
គ្រឿងញៀនជាច្រើនតោនត្រូវាបានដុតបំផ្លាញនៅកោះពេជ្រ នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ ជនជាប់ចោទ សូ សំអាត ហាក់ងើបឈរយ៉ាងប្រញាប់ប្រញាល់ក្នុងឯកសណ្ឋានពណ៌ខៀវខ្ចីនៅពេលដែលបានឮឈ្មោះរបស់ខ្លួនបន្ទាប់ពីចៅក្រមហៅ ក៏ប៉ុន្តែគាត់ហាក់គ្មានសំណាងដូចអ្នកដទៃដែលពាក់អាវពណ៌ខុសពីគាត់ដែលកំពុងនៅក្នុងបន្ទប់សវនាការជាមួយគ្នា ខណៈដែលគាត់មានសិទ្ធិឈរត្រឹមតែក្នុងរង្វង់ក្រចកសេះនៃសាលាឧទ្ធរណ៍ភ្នំពេញតែប៉ុណ្ណោះ។
ជជាប់ចោទរូបនេះ ទើបតែមានវ័យ ២៧ ឆ្នាំ ប៉ុន្តែរូបគេត្រូវជាប់ពន្ធនាគារ ២ ដងរួចទៅហើយ ដោយលើកទី១ ត្រូវជាប់ពន្ធនាគារ ៧ ឆ្នាំក្នុងបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសបណ្តាលឱ្យមរណភាពជនរងគ្រោះប្រព្រឹត្តកាលពីឆ្នាំ ២០១៥ នៅខេត្តតាកែវ។
សំអាត បាននិយាយប្រាប់ចៅក្រមនៅក្នុងបន្ទប់សវនាការថា ក្នុងអំឡុងដើមឆ្នាំ ២០១៤ កាលនោះរូបគេមានអាយុទើបតែ ២០ ឆ្នាំហើយ បានទាស់សម្តីគ្នាជាមួយយុវជនម្នាក់ និងបានយកដំបងឈើវាយចំកញ្ចឹងករបស់ជនរងគ្រោះបណ្តាលឱ្យស្លាប់។ បន្ទាប់ពីធ្វើសកម្មភាពបាន១ថ្ងៃរូបគេក៏ត្រូវសមត្ថកិច្ចចាប់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត និងក្រោយមកត្រូវបានតុលាការខេត្តតាកែវ ផ្តន្ទាទោសរូបគេដាក់ពន្ធនាគារ ៧ ឆ្នាំ។ ក្រោយពីគេអនុវត្តទោសចប់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅពាក់កណ្តាលឆ្នាំ ២០២១។ ប៉ុន្តែគេទើបតែចេញពីពន្ធនាគារបានតែ ៣ ខែ ប៉ុណ្ណោះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនម្តងទៀតក្នុងរឿងជួញដូរគ្រឿងញៀនមេតំហ្វេតាមីន ៣ កញ្ចប់តូច។
សំអាត បាននិយាយប្រាប់តុលាការថា៖ «ខ្ញុំរាងចាល និងឈប់ប្រព្រឹត្តបទល្មើសបង្កបញ្ហាក្នុងសង្គមទៀតហើយ។ ពេលខ្ញុំអនុវត្តទោស ៣ ឆ្នាំចប់ ខ្ញុំចេញពីពន្ធនាគារវិញខ្ញុំនឹងកែខ្លួនធ្វើជាមនុស្សល្អរស់នៅក្នុងសង្គមឱ្យដូចគេដូចឯងដែរ»។
ពាក់ព័ន្ធបញ្ហានេះត្រូវបានលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និង សន្តិភាពប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បញ្ហារបស់ក្មេងទំនើងនេះវាបានកើតមានឡើងជាយូរមកហើយដែលពេលខ្លះកក្រើកខ្លាំងនិងពេលខ្លះកក្រើកតិច។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏លោកសង្កេតឃើញថា បញ្ហាក្មេងទំនើងទាំងអស់នេះ គឺវាបានកើតឡើងមានមូលហេតុរបស់វា។
បច្ចុប្បន្ននេះសកម្មភាពរបស់ក្មេងទំនើងបានបង្ហាញពីរូបភាពប្រព្រឹត្តបទល្មើសហាក់សាហាវៗខ្លាំងដែលបណ្ដាលមកពី បញ្ហាគ្រឿងញៀនគឺជាដើមចមដំបូងគេ ហើយនៅពេលដែលពួកគេសេពគ្រឿងញៀនចូលក្នុងខ្លួនបានបង្កជាអំពើហិង្សាដែលបង្កឡើងដោយក្រុមយុវជនមួយចំនួនដែលជាបងធំបងតូច។ បញ្ហាការប្រើប្រាស់សម្ភារនិយមនៅក្នុងសង្គមហើយបញ្ហាសម្ភារនិយមនេះជាគម្លាតរវាងអ្នកមាន និងអ្នកក្រ។ ហេតុដូច្នេះហើយបានធ្វើឱ្យក្រុមក្មេងទំនើងដែលទន់ខ្សោយក្រីក្របង្កឱ្យមានជាក្រុមទៅប្រកួតប្រជែងជាមួយក្រុមកូនអ្នកមានដើម្បីបង្ហាញពីភាពស៊ីវិល័យរបស់គាត់នៅក្នុងសង្គម។ បើគាត់ជាសិស្សសាលាគឺគាត់ស្វែងរកឥទ្ធិពលនៅក្នុងថ្នាក់រៀនដោយកៀរគរគ្នាដែលនេះគឺជាផ្នែកមួយដែលធ្វើឱ្យក្រុមបងតូច បងធំហ្នឹងកាន់តែមានច្រើន។
លោកបន្តទៀតថា៖ «លើសពីនេះទៅទៀត ខ្ញុំសង្កេតឃើញឥរិយាបថសង្គមដែរ។ ឥរិយាបថសង្គមហ្នឹងឃើញមានការប្រើប្រាស់ហិង្សាទាំងអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ តាំងពីអ្នកនយោបាយទៅគឺហាក់បានបង្រៀនពួកយុវជនដោយការប្រើសម្តីអសុរោះឬប្រើអំពើហិង្សាជារូបភាពអីផ្សេង។ ក្រុមយុវជនទំនើងទាំងនោះតែងតែគិតថា ទាល់តែមានអំណាចទើបអាចក្លាយជាអ្នកខ្លាំងអ្នកដែលមានគេគោរពក្នុងសង្គម»។
បើតាមលោក គិមអេង អំណាចដែលកើតឡើងដោយខ្លួនឯងដែលពេលខ្លះក្នុងរូបភាពអសីលធម៌ហ្នឹងធ្វើឱ្យពួកគេយល់ថា ពួកគេអាចប្រឈមនឹងអ្នកដទៃបាន។ហេតុដូច្នេះហើយបានជាពេលខ្លះយើងឃើញក្រុមបងតូចបងធំវ៉ៃកាប់ចាក់គ្នាជាក្រុម នេះដោយសារតែពួកគេប្រជែងអំណាចរវាងក្រុម និងក្រុមរបស់ពួកគេដែរ។
លើសពីនេះទៅទៀត លោកសង្កេត មានបញ្ហាក្នុងសង្គមដែលបង្កឡើងដោយក្មេងទំនើងនេះដែរគឺមូលហេតុខ្វះការទាក់ទងគ្នារវាងអាណាព្យាបាល ជាមួយសាលារៀន និងអាណាព្យាបាលជាមួយអាជ្ញាធរមូលដ្ឋាន។ ភាពមានទំនាក់ទំនងនេះ គឺក្នុងបំណងក្នុងការដោះស្រាយបញ្ហារួមរបស់ក្មេងទំនើងនោះទេ។ ពេលខ្លះអាជ្ញាធរត្រឹមតែបានឃើញបានដឹង ថាជាបញ្ហាដែលបង្កឡើងដោយក្មេងទំនើងតែប៉ុណ្ណោះ ប៉ុន្តែមិនបាននាំគ្នារកវិធីដោះស្រាយទេ។
លោកថា៖ «ខ្ញុំយល់ថា ខាងសាលារៀនផ្តល់តែការអប់រំក្នុងថ្នាក់រៀន។ តែមិនបានធ្វើទំនាក់ទំនងថាធ្វើយ៉ាងម៉េចដើម្បីតម្រង់ក្មេងៗទេ។ អាណាព្យាបាលគិតតែខំរកស៊ីបានលុយបានកាក់មែន តែកូនក្លាយជាអ្នកញៀនគ្រឿងញៀនកូនក្លាយទៅជាក្រុមបងតូចបងធំ។ បើស្ថានភាពបែបហ្នឹងតើលុយកាក់ដែលគាត់រកមកគឺបានផលប្រយោជន៍អី សុភមង្គលនៅឯណា?»។
ពាក់ព័ន្ធជនប្រព្រឹត្តបទល្មើសរហូតដល់ជាប់ពន្ធនាគារវិញត្រូវបានលោកប្រាប់ថា ជាទូទៅអ្នកទោសនៅក្នុងបណ្តាប្រទេសផ្សេងៗខាងមន្ត្រីពន្ធនាគារគឺគេប្រឹងប្រែងធ្វើការអប់រំពេលដែលពួកគាត់នៅក្នុងពន្ធនាគារដើម្បីឱ្យក្លាយទៅជាមនុស្សមានគុណប្រយោជន៍ដល់សង្គម។ ការជាប់ពន្ធនាគារគឺគ្រាន់តែជាការដាក់ទោសគាត់តែប៉ុណ្ណោះ ក៏ប៉ុន្តែវិធានការអប់រំអត្តចរិតផ្នត់គំនិតគឺវាបានតិចឬអត់តែម្តង។ ដូច្នេះវិធានការអប់រំដែលមិនបានធ្វើនោះហើយដែលនាំឱ្យអ្នកទោសមិនសូវបានកែប្រែខ្លួន។
លោកថ្លែងថា៖ «ពួកក្មេងៗដែលធ្លាប់មានបញ្ហាបទល្មើសតែ ១ លើកហើយយើងយកទៅដាក់ច្របូកច្របល់គ្នាក្នុងបន្ទប់ជាមួយចោរលួចចោរប្លន់ សម្លាប់គេអីហ្នឹងគឺហាក់ដូចជាឱ្យគាត់ទៅរៀនពីអំពើអស់ហ្នឹងទៅវិញ។ ជួនកាលអ្នកជាប់គុកម្តង ២ ដងនោះកាន់តែសាហាវថែមទៀត»។
លោក គឹមអេង បាននិយាយសំដៅដល់អនុរក្សពន្ធនាគារដែរថា ខាងពន្ធនាគារត្រូវតាមដានមើលដែរថា មនុស្សដែលបានចេញពីពន្ធនាគារហើយប៉ុន្មាននាក់ដែលត្រឡប់ចូលទៅពន្ធនាគារវិញ។ ពិសេសពួកចោរលួចចោរប្លន់ដែលជាប់ពន្ធនាគារលើកទី១ ហើយតើតាមរយៈការកែប្រែខ្លួនរបស់ពួកគេថា តើនឹងអាចមានជាប់ពន្ធនាគារជាលើកទី២ ទៀតឬអត់?នៅក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ គឺបានចែងឱ្យមានការដាក់អ្នកទោសដាច់ដោយឡែកពីគ្នា ដូចជាដាក់ឱ្យមានកន្លែងឃុំឃាំងអ្នកដែលមានអាយុ ១៨ ឆ្នាំ ដែលគាត់ប្រព្រឹត្តបទល្មើសតូចតាចត្រូវដាក់ដោយឡែក មិនត្រូវដាក់ជាមួយពួកឧក្រិដ្ឋជន ពួកដែលសម្លាប់មនុស្សទេ។
ករណីនេះអាចជួយបាន ១ ផ្នែកដែរ ព្រោះថាអ្នកដែលធ្លាប់ជាប់ពន្ធនាគារម្តងជា២ដងហើយ ហើយគាត់នៅតែប្រព្រឹត្តបទល្មើសទៀតនោះ ដោយសារពេលជាប់ពន្ធនាគារគឺគាត់សេពគប់បានតែអ្នកធ្លាប់ប្រព្រឹត្តអំពើឧក្រិដ្ឋដែលធ្វើឱ្យគាត់រៀនសូត្រពីអ្នកនោះបានច្រើនថែមទៀត។
លោកថ្លែងថា៖ «បើរឿងវិជ្ជមានវិញគឺគាត់មិនសូវមានឱកាសបានរៀនសូត្រក្នុងពន្ធនាគារច្រើនទេ តែខ្ញុំក៏មិនបានដឹងច្បាស់ថានៅក្នុងពន្ធនាគារមានកម្មវិធីអប់រំអ្វីខ្លះទេ»។
ទោះជាយ៉ាងណាក៏ដោយ បើតាមលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារធ្លាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សម្រាប់ការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់ជនជាប់ឃុំដែលត្រូវបានតុលាការកាត់ទោសរួចហើយ ពន្ធនាគារបានអនុញ្ញាតឱ្យពួកគេរៀនជំនាញវិជ្ជាជីវៈផ្សេងៗ។ ក្នុងនោះមានជំនាញផ្នែកអគ្គិសនី ជំនាញជួសជុល បរិក្ខារម៉ាស៊ីនត្រជាក់ ជំនាញជួសជុលម៉ូតូ ជំនាញបាញ់ថ្នាំឡាន ជំនាញចម្លាក់និងបច្ចេកទេស ដាំបន្លែផ្សេងៗផងដែរ។
លោកបញ្ជាក់ថា បច្ចុប្បន្ន មានជនជាប់ឃុំ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំ កែប្រែសរុបប្រមាណ ៣៨ ០០០ នាក់ក្នុង នោះជនជាប់ឃុំ ប្រមាណ ៥៤ ភាគរយ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈមន្ត្រីពន្ធនាគារនៅទូទាំងប្រទេសមានចំនួន ២ ៩៧៥ នាក់។ អត្រាអ្នកប្រព្រឹត្តបទល្មើសមិនរាងចាលក្នុង ចំណោមជនល្មើស ១០០ នាក់ អាចមានក្នុងរង្វង់ប្រមាណ ១៥ នាក់។
លោកបន្តថា៖ «អ៊ីចឹងយើងព្យាយាមធ្វើម៉េចឱ្យពួកគាត់មានការកែប្រែពាក្យថា អប់រំ កែប្រែនេះ គឺកែប្រែពីខូចមកល្អនេះជាទិសដៅចម្បងរបស់អគ្គនាយកដ្ឋានពន្ធនាគារយើង»៕