
លោក ស ខេង ថ្លែងសារទៅកាន់សមាជិកបក្ស។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងទៅកាន់សមាជិកគណបក្សនៅខេត្តបាត់ដំបងកាលពីចុងសប្ដាហ៍ ដោយរួមគ្នាដោះស្រាយបញ្ហាអយុត្តិធម៌ ការបង្កភាពមិនសប្បាយចិត្ត ដែលកើតឡើងដោយការរំលោភបំពាន សិទ្ធិសេរីភាព ប្រជាពលរដ្ឋ ដោយហេតុការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ជាការប្រកួតប្រជែងខាងនយោបាយយ៉ាងស្រួចស្រាល់ជាងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីដើមខែមិថុនា។
ក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី ៥ ឆ្នាំ ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបងកាលពីថ្ងៃទី ៩ ខែកក្កដា លោក ស ខេង ថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមានចរិតនៃការតស៊ូផ្នែកនយោបាយតានតឹងជាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយសម្រាប់ខេត្តបាត់ដំបងនៅក្នុងការបោះឆ្នោតជាតិខាងមុខ ក៏អាចនឹងមានប្រជាពលរដ្ឋទៅបោះឆ្នោតច្រើនជាងការបោះឆ្នោតឃុំ សង្កាត់ដែរ ជាពិសេសក្រុមប្រជាពលរដ្ឋចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។
លោក ស ខេង បានថ្លែងថា នៅក្នុងកិច្ចប្រជុំនោះក៏មានការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដើម្បីស្វែងរកធាតុចូលល្អៗបន្ថែមទៀតពាក់ព័ន្ធចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «តើយើងនៅមានបញ្ហាអ្វីខ្លះទៀតដែលនៅសេសសល់? អាចនិយាយជាសរុបថា បញ្ហាដែលយើងចាត់ទុកថាវាមិនទាន់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ តើវានៅសល់បញ្ហាអ្វីទៀត នោះហើយជាបញ្ហាដែលយើងត្រូវតែមើលឱ្យឃើញ ហើយរួមគ្នាដោះស្រាយឱ្យបានដូចជាការរំលោភ ការបំពាន ប៉ះពាល់ទៅដល់សិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋនេះជាបញ្ហាធំធ្វើឱ្យមានភាពអយុត្តិធម៌ អាចបង្កភាពមិនសប្បាយចិត្ត ហើយមិននាំឱ្យមានការគាំទ្រ និងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារបស់យើង។ ដូច្នេះត្រូវរកភាពអសកម្ម រកបញ្ហាទាំងនោះឱ្យឃើញ ហើយនាំគ្នាដោះស្រាយ»។
លោក ស ខេង ក៏បានណែនាំឱ្យគណបក្សខេត្តបាត់ដំបងគ្រប់រចនាសម្ព័ន្ធ ខិតខំពង្រឹងបន្ថែមទៀតនូវគុណភាពសមាជិកគណបក្ស ដើម្បីដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ ខាងមុខ ជាពិសេសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរហូតដល់ឃុំ សង្កាត់ បន្តខិតខំប្រឹងប្រែងចិញ្ចឹមចលនាគណបក្សឱ្យបានកាន់តែរឹងមាំ និងមានគុណភាព និងបន្តសហការផ្ដល់ការគាំទ្រឱ្យបានខ្លាំងក្លាដល់រដ្ឋបាលមូលដ្ឋានឱ្យកាន់តែមានលទ្ធភាពច្រើនក្នុងកិច្ចការបម្រើប្រជាពលរដ្ឋ ពិសេសការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជាគ្រោះមហន្តរាយធម្មជាតិជាដើម។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា លោក ស ខេង តែងតែមើលឃើញពីស្ថានភាពនយោបាយវែងឆ្ងាយ ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ដែលគណបក្សក្រៅរដ្ឋាភិបាលក៏កំពុងសម្លឹងមើលពីការបោះឆ្នោតនេះជារឿងសំខាន់ដែរ គឺលែងធ្វើពហិការ និងមិនចូលរួមដូចកាលពីលើកមុនទៀតហើយ។
លោកបន្តថា មួយវិញទៀតគណបក្សនយោបាយមួយចំនួនក៏មានអាសនៈនៅក្នុងឃុំសង្កាត់រួចហើយដែរ ដូច្នេះការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣ នេះមានលក្ខណៈស្វិតស្វាញជាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះ ខណៈគណបក្សនយោបាយមួយចំនួនទៀតក៏កំពុងស្វះស្វែងរកការបង្រួបបង្រួម ដើម្បីចូលរួមការបោះឆ្នោតដ៏សំខាន់នេះផងដែរ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ការបោះឆ្នោតឆ្នាំ ២០២៣ នឹងមានស្ថានភាពស្វិតស្វាញ ប៉ុន្តែវាជាការប្រសើរ បើសិនជាការប្រកួតប្រជែងនេះមានប្រសិទ្ធភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ វានឹងបានប្រយោជន៍ដល់ប្រជាពលរដ្ឋ និងជាតិទាំងមូល»។
លោក គិន ភា អ្នកតាមដានបញ្ហានយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែកក្កដា ដោយទទួលស្គាល់ថា ការបោះឆ្នោតថ្នាក់ជាតិតែងតែមានការប្រកួតប្រជែងស្រួចស្រាល់ និងស្វិតស្វាញជាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំសង្កាត់ ពីព្រោះគណបក្សនយោបាយនានា តែងតែប្រមូលផ្តុំនូវធនធាន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ដើម្បីដណ្តើមអំណាចក្នុងការឈានទៅរកការដឹកនាំប្រទេស។
លោកថ្លែងថា៖ «បើពិនិត្យមើលស្ថានការណ៍បច្ចុប្បន្ននេះរហូតដល់ឆ្នាំ ២០២៣ គណបក្សនយោបាយ ហាក់ដូចជាមានការវិវឌ្ឍ ទី១ ការលេចឡើងជាថ្មីម្តងទៀតនៃគណបក្សភ្លើងទៀនដែលជាកម្លាំងមួយក្នុងការប្រឆាំងទៅនឹងគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា។ ទី២ បើសិនជាមានការរួបរួមគ្នាជាយថាហេតុនៃបណ្តាគណបក្សតូចៗក៏ថា អាចជាការប្រមូលផ្តុំកម្លាំងនយោបាយប្រកួតប្រជែងមួយដ៏សំខាន់ដែរ»។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃអាទិត្យ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ខណៈដែលគណបក្សនយោបាយនានាដែលបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃបានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមដំណើរការបោះឆ្នោតដ៏សំខាន់មួយនេះ៕