទើប​អាជ្ញាធរ​ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់ ដោយ​ផ្តួច​ផ្តើម​គំនិត​នេះ​ឡើង​ក្នុង​ការរៀបចំ​ទិញ​គ្រាប់​ត្នោត ដើម្បី​យកមក​ដាំ ចាប់តាំង​ពីឆ្នាំ ​២០១៦ មក​ម៉្លេះ។

លោក​ថា៖‍ «ឃើញ​ថា ការដាំ​ចាប់​ពីឆ្នាំ ២០១៦ គ្រាប់​ត្នោត​ចាប់​ផ្តើម​ដុះជា​បណ្តើរៗ​បាន​ប្រមាណ​ ៤០ ភាគ​រយ នៃចំនួន​សរុប​ គ្រាប់​ខ្លះដុះ​ចេញក្បាល​ ខ្លះ​លូត​លាស់លឿន​ ខ្លះ​ដុះចេញ​សន្លឹក​ ហើយ​ជា​ទូទៅ​ការដាំ​ត្នោត​ត្រូវ​ចំណាយ​រយៈ​ពេល​ចន្លោះ​ពី ៧ ទៅ ១០ ឆ្នាំ ដើម្បី​ទទួល​បាន​ផល​»។

លោក​បាន​ឱ្យដឹង​ទៀត​ថា ជាគម្រោង​របស់​ខេត្ត បន្ទាប់​ពីការ​ដាំដើម​ត្នោត​ ខេត្តក៏​មាន​ កម្មវិធី​បំផុស ​និង​ការរៀបចំ​កម្មវិធី​រុក្ខ​ទិវា រៀង​រាល់​ឆ្នាំ ដោយ​ដាំដើម​ឈើនៅ​តាម​តំបន់រ​មណីយ​ដ្ឋាន​ធម្មជាតិ​ នៅ​តាម​ជើង​ភ្នំ និង​តំបន់​មួយ​ចំនួ​ន​ទៀត ដើម្បី​ឱ្យតំបន់​ដែល​មាន​ដើម​ឈើរេច​រឹល​កើត​ឡើង​វិញ​ស្រស់​បំព្រង​។

បើ​តាម​លោក អ៊ុក ធារី ខេត្ត​ស្ទឹង​ត្រែង មាន​ប្រវែង​ជាង ២៥០​គីឡូវ​ម៉ែត្រ​នៅជាប់​ព្រំដែន​ឡាវ ហើយ​ក្នុង​នោះ​ ថ្នាក់​ខេត្ត​បាន​ដាំគ្រាប់​ត្នោត​នៅព្រំដែន​បាន​ប្រហែល​ ១០០​គីឡូម៉ែត្រ នឹង​មាន​គម្រោង​ដាំ​ជា​បន្តបន្ទាប់​ទៀត​​។

បើ​តាម​លោក ធារី គ្រាប់​ត្មោត​ដែល​បាន​ដាំនៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ឡាវ​ នៅខេត្ត​ស្ទឹង​ត្រែង មាន​ចំនួន ០៦​ លើក ដោយ​លើកទី​១ ឆ្នាំ​ក្នុង​ ២០១៦ បាន​ ១១ ៥០០ ​គ្រាប់ លើក​ទី២ ឆ្នាំ​ ២០១៧ បាន ១០ ០០០ គ្រាប់ លើកទី​៣ ឆ្នាំ ​២០១៨ ដាំបាន​ ២៥ ០០០ គ្រាប់ លើក​ទី៤ ឆ្នាំ​ ២០១៩ ដាំបាន​ ៣០ ០០០ គ្រាប់ ​លើក​ទី៥ ដាំបាន​ ១០០ ០០០ គ្រាប់ និង​លើកទី៦​នេះ ដាំបាន​ ៣០ ០០០ គ្រាប់ សរុប​មក​ដាំ​បាន​ ២០៦ ៥០០ គ្រាប់​។

លោក​បាន​ឱ្យដឹង​ថា ការ​ដាំគ្រាប់​ពូជ​ត្នោត​លើកទី​០៦​នេះ ត្រូវ​បាន​រដ្ឋបាល​ខេត្តស្ទឹង​ត្រែង​សម្រេច​ដាំ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ឡាវ ចាប់ពី​ចំណុច​បង្គោល​ព្រំដែន​លេខ​ ០៤២ ទៅ​បង្គោល​ព្រំដែន​លេ​ខ ០៤៩ ដែល​មាន​ប្រវែង ១០ គីឡូ​ម៉ែត្រ៕